លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជាមួយអ្នកសារព័ត៌មានប្រចាំឆ្នាំជាលើកទី៤ នៅថ្ងៃទី១៤ ខែមករា ដែលមានកម្មវិធីផឹកស្រា និងពិសាអាហាររួមគ្នាផង ប៉ុន្តែលោក ហ៊ុន សែន នៅតែមិនបើកឱកាសឲ្យអ្នកសារព័ត៌មានសាកសួរដោយផ្ទាល់ដូចជំនួបមុនៗ ដែរ។ អ្នកសារព័ត៌មានឯករាជ្យ នៅតែស្នើសុំឲ្យរដ្ឋាភិបាលធានាពីសេរីភាព និងសុវត្ថិភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជា។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌ ប្រាប់អាស៊ីសេរីថា ជំនួបរវាងប្រមុខរដ្ឋាភិបាល កម្ពុជា លោក ហ៊ុន សែន និងអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី១៤ ខែមករានេះ គឺមានអ្នកចូលរួមជាង ៥ពាន់នាក់ ដែលក្នុងនោះមានម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ទស្សនាវដ្ដី កាសែត គេហទំព័រ សមាគម និងក្លឹបអ្នកកាសែត ថ្នាក់ដឹកនាំមួយចំនួន ដែលធ្វើការក្នុងវិស័យសារព័ត៌មាន ព្រមទាំងភ្ញៀវ កិត្តិយសផ្សេងៗ ទៀតផង។
លោកបញ្ជាក់ថា ជំនួបលើកនេះដូចលើកមុនៗ ដែរ គឺលោកនាយករដ្ឋមន្ត្រី មិនអនុញ្ញាតឲ្យអ្នក សារព័ត៌មានសួរសំណួរដោយផ្ទាល់នោះទេ ប៉ុន្តែពួកគេអាចលើកជាសំណើ ឬមតិយោបល់ ផ្សេងៗ ដាក់ជូននាយករដ្ឋមន្ត្រី តាមរយៈសមាគម ឬក្លឹបអ្នកសារព័ត៌មាន ហើយបញ្ជូនបន្តឲ្យក្រសួងព័ត៌មាន៖ «»
លោក មាស សោភ័ណ្ឌ បន្តថា ចំពោះសំណើសុំឲ្យរដ្ឋាភិបាល ជួយអន្តរាគមន៍ករណីអ្នកសារព័ត៌មាន ដែលកំពុងរងការចោទប្រកាន់រួមមាន៖ អតីតអ្នកយកព័ត៌មានអាស៊ីសេរីពីរនាក់ គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ នោះ គឺមិនអាចធ្វើទៅបាននោះទេ ដោយសារសំណុំទាំងរឿងនេះ កំពុងឋិតក្នុងដៃតុលាការនៅឡើយ។ អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ ឆ្លើយតបដែរថា ការរិះគន់អំពីសេរីភាពសារព័ត៌មានធ្លាក់ចុះនៅកម្ពុជា គឺមិនបានឆ្លុះបញ្ចាំងពីការពិតនោះទេ ដោយលោកអះអាងថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា គឺសំបូរបែប និងល្អប្រសើរជាង ប្រទេសមួយចំនួនក្នុងតំបន់ទៅទៀត៖ «»
ក្នុងឱកាសជួបជុំអ្នកសារព័ត៌មានដែលភាគច្រើនជាអ្នកសារព័ត៌មានគាំទ្ររដ្ឋាភិបាលនោះ លោក ហ៊ុន សែន មិនដែលបើកឱកាសឲ្យអ្នកសារព័ត៌មានបានលើកឡើងពីបញ្ហា ឬចោទសំនួរទៅតាមវិជ្ជាជីវៈរបស់ពួកគេឡើយ ពោលគឺលោក តែងតែកាន់ក្បាលមីក្រូនិយាយតែម្នាក់ឯងប៉ុណ្ណោះ។
អ្នកសារព័ត៌មានវិទ្យុសំឡេងសហរដ្ឋអាមេរិក វីអូអេ (VOA ) លោក ស៊ុន ណារិន ថ្លែងថា លោកមិន បានចូលរួមពិធីជួបជុំនេះទេ ដោយសារមិនបានដាក់ពាក្យសុំចូលរួម ហើយក៏មិនមានលិខិតអញ្ជើញ ចូលរួមដែរ។ លោក ស៊ុន ណារិន មិនរំពឹងថា ជំនួបនេះមានលទ្ធផល ឬផ្ដល់ប្រយោជន៍សម្រាប់ អ្នកសារព័ត៌មានឯករាជ្យឡើយ ព្រោះក្រោយជំនួបបែបនេះកន្លងមក លោកសង្កេតឃើញថា សេរីភាពសារព័ត៌មានមានការធ្លាក់ចុះខ្លាំង ដោយសារតែរដ្ឋាភិបាលបានបង្ក្រាបយ៉ាងដំណំទៅលើសារព័ត៌មានឯករាជ្យមួយចំនួន ដែលតែងរាយការណ៍រិះគន់ការដឹកនាំរបស់រដ្ឋាភិបាល។ អ្នកសារព័ត៌មានរូបនេះ ចង់ឃើញរដ្ឋាភិបាលធានាសេរីភាព និងសុវត្ថិភាពអ្នកសារព័ត៌មានពិតប្រាកដ ដូចជា បើកទូលាយឲ្យអ្នកសារព័ត៌មានអាចចូលយកព័ត៌មានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ នាយករដ្ឋមន្ត្រីដោយគ្រាន់តែប្រើកាតអ្នកសារព័ត៌មាន ដោយមិនចាំបាច់មានកាតបីបួនផ្សេងទៀតជាដើម៖ «»
នៅមុនជំនួបនេះពីរថ្ងៃ លោក ហ៊ុន សែន បានថ្លែងអរគុណដល់អ្នកសារព័ត៌មាន និងជំរុញឲ្យអ្នក សារព័ត៌មានសរសេរព័ត៌មាន និងចូលរួមផ្សាយព័ត៌មានពិត និងព័ត៌មានវិជ្ជមានល្អពីកម្ពុជា ដែលលោកថា ជាការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។
លោក ស៊ុន ណារិន យល់ថាជារឿងធម្មតា ដែលរដ្ឋាភិបាលតែងតែចង់ឲ្យអ្នកសារព័ត៌មានផ្សាយតែពីរឿងល្អៗ ក្រោមការដឹកនាំរបស់ខ្លួន ប៉ុន្តែតួនាទីរបស់អ្នកសារព័ត៌មាន គឺត្រូវផ្សាយទាំង រឿងវិជ្ជមាន និងអវិជ្ជមាន ជាពិសេស រឿងណាដែលមានគុណប្រយោជន៍សម្រាប់សាធារណជន។ លោកបន្តថា រដ្ឋាភិបាលមិនគួរខឹងអ្នកសារព័ត៌មាន ដែលផ្សាយអំពីការពិត និងរឿងអវិជ្ជមាននោះទេ៖ «»
ក្នុងឱកាសជួបជាមួយលោក ហ៊ុន សែន នេះ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJa) បានដាក់សំណើចំនួន ១១ចំណុច ស្នើសុំឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ ក្នុងនោះមាន ការបញ្ចប់ការធ្វើទុកបុកម្នេញ វាយដំ ឃាត់ខ្លួន និងការរារាំងការងាររបស់អ្នកសារព័ត៌មាន ស្នើសុំឲ្យ សមត្ថកិច្ចគួរស៊ើបអង្កេតឡើងវិញ រឿងសម្លាប់អ្នកសារព័ត៌មាននាពេលកន្លងមក ស្នើសុំឲ្យបញ្ចប់ ការរើសអើង និងលាបពណ៌អ្នកសារព័ត៌មាន និងស្នើសុំឲ្យលុបចោលការណែនាំអ្នកសារព័ត៌មាន ឲ្យជូនដំណឹងទៅអាជ្ញាធរពីការងាររបស់ពួកគេ ដូចករណីនៅខេត្តរតនគីរី។ ជាមួយគ្នានេះ សម្ព័ន្ធអ្នក សារព័ត៌មានកម្ពុជា ក៏ស្នើសុំឲ្យលុយចោលសេចក្ដីប្រកាសរួម ស្ដីពីការគ្រប់គ្រងអ៊ីនធើណិត និង គោលការណ៍ផ្សេងទៀត ស្នើសុំឲ្យឆាប់អនុម័តសេចក្ដីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាន ធានាការ ចូលរួមរបស់ភាគីពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាព លើការពិភាក្សាសេចក្ដីព្រាងច្បាប់ព័ត៌មានក្លែង ក្លាយ (Cyber crime law) វិសោធនកម្មច្បាប់របបសារព័ត៌មាន និងស្នើសុំឲ្យផ្ដល់សេរីភាព និងផ្ដល់ អាជ្ញាប័ណ្ណវិទ្យុ ដែលក្រសួងបានដកកន្លងមក ព្រមទាំងបើកលំហ និងជំរុញឲ្យមានសេរីភាពសារព័ត៌មានល្អប្រសើរឡើងវិញ។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ម៉ៃ ទិត្យថារ៉ា មានប្រសាសន៍ថា សមាជិករបស់ លោកចំនួន ១០នាក់ចូលរួមពិធីជួបជុំនេះ ហើយលោករំពឹងថា ជំនួបនេះនឹងមានសញ្ញាវិជ្ជមាន សម្រាប់អ្នកសារព័ត៌មានកម្ពុជា៖ «»
សេរីភាពសារព័ត៌មាននៅកម្ពុជារយៈពេល ២ឆ្នាំចុងក្រោយនេះ រងការរិះគន់ថា អាក្រក់ខ្លាំងដោយសារតែគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ព្យាយាមកម្ចាត់ប្រព័ន្ធផ្សព្វផ្សាយដែលរិះគន់លោក។ សន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៩ ដែលចេញផ្សាយដោយអង្គការអ្នក រាយការណ៍គ្មានព្រំដែន (Reporters Without Border) បង្ហាញថា កម្ពុជាជាប់លេខ ១៤៣ ដែលមានន័យថា ចំណាត់ថ្នាក់នេះ កម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេសដែលមានស្ថានភាពលំបាកផ្នែកសេរីភាពសារព័ត៌មាន។ រីឯអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានចេញសេចក្ដី ថ្លែងការណ៍ កាលពីខែកក្កដា ឆ្នាំ២០១៩ ថា លោក ហ៊ុន សែន នៅតែចាត់ទុកអ្នកសារព័ត៌មានជាចំណាប់ខ្មាំង ដើម្បីដាក់ទណ្ឌកម្មអ្នកដែលហ៊ានរិះគន់រដ្ឋាភិបាលរបស់លោក។ អង្គការអន្តរជាតិនេះ អំពាវនាវឱ្យរដ្ឋាភិបាលបរទេស និងម្ចាស់ជំនួយ ចាត់ទុកសេរីភាពសារព័ត៌មានរបស់កម្ពុជាថា បានស្លាប់ដូចគ្នានឹងលទ្ធិប្រជាធិបតេយ្យដែរ ហើយជំរុញរដ្ឋាភិបាល កម្ពុជាឱ្យទម្លាក់ចោលការចោទ ប្រកាន់មិនសមទំនងនេះលើអ្នកសារព័ត៌មាន៕