លោក ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ចតាមចាប់ខ្លួនអ្នកលេងហ្វេកប៊ុកម្នាក់ដោយសាររឿងបញ្ចេញមតិរិះគន់លោកក្នុងពេលលោកកំពុងបំពេញទស្សនកិច្ចនៅប្រទេសម៉ាល់ឌីវ (Maldives)។មន្រ្តីសង្គមស៊ីវិលលើកឡើងថា សង្គមប្រជាធិបតេយ្យអ្នកដឹកនាំគួរបើកចិត្តទទួលយកមតិរិះគន់ពីមជ្ឈដ្ឋាននានាដើម្បីយកទៅកែលម្អក្នុងការដឹកនាំប្រទេស។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលគេស្គាល់ទូទៅថា ជាមេដឹកនាំចូលចិត្តមតិលើកបញ្ចើចបញ្ចើតែមិនចេះទទួលយកមតិទិតៀនពីសាធារណៈជននោះ នៅថ្ងៃទី១៥ ខែមករា បានបញ្ជាឱ្យប៉ូលិសតាមចាប់ខ្លួនម្ចាស់គណនីហ្វេកប៊ុក(Facebook) ម្នាក់ ដាក់ឈ្មោះថា«Ver To»ដែលបានចូលទៅបញ្ចេញមតិ (Comment) រិះគន់ចំពោះការដឹកនាំរបស់លោក។
ប្រតិកម្មរបស់លោក ហ៊ុន សែន នេះគឺបន្ទាប់ពីលោកបានបង្ហោះរូបថតជាង១០ស្លឹកនៅឆ្នេរសមុទ្រមួយកន្លែងនៃប្រទេសម៉ាល់ឌីវ (Maldives) ដោយលោកសរសេរថា «ឆ្លៀតមុជទឹកសមុទ្រប្រទេសម៉ាល់ឌីវដែលកន្លែងមុជទឹកនៅជាប់ជាមួយបន្ទប់ស្នាក់នៅទាំងទឹកប្រៃនិងទឹកសាប»។បន្ទាប់មកអ្នកលេងហ្វេកប៊ុកម្នាក់ឈ្មោះ«Ver To» បានចូលទៅខុមមេនឌឺដងដោយសរសេរថា «មែនហើយពុកឆ្នេរសមុទ្រយើងស្អាតជាងគេតែអ្នកដឹកនាំស្រុកយើងស្មោកគ្រោកជាងគេលើលោកមែនអត់ពុក»។ភ្លាមៗនោះលោក ហ៊ុន សែន សរសេរឆ្លើយតបដោយគំរាមថា«នេះជាសំដីមនុស្សពាលសូមនគរបាលស្វែងរកបន្ទាន់តើវានៅឯណា»។
ស្របពេលការបោះឆ្នោតជាតិអាណត្តិទី៧ខិតជិតមកដល់ លោក ហ៊ុន សែន ហាក់មមាញឹកប្រើប្រាស់ហ្វេសប៊ុករបស់លោកក៏ប៉ុន្តែលោកមិនមែនចំណាយពេលវេលាជានាយករដ្ឋមន្ត្រីប្រើប្រាស់ហ្វេសប៊ុកដើម្បីជាប្រយោជន៍ដោះស្រាយបញ្ហាជាតិសំខាន់ៗឬសំណូមពរទូទៅរបស់ពលរដ្ឋនោះទេ។ លោក ហ៊ុន សែន ប្រើប្រាស់ហ្វេសប៊ុកដើម្បីតាមដានគំរាមកំហែងតាមចាប់អ្នកទាំងឡាយណាដែលហ៊ានចូលមករិះគន់លោក។ លោក ហ៊ុន សែន មិនត្រឹមតែខ្លាចការរិះគន់អំពីរឿងអសមត្ថភាពក្នុងការដឹកនាំប្រទេសជាតិនោះទេជាក់ស្តែងថ្មីៗនេះសូម្បីតែរឿងយុវជន សួង នាគព័ន្ធ រិះគន់លោកអំពីការភ្នាល់បាលទាត់ពិភពលោកចាញ់គេក៏លោកខឹងសម្បានិងប្រកាសតាមរកឪពុកម្ដាយយុវជននោះដល់ផ្ទះដែរខណៈអ្នករិះគន់លោកមួយចំនួននៅបន្តជាប់ពន្ធនាគាររហូតដល់សព្វថ្ងៃនេះ។
ប្រធានសមាគមការរពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា លើកឡើងថា លោកមិនគាំទ្រការបញ្ចេញមតិបែបអសុរោះនោះទេ។ ទោះយ៉ាងណា លោកថា ការបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យជារឿងល្អដើម្បីចូលរួមស្ថាបនាសង្គមស្របតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិដែលបើកទូលាយឱ្យពលរដ្ឋបញ្ចេញមតិដោយគ្មានការភ័យខ្លាច។ លោកយល់ថា ការប្រើប្រាស់វិធានការផ្លូវច្បាប់លើអ្នកបញ្ចេញមតិគឺជាសញ្ញាមួយគួរឱ្យព្រួយបារម្ភដែលធ្វើឱ្យអ្នកទាំងឡាយណាដែលមានទស្សនៈនយោបាយផ្ទុយពីរដ្ឋាភិបាលភ័យខ្លាចក្នុងការបញ្ចេញមតិយោបល់៖
លោក នី សុខា៖«រដ្ឋាភិបាលត្រូវតែមានការបើកសិទ្ធិឱ្យបានទូលំទូលាយដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរបស់ខ្លួនមានឱកាសប្រើប្រាស់នូវសិទ្ធិសេរីភាពបញ្ចេញមតិដោយគ្មានការភ័យខ្លាចហើយបើសិនរដ្ឋាភិបាលចង់រឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិហ្នឹងទាល់តែរដ្ឋាភិបាលមានមូលដ្ឋានពន្យល់ឱ្យបានច្បាស់លាស់ថា អ្នកបញ្ចេញមតិហ្នឹងធ្វើឱ្យមានភាពវឹកវរដល់សង្គមអាហ្នឹងទើបអាចរឹតត្បិតបាន»។
ស្រដៀងគ្នានេះដែរអគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាលោក គៀន ពន្លក មើលឃើញថា កន្លងមកអ្នកដែលហ៊ានរិះគន់ការដឹកនាំលោក ហ៊ុន សែន ឬរដ្ឋាភិបាលរបស់លោកតែងតែប្រឈមនឹងការចោទប្រកាន់ ចាប់ខ្លួន និងប្តឹងរឹបអូសយកទ្រព្យសម្បត្តិជាបន្តបន្ទាប់។ លោកបន្តថា ការស្វែងរកចាប់ខ្លួនអ្នកបញ្ចេញមតិនៅលើបណ្តាញសង្គមបែបនេះបាននាំឱ្យសេរីភាពបញ្ចេញមតិនៅកម្ពុជាកាន់តែរួមតូចគួរឱ្យព្រួយបារម្ភ។យ៉ាងណាក្តី លោក គៀន ពន្លក យល់ថា ក្នុងសង្គមប្រជាធិបតេយ្យពលរដ្ឋមានសិទ្ធិទិតៀនមេដឹកនាំឬបុគ្គលសារធារណៈដើម្បីកែប្រែចំណុចខ្វះខាតឱ្យប្រសើរឡើង។
លោក គៀន ពន្លក៖«សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាបុគ្គលសាធារណៈមួយអ៊ីចឹងប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពយ៉ាងពេញលេញក្នុងការបញ្ចេញមតិយោបល់ឬក៏រិះគន់បែបស្ថាបនាទៅលើរូបគាត់បើសិនគាត់ធ្វើអ្វីខុសមួយ។ បើសិនមេដឹកនាំមួយប្រជាពលរដ្ឋឬអ្នកនយោបាយរិះគន់មិនបានអ៊ីចឹងមិនមែនជាមេដឹកនាំកើតឡើងក្នុងសង្គមប្រជាធិបតេយ្យនោះទេ»។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បដិសេធមិនឆ្លើយតបរឿងនេះដោយលោករុញឱ្យទៅសួរខាងអាជ្ញាធរមានសមត្ថកិច្ចវិញ។វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គនិងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេនៅថ្ងៃទី១៦ ខែមករា។
សិទ្ធិសេរីភាពបញ្ចេញមតិត្រូវបានធានាដោយច្បាប់ជាតិនិងសន្ធិសញ្ញាអន្តជាតិ។ជនគ្រប់រូបមានសិទ្ធិសំដែងកង្វល់និងទស្សនៈរបស់ខ្លួនដោយសេរីដោយគ្មានការជ្រៀតជ្រែកពីរដ្ឋាភិបាល។ទោះយ៉ាងណាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា(CCHR) បានរកឃើញថា ក្នុងរយៈពេល១០ខែឆ្នាំ២០២២អាជ្ញាធរនៅតែបន្តរឹតត្បិតនិងរំលោភបំពានសិទ្ធិសេរីភាពនៃការបញ្ចេញមតិចំនួន១១០ដងទៅលើអ្នកសារព័ត៌មាននិងអ្នកការពារសិទ្ធិមនុស្សក្នុងនោះរួមមានសកម្មជនបរិស្ថាន សហជីព និងបុគ្គលិកអង្គការសង្គមស៊ីវិលជាដើម។ ពួកគេត្រូវបានកោះហៅទៅសាកសួរឃុំខ្លួនឬចាប់ខ្លួនដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍និងបទញុះញង់ហើយអ្នកខ្លះទៀតត្រូវបានអាជ្ញាធរបង្ខំឲ្យផ្តិតមេដៃលើកិច្ចសន្យាជាថ្នូរនឹងការដោះលែងទាក់ទងការបញ្ចេញមតិរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។