របាយការណ៍​ស្តីពី​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ រង​ការ​គាប​សង្កត់​និង​រំលោភ​បំពាន ក្នុង​អំឡុង​ឆ្នាំ២០២១

0:00 / 0:00

ក្រុ​ម​​អង្គការ​​សង្គមស៊ីវិលចំនួន ៣ បាន​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​លើកទី៦ រក​ឃើញ​ថា ប្រជាពលរដ្ឋ​នៅ​តែ​មិន​មាន​សេរីភាព ក្នុងការ​អនុវត្តន៍​សេរីភាព​ជា​មូលដ្ឋាន​របស់​ខ្លួន​ អាជ្ញាធរ​បាន​ជ្រៀត​ជ្រែក​តាម​ទំនើង​ចិត្ត​លើការ​ជួប​ប្រជុំ ការកើន​ឡើង​នៃ​ការ​រឹតត្បិត ការ​បញ្ចេញ​មតិ​អនឡាញ​ និង​ក្រុម​គណបក្ស​នយោបាយជំទាស់ ត្រូវ​បាន​កំណត់​មុខ​សញ្ញា​ជាដើម។

ក្នុង​របាយការណ៍​១៣០​ទំព័រដែល​ចង​ក្រង​លំអិត​ចាប់​ពី​ខែមករាដល់​ខែធ្នូ ឆ្នាំ២០២១ ដោយ​ក្រុម​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)​សមាគម​សិទ្ធិមនុស្ស​អាដហុក​(ADHOC)​និង​មជ្ឈមណ្ឌល​សាមគ្គីភាព​(Solidarity Center) ចេញ​ផ្សាយ​នៅថ្ងៃទី២៧ ខែមេសា បានពិនិត្យ​មើលពី​សេរីភាព​ជា​មូលដ្ឋាន​សំខាន់ៗ​៣គឺ​សេរីភាពខាងសមាគម សេរីភាពខាងបញ្ចេញមតិ និងសេរីភាព​ខាងការ​ជួប​ជុំ។

អ្នកសម្របសម្រួល​គម្រោងសេរីភាព​មូលដ្ឋាននៃមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជាលោក ហ៊ុន ស៊ាងហាក់ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ​ទិន្នន័យ​ដែល​ប្រមូល​បាន​បង្ហាញ​ថាលំហ​នៃ​ការ​អនុវត្តន៍​សេរីភាព​ជា​មូលដ្ឋាន​នៅមាន​កម្រិត​នៅ​ឡើយខណៈ​ដែល​អាជ្ញាធរ​បាន​រារាំង​និង​ទប់ស្កាត់​រាល់ការ​ជួបប្រជុំ​របស់​ពលរដ្ឋ៖ «ក្រុម​ការងារ​ដែល​ធ្វើការងារ​លើ​គម្រោង​យើង​បាន​កត់​ត្រា​ថា លំហរសេរីភាព​ជា​មូលដ្ឋាន​នៅ​តែ​រង​កា​រ​រឹតត្បិត លំហ​នៃ​ការ​ចូលរួម​របស់​ពលរដ្ឋ​នៅតែ​បន្ត​ធ្លាក់​ចុះ មិន​តែ​ប៉ុណ្ណោះ យើង​ឃើញ​ថា ចំនួន​ការ​រឹតត្បិត​មាន​ជាង​៣០០​ករណី កើតឡើង​ទូទាំង​ប្រទេស​នៅ​ឆ្នាំ២០២១ បន្ថែម​ពី​នេះ ក្នុង​ឆ្នាំ២០២១ មានការ​តាក់តែង​ច្បាប់​មួយ​ចំនួន ដែលប៉ះពាល់​ដល់​សេរីភាព​ជា​មូលដ្ឋាន។ មួយវិញ​ទៀត​ សកម្មភាព​របស់​គណបក្សជំទាស់ ទទួលរង​នៃការ​រំលោភ​បំពាន​ដោយ​អាជ្ញាធរ​រដ្ឋ​និង​ភាគីទី៣»

បន្ថែមពីការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ទាំង​នោះរដ្ឋាភិបាល​ក៏​បាន​បង្កើត​ច្បាប់​និង​បទប្បញ្ញតិ្ត​ថ្មីៗ​ចំនួន​៣ក្នុង​នោះ​រួមមានអនុក្រិត្យ​ស្តីពី​ការបង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩និង​សង្ឃ​ប្រកាស​ដែល​ហាម​ឃាត់​ព្រះសង្ឃ​មិ​ន​ឲ្យ​ចូលរួម​ការ​តវ៉ាឬ​បាតុកម្ម។

លោក ហ៊ុន ស៊ាងហាក់ ឲ្យ​ដឹង​ដែរ​ថារបាយការណ៍​នេះ ​ក៏បានផ្ញើ​ជូនទៅ​រដ្ឋាភិបាល​និង​ស្ថាប័ន​រដ្ឋពាក់ព័ន្ធដើម្បីអាច​ប្រើប្រាស់​របាយការណ៍​ដែល​រៀបរាប់​ជាក់​ស្តែង​ពីស្ថាន​ការណ៍កើត​ឡើងពិត​ប្រាកដដើម្បីជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋនិងពិនិត្យមើល​ពីចំណុច​មួយ​ចំនួន​ដែលប៉ះពាល់​ដល់​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

របាយការណ៍​សង្កត់​ធ្ងន់​ថាសេរីភាព​ជាមូល​ដ្ឋាន​និង​សេរីភាព​បញ្ចេញ​មតិរបស់​ពលរដ្ឋគឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​អនុវត្តសិទ្ធិសេរីភាពនិង​លទ្ធិប្រជាធិបតេយ្យ។ សិទ្ធិទាំងនេះ នឹងជួយ​ពង្រឹង​ពង្រីក​នៃ​ការ​ចូល​រួម​របស់​ពលរដ្ឋ​ក្នុង​សកម្មភាព​សង្គម​នានា។ ការបង្ក្រាបរបស់​អាជ្ញាធរទៅ​លើសេរីភាព​ជាមូលដ្ឋាន​នេះគឺជាការ​ទប់ស្កាត់​និង​រារាំង​ពលរដ្ឋមិន​ឲ្យចូលរួ​ម​ជាសាធារណៈហើយដែល​ទង្វើ​នេះគឺជា​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​រប់​អង្គការ​សង្គមស៊ីវិល​ខណៈដែល​កម្ពុជា​នឹង​រៀបចំការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា-ឃុំសង្កាត់ នៅដើមខែមិថុនា និងការ​បោះឆ្នោត​ជាតិនៅ​ឆ្នាំ២០២៣ ខាងមុខ។

វិទ្យុអាស៊ីសេរី មិនអាច​ទាក់ទង​សាកសួរ​បន្ថែម​ទៅ​អ្នក​នាំ​ពាក្យរដ្ឋាភិបាលលោក​ ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​លោក កត្តា អ៊ន បាន​នៅឡើយ​ទេ នៅថ្ងៃទី២៧ ខែមេសា ដោយ​សារ​ទូរស័ព្ទ​ហៅចូលតែ​ពុំមាន​អ្នក​ទទួល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។