អង្គការ​អន្តរជាតិ​ទាមទារ​រដ្ឋាភិបាល​​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ

ដោយ យ៉ង ចាន់តារា
2022.12.14
Share on WhatsApp
Share on WhatsApp
អង្គការ​អន្តរជាតិ​ទាមទារ​រដ្ឋាភិបាល​​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ កញ្ញា ឈឹម ស៊ីថរ ប្រធាន​​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​ នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Nagaworld) ហៅ​កាត់​ថា អិល.អា.អេស.យូ (L.R.S.U) កាល​ពី​ថ្ងៃ​ទី១៧ ខែមិថុនា ឆ្នាំ២០២២។
រូបពីពលរដ្ឋ

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​មេ​សហជីព​ណាហ្គាវើលដ៍ (Nagaworld) កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ឡើងវិញ។ មន្ត្រី​រដ្ឋាភិបាល​នៅតែ​អះអាង​ថា នេះ​ជា​ករណី​ផ្លូវ​ច្បាប់ ដែល​រដ្ឋាភិបាល​មិន​អាច​លូក​ដៃ​បាន​ឡើយ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) និង​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​កញ្ញា ឈឹម ស៊ីថរ វិញ ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ ជាមួយ​គ្នា​នេះ អង្គការ​អន្តរជាតិ​ទាំង​ពីរ​ក៏​ទាមទារ​ដល់​អាជ្ញាធរ​កម្ពុជា ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​មេដឹកនាំ​សហជីព​រូប​នេះ និង​សមាជិក​សហជីព​ណាហ្គាវើលដ៍​ដទៃ​ទៀត​ផង​ដែរ។

អង្គការ​ទាំងពីរ​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​កាលពី​ថ្ងៃ​ទី ១៣ ធ្នូ​ថា កញា ឈឹម ស៊ីថរ ត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន ដោយសារ​តែ​ការងារ​ការពារ​សិទ្ធិ​កម្មករ​របស់​នាង ដែល​ករណី​នេះ​បាន​រំលោភ​បំពាន​ទៅលើ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។ ទន្ទឹមគ្នា​នេះ ការ​ឃុំខ្លួន​មេ​សហជីព​រូប​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​កម្មករ​ក្នុង​ការ​រៀបចំ និង​ចរចា​ជា​សមូហភាព​ថែម​ទៀត​ផង។

អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ កាល​ពី​ថ្ងៃ​ទី ២៦ វិច្ឆិកា ភ្លាមៗ ក្រោយ​ពី​នាង​វិល​ត្រឡប់​មកពី​ចូលរួម​សមាជ​របស់​សហភាព​សហជីព​អន្តរជាតិ​នៅ​ប្រទេស​អូស្ត្រាលី។ អាជ្ញាធរ​បក​ស្រាយ​ថា ការ​ចាប់​ខ្លួន​នេះ គឺ​ដោយសារ​កញ្ញា​បាន​ចាកចេញ​ពី​កម្ពុជា ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ។ ប៉ុន្តែ​ទាំង​មេធាវី និង​កញ្ញា ឈឹម ស៊ីថរ បាន​អះអាង​ថា ពួកគេ​មិន​ដែល​ទទួល​បាន​ការ​ជូន​ដំណឹង​អំពី​បម្រាម​លើ​ការ​ធ្វើ​ដំណើរ ឬ​ការ​រឹត​បន្តឹង​ដទៃ​ទៀត ដែល​ត្រូវ​បាន​ដាក់​ជា​ផ្នែក​មួយ​នៃ​លក្ខខណ្ឌ​នៅ​ក្រៅ​ឃុំ​របស់​នាង​នោះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត ចាប់​តាំង​ពី​ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ខែ​មីនា មក កញ្ញា ឈឹម ស៊ីថរ ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ចំនួន​ពីរ​លើក​រួច​មក​ហើយ គឺ​ទៅ​ប្រទេស​ថៃ កាល​ពី​ខែ​កញ្ញា និង​ខែ​តុលា ហើយ​មិន​ធ្លាប់​ជួប​ប្រទះ​បម្រាម​ណា​មួយ​ឡើយ​ក្នុង​ការ​ធ្វើ​ដំណើរ​ទាំងនេះ។

ឆ្លើយ​តប​រឿង​នេះ អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន ថ្លែង​ថា ការ​លើក​ឡើង​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​អំពី​ករណី​កញ្ញា ឈឹម ស៊ីថរ នេះ ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់​នោះ​ទេ។ លោក​ថា ករណី​នេះ​ជា​ការ​អនុវត្ត​នីតិវិធី​របស់​តុលាការ ហើយ​រដ្ឋាភិបាល​ពុំ​មាន​សិទ្ធិ​លូក​ដៃ​ក្នុង​រឿង​នេះ​ឡើយ។

លោក កត្តា អ៊ន៖ «តុលាការ​មាន​ឯករាជ្យ​របស់​គេ​ក្នុង​ចំណាត់​នេះ អ៊ីចឹង​ហើយ​ភាគី​របស់​កញ្ញា ឈឹម ស៊ីថរ ក៏​មាន​មេធាវី​តតាំង​ទៅតាម​នីតិវិធី​ច្បាប់​ដែរ។ វា​អត់​ឃើញ​មាន​ករណី​រំលោភ​សិទ្ធិមនុស្ស​ណាមួយ​កើត​ឡើង​ទេ​ក្នុង​ករណី​នេះ»

Katta_Orn_Cambodian_Human_Rights_Committee_FB_040422_1.jpg
លោក កត្តា អ៊ន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល។ រូបពីហ្វេសប៊ុក​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្ងៃ​ទី៤ ខែមេសា ឆ្នាំ២០២២។

ផ្ទុយពី​ការ​បក​ស្រាយ​របស់​មន្ត្រី​រដ្ឋាភិបាល​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) និង​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​ថា អាជ្ញាធរ​កម្ពុជា​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដោយ​មិន​ត្រឹមត្រូវ ដើម្បី​ដាក់​គោលដៅ និង​យាយី​កញ្ញា ឈឹម ស៊ីថរ ដោយសារ​តែ​ការ​ការពារ​សិទ្ធិ​ការងារ​ក្នុង​នាម​ជា​មេដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ហៅ​កាត់​ថា អិល.អា.អេស.យូ (L.R.S.U)

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទាំងពីរ​បាន​លើក​យក​ទិដ្ឋភាព​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​មក​ពន្យល់​ថា និយោជិត ឬ​បុគ្គលិក​មិន​អាច​ត្រូវ​បាន​រើសអើង ឬ​ដាក់​ទិសដៅ​ប្រឆាំង​នឹង​ពួកគេ​ឡើយ ហើយ​រឹតតែ​មិន​អាច​បញ្ឈប់​ពួកគេ ដោយសារ​តែ​ការ​ចូលរួម​ក្នុង​សកម្មភាព​សហជីព​នោះ​ដែរ។ ក្រោម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ រដ្ឋាភិបាល​កម្ពុជា​មិន​ត្រឹមតែ​មាន​កាតព្វកិច្ច​គោរព​សិទ្ធិ​កម្មករ​នោះ​ទេ ប៉ុន្តែ​ថែមទាំង​ត្រូវ​ការពារ​សិទ្ធិ​នេះ​ពី​ការ​រំលោភ​បំពាន​របស់​ថៅកែ​ទៀត​ផង។ កាតព្វកិច្ច​នេះ​មាន​ចែង​ក្នុង​កតិកា​សញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ កតិកា​សញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ព្រមទាំង​អនុសញ្ញា​លេខ ៨៧ របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ដែល​ការពារ​ដល់​សិទ្ធិ​សេរីភាព​ខាង​សមាគម និង​សិទ្ធិ​ចងក្រង​គ្នា​ជា​បណ្ដាញ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា ថ្លែង​ថា អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ក៏​ពិនិត្យ​ឃើញ​ភាព​អយុត្តិធម៌ និង​ការ​អនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ​ក្នុង​ករណី​នេះ ដូច​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ដែរ។ លោក​បន្ថែម​ថា អាជ្ញាធរ​គួរតែ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​វិញ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំងឡាយ​លើ​កូដករ​ណាហ្គាវើលដ៍ ព្រមទាំង​ជួយ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ​ស្រប​ទៅ​តាម​ច្បាប់។

លោក នី សុខា៖ «តើ​មាន​ប្រជាពលរដ្ឋ​ណាមួយ​ដែល​គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ដោយ​សន្តិវិធី​ទទួល​រង​នូវ​ការ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ដែល​អនុវត្ត​សេរីភាព គោរព​សិទ្ធិមនុស្ស​ហ្នឹងវា​អត់​មាន​ទេ។ ដូច្នេះ នេះ​វា​ផ្ទុយ​ទៅ​នឹង​គោលការណ៍​សិទ្ធិមនុស្ស ផ្ទុយ​ទៅ​នឹង​គោលការណ៍​ប្រជាធិបតេយ្យ ហើយ​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​យើង​ទៀត​នោះ»

Ny_Sokha_110422.JPG
លោក នី សុខា ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC)។ រូបពីពលរដ្ឋ

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​កញ្ញា ឈឹម ស៊ីថរ ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» ពាក់ព័ន្ធ​នឹង​អំពើ​កូដកម្ម​អហិង្សា​របស់​ក្រុម​កូដករ​ណាហ្គាវើលដ៍។ អាជ្ញាធរ​បាន​ចាប់​មេ​សហជីព​រូប​នេះ​ដាក់​ពន្ធនាគារ​លើក​ទី​មួយ កាល​ពី​ខែ​មករា ហើយ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ខែ​មីនា មុន​នឹង​ចាប់​ខ្លួន​នាង​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី ២៦ វិច្ឆិកា​ថ្មីៗ នេះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) និង​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) វាយ​តម្លៃ​បន្ថែម​ថា ក្រៅពី​ជា​ករណី​រំលោភ​សិទ្ធិ​ការងារ​ហើយ​នោះ ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​គំរូ​នៃ​ការ​រើសអើង និង​ការ​សក​សឹក​មាន​ចរិត​នយោបាយ​ប្រឆាំង​នឹង​មេដឹកនាំ​សហជីព​ទាំងឡាយ​ណា ដែល​ព្យាយាម​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​ទទួល​ខុស​ត្រូវ ចំពោះ​ភាព​បរាជ័យ​នៃ​ការ​គោរព​សិទ្ធិ​កម្មករ​ផង​ដែរ។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំងពីរ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើ​ឱ្យ​ច្បាប់ និង​បទបញ្ញត្តិ​ទាំង​ឡាយ​របស់​កម្ពុជា​អនុលោម​ពេញលេញ​ទៅ​តាម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន ដើម្បី​ធានា​ការពារ​នូវ​សិទ្ធិ​សេរីភាព​ខាង​សមាគម ព្រមទាំង​ការ​ចងក្រង និង​ចរចា​ជា​សមូហភាព​នៅ​ទូទាំង​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។