មន្ត្រីសិទ្ធិមនុស្សអន្តរជាតិបារម្ភពីការរំលោភច្បាប់ និងសិទ្ធិមនុស្សកាន់តែខ្លាំងនៅកម្ពុជា
2020.11.10
តុលាការក្រុងភ្នំពេញចាប់ផ្តើមបើកសវនាការជំនុំជម្រះសំណុំរឿងរបស់មន្ត្រីជាន់ខ្ពស់ និងសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់នៅអំឡុងខែវិច្ឆិកានេះ។ សំណុំរឿងដែលត្រូវជម្រះដំបូង គឺនៅថ្ងៃទី១១ វិច្ឆិកា ដែលពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងចំនួន ៩រូប ដោយឡែកនៅថ្ងៃទី២៦ វិច្ឆិកា តុលាការនឹងជម្រះសំណុំរឿងដែលមានមន្ត្រីបក្សប្រឆាំងសរុប ៥៩នាក់។ បទចោទប្រឆាំងនឹងថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សសង្គ្រោះជាតិទាំងនោះ រួមមាន បទឧបឃាត បទរួមគំនិតក្បត់ និងបទញុះញង់។
អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិពិនិត្យឃើញថា នេះជាយុទ្ធសាស្ត្របំភិតបំភ័យអ្នកគាំទ្របក្សប្រឆាំង មិនមែនជាការរកយុត្តិធម៌ពិតប្រាកដឡើយ។ លើសពីនេះ អ្នកជំនាញដដែលបារម្ភថា ករណីរំលោភសិទ្ធិមនុស្សអាចកើតមានកាន់តែខ្លាំង ក្នុងពេលកម្ពុជាប្រឈមហានិភ័យនៃការផ្ទុះរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩។
ខាងក្រោមនេះ ជាបទសម្ភាសរវាងលោក ឡេង ម៉ាលី ជាមួយលោក ហ៊្វីល រ៉ូបឺតសុន (Phil Robertson) ជានាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch)៖
លោក ឡេង ម៉ាលី៖ ជម្រាបសួរ លោក ហ៊្វីល រ៉ូបឺតសុន! ជាដំបូងនេះ ខ្ញុំចង់ឱ្យលោកវាយតម្លៃអំពីស្ថានភាពសិទ្ធិសេរីភាពនៅកម្ពុជាបន្តិចសិន។ តើស្ថានភាពនេះ បានវិវឌ្ឍទៅរកភាពប្រសើរឡើងខ្លះដែរឬទេ បើគិតតាំងពីចុងឆ្នាំ២០១៧ ពេលដែលរបបលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិនោះរួចមក?
លោក ហ៊្វីល រ៉ូបឺតសុន៖ «ជាក់ស្តែងណាស់ ស្ថានភាពសិទ្ធិសេរីភាពនៅកម្ពុជាកាន់តែយ៉ាប់យ៉ឺន បើនិយាយចំពោះគណបក្សនយោបាយប្រឆាំង។ សេរីភាពសារព័ត៌មានធ្លាក់ចុះច្រើន ព្រោះយើងឃើញហើយ មានការបិទកាសែតខេមបូឌាដេលីដោយសាររឿងពន្ធដារក្លែងក្លាយ ការលក់កាសែតភ្នំពេញប៉ុស្តិ៍ទៅឱ្យមនុស្សជំនិតលោក ហ៊ុន សែន ការបញ្ឈប់វិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរីមិនឱ្យផ្សាយលើប្រេកង់អេហ្វអឹម ការបិទការិយាល័យអាស៊ីសេរីនៅភ្នំពេញ ការចោទប្រកាន់ និងកាត់ទោសអ្នកសារព័ត៌មាន ជាដើម។ ចំណែក អង្គការសង្គមស៊ីវិលវិញ រងការយាយី និងធ្វើទុក្ខបុកម្នេញ ស្របពេលសេរីភាពនៃការចងក្រងជាសមាគម និងការប្រមូលផ្តុំដោយសន្តិវិធីស្ថិតក្រោមការគំរាមកំហែង។ ដូច្នេះ ស្ថានភាពស្ថានភាពសិទ្ធិសេរីភាពនៅកម្ពុជាមិនមានភាពល្អប្រសើរនោះទេ តែកំពុងដាំក្បាលចុះគ្រប់ផ្នែកទាំងអស់»។
លោក ឡេង ម៉ាលី៖ លោក ហ្វីល រ៉ូបឺតសុន! ដូចលោកឃើញស្រាប់ហើយថា តុលាការរបបលោក ហ៊ុន សែន ចាប់ផ្តើមលើកយកសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់ និងសកម្មជនសង្គ្រោះជាតិមកជំនុំជម្រះ នៅអំឡុងខែវិច្ឆិកានេះ។ តើលោកយល់ថា សវនាការទាំងនោះអាចផ្តល់យុត្តិធម៌ដល់ក្រុមអ្នកនយោបាយបក្សប្រឆាំងបានដែរឬទេ?
លោក ហ៊្វីល រ៉ូបឺតសុន៖ «សវនាការទាំងនេះប្រាកដជាគ្មានយុត្តិធម៌នោះទេ ព្រោះតុលាការកម្ពុជាគ្រាន់តែជាឧបករណ៍លេងសើច និងចាំស្តាប់តែបញ្ជាប៉ុណ្ណោះ។ ចៅក្រមនៅក្នុងតុលាការកម្ពុជា ជាប្រភេទមនុស្សមិនចេះខ្មាស់អៀន ហើយរង់ចាំតែបញ្ជាពីគណបក្សកាន់អំណាច។ សំណុំរឿងនយោបាយប្រឆាំងនឹងមន្ត្រីគណបក្សសង្គ្រោះជាតិទាំងអស់នេះ នឹងដូចលើកមុនដែរ គឺស្របទៅតាមអ្វីដែលបក្សកាន់អំណាចចង់បាន។ ការជំនុំជម្រះរឿងបទចោទញុះញង់ រួមគំនិតក្បត់ ឬក៏បទចោទផ្សេងពីនេះ គឺជាការព្យាយាមកម្ចាត់អ្វីៗដែលនៅសេសសល់ចុងក្រោយរបស់គណបក្សប្រឆាំងនៅកម្ពុជា។ ខ្ញុំជឿថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងព្យាយាមបំភ័យអ្នកនយោបាយបក្សប្រឆាំងនៅក្រៅប្រទេសមិនឱ្យវិលទៅកម្ពុជាវិញ ហើយនិងធ្វើឱ្យអ្នកនៅក្នុងស្រុករត់ភៀសខ្លួនទៅក្រៅប្រទេស។ នេះជាយុទ្ធសាស្រ្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីលុបបំបាត់ចោលសំណល់គណបក្សសង្រ្គោះជាតិនៅគ្រប់ទីកន្លែងទាំងអស់»។
លោក ឡេង ម៉ាលី៖ ខ្ញុំចង់ឱ្យលោកបកស្រាយបន្តិចទៀតអំពីសវនាការនេះ។ យើងឃើញហើយថា តុលាការបានកោះហៅមន្ត្រីបក្សប្រឆាំងទាំងនោះចូលសវនាការ តែរដ្ឋាភិបាលនៅតែបិទច្រកមិនឱ្យពួកគេចូលកម្ពុជាវិញបានឡើយ។ តើករណីនេះយ៉ាងដូចម្តេចទៅវិញ?
លោក ហ៊្វីល រ៉ូបឺតសុន៖ «រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែបើកផ្លូវឱ្យពួកគេមានឱកាសចូលរួមក្នុងសវនាការ ព្រោះពួកគេភាគច្រើនកំពុងរស់នៅនិរទេសខ្លួនឯក្រៅប្រទេស គេចចេញពីការធ្វើទុក្ខបុកម្នេញ។ តែយ៉ាងណា នេះគ្រាន់តែជាការធ្វើបង្គ្រប់កិច្ចប៉ុណ្ណោះ គេធ្វើឱ្យសកម្មជនបក្សប្រឆាំងទាំងនេះមិនអាចវិលចូលស្រុកវិញបាន ដើម្បីឱ្យពួកគេជាប់ទោសកាន់តែច្រើន។ ដូចខ្ញុំបញ្ជាក់អ៊ីចឹងថា រឿងរ៉ាវទាំងនេះគេធ្វើឡើង ដើម្បីគ្រាន់តែបង្អាក់ដំណើរវិលចូលស្រុកវិញរបស់ក្រុមសកម្មជននៅក្រៅប្រទេស ហើយបង្ខំឱ្យអ្នកនៅក្នុងស្រុកនាំគ្នារត់ភៀសខ្លួនទៅប្រទេសថៃ ឬប្រទេសដទៃទៀត បើពុំដូច្នេះពួកគេត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលច្រើនឆ្នាំ»។
លោក ឡេង ម៉ាលី៖ លោក ហ្វីល រ៉ូបឺតសុន ខ្ញុំសូមងាកទៅរឿងជំងឺកូវីដ-១៩ បន្តិច។ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីតធ័រ ស៊ីចាតូ (Peter Szijjato) បានមកទស្សនកិច្ចនៅកម្ពុជា ប៉ុន្តែពេលលោកចាកចេញពីកម្ពុជាទៅដល់ប្រទេសថៃ ស្រាប់តែគេរកឃើញថា គាត់មានផ្ទុកជំងឺកូវីដ-១៩។ រឿងនេះបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងអំពីការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរបស់គាត់ មិនបានពាក់ម៉ាស់ និងគោរពគោលការណ៍គម្លាតសង្គមនោះទេ។ ឥឡូវនេះ មន្ត្រីមួយចំនួនបានឆ្លងជំងឺនេះហើយ ហើយមនុស្សលើសពីមួយពាន់នាក់ ក្នុងនោះក៏រួមទាំងលោក ហ៊ុន សែន ផងដែរ កំពុងធ្វើចត្តាឡឺស័ក ដើម្បីតាមដានសុខភាពបន្ត។ តើលោកយល់ឃើញយ៉ាងដូចម្តេចដែរចំពោះករណីនេះ?
លោក ហ៊្វីល រ៉ូបឺតសុន៖ «កន្លងទៅ កម្ពុជាពិតជាសំណាងខ្លាំងណាស់ដែលជំងឺនេះមិនសូវឆ្លងរាតត្បាតខ្លាំង ប៉ុន្តែរឿងនេះអាចផ្លាស់ប្តូរយ៉ាងលឿន។ ប្រសិនបើជំងឺកូវីដ-១៩ ចាប់ផ្តើមឆ្លងរាលដាលកាន់តែច្រើននៅកម្ពុជា នោះនឹងក្លាយជាបញ្ហាធ្ងន់ធ្ងរសម្រាប់ពលរដ្ឋខ្មែរ ព្រោះយើងដឹងហើយថា រដ្ឋាភិបាល និងប្រព័ន្ធសុខាភិបាលកម្ពុជាមិនអាចបញ្ឈប់ជំងឺនោះបានទេ។ និយាយឱ្យមែនទែនទៅ រដ្ឋាភិបាលកម្ពុជាអត់ខ្វល់អ្វីសោះ ដែលទៅអញ្ជើញមន្ត្រីហុងគ្រីមកបំពេញទស្សនកិច្ច ដោយមិនចាត់វិធានការបង្ការទុកជាមុនបែបនេះ។ តើរដ្ឋាភិបាលហ្នឹងគិតថាខ្លួនជាមនុស្សអច្ឆរិយៈ ដែលមិនចេះឈឺ ឬយ៉ាងម៉េច? រឿងដ៏គួរឱ្យសោកសង្រេងនោះ គឺថាមន្ត្រីគ្រាក់ៗនៃរដ្ឋាភិបាលលោក ហ៊ុន សែន មានលទ្ធភាពជិះយន្តហោះទៅសឹង្ហបុរី ឬប្រទេសផ្សេងទៀត ដើម្បីព្យាបាលជំងឺ ប៉ុន្តែប្រជាពលរដ្ឋសាមញ្ញមិនមានលទ្ធភាពធ្វើបែបនេះទេ។ ប្រសិនបើជំងឺកូវីដ-១៩ រាតត្បាតចូលក្នុងសហគមន៍ នោះពលរដ្ឋសាមញ្ញ គឺជាអ្នករងគ្រោះ មិនមែនមន្ត្រីគ្រាក់ៗទាំងនោះឡើយ»។
លោក ឡេង ម៉ាលី៖ លោក ហ្វីល រ៉ូបឺតសុន! តើហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅកម្ពុជានេះ អាចនាំឱ្យមានការរំលោភសិទ្ធិមនុស្សបន្ថែមទៀតដែរឬទេ?
លោក ហ៊្វីល រ៉ូបឺតសុន៖ «នេះជាពិតជារឿងដ៏គួរឱ្យព្រួយបារម្ភ។ យើងបានឃើញហើយថា អាជ្ញាធរបានចាប់ខ្លួនមនុស្សជាច្រើននាក់ដែលរិះគន់វិធានការរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩។ យើងក៏បានឃើញដែរពីការអនុវត្តបែបរើសអើងរបស់រដ្ឋាភិបាល ពោលបើអ្នករិះគន់ជាមនុស្សមាននិន្នាការគាំទ្រគណបក្សសង្គ្រោះជាតិ អាជ្ញាធរនឹងចាប់ពួកគេយកទៅឃុំទុកក្នុងពន្ធនាគារដោយចោទពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ប៉ុន្តែបើពួកគេមិនមានអ្វីពាក់ព័ន្ធនឹងបក្សប្រឆាំងទេ នោះអាជ្ញាធរនឹងដោះលែងជនទាំងនោះវិញ។ ដូច្នេះ វាច្បាស់ណាស់ថា រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ហេតុផលជំងឺកូវីដ-១៩ នេះមួយផ្នែក ដើម្បីចាប់ខ្លួនមន្ត្រីបក្សសង្គ្រោះជាតិដែលកំពុងរស់នៅក្នុងប្រទេស»។
លោក ឡេង ម៉ាលី៖ ពាក់ព័ន្ធនឹងរឿងនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហើបអំពីបំណងប្រើប្រាស់ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ដើម្បីទប់ស្កាត់សភាពការណ៍កូវីដ-១៩។ តើលោកយល់យ៉ាងណាដែរ?
លោក ហ៊្វីល រ៉ូបឺតសុន៖ «ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្នរបស់កម្ពុជានោះ គឺជាច្បាប់រំលោភសិទ្ធិមនុស្ស ជាច្បាប់ដែលផ្តល់អំណាចគ្មានព្រំដែនដល់នាយករដ្ឋមន្ត្រី អាចធ្វើអ្វីក៏បានស្រេចតែអំពើចិត្ត ដោយគ្មានទោសទណ្ឌ។ ខ្ញុំគិតថា ការប្រើប្រាស់ច្បាប់នេះ នឹងបង្កើតឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូច្នេះនេះជាបញ្ហាធំមែនទែន»។
លោក ឡេង ម៉ាលី៖ សំណួររបស់ខ្ញុំជាចុងក្រោយថា តើប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ គួរតែធ្វើអ្វីខ្លះដើម្បីជួយឱ្យមានការកែប្រែស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា?
លោក ហ៊្វីល រ៉ូបឺតសុន៖ «សហគមន៍អន្តរជាតិគួរតែថ្លែងការណ៍ជាសាធារណៈអំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលកំពុងធ្លាក់ដុនដាបខ្លាំងនេះ គឺជារឿងមិនអាចទទួលយកបានឡើយ។ កន្លងមក មន្ត្រីទូតបរទេសប្រចាំនៅកម្ពុជាហាក់រក្សាភាពស្ងៀមស្ងាត់ជ្រុលពេកហើយ។ រីឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក៏ត្រូវតែមានចំណាត់ការលើរឿងនេះដែរ។ ដោយឡែក ប្រជាពលរដ្ឋខ្មែរវិញ គឺត្រូវតែបន្តបញ្ចេញមតិ និងអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនតទៅទៀត»។
លោក ឡេង ម៉ាលី៖ សូមអរគុណលោក ហ្វីល រ៉ូបឺតសុន ដែលបានផ្តល់បទសម្ភាសដល់អាស៊ីសេរី។ សូមជម្រាបលា!
លោក ហ៊្វីល រ៉ូបឺតសុន៖ បាទអរគុណ ជម្រាបលា!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។