អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅតែទាមទារឱ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ ព្រោះការឃុំខ្លួននេះ ហួសនីតិវិធីយូរហើយ។ អ្នកស្រីនៅតែសង្កេតឃើញថា កម្ពុជានៅតែខ្វះលំហសេរីភាព និងប្រជាធិបតេយ្យ ដែលអ្នកស្រីអំពាវនាវឱ្យរបបលោក ហ៊ុន សែន ប្ដេជ្ញាចិត្តស្ដារស្ថានភាពនេះឡើងវិញ។
សូមស្ដាប់បទសម្ភាសន៍របស់លោក មួង ណារ៉េត ជាមួយអ្នកស្រី រ៉ូណា ស្មីត ជុំវិញរឿងនេះ ដូចតទៅ៖
មួង ណារ៉េត៖ ជាថ្មីម្ដងទៀត តើអ្នកស្រីយល់យ៉ាងដូចម្ដេច អំពីការណ៍ដែលតុលាការនៃរបបលោក ហ៊ុន សែន មិនអនុញ្ញាតឱ្យអ្នកស្រី ជួបសួរសុខទុក្ខប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ម្ដងហើយម្ដងទៀតដូច្នេះ?
រ៉ូណា ស្មីត៖ ខ្ញុំនៅតែសោកស្ដាយ ដែលអាជ្ញាធរនៅតែមិនអនុញ្ញាត ឱ្យខ្ញុំអាចទៅចូលសួរសុខទុក្ខលោក កឹម សុខា បាន។ សូម្បីតែចៅក្រមស៊ើបសួរក្នុងករណីនេះ ក៏មិនអាចជួបខ្ញុំបាន។
មួង ណារ៉េត៖ បើសិនគេអនុញ្ញាតឱ្យអ្នកស្រីជួបលោក កឹម សុខា តើលោកស្រីមានបំណងជួបប្រធានគណបក្សប្រឆាំងរូបនេះ ដើម្បីអ្វី?
រ៉ូណា ស្មីត៖ ក្នុងនាមជាអ្នកជំនាញឯករាជ្យ ដែលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិតែងតាំង ខ្ញុំត្រូវតែមានសិទ្ធិជួបអ្នកជាប់ឃុំទាំងអស់ នៅកម្ពុជា មិនថាតែលោក កឹម សុខា នោះទេ។
មួង ណារ៉េត៖ តើលោកស្រីយល់ថា អាជ្ញាធរនៃរបបលោក ហ៊ុន សែន គួរតែដោះលែងលោក កឹម សុខា ឱ្យបានឆាប់ដែរឬទេ?
រ៉ូណា ស្មីត៖ ខ្ញុំនៅតែប្រកាន់ជំហរដដែល ថាលោក កឹម សុខា កំពុងស្ថិតនៅក្នុងការឃុំឃាំង ហើយខ្ញុំនៅតែទទូចឱ្យរដ្ឋាភិបាល និង ជាពិសេសចៅក្រមស៊ើបសួរ ដោះលែងលោក កឹម សុខា ឱ្យបានឆាប់។ គិតមកដល់ពេលនេះ លោក កឹម សុខា ជាប់ឃុំជាង ១៨ ខែទៅហើយ ដូច្នេះការស៊ើបអង្កេតគួរតែបានបញ្ចប់យូរហើយដែរ ដែលសមតែនឹងមានការជំនុំជម្រះក្តីមួយ។ បើគ្មានរកឃើញភស្តុតាងថ្មីណាមួយ ក្នុងការដាក់បន្ទុកលើ លោក កឹម សុខា នៅពេលនេះ គួរតែទម្លាក់ចោលរាល់បទចោទប្រឆាំងលើរូបគាត់។
មួង ណារ៉េត៖ ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចរបស់លោកស្រីនេះ តុលាការរបបលោក ហ៊ុន សែន នៅខេត្តបាត់ដំបង ចេញដីកាកោះហៅមន្ត្រីគណបក្សសង្គ្រោះជាតិនៅមូលដ្ឋានចំនួន ២៦ នាក់ ដោយសារតែសកម្មភាពក្នុងជីវភាពនយោបាយរបស់ពួកគាត់។ តើនេះអាចជាការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងធ្វើទុក្ខបុកម្នេញលើមន្ត្រីបក្សប្រឆាំងដែរឬទេ?
រ៉ូណា ស្មីត៖ ខ្ញុំយល់ថា ចំណាត់ការបែបនេះ ជាសញ្ញាណអាក្រក់បញ្ជាក់ អំពីភាពខ្វះសេរីភាព និង លំហប្រជាធិបតេយ្យនៅកម្ពុជា។ ខ្ញុំក៏នៅតែមានការព្រួយបារម្ភច្រើន ក្នុងបញ្ហានេះដែរ។ ខ្ញុំពិតជាចង់ឃើញ ឱ្យមានទំព័រថ្មី ស្ដីពីការបើកចំហសិទ្ធិសេរីភាពផ្នែកនយោបាយឡើងវិញនៅកម្ពុជា។ ហើយខ្ញុំក៏ចង់ឃើញឱ្យកម្ពុជាមានវប្បធម៌សន្ទនា និង ការចេះគោរព និង ឱ្យតម្លៃគ្នាទៅវិញទៅមក។
មួង ណារ៉េត៖ ក្រោយរបបលោក ហ៊ុន សែន រម្លាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧ តំណែងជាប់ឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់របស់បក្សនេះទាំង ៥០០៧ តំណែង ត្រូវបក្សកាន់អំណាចយកទៅចែកគ្នាអស់គ្មានសល់។ តើអ្នកស្រីមានសង្កេតឃើញ ការវិវត្តជាវិជ្ជមានណាមួយ គួរឱ្យកត់សម្គាល់ដែរឬទេ ជុំវិញបញ្ហានេះ ក្នុងដំណើរទស្សនកិច្ចលើកនេះ?
រ៉ូណា ស្មីត៖ ខ្ញុំនៅតែមិនឃើញមានការប្រែប្រួលណាមួយ ជុំវិញលំហសេរីភាព និង ប្រជាធិបតេយ្យនៅកម្ពុជានៅឡើយទេ តាំងពីដំណើរទស្សនកិច្ចលើកមុនរបស់ខ្ញុំ រហូតមកដល់ពេលនេះ។
មួង ណារ៉េត៖ នៅក្នុងរបាយការណ៍សិទ្ធិមនុស្សរបស់អ្នកស្រី កាលពីខែសីហា ឆ្នាំ២០១៨ អ្នកស្រីបានលើកជាអនុសាសន៍ជាច្រើន ពាក់ព័ន្ធជាពិសេសទៅនឹងបញ្ហារំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ អ្នកស្រីសង្កេតឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន បានធ្វើតាមដែរទេ?
រ៉ូណា ស្មីត៖ ខ្ញុំបានជួបមន្ត្រីជាន់ខ្ពស់ ក្នុងជួររដ្ឋាភិបាលជាច្រើន។ ពួកគាត់បានចំណាយពេលជូនដំណឹងខ្ញុំ អំពីបច្ចុប្បន្នភាព នៃចំណាត់ការរដ្ឋាភិបាល ដែលបានធ្វើកន្លងមក ពាក់ព័ន្ធនឹងផ្នែកនៃការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងពាក់ព័ន្ធទៅនឹងការឆ្លើយតបចំពោះអនុសាសន៍របស់ខ្ញុំ។
មួង ណារ៉េត៖ តើអ្នកស្រីទទួលយកបាន នូវអ្វីដែលមន្ត្រីទាំងនោះ ជម្រាបជូនអ្នកស្រីដែរឬទេ?
រ៉ូណា ស្មីត៖ ខ្ញុំយល់ថា មានចំណុចខ្លះ ពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជា ក៏មានភាពប្រសើរឡើងខ្លះដែរ បើប្រៀបធៀបទៅនឹងស្ថានភាពកាលពីក្នុងអំឡុងពេលទស្សនកិច្ចរបស់ខ្ញុំលើកមុន និងលើកនេះ។ ខ្ញុំស្វាគមន៍ ចំណុចវិជ្ជមានមួយចំនួននោះ រួមមានយល់ដឹង និងទទួលស្គាល់សារសំខាន់នៃតួនាទី និងការចូលរួមរបស់អង្គការសង្គមស៊ីវិល និងការព្យាយាមយកចិត្តទុកដាក់លើវិស័យយុត្តិធម៌សង្គម និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការស៊ីសំណូកជាដើម។
មួង ណារ៉េត៖ ជុំវិញលំហសេរីភាព និងប្រជាធិបតេយ្យនេះ សហភាពអឺរ៉ុប ចាត់ទុកថាកម្ពុជាមានបញ្ហានេះខ្លាំង រហូតដល់ប្រទេសទាំងនេះ ចាប់ផ្ដើមនីតិវិធីព្យួរការអនុគ្រោះពន្ធពីកម្ពុជា។ តើអ្នកស្រីបារម្ភឬទេ ថាស្ថានភាពបច្ចុប្បន្ន អាចចៀសមិនផុតការសម្រេចព្យួរការអនុគ្រោះពន្ធពីសហភាពអឺរ៉ុប?
រ៉ូណា ស្មីត៖ ជំហរជុំវិញការកែប្រែលើលក្ខខណ្ឌ នៃការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មនេះ គឺមានតែខាងសហភាពអឺរ៉ុបប៉ុណ្ណោះ ដែលជាអ្នកផ្ដល់ចម្លើយជូនបាន។
មួង ណារ៉េត៖ នៅក្នុងរបាយការណ៍សិទ្ធិមនុស្សចុងក្រោយ អ្នកស្រីបានសង្កត់ធ្ងន់ថា សុខសន្តិភាព និងភាពចម្រុងចម្រើន អាចមានចិរភាពទៅបាន គឺអាស្រ័យលើការស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ។ តើអ្នកស្រីនៅប្រកាន់ជំហរថា ដើម្បីឱ្យមានសន្តិភាព និងការអភិវឌ្ឍយូរអង្វែង គឺត្រូវតែមានសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឬ?
រ៉ូណា ស្មីត៖ ចា៎! ខ្ញុំនៅតែយល់ដូច្នេះ។ ខ្ញុំនៅតែយល់ថា យុត្តិធម៌សង្គម និងសន្តិភាព ត្រូវដើរទន្ទឹមគ្នា។ ដើម្បីឱ្យមានសុខសន្តិភាពពិតប្រាកដ គឺទាល់តែមនុស្សគ្រប់រូប មានសិទ្ធិសេរីភាព និង ការយកចិត្តទុកដាក់ស្មើគ្នា ដោយមិនត្រូវផាត់ក្រុមណាចោលនោះឡើយ។
មួង ណារ៉េត៖ តើអ្វីដែលអ្នកស្រី ចង់ឱ្យរដ្ឋាភិបាលកម្ពុជា កែប្រែជាអាទិភាព ក្នុងពេលនេះ?
រ៉ូណា ស្មីត៖ សំណួរនេះពិបាកនឹងឆ្លើយណាស់! ខ្ញុំយល់ថា មានចំណុចច្រើនណាស់ ដែលរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ស្ដារឡើងវិញ ជាពិសេសផ្នែកសិទ្ធិមនុស្ស។ ចំណុចទាំងអស់នេះ ខ្ញុំបានលើកឡើង ពេលជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលរួចទៅហើយ និងបានស្នើឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងក្នុងរឿងនេះ។ ខ្ញុំបានស្នើថា ចំណុចស្ដីពីការលើកស្ទួយសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យនេះ មាននៅក្នុងទិសដៅអភិវឌ្ឍប្រកបដោយចិរភាព សម្រាប់កម្ពុជា។ ខ្ញុំយល់ថា មានតែការតាំងចិត្តរបស់រដ្ឋាភិបាល ក្នុងការលើកស្ទួយផ្នែកទាំងនេះ ឱ្យបានល្អប៉ុណ្ណោះ ទើបអាចសម្រេចជោគជ័យ តាមអ្វីដែលជាការប្ដេជ្ញាក្នុងគោលដៅអភិវឌ្ឍនោះ។
មួង ណារ៉េត៖ សូមអរគុណអ្នកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត ដែលបានបានផ្ដល់ឱកាស ឱ្យខ្ញុំបាទសម្ភាសនៅពេលនេះ។
រ៉ូណា ស្មីត៖ សូមអរគុណ!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។