សង្គមស៊ីវិលថា សិទ្ធិសេរីភាពរបស់សហជីពឯករាជ្យនៅតែរងការរឹតត្បិតគួរឱ្យព្រួយបារម្ភ
2023.10.08
រដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ អះអាងថា កម្ពុជាគឺជាឋានសួគ៌ាដែលបង្កើតសហជីពឡើងដើម្បីការពារប្រយោជន៍ដល់កម្មករ។ ប៉ុន្តែក្រុមសហជីពលើកឡើងថា ជារឿងមិនពិតដោយសារតែសិទ្ធិសេរីភាពរបស់សហជីពឯករាជ្យដែលការពារកម្មករនៅតែរងការគំរាមកំហែង និងដាក់កំហិតជាបន្តបន្ទាប់។
ក្រុមសហជីពមួយចំនួនលើកឡើងថា ពួកគេពិបាកក្នុងការបំពេញការងារជួយការពារប្រយោជន៍កម្មករ ស្របពេលការតវ៉ា ការចងក្រងសហជីពនៅតាមរោងចក្រ និងកន្លែងផ្សេងទៀតប្រឆាំងនឹងរឿងអយុត្តិធម៌រងការរឹតត្បិត ដែលនាំឱ្យលំហសេរីភាពសហជីពនៅកម្ពុជាកាន់តែធ្លាក់ចុះជាខ្លាំង។
អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ (Naga World) អ្នកស្រី ឈឹម សុខន ប្រាប់វិទ្យុអាស៊ីសេរីថា សហជីពរបស់អ្នកស្រីបានចេញទាមទារសិទ្ធិដំណោះស្រាយការងារកន្លងមកនេះត្រូវបានអាជ្ញាធរ និងក្រុមហ៊ុនណាហ្គាវើលដ៍ ធ្វើទុក្ខបុកម្នេញស្ទើរគ្រប់រូបភាព ដោយរងអំពើហិង្សា ការប្រើប្រាស់ប្រព័ន្ធតុលាការចោទប្រកាន់សហជិកសហជីព និងចាប់មេដឹកនាំសហជីពគឺកញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធនាគារដោយអយុត្តិធម៌ជាដើម។ លើសពីនេះអ្នកស្រីអះអាងថា ក្រសួងការងារមិនបានយកចិត្តទុកដាក់ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករ និងសហជីពដូចការលើកឡើងឡើយ។ អ្នកស្រីថាបញ្ហានេះធ្វើឱ្យក្រុមហ៊ុនយកលេសបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំដើម្បីរំលាយសហជីពចោលតាមអំពើចិត្ត។
កញ្ញា ឈឹម ស៊ីថរ៖ «សហជីពខ្ញុំត្រូវបានគេធ្វើទុក្ខបុកម្នេញជាច្រើនលើក ហើយខាងក្រសួងការងារតាំងពីរដ្ឋមន្ត្រីចាស់រហូតដល់រដ្ឋមន្ត្រីថ្មីហ្នឹងមិនអើពើចំពោះកម្មករទេ បើបង្កើតសហជីពហ្នឹងការពារអត្ថប្រយោជន៍កម្មករភាគច្រើននៅអត់បានតែម្តងតើ ឱ្យកម្ពុជាក្លាយជាឋានសួគ៌ានៃសហជីពម៉េចកើត ជាធម្មតាសហជីពគឺបង្កើតឡើងដើម្បីការពារកម្មករ បើការពារថៅកែដដែល ធ្វើតាមថៅកែដដែលទៅបង្កើតសហជីពធ្វើអ្វី»។
ស្រដៀងគ្នានេះដែរ អនុប្រធានសហជីពស្មារតីកម្មករខ្មែរប្រចាំរោងចក្រស៊ិនតៃ ហ្គាមេន អ្នកស្រី ម៉ិច ស៊ាងហៃ លើកឡើងថា កម្មករនៅតែរងការរំលោភបំពានសិទ្ធិ និងខាតបង់ប្រយោជន៍នៅកន្លែងការងារ បើសិនគ្មានសហជីពឯករាជ្យជួយការពារទេនោះ។ អ្នកស្រីឱ្យដឹងថា បច្ចុប្បន្នអ្នកស្រីពិបាកជួយកម្មករ ពីព្រោះសេរីភាពសហជីពនៅក្នុងរោងចក្ររួមតូចដោយត្រូវអាជ្ញាធរចោទប្រកាន់រឿងញុះញង់ ចំណែកថៅកែវិញតាមដានសកម្មភាពដែលធ្វើឱ្យថ្នាក់ដឹកនាំសហជីពនៅថ្នាក់ក្រោមប្រឈមនឹងការបណ្តេញចេញពីការងារ។
អ្នកស្រី ម៉ិច ស៊ាងហៃ៖ «ជាក់ស្តែងអ្វីដែលពួកខ្ញុំជួបផ្ទាល់គឺលំបាកដោយរងរំលោភបំពានសិទ្ធិសេរីភាពកម្មករ ក៏ដូចថ្នាក់ដឹកនាំសហជីព ស្ថានភាពមិនល្អប្រសើរទេ គឺពួកខ្ញុំពិបាកធ្វើការណាស់រាល់ថ្ងៃនេះ ច្បាប់សហជីពសម្រាប់ពួកខ្ញុំនៅមូលដ្ឋាននេះតូចចង្អៀតមែនទែន ដោយធ្វើអ្វីមួយប្រហែសគេចោទពីបទញុះញង់។ និយាយទៅប្រឈមគ្រប់រឿងខ្ញុំសឹងតែបោះបង់សិទ្ធិជាសហជីពនេះចោលម្តងម្កាលដែរ ពីព្រោះវាពិបាកពេក»។
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ ប្រាប់សហជីពចំនួន២០៥ កាលពីថ្ងៃទី៤ ខែតុលា ថា សហជីពគឺជាដៃគូមិនអាចខ្វះបានរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការពារអត្ថប្រយោជន៍របស់កម្មករ។ ទន្ទឹមនឹងនេះលោក ហេង សួរ អះអាងថា កម្ពុជា គឺជាឋានសួគ៌ាដែលបង្កើតសហជីពឡើងដើម្បីការពារប្រយោជន៍ដល់កម្មករដោយជាមធ្យមនៅក្នុងរោងចក្រមួយមានសហជីពមិនតិចជាង ៣ឡើយ។
ទោះយ៉ាងណា អ្នកឃ្លាំមើលបញ្ហាសិទ្ធិការងារលើកឡើងថា ការគោរពសិទ្ធិ និងសេរីភាពសហជីព នៅកម្ពុជានាពេលបច្ចុប្បន្នបន្តធ្លាក់ចុះខ្លាំង ស្របពេលដែលអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងការងារដែលជាអាណាព្យាបាលក្នុងការសម្របសម្រួលដោះស្រាយវិវាទលំអៀងទៅរកក្រុមហ៊ុនជាជាងរកដំណោះស្រាយជូនកម្មករ ឬក្រុមសហជីពឱ្យបានត្រឹមត្រូវ។ ការដែលរដ្ឋាភិបាលកម្ពុជាខកខានមិនចាត់វិធានការឱ្យបានគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហារំលោភសិទ្ធិការងារធ្ងន់ធ្ងរទាំងនេះបាននាំឱ្យសហគមន៍អន្តរជាតិរិះគន់ និងដាក់សម្ពាធជាបន្តបន្ទាប់។ ជាក់ស្តែងសហភាពអឺរ៉ុបបានព្យួរប្រព័ន្ធអនុគ្រោះពន្ធ(EBA)២០ភាគរយកាលពីឆ្នាំ២០២០ ដោយសារតែកម្ពុជារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទាក់ទងវិស័យកាត់ដេរ និងលទ្ធិប្រជាធិបតេយ្យ។
ជុំវិញរឿងនេះ មន្ត្រីសិទ្ធិការងារនៃអង្គការសង់ត្រាល់លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ការដែលក្រសួងការងារជួបជជែកជាមួយសហជីពដើម្បីពង្រឹងវិស័យការងារជារឿងល្អ។ ប៉ុន្តែលោកថា ទោះបីកម្ពុជាមានសហជីពច្រើនក៏ពិតមែនតែសហជីពដែលមាននិន្នាការការពារសិទ្ធិ និងប្រយោជន៍កម្មករនៅមានតិចតួច ខណៈពួកគាត់នៅតែរងការគំរាមកំហែង ការធ្វើទុក្ខបុកម្នេញពីសំណាក់ថៅកែ និងមន្ត្រីក្រសួងការងារមួយចំនួន។
លោក ឃុន ថារ៉ូ៖ «ច្បាប់ស្ដីពីសហជីពរបស់យើងនេះធ្វើឱ្យមានភាពស្មុគស្មាញលំបាកទៅដល់ការចងក្រងសហជីព ដំណើរការចុះបញ្ជីការសហជីពគឺធ្វើឱ្យសហជីពមិនមានលទ្ធភាពក្នុងការបង្កើត ចងក្រង ការកៀរគរសមាជិកដែលឱ្យកម្មករអាចចូលរួមជំរុញឱ្យមានការកែទម្រង់គោលនយោបាយ ឬចរចាដើម្បីឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ អ៊ីចឹងសិទ្ធិសេរីភាពហ្នឹងមានការធ្លាក់ចុះ ហើយយើងឃើញហើយរាល់ការទាមទារតវ៉ាគឺសហជីពឯករាជ្យប្រឈមការចោទប្រកាន់ទាក់ទងបទល្មើសព្រហ្មទណ្ឌ»។
អនុសញ្ញាអន្តរជាតិខាងការងារលេខ៨៧ និងច្បាប់ស្ដីពីសហជីពនៃកម្ពុជា បានផ្តល់សិទ្ធិសេរីភាពយ៉ាងពេញលេញទៅកម្មករនិយោជិត និងនិយោជកក្នុងការបង្កើត និងអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈដោយសេរី គ្មានការបង្ខិតបង្ខំ និងគំរាមកំហែង ប៉ុន្តែរដ្ឋាភិបាលនិងក្រុមហ៊ុនរងការចោទថា មិនបានអនុវត្តតាមច្បាប់ទាំងនេះឲ្យបានពេញលេញឡើយ។
មន្ត្រីសង្គមស៊ីវិលយល់ថា បើសិនរដ្ឋាភិបាលមានឆន្ទៈចង់ឱ្យសហជីពចូលរួមលើកកម្ពស់សិទ្ធិ និងការពារអត្ថប្រយោជន៍របស់កម្មករពិតប្រាកដត្រូវបើកសេរីភាពឱ្យកម្មករមានសិទ្ធិក្នុងការបង្កើតសហជីពដោយគ្មានឧបសគ្គ ទម្លាក់ចោលការចោទប្រកាន់ដោះលែងមេដឹកនាំសហជីពឱ្យមានសេរីភាព ព្រមទាំងធ្វើវិសោធនកម្មច្បាប់ស្ដីពីសហជីពឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។