អង្គការផ្នែកសិទ្ធិមនុស្សអន្តរជាតិអំពាវនាវដល់របបក្រុងភ្នំពេញ កែប្រែសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដើម្បីឱ្យស្របទៅនឹងបទដ្ឋានអន្តរជាតិទាក់ទងនឹងសិទ្ធិទទួលបានព័ត៌មាន។ ក្រសួងព័ត៌មានអះអាងថា សេចក្ដីព្រាងច្បាប់នេះមានការចូលរួមផ្ដល់យោបល់ពីអង្គការសង្គមស៊ីវិល និងអង្គការអន្តរជាតិធំៗ មួយចំនួនហើយ ដូច្នេះនឹងមិនមែនការកែប្រែទៀតនោះឡើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) និងអង្គការមាត្រា១៩ (Article 19) ពិនិត្យឃើញថា សេចក្ដីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានដែលរបបក្រុងភ្នំពេញបានប្រើពេលវេលាដ៏យូរក្នុងការជជែកពិភាក្សានោះ នៅមានចំណុចខ្វះខាតជាច្រើន ក្នុងនោះរួមមាន និយមន័យដ៏តូចចង្អៀតនៃប្រភេទព័ត៌មាន និងស្ថាប័នព័ត៌មាន ដែលច្បាប់នេះត្រូវគ្របដណ្ដប់ ព្រមទាំងមិនមានការបង្កើតយន្តការត្រួតពិនិត្យឱ្យមានប្រសិទ្ធភាពជាដើម។ អង្គការទាំងពីរថ្លែងទៀតថា ចន្លោះប្រហោងទាំងនេះប្រាសចាកទៅនឹងបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិទទួលព័ត៌មាន ហើយនិងកាតព្វកិច្ចរបស់កម្ពុជាក្នុងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងអាចធ្វើឱ្យខូចដល់អំណាចនៃច្បាប់ផងដែរ។
ប្រធានផ្នែកកម្មវិធីតំបន់អាស៊ីនៃអង្គការមាត្រា១៩ លោក ម៉ាធ្យូ ប៊ូហ្គឺរ (Matthew Bugher) ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានរួមគ្នាជាមួយអង្គការ Human Rights Watch នៅថ្ងៃទី១១ ធ្នូថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើតច្បាប់ស្តពីសិទ្ធិទទួលបានព័ត៌មាន គឺជាជំហានក្នុងទិសដៅដ៏ត្រឹមត្រូវ។ លោកថា ច្បាប់ដែលរឹងមាំនឹងជួយបើកផ្លូវសម្រាប់ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ លើកកម្ពស់ការទទួលខុសត្រូវ និងជំរុញឱ្យមានការចូលរួមពីសាធារណជនក្នុងដំណើរការសម្រេចចិត្តជាផ្លូវការណាមួយ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនបានដាក់បញ្ចូលអនុសាសន៍ល្អៗ ជាច្រើនទៅក្នុងសេចក្ដីព្រាងច្បាប់នេះនៅឡើយទេ ទោះជាបានប្រើពេលដ៏យូរក្នុងដំណើរការប្រឹក្សាយោបល់បែបណាក្តី។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ អះអាងថា សេចក្ដីព្រាងច្បាប់នេះមានការចូលរួមមតិយោបល់ពីគ្រប់សមាសភាព ដូចជា ក្រសួងព័ត៌មាន អង្គការយូណេស្កូ (UNESCO) អង្គការសង្គមស៊ីវិល និងអ្នកជំនាញសារព័ត៌មាន។ លោកបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះបានឆ្លងផុតដំណាក់កាលពិភាក្សាអន្តរក្រសួងរួចហើយ នៅតែការពិភាក្សាបន្ថែមជាមួយក្រសួងយុត្តិធម៌ប៉ុណ្ណោះ មុននឹងបញ្ជូនទៅគណៈរដ្ឋមន្ត្រីដើម្បីប្រជុំអនុម័ត។ លោកថា ក្រសួងនឹងមិនកែប្រែសេចក្ដីព្រាងច្បាប់នេះទៀតនោះទេ៖ «»
ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានមាន គឺជាច្បាប់ដ៏សំខាន់មួយដែលអង្គការសង្គមស៊ីវិល ស្ថាប័នសារព័ត៌មាន និងប្រជាពលរដ្ឋ ទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ច្បាប់នេះមានសារៈសំខាន់ដោយសារតែវាធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិ និងសេរីភាពក្នុងការទទួលបានព័ត៌មាន ដែលរដ្ឋាភិបាលមានកាតព្វកិច្ចផ្ដល់ឱ្យ។ ច្បាប់នេះចែងពីភារកិច្ចដែលស្ថាប័នសាធារណៈនានាត្រូវផ្ដល់ និងធ្វើការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ដោយអនុលោមតាមរដ្ឋធម្មនុញ្ញកម្ពុជា និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស។
ទោះជាយ៉ាងណា នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែងថា អង្គការយូណេស្កូ (UNESCO) រដ្ឋាភិបាលបរទេស និងម្ចាស់ជំនួយទាំងអស់ ត្រូវតែទាមទារឱ្យរបបលោក ហ៊ុន សែន កែលម្អសេចក្ដីព្រាងច្បាប់នេះឡើងវិញ ពីព្រោះច្បាប់នេះនៅមានចំណុចខ្វះខាតជាច្រើន។
អង្គការ Human Rights Watch លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា របបក្រុងភ្នំពេញបានគាបសង្កត់យ៉ាងធ្ងន់ធ្ងរលើសិទ្ធិសេរីភាពបញ្ចេញមតិ នៅមុនការបោះឆ្នោតឆ្នាំ២០១៨ ។ អាជ្ញាធរបានចាប់ខ្លួន ចោទប្រកាន់ និងយាយីក្រុមសកម្មជន អ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ក្នុងការប៉ុនប៉ងបំបិទចោលសំឡេងរិះគន់ និងសំឡេងឯករាជ្យនៅកម្ពុជា។ ចំណាត់ការផ្នែករដ្ឋបាល និងផ្លូវច្បាប់តាមទំនើងចិត្តទាំងអស់នេះ បាននាំទៅរកការរំលាយគណបក្សសង្គ្រោះជាតិ និងបិទអង្គការសង្គមស៊ីវិល និងស្ថាប័នព័ត៌មានឯករាជ្យអស់ជាច្រើន។ ជាងនេះទៅទៀត របបក្រុងភ្នំពេញបានកែប្រែច្បាប់មួយចំនួន និងបង្កើតច្បាប់បែបគាបសង្កត់ជាច្រើន ដែលរឹតត្បិតដល់សិទ្ធិសេរីភាពបញ្ចេញមតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។