សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា (CamboJA) នឹងធ្វើសន្និបាតសមាជិកប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី៩ ខែកញ្ញា ស្អែកនេះ ចំខួបពីរឆ្នាំនៃការបង្កើតសម្ព័ន្ធអ្នកសារព័ត៌មាននេះឡើង។
នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា (CamboJA) លោក ណុប វី ឲ្យវិទ្យុអាស៊ីសេរីដឹងកាលពីថ្ងៃទី៧ ខែកញ្ញា ម្សិលមិញថា សន្និបាតសមាជិកប្រចាំឆ្នាំនេះ ជាលើកទី១ហើយបន្ទាប់ពីខេមបូចាបានចុះបញ្ជីនៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។ លោក ណុប វី អះអាងថាសន្និបាតនេះធ្វើតាមអនឡាញ (Zoom) ក្នុងគោលបំណងផ្ដល់វេទិកាឲ្យសមាជិកទាំងអស់បានជួបជុំបង្កើនទំនាក់ទំនងស្វែងយល់អំពីដំណើរវិវឌ្ឍន៍ បញ្ហាប្រឈមនិងលើកជាយោបល់ដល់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិ ពិនិត្យវាយតម្លៃលើរបាយការណ៍សកម្មភាពប្រចាំឆ្នាំនិងរបាយការណ៍ហិរញ្ញវត្ថុដែលបានអនុវត្តកន្លងទៅ។ ពិនិត្យ និងដោះស្រាយលើសំណើនានាដែលស្នើឡើងដោយក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការប្រតិបត្តិ។ ផ្តល់ការលើកទឹកចិត្តដល់សមាជិកខេមបូចា ដែលអនុវត្តបានល្អ ស្របតាមបេសកកម្ម និងគុណតម្លៃខេមបូចា និងពង្រឹងសាមគ្គីភាពរបស់សមាជិកក្នុងសមាគម។
លោក ណុប វី បន្ថែមថា រយៈពេលពីរឆ្នាំកន្លងទៅនេះបើទោះបីជាខេមបូចាបានសម្រេចកិច្ចការជាច្រើនក្ដីក៏ខេមបូចាជួបឧបសគ្គមួយចំនួនដែរ ដូចជា សិទ្ធិសេរីភាពរបស់បុគ្គលិកអ្នកសារព័ត៌មានខេបូចាមិនត្រូវបានគោរពពេញលេញនៅពេលចុះបំពេញការងារនិងខ្វះហិរញ្ញវត្ថុដើម្បីជួលមនុស្សបន្ថែមទៀត។
ខេមបូចា បង្កើតឡើងដោយអ្នកសារព័ត៌មាន។ ការកំណត់យកថ្ងៃទី៩ ខែកញ្ញា ធ្វើសន្និបាតនេះ គឺចំខួបពីរឆ្នាំនៃការបង្កើតខេមបូជាដែលទទួលស្គាល់ដោយក្រសួងព័ត៌មានកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩។ មកទល់ពេលនេះខេមបូចាមានសសមាជិកចំនួន១២៨រូបដែលសុទ្ធសឹងជាធ្វើការផ្នែកវិស័យសារព័ត៌មាននៅកម្ពុជា។
ខេមបូចា មានចក្ខុវិស័យបន្តគាំទ្រនិងលើកកម្ពស់អ្នកសារព័ត៌មានវិជ្ជាជីវៈបន្ថែមទៀត។ បន្តលើកកម្ពស់បណ្ដុះបណ្ដាលអ្នកសារព័ត៌មានឲ្យក្លាយជាអ្នកសារព័ត៌មានឯករាជ្យបន្ថែមទៀតទោះបីជាសេរីភាពសារព័ត៌មាននៅមានកម្រិតនៅឡើយក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។