មន្ត្រីសង្គមស៊ីវិល និងក្រុមយុវជន ចង់ឃើញ អាជ្ញាធរខេត្តកំពង់ឆ្នាំង អនុវត្តច្បាប់អន្តោប្រវេសន៍ឱ្យបានម៉ឺងម៉ាត់ លើជនជាតិរៀតណាមដែលចូលមករស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ និងលួចធ្វើឯកសារមិនប្រក្រតី ដើម្បីបន្តរស់ក្នុងប្រទេសកម្ពុជា។ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានកាត់ឆ្វៀលដីលិចទឹកទំហំ ៤០ហិកតារ ដើម្បីសាងសង់ភូមិថ្មី ផ្តល់ជូនពលរដ្ឋដែលរស់នៅផ្ទះបណ្ដែតទឹកលើផ្ទបឹងទន្លេសាប ឱ្យមករស់នៅលើគោកវិញ ហើយពួកគេភាគច្រើន គឺជាជនជាតិវៀតណាម។
ក្រុមយុវជន និងមន្ត្រីសង្គមស៊ីវិលផ្ដល់ទស្សនៈថា អាជ្ញាធរខេត្តកំពង់ឆ្នាំងត្រូវពិនិត្យមើលជនអន្តោប្រវេសន៍ទាំងអស់នោះជាមុនសិន ថាតើពួកគេមករស់នៅក្នុងប្រទេសកម្ពុជាដោយស្របច្បាប់ ឬមិនស្របច្បាប់ មុននឹងអនុវត្តយន្តការកាត់ឆ្វៀលដើម្បីសង់ភូមិដ្ឋានឱ្យក្រុមជនជាតិវៀតណាមទាំងនោះ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ឱ្យដឹងនៅថ្ងៃទី២៤ វិច្ឆិកាថា អាជ្ញាធរត្រូវអនុវត្តច្បាប់អន្តោប្រវេសន៍ជាមុនសិន មុននឹងសម្រេចផ្ដល់ដីសម្បទានសង្គមកិច្ចឱ្យពលរដ្ឋដែលរស់នៅលើផ្ទៃបឹងទន្លេសាប។ លោកបញ្ជាក់ថា ការលើកឡើងនេះ មិនឆ្លុះបញ្ចាំងការរើសអើងជាតិសាសន៍នោះទេ ក៏ប៉ុន្តែប្រសិនបើជនអន្តោប្រវេសន៍ណា ដែលរស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា អាជ្ញាធរត្រូវចាប់បញ្ជូនពួកគេឱ្យត្រឡប់ទៅប្រទេសគេវិញ៖ «យើងត្រូវតែពិនិត្យមើលជនអន្តោប្រវេសន៍ទាំងអស់ តើស្របច្បាប់ ឬមិនស្របច្បាប់ដែលរស់នៅទឹកដីកម្ពុជា ? បន្ទាប់មកយើងត្រូវមានយន្តការ ក្នុងការដោះស្រាយបញ្ហាផ្សេងៗទៀតតទៅទៀត ទៅតាមយន្តការដែលមានស្រាប់។ អាជ្ញាធរយកចិត្តទុកដាក់ខ្លះ វាជាពិសេសពេក នាំឱ្យមានការរិះគន់ ហើយគេមើលហាក់បីដូចជា ការអនុវត្តវាមានភាពខុសគ្នា រវាងការបន្លាស់ទីប្រជាពលរដ្ឋនៅកម្ពុជា»។
អាជ្ញាធរខេត្តកំពង់ឆ្នាំង បានប្រាប់កាសែតក្នុងស្រុកថា រដ្ឋាភិបាលបានធ្វើអនុប្បយោគកាត់ដីលិចទឹក ទំហំ ៤០ហិកតារ ឋិតនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ឋិតនៅកៀកបឹងទន្លេសាប ដើម្បីរៀបចំដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋឱ្យបន្លាស់ទីពីផ្ទះទឹកជាង ២ពាន់គ្រួសារ ក្នុងនោះភាគច្រើនជាជនជាតិវៀតណាម។
អាស៊ីសេរីបានព្យាយាមទាក់ទង អភិបាលរងខេត្តកំពង់ឆ្នាំង ទទួលបន្ទុករៀបចំជនជាតិវៀតណាម ឱ្យមករស់នៅលើគោកវិញ លោក ស៊ុន វណ្ណារិន ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកលើក នៅថ្ងៃទី២៤ វិច្ឆិកា។ ចំណែក អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ក៏មិនទទួលទូរស័ព្ទដែរនៅថ្ងៃដដែលនេះ។
តែយ៉ាងណា លោក ស៊ុន សុណ្ណារិន ថ្លែងប្រាប់កាសែតក្នុងស្រុកថា (ព័ត៌មានថ្មីៗ) ពលរដ្ឋរស់នៅក្នុងផ្ទះបណ្ដែតទឹកទូទាំងខេត្តកំពង់ឆ្នាំងមានសរុបជាង ៤ពាន់ ៣០០គ្រួសារ (៤,៣៨៥គ្រួសារ) ក្នុងនោះ ពលរដ្ឋវៀតណាម មានជាង ២ពាន់ ១០០គ្រួសារ (២១៩៧)។ លោកថា មូលហេតុចម្បង ដែលឱ្យពលរដ្ឋរស់នៅលើគោកវិញ ដើម្បីស្ដារបរិស្ថាន ក្នុងផ្ទៃបឹងទន្លេសាប មានភាពងាយស្រួលក្នុងការគ្រប់គ្រងពលរដ្ឋ និងបង្កើតតំបន់ទេសចរណ៍ធម្មជាតិលើផ្ទៃបឹងទន្លេសាប។
ប្រធានសមាគមវៀតណាម លោក ស៊ឹម ជី ប្រាប់អាស៊ីសេរីថា លោកមិនទាន់ទទួលព័ត៌មានទាក់ទិនករណីនេះនៅឡើយទេ។ លោកថា ខេត្តកំពង់ឆ្នាំង មានពលរដ្ឋវៀតណាមរស់នៅជាង ៩០០គ្រួសារលើផ្ទៃបឹងទន្លេសាប។ នៅពេលសួរថា តើសមាគមវៀតណាមជួយអ្វីខ្លះ ក្នុងគម្រោងនេះ លោក ស៊ឹម ជី ឆ្លើយថា សមាគមរបស់លោក ពុំមានលទ្ធភាពជួយដោះស្រាយរឿងនេះទេ ហើយលោកមិនដឹងថា មានជនជាតិវៀតណាមប៉ុន្មានគ្រួសារទេ ដែលកំពុងរស់នៅលើផ្ទៃបឹងទន្លេសាប ក្នុងខេត្តចំនួន ៦៖ «ដូចខ្ញុំបានជម្រាបជូន សមាគមខ្មែរ និងវៀតណាមកម្ពុជា តាមលក្ខន្តិក យើងជួយតែសម្រាប់ការងារមនុស្សធម៌ ដល់បងប្អូនណាជួបការលំបាក គ្រោះមហន្តរាយកើតឡើងហ្នឹង។ តាមគោលការណ៍ សមាគម ដើម្បីជួយស្នាក់នៅ សមាគមយើងខ្ញុំអត់មានលទ្ធភាពទេ»។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងជាសមាជិកក្រុមការងារ ១០០រាត្រី លោក មួង សូនី ដែលចុះសង្កេតរឿងនេះថ្លែងថា ពលរដ្ឋរស់នៅលើផ្ទៃបឹងទន្លេសាបភាគច្រើន ជាជនអន្តោប្រវេសន៍ខុសច្បាប់ និងបានប្រព្រឹត្តល្មើសច្បាប់ ៣ប្រភេទ រួមមាន ទី១ ការចូលមករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ទី២ ធ្វើឯកសារមិនត្រឹមត្រូវ ឬអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារជាដើម និងទី៣ ពួកគេនេសាទត្រីដោយខុសច្បាប់។ លោកថា បញ្ហាទាំងនេះ រដ្ឋាភិបាលត្រូវចាប់បញ្ជូនពួកគេ ត្រឡប់ទៅប្រទេសកំណើតរបស់គេវិញ និងត្រូវអនុវត្តច្បាប់អន្តោប្រវេសន៍ឱ្បានពេញលេញ៖ «ផលប៉ះពាល់ធ្ងន់ធ្ងរមែនទែន គឺពលរដ្ឋខ្មែរយើង ឬក៏ប្រទេសជាតិយើងមិនបានទទួលប្រយោជន៍ធំដុំទេ ពីបឹងទន្លេសាបសាបហ្នឹង ពីព្រោះយើងឃើញទាំងត្រី ការប្រើប្រាស់បឹងទន្លេសាប គឺភាគច្រើនគឺ ជនជាតិវៀតណាម គាត់ធ្វើទាំងអស់។ អាជ្ញាធរត្រូវអនុវត្តច្បាប់ ហើយច្បាប់ហ្នឹងមិនមែនអនុវត្តតែមួយ អត់មួយទេ គឺត្រូវតែអនុវត្តទាំងអស់ ទាំងពីការអនុវត្តច្បាប់ណាក៏ដោយ ដូចជា ការធ្វើអត្តសញ្ញាណប័ណ្ណដោយខុសច្បាប់ ការមកនៅហួសកំណត់ប៉ាស្ព័រ ( លិខិតឆ្លងដែន ) ការនេសាទត្រីខុសច្បាប់ ការបង្កអសន្តិសុខសង្គមជាតិជាដើម ត្រូវអនុវត្តច្បាប់ ហើយជាពិសេសគឺត្រូវបណ្ដេញជម្លៀសពួកគាត់ចេញ ឱ្យទៅប្រទេសគាត់វិញទាំងអស់»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ធ្លាប់ប្រាប់អាស៊ីសេរីថា រដ្ឋាភិបាល អនុញ្ញាតឱ្យតែជនអន្តោប្រវេសន៍ស្របច្បាប់ប៉ុណ្ណោះដែលអាចមករស់នៅលើគោកបាន ចំណែក ជនអន្តោប្រវេសន៍ណាខុសច្បាប់ លោកថា អាជ្ញាធរនឹងមានវិធានការច្បាប់ដោយបញ្ជូនពួកគេទៅប្រទេសគេវិញ។ លោកថា ការបន្លាស់ទីជនជាតិវៀតណាម ពីផ្ទៃបឹងទន្លេសាបមិនត្រឹមតែធ្វើឡើងតែខេត្តកំពង់ឆ្នាំងនោះទេ គឺអាជ្ញាធរនឹងបន្តអនុវត្តកិច្ចការនេះនៅជុំវិញបឹងទន្លេសាប ដើម្បីរក្សាបរិស្ថាន ដោយឈរលើគោរពគោលការណ៍សិទ្ធិមនុស្ស។ លោកថា អាជ្ញាធរនឹងមានវិធានការសើរើសាជាថ្មីពីការផ្តល់អត្តសញ្ញាណប័ណ្ណខ្មែរ មិនត្រឹមត្រូវដល់ជនបរទេស ហើយបច្ចុប្បន្នក្រសួងមហាផ្ទៃកំពុងចាត់វិធានការរឿងនេះ។
ជុំវិញការលើកឡើងនេះ មន្ត្រីសង្គមស៊ីវិល និងក្រុមយុវជនអះអាងថា អាជ្ញាធរអនុវត្តច្បាប់អន្តោប្រវេសន៍បានតិចតូចណាស់ ហើយមិនបានអនុវត្តច្បាប់លើមន្ត្រីខិលខូចដែលលួចធ្វើឯកសារមិនត្រឹមត្រូវជូនជនបរទេស ជាពិសេសជនជាតិវៀតណាម ដើម្បីបន្តរស់នៅក្នុងប្រទេសកម្ពុជានោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។