អ្នក​សិទ្ធិមនុស្ស​បារម្ភ​ថា ការ​បង្កើត​ក្រុម​ការងារ​បច្ចេកវិទ្យា​ព័ត៌មាន​តាម​រាជធានី-ខេត្ត​របស់​រដ្ឋាភិបាល ជា​ការ​បំបិទ​សិទ្ធិ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឹណិត

0:00 / 0:00

ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស បារម្ភ​ថា ការ​បង្កើត​ក្រុម​ការងារ​បច្ចេកវិទ្យា​ព័ត៌មាន នៅ​តាម​រាជធានី-ខេត្ត​របស់​រដ្ឋាភិបាល គឺជា​ការ​បំបិទ​និង​បង្ក្រាប​ទៅលើ​សេរីភាព​បញ្ចេញ​មតិ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឹណិត (Internet) បន្ថែម​ទៀត។ ការ​បារម្ភ​បែប​នេះ គឺ​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត បង្កើត​មណ្ឌល​ប្រតិបត្តិការ​តាម​ភូមិភាគ​ចំណុះ​មជ្ឈមណ្ឌល​ជាតិ​បច្ចេកវិទ្យា​ព័ត៌មាន ដោយ​អះអាង​ថា ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​នានា។

ស្រប​ពេល​រដ្ឋាភិបាល កំពុង​រង​ការ​រិះគន់​រឿង​បង្ក្រាប​ឥត​ឈប់ឈរ​ទៅ​លើ​សេរីភាព​បញ្ចេញ​មតិ​នោះ អ្នក​ការពារ​សិទ្ធិ​មនុស្ស ហាក់​មិន​ទុក​ចិត្ត​ថា រដ្ឋាភិបាល​បង្កើត និង​ពង្រាយ​ក្រុម​ការងារ​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​តាម​រាជធានី-ខេត្ត ដើម្បី​ស្រាវជ្រាវ និង​ចងក្រង​ព័ត៌មាន ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​សន្តិសុខ​ជាតិ ក្នុង​គោលដៅ​ប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​នានា​នោះ​ទេ។ ប៉ុន្តែ ពួក​គាត់​បារម្ភ​ថា ក្រុម​ការងារ​បច្ចេកវិទ្យា ព័ត៌មាន​របស់​រដ្ឋាភិបាល​នេះ នឹង​កំណត់​គោលដៅ​បង្ក្រាប​ទៅ​លើ​សេរីភាព​បញ្ចេញ មតិ​របស់​ពលរដ្ឋ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ជាពិសេស​សកម្មជន​នយោបាយ​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស​និង​សង្គម ព្រមទាំង​អ្នកសារព័ត៌មាន​ឯករាជ្យ​ជាដើម។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ឯករាជ្យ លោក ស៊ឹង សែនករុណា ដែល​កំពុង​ភៀស​ខ្លួន នៅ​ប្រទេស​អូស្ត្រាលី ថ្លែង​ថា កន្លង​មក ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​កើត​មាន​រូបភាព​អំពើ​ភេរវកម្ម​ជាក់ស្ដែង​នោះ​ទេ។ ប៉ុន្តែ​លោក​ថា ជា​រឿង​ល្អ ប្រសិន​បើ​ក្រុម​ការងារ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​រដ្ឋាភិបាល អនុវត្ត​ទៅ​តាម​តួនាទី​ភារកិច្ច​ដូច​មាន​ចែង ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ កត់​សម្គាល់​ឃើញ​ថា កន្លងមក ​រដ្ឋាភិបាល តែង​បង្ក្រាប​ទៅលើ​​​ការអនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដោយ​ចោទ​ថា ជា​ការ​ធ្វើ​បដិវត្ត​ពណ៌ ឬ​បង្ក​អសន្តិសុខ​នៅក្នុង​សង្គម។

លោក ស៊ឹង សែនករុណា៖«ប៉ុន្តែ​អ្វី​ដែល​យើង​កត់សម្គាល់​កន្លងមក ក្រុម​ការងារ​នេះ ហាក់​ដូចជា​បង្កើត​ក្នុង​ន័យ​ពិនិត្យមើល​អំពី​សកម្មភាព​របស់​សកម្មជន​សង្គម និង​នយោបាយ​ទៅ​វិញ​ទេ ព្រោះ​កន្លង​មក យើង​ឃើញ​ហើយ​ការ​ចាប់​ខ្លួន​សកម្មជន​សង្គម សកម្មជន​នយោបាយ តែងតែ​យក​ភស្តុតាង​តាម​រយៈ​បណ្ដាញ​សង្គម ដែល​ផុស​លើ​អនឡាញ​ក្ដី និង​កិច្ច​សន្ទនា​ផ្ទាល់ខ្លួន​ក្ដី យក​ទៅ​ចោទ​ប្រកាន់​ក្នុង​ផ្លូវ​តុលាការ​ទៅ​វិញ»។

កាល​ពី​ថ្ងៃ​ទី១៩ ខែ​មេសា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចេញ​អនុក្រឹត្យ ស្ដីពី​ការ​បង្កើត​មណ្ឌល​ប្រតិបត្តិការ​តាម​ភូមិ​ភាគ​ចំណុះ​មជ្ឈមណ្ឌល​ជាតិ​បច្ចេកវិទ្យា​ព័ត៌មាន​ចំនួន៦ ដែល​គ្រប​ដណ្ដប់​គ្រប់​រាជធានី-ខេត្ត ដើម្បី​ជា​សេនាធិការ​ផ្នែក​ប្រតិបត្តិការ និង​បច្ចេកទេស​លើ​ការ​ស្រាវជ្រាវ ប្រមូល និង​វិភាគ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​វិស័យ​សន្តិសុខ​ជាតិ​ក្នុង​គោលដៅ​ប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​នានា​នៅ​កម្ពុជា។ ក្រុម​ការងារ​នេះ ក៏​មាន​តួនាទី​វិភាគ​ព័ត៌មាន​និង​វាយ​តម្លៃ​ចំពោះ​សភាពការណ៍​សន្តិសុខ​ជាតិ​ជូន​មជ្ឈមណ្ឌល​ជាតិ​បច្ចេកវិទ្យា​ព័ត៌មាន ដើម្បី​ដាក់​ចេញ​វិធាន​ការ​ចាំបាច់​នានា សំដៅ​បង្ការ ទប់​ស្កាត់ និង​បង្ក្រាប​អំពើ​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​នានា​។​ ក្រៅពី​នេះ ក្រុម​ការងារ​បច្ចេកវិទ្យា​ព័ត៌មាន​នេះ ត្រូវ​សហការ​ជាមួយ​ស្ថាប័នជាតិ ថ្នាក់​ក្រោម​ជាតិ និង​ភាគី​ពាក់ព័ន្ធ​នានា ក្នុង​ការ​ស្រាវជ្រាវ ប្រមូល និង​ចងក្រង​ព័ត៌មាន​ដែល​បម្រើ​វិស័យ​សន្តិសុខ​ជាតិ ការ​ប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​នានា។

ទាក់ទង​ករណី​នេះ វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា បាន​ទេ ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា លោក ណុប វី មាន​ប្រសាសន៍​ថា បញ្ជា​សន្តិសុខជាតិ គឺជា​រឿង​សំខាន់​មួយ ប៉ុន្តែ​លោក ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល គួរ​ប្រយ័ត្នប្រយែង​ដែរ​ចំពោះ​ការ​បង្កើត​យន្តការ​ផ្សេងៗ​ដែល​ប៉ះពាល់​ដល់​ការអនុវត្ត​សិទ្ធិ​​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។

លោក ណុប វី៖«នៅ​ក្នុង​ការ​ដែល​តាក់តែង​គោលនយោបាយ ឬក៏​បង្កើត​យន្តការ​ផ្សេងៗ ថ្មីៗនេះ រដ្ឋាភិបាល គួរតែ​ប្រយ័ត្នប្រយែង​ហើយ​មានការ​ពិនិត្យមើល​ជាពិសេស​ការ​ការពារ​ជាតិ ដូច​ខ្ញុំ​លើកឡើង​អ៊ីចឹង​ថា វា​ជា​ផ្នែក​មួយ​សំខាន់​ណាស់​ប៉ុន្តែ​ទាក់ទង​នឹង​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ហើយ​នឹង ការធានា​បាន​នូវ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​នៅក្នុង​សង្គម ក៏​គួរតែ​ជា​ផ្នែក​អាទិភាព​របស់​រដ្ឋាភិបាល​ដែរ»។​​​

កម្ពុជា​ជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​នៅ​អាស៊ី ប៉ុន្តែ​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស នូវ​បណ្ដាញ​អ៊ីនធឺណិត ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​សម្រាប់​ទំនាក់ទំនង​ ការ​ចែកចាយ​គំនិត​យោបល់​និង​ទទួល​បាន​ព័ត៌មាន​ជាដើម។ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​សហគមន៍​ជាតិ និង​អន្តរជាតិ បាន​រិះគន់​ថា ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​រង​ការ​ចោទ​ថា​ជា​មេ​ក្រុម​អុកឡុក​លើ​បណ្ដាញ​សង្គម​ នោះ​ បាន​បង្កើត​ច្បាប់​ថ្មីៗ​និង​យន្តការ​ជាច្រើន ដើម្បី​បង្ក្រាប និង​រាំង​ខ្ទប់​សេរីភាព​បញ្ចេញមតិ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។