លោកស្នើអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ពន្យល់អង្គការសង្គមស៊ីវិលឱ្យចេះប្រើប្រាស់សិទ្ធិសេរីភាពប្រកបដោយការទទួលខុសត្រូវ។ ទោះជាយ៉ាងណាក្ដី មន្ត្រីអង្គការសង្គមស៊ីវិលថា ពួកគាត់អនុវត្តច្បាប់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែអាជ្ញាធរ និងមន្ត្រីរដ្ឋាភិបាលទេ ជាអ្នករំលោភច្បាប់។
សំណើរបស់លោក ហ៊ុន ម៉ាណែត នេះ ធ្វើឡើងជំនួបនឹងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn)កាលពីថ្ងៃទី៧ ខែធ្នូ។
លោក ហ៊ុន ម៉ាណែត លើកឡើងនៅក្នុងបណ្ដាញសង្គមតេឡេក្រាម (Telegram) ក្រោយជំនួបថា លោកស្នើដល់អ្នករាយការណ៍ពិសេសពន្យល់ទៅកាន់ពលរដ្ឋ និងបណ្ដាអង្គការសង្គមស៊ីវិលមួយចំនួនឱ្យប្រើប្រាស់សិទ្ធិសេរីភាពប្រកបដោយការទទួលខុសត្រូវ និងនៅក្នុងក្របខណ្ឌដែនកំណត់របស់ច្បាប់ជាធរមាន ។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីប្រធានអង្គភាពនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំអធិប្បាយបន្ថែមអំពីបញ្ហានេះបាននៅឡើយទេ កាលពីថ្ងៃទី៧ ខែធ្នូ។
អ្នកនាំពាក្យរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន គឺលោក រ៉ូបើត វ៉ូហាន (Robert Vaughan) ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ ខែធ្នូ តាមសារអេឡិចត្រូនិច ឬអ៊ីម៉េល (Email) ថា នៅក្នុងដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសលើកនេះ អ្នករាយការណ៍ពិសេស មិនផ្ដល់បទសម្ភាស ឬឆ្លើយតបទាក់ទងនឹងដំណើរទស្សនកិច្ចនេះទេ។ តែលោក វិទិត មុនតាប៊ន នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការរបស់លោកមកកាន់កម្ពុជា នៅដើមឆ្នាំ២០២៤ ម្ដងទៀត ហើយនៅពេលនោះ លោកនឹងធ្វើសន្និសីទសារព័ត៌មាន ព្រមទាំងចេញសេចក្ដីថ្លែងការណ៍បញ្ចប់បេសកកម្ម។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា លើកឡើងថា អង្គការសង្គមវិលតែងតែគោរព និងអនុវត្តច្បាប់ ដែលមាននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែលោកថា ប្រសិនជារដ្ឋាភិបាលពិតជាយល់ឃើញផ្ទុយពីនេះ អាចបង្ហាញមកសង្គមស៊ីវិលបាន។
លោក ស៊ឹង សែនករុណា៖«ឃើញថាកន្លងមកយើងឃើញហើយ យើងប្រើប្រាស់ យើងអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនដោយអនុលោមទៅតាមច្បាប់ជាតិ ដែលយើងមានស្រាប់ ហើយច្បាប់អន្តរជាតិ ឬអនុសញ្ញា កតិកាសញ្ញាស្ដីពីសិទ្ធិមនុស្សដែលកម្ពុជាយើងផ្ដល់សច្ចាប័នយកមកអនុវត្តនៅក្នុងប្រទេសកម្ពុជាយើងហ្នឹង អ៊ីចឹងចំណុចទាំងអស់នេះ ខ្ញុំក៏មិនយល់ដែរព្រោះយើងនិយាយប៉ុណ្ណឹង ឱ្យមានការបញ្ជាក់មក»។
ស្រដៀងគ្នានេះដែរ អ្នកសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន មានប្រសាសន៍ថា កន្លងមកមានតែរដ្ឋាភិបាលទេ ជាអ្នករំលោភច្បាប់ ដូចជា ហាមឃាត់មិនឱ្យអង្គការសង្គមស៊ីវិល សហគមន៍ ឬសកម្មជនដើរដាក់ញត្តិ និងបាតុកម្មសន្តិវិធីជាដើម។
លោក អូត ឡាទីន៖«អ្នកដែលរំលោភសិទ្ធិពលរដ្ឋបច្ចុប្បន្ន ខ្ញុំសង្កេតមើលទៅអត់មាននរណាក្រៅពីអាជ្ញាធររដ្ឋាភិបាល ហើយអ្នកដែលមានអំណាចហ្នឹងទេ ដោយឡែកពលរដ្ឋស្លូតត្រង់ ពលរដ្ឋធម្មតា គឺគាត់គ្រាន់តែប្រកបមុខរបបរកស៊ីដោយស្មោះត្រង់ ដោយសេចក្ដីថ្លៃថ្នូរ តែអ្នកដែលរំលោភសិទ្ធិរបស់ពួកគាត់ភាគច្រើន គឺច្រើនកើតឡើងពីមន្ត្រីរដ្ឋាភិបាល អ្នកមានអំណាច កើតឡើងអំពីការអភិវឌ្ឍន៍មួយ ដែលធ្វើឱ្យប៉ះពាល់ដល់សេរីភាពការរស់នៅហ្នឹងឯង»។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) កំពុងបំពេញដំណើរទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ ៨ ដោយបានជួបជាមួយតំណាងអង្គការសង្គមស៊ីវិល សហជីព ក្រុមយុវជន តំណាងសហគមន៍ដីធ្លី អ្នកសារព័ត៌មាន និងតំណាងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងភាគីពាក់ព័ន្ធសំខាន់ៗ ផ្សេងទៀត។ គិតត្រឹមរយៈពេល ៤ថ្ងៃ លោក វីទិត មុនតាប៊ន បានជួបមន្ត្រីជាន់រដ្ឋាភិបាល រួមមាន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កើត រិទ្ធ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។