លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការខេត្តរតនគិរីលើកលែងការចោទប្រកាន់ លើបុគ្គលិកសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា។ អ្នកវិភាគថា អំពើដែលលោក ហ៊ុន សែន កំពុងតែធ្វើនេះ គ្រាន់តែជារឿងនយោបាយក្រាញអំណាចតពូជ និងប្រើប្រាស់ច្បាប់ជាឧបករណ៍។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ធ្វើឡើងនៅក្នុងជំនួបជាមួយបុគ្គលិកសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា កាលពីល្ងាចថ្ងៃទី១៧ មិថុនា។ លោក ហ៊ុន សែន បានស្ដាប់រឿងរ៉ាវ និងពិនិត្យពីផលប្រយោជន៍ ដែលសមាគមសម្ព័ន្ធកសិករខ្មែរបានធ្វើកន្លងមក ហើយ លើកទឹកចិត្តឲ្យសមាគមនេះ បន្តសកម្មភាព ដើម្បីផលប្រយោជន៍ប្រជាជន។ លើសពីនេះលោក ហ៊ុន សែន ប្រាប់ទៅសមាគមឱ្យយកចិត្តទុកដាក់ការពារកម្មករក្នុងវិស័យកសិកម្មផងដែរ។ លោក ហ៊ុន សែន បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការខេត្តរតនគិរីលើកលែងការចោទប្រកាន់ និងផ្ដល់សិទ្ធិឲ្យសមាគមនេះ ធ្វើសកម្មភាពឡើងវិញ។
ប៉ុន្តែកន្លងទៅថ្មីៗនេះ លោក ហ៊ុន សែន ដែលបានចោទប្រកាន់លោក ថេង សាវឿន ដែលជាប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាថា បានប្រមូលកម្លាំងកសិករប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលរបស់លោក ដែលជាបទចោទប្រកាន់គ្មាននរណាជឿ។
អ្នកវិភាគនយោបាយ មើលឃើញថា អ្វីដែលលោក ហ៊ុន សែន កំពុងធ្វើនេះ គ្រាន់តែជាល្បិចនយោបាយក្រាញអំណាច តពូជពង្សវង្សត្រកូលរបស់គាត់តែប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា យុទ្ធសាស្ត្រចោទប្រកាន់ គំរាមចាប់ដាក់គុករួចមក ឲ្យគេសំទោសទទួលស្គាល់កំហុសនេះ គ្រាន់តែល្បិចកលនយោបាយ របស់លោក ហ៊ុន សែន។ លោកបន្ថែមថា លោក ហ៊ុន សែន អង្គុយលើច្បាប់ និងរំលោភរដ្ឋធម្មនុញ្ញកម្ពុជារាប់សិបមិនអស់។ «»
អ្នកវិភាគរូបនេះ លើកឡើងថា យុវជនត្រូវតែមានជំហររឹងមាំ មិនចុះចូលជាមួយជនផ្ដាច់ការ ដើម្បីស្វែងរកប្រជាធិបតេយ្យពិតប្រាកដសម្រាប់កម្ពុជា ហើយត្រូវកំណត់ថា សេចក្ដីសុខ និងអាយុជីវិតរបស់ខ្លួនគឺសម្រាប់លះបង់ដើម្បីប្រទេសជាតិ ដូចពលរដ្ឋខ្មែរកម្ពុជាក្រោម។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទង ប្រធានសមាគមសម្ព័ន្ធកសិករខ្មែរ លោក ថេង សាវឿន និងសហការីលោក ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី១៨ មិថុនា។
នគរបាលខេត្តក្រចេះ កាលពីថ្ងៃទី១៧ ឧសភា បានឃាត់ខ្លួនប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា លោក ថេង សាវឿន និងសមាជិករបស់លោក១៦នាក់ផ្សេងទៀត នៅពេលពួកគេធ្វើដំណើរពីខេត្តរតនគិរី ឆ្ពោះទៅរាជធានីភ្នំពេញ។ សមត្ថកិច្ចខេត្តក្រចេះមិនបានប្រាប់អំពីហេតុផលនៃការឃាត់ខ្លួននោះឡើយ ដោយគ្រាន់តែបានអះអាងថា ការឃាត់ខ្លួននេះគឺធ្វើឡើងតាមសំណើរបស់ស្នងការខេត្តរតនគិរីតែប៉ុណ្ណោះ។ នៅថ្ងៃដដែលនោះ សមត្ថកិច្ចបានដោះលែងមនុស្ស១៤នាក់។ រំលងមួយថ្ងៃ គឺនៅថ្ងៃទី១៨ ខែឧសភា សមត្ថកិច្ចខេត្តរតនគិរី បាននាំខ្លួនប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន និងសហការី ២នាក់ទៀតរបស់លោក គឺលោក ញិល ភាព និងលោក ថាច់ ហាច ទៅស៊ើបសួរបន្តទៀតនៅស្នងការខេត្តរតនគិរី។ លុះដល់ថ្ងៃទី២០ ឧសភា នគរបាលខេត្តរតនគិរី បានបញ្ជូនសំណុំរឿងលោក ថេង សាវឿន និងសហការីរបស់លោកទាំង២នាក់ ទៅអយ្យការសាលាដំបូងខេត្តរតនគិរី ហើយនៅថ្ងៃទី២៣ ឧសភា អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី បានចេញសេចក្ដីថ្លែងការណ៍ដោយសន្មតថា ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន និងសហការីរបស់លោក បានលួចជួបជុំគ្នានៅខេត្ត រតនគិរី កាលពីថ្ងៃ១៣ និង១៤ ឧសភា ដោយមានខ្លឹមសារក្នុងគោលដៅនយោបាយ ញុះញង់ឱ្យកសិករបះបោរ ឈានទៅដល់ការផ្ដួលរំលំរដ្ឋាភិបាល។ អង្គការជាតិ និងអន្តរជាតិចាត់ទុកការចោទប្រកាន់នេះ មានចរិតនយោបាយ ហើយពួកគេ បានទាមទារឱ្យអាជ្ញាធរកម្ពុជាដោះលែងជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ នៅថ្ងៃទី៣១ ឧសភា សាលាដំបូងខេត្តរតនគិរី បានដោះលែង ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា លោក ថេង សាវឿន និងសហការីលោក២រូបទៀតឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោយពីពួកគេធ្វើលិខិត និងថតវីដេអូ សុំទោសលោក ហ៊ុន សែន ដោយនិយាយទម្លាក់កំហុសលើខ្លួនឯង។
អ្នកវិភាគនយោបាយ លោក គឹម សុខ លើកយកពាក្យចាស់មួយឃ្លាថា ចូរចៀសឲ្យឆ្ងាយពីអំពើអបាយមុខ មានស្រី ស្រា ល្បែងពាលា ជាងនេះទៅទៀតចូរនៅឲ្យឆ្ងាយពីជនផ្ដាច់ការដែរ។ លោកលើកឡើងថា ប្រសិនបើចូលទៅជិតជនផ្ដាច់ការគួរតែចូលទៅប្រកួតកុំទៅចុះចូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។