ក្រុមកូដករណាហ្គាវើលដ៍ខកចិត្តចំពោះលោក ហ៊ុន សែន ដែលប្រឌិតរឿងចោទប្រកាន់លើពួកគេថាស៊ីឈ្នួលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។ ពួកគេច្រានចោល ហើយទាមទារឱ្យរដ្ឋាភិបាលធ្វើជាអាជ្ញាកណ្ដាលដោះស្រាយវិវាទការងារមួយនេះដោយយុត្តិធម៌ និងគ្មានការរើសអើង។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តចោទសាជាថ្មីថាកូដករណាហ្គាវើលដ៍មានអ្នកជួយឧបត្ថម្ភលុយពីក្រោយដើម្បីធ្វើបាតុកម្មជិត២ឆ្នាំនេះ។
វិវាទការងារដ៏រាំរៃរវាងកម្មករខ្មែរជាមួយថៅកែបរទេសជាម្ចាស់ក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ដែលមានឥទ្ធិពលបានអូសបន្លាយជិត ២ឆ្នាំមកហើយ។ ចំណែកលោក ហ៊ុន សែន ក្នុងនាមជាមេដឹកនាំប្រទេសមិនបានរកវិធីជួយដោះស្រាយបញ្ចប់រឿងនោះទេ ប៉ុន្តែលោកបានយកវេទិការសាធារណៈបន្តវាយប្រហារក្រុមកូដករណាហ្គាវើលដ៍ទទួលលុយឧបត្ថម្ភដើម្បីធ្វើកូដកម្មនោះ។ ក្រុមកូដករច្រានចោលចំពោះការចោទប្រកាន់ជាលើកទី២របស់លោក ហ៊ុន សែន ដោយពួកគេចាត់ទុកសារទាំងនេះថា ជារឿងអយុត្តិធម៌ ហើយបើកដៃឱ្យភាគីថៅកែបរទេសបន្តរំលោភសិទ្ធិកម្មករខ្មែរតាមអំពើចិត្ត។
ក្រុមកូដករណាហ្គាវើលដ៍បាននាំគ្នាសរសេរបង្ហោះអមដោយវីដេអូក្នុងន័យដូចៗ គ្នានៅលើហ្វេសប៊ុក (Facebook) ព្រោងព្រាតនៅថ្ងៃទី៤ ខែមីនាដោយឆ្លើយតបភ្លាមៗ ថា ពួកគេធ្វើកូដកម្មដើម្បីទាមទារចូលធ្វើការវិញ គឺជារបៀបវារៈតែមួយ ដោយពុំបានស៊ីឈ្នួលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដូចការចោទប្រកាន់ឡើយ។ ក្រុមកូដករបញ្ជាក់ថា ពួកគេបានចូលធ្វើការងារវិញពេលណានោះកូដកម្មនឹងបញ្ចប់ដោយសន្តិវិធី។
«ខ្ញុំសូមឆ្លើយតបនឹងសម្ដេចពុកថា ពួកខ្ញុំមិនបានស៊ីឈ្នួលធ្វើបាតុកម្មអ្វីទាំងអស់ ពួកខ្ញុំធ្វើកូដកម្ម ដើម្បីឱ្យពួកខ្ញុំចូលធ្វើការវិញ បើសិនពួកខ្ញុំបានចូលធ្វើការវិញ កូដកម្មបញ្ចប់ដោយសន្តិវិធី។ កូដកម្មទាមទារឱ្យចូលធ្វើការ គឺជារបៀបវារៈតែមួយគាត់ ដោយមិនមែនការធ្វើកូដកម្មប្រឆាំងនឹងរដ្ឋាភិបាលនោះទេ។ សូមសម្ដេចពុកមេត្តាយោគយល់ដល់កូនៗ ដែលជាជនរងគ្រោះផងពីនាងខ្ញុំកូដករណាហ្គាវើលដ៍»។
ប្រតិកម្មរបស់ក្រុមកូដករណាហ្គាវើលដ៍នេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែមេសា ដោយលោកនិយាយបញ្ឆិតបញ្ឆៀងថាចាប់តាំងពីដំបូងឡើយបាតុកម្មមួយមានមនុស្សចូលរួមជាង ៤០០នាក់ តែសព្វថ្ងៃមានអ្នកចូលរួមធ្វើបាតុកម្មនៅសល់ប្រហែល ១០០នាក់ទេ។ ទន្ទឹមនឹងនេះ លោក ហ៊ុន សែន ចោទថាស្រុកខ្មែរមានកម្មករធ្វើបាតុកម្មជិត២ឆ្នាំ ហើយពួកគេនៅតែមានលុយធ្វើបាតុកម្មបាន។ លោកសួរថា កម្មករម្នាក់ដែលអត់មានការងារធ្វើ តើពួកគេមានលទ្ធភាពធ្វើបាតុកម្មដោយមិនចាំបាច់រកស៊ីបានទេ។ ទោះយ៉ាងណាក្ដី មេដឹកនាំរដ្ឋាភិបាលឯកបក្សរូបនេះ បានត្រឹមព្រមានទៅបរទេសនានា ដោយប្រយោល ដោយលោកមិនហ៊ានបញ្ជាក់ឱ្យចំៗ ថា តើអ្នកណានៅពីក្រោយកូដកម្មរបស់ក្រុមកូដករណាហ្គាវើលដ៍នោះឡើយ។
«ម៉ែអាណានៅស្រុកខ្មែរបាតុកម្មធ្វើមួយឆ្នាំជិត២ឆ្នាំ មានលុយធ្វើបាតុកម្ម សួរតើរឿងហ្នឹងវាអី មនុស្សធ្វើបាតុកម្មតាំង ៣រយនាក់ ៤រយនាក់ ឥឡូវសល់មនុស្សបាតុកម្មត្រឹម ១រយនាក់ ដាក់ជាសំនួរថាកម្មករម្នាក់ដែលអត់មានការងារធ្វើមានលទ្ធភាពគិតតែពីធ្វើបាតុកម្មដោយមិនចាំបាច់រកស៊ី។ បរទេសនានាកុំថា ហ៊ុន សែន មិនដឹងសូមចាំទុក»។
ទោះបីលោក ហ៊ុន សែន មិនចោទប្រកាន់ចំឈ្មោះក្រុមកូដករណហ្គាលវើលដ៏ដោយ ក៏គេមើលឃើញថា បច្ចុប្បន្នមានតែកូដករណាហ្កាវើលទេដែលពុះពារចេញតវ៉ាទាមទារឱ្យម្ចាស់ក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍គោរពច្បាប់ការងារ។
ផ្ទុយពីការលើកឡើងនេះ អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga world) អ្នកស្រី ឈឹម សុខន ប្រាប់វិទ្យុអាស៊ីសេរីថា កូដកម្មជាង១ឆ្នាំមកនេះកើតចេញពីឆន្ទៈ របស់កូដករដែលរងនូវអំពើអយុត្តិធម៌នៅកន្លែងការងារ ដោយគ្មានអ្នកណាផ្តល់លុយសម្រាប់តវ៉ាប្រឆាំងរដ្ឋាភិបាលទេ។ ប៉ុន្តែអ្នកស្រីសោកស្ដាយ ចំពោះប្រមុខរដ្ឋាភិបាលមិនស្វែងយល់អំពីទុក្ខវេទនារបស់កម្មករដែលរងគ្រោះពីសំណាក់ថៅកែ តែបែរជាថ្លែងសារចោទប្រកាន់ដាក់សម្ពាធលើក្រុមកម្មករដោយគ្មានមូលហេតុទៅវិញ។
អ្នកស្រី ឈឹម សុខន៖ «ហេតុអ្វីគាត់ ( ហ៊ុន សែន ) ទៅនិយាយចោទប្រកាន់គ្នាកំពុងរងអយុត្តិធម៌ហើយ បែរជាមកនិយាយបែបហ្នឹងដាក់គ្នាទៀត។ គាត់ក្នុងនាមរដ្ឋាភិបាល គឺគាត់មានសិទ្ធិបញ្ចប់សាច់រឿងនេះ បើសិនគាត់ចង់ធ្វើនោះ ពីព្រោះខ្ញុំជឿជាក់អ៊ីចឹង ខ្ញុំស្នើដល់គាត់មេត្តាយល់ដល់ពួកខ្ញុំ ដែលជាជនរងគ្រោះ សូមកុំបន្ថែមភាពរងគ្រោះពីមួយថ្ងៃទៅមួយថ្ងៃដល់កូដករទៀត ពីព្រោះដល់ដំណាក់កាលនេះចង់និយាយថាកូដករគ្នាឡើងខ្សោះអស់ហើយ»។
អ្នកស្រី ឈឹម សុខន ឱ្យដឹងថា ការអូសបន្លាយវិវាទការងារនេះកូដកម្មជួបបញ្ហាលំបាកទាំងជីវភាព និងផ្លូវចិត្តជាខ្លាំងដោយសារតែបាត់បង់ចំណូលទាំងស្រុង។ អ្នកស្រីបន្តថា ក្រៅពីឆ្លាស់វេនគ្នាធ្វើកូដកម្មហើយ ពួកគេត្រូវស៊ីឈ្នួលបោសសំអាតតាមផ្ទះ ដើម្បីបានប្រាក់ខ្លះចិញ្ចឹមគ្រួសារ និងចែករំលែកដល់សមាជិកក្រុមដែលឈឺថ្កាត់ និងខ្វះខាតជាដើម។ អ្នកស្រីថាបញ្ហាទាំងនេះរដ្ឋាភិបាលគួរយល់អំពីទុក្ខលំបាករបស់កម្មករខ្មែរដែលមិនទាន់ទទួលបានយុត្តិធម៌។
ណាហ្គាវើលដ៍ ជាក្រុមហ៊ុន ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនលំដាប់ពិភពលោក ដែលរកប្រាក់ចំណេញបានច្រើនបំផុត។ ក្រុមហ៊ុននេះ មានមណ្ឌលកម្សាន្ត សណ្ឋាគារ និងកាស៊ីណូ ឬបនល្បែង ដែលទទួលបានអាជ្ញាប័ណ្ណរកស៊ីរយៈពេល ៧០ឆ្នាំនៅកម្ពុជា។ នៅក្នុងសារឆ្លើយឆ្លងជាអក្សរតាមទូរស័ព្ទ ដែលបែកធ្លាយ កាលពីឆ្នាំ២០១៧ បង្ហាញថា ម្ចាស់កាស៊ីណូណាហ្គាមានទំនាក់ទំនងជាមួយភរិយា និងកូនលោក ហ៊ុន សែន កូនលោក សុខ អាន និងមន្ត្រីរដ្ឋាភិបាលមួយចំនួន។ កូនៗ លោក ហ៊ុន សែន ទាំង ៤នាក់ ដែលសារបែកធ្លាយបង្ហាញថា មានទំនាក់ទំនងជាមួយថៅកែណាហ្គា រួមមានលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី និងអ្នកស្រី ហ៊ុន ម៉ាណា។
កន្លងទៅក្រុមកូដករណាហ្គាវើលដ៍ (Naga World) តែងរងការវាយធ្វើបាបដោយអំពើហិង្សាពីអាជ្ញាធរ និងសន្តិសុខរបស់ក្រុមហ៊ុនរហូតកូដករខ្លះរងរបួសធ្ងន់ធ្ងរ ហើយស្ត្រីម្នាក់ត្រូវរលូតកូនថែមទៀត តែលោក ហ៊ុន សែន មិនបានចេញវាចា ឬប្រតិកម្មអ្វីនោះទេ។ ប៉ុន្តែគេឆ្ងល់ថាតើហេតុអ្វីលោក ហ៊ុន សែន ត្រូវថ្លែងសារចោទប្រកាន់លើក្រុមកូដករថាទទួលលុយធ្វើបាតុកម្មនៅពេលនេះទៅវិញ? ឬមួយលោក ហ៊ុន សែន ចង់បញ្ឈប់កូដកម្មនោះ ដោយសារលោកខ្លាចខាតប្រយោជន៍ក្រុមគ្រួសាររបស់លោកនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ ឬមួយលោកខ្លាចបាត់បង់ប្រជាប្រិយភាពនៅមុនការបោះឆ្នោត។
ជាមួយគ្នានេះសាររបស់លោក ហ៊ុន សែន នេះដែរមិនមែនជាយន្តការដោះស្រាយវិវាទនោះទេ ប៉ុន្តែវាអាចធ្វើក្រុមកូដករណាហ្កាវើលដ៍កាន់តែរងគ្រោះនឹងការធ្វើទុកបុកម្នេញ ការគំរាមកំហែងពីអាជ្ញាធរ និងប្រព័ន្ធតុលាការស្ថិតក្រោមខ្សែញាក់របស់លោក។
ក្រុមកូដករស្នើដល់រដ្ឋាភិបាលបញ្ឈប់ការដាក់សម្ពាធ និងចោទប្រកាន់លើកូដករ ហើយជួយរុញទៅម្ចាស់ក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ចេញមកដោះស្រាយបញ្ចប់វិវាទការងារមួយនេះឱ្យបានឆាប់រហ័ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។