ក្រុមអង្គការសង្គមស៊ីវិលចំនួន ៣ បានផ្សព្វផ្សាយរបាយការណ៍ប្រចាំឆ្នាំលើកទី៦ រកឃើញថា ប្រជាពលរដ្ឋនៅតែមិនមានសេរីភាព ក្នុងការអនុវត្តន៍សេរីភាពជាមូលដ្ឋានរបស់ខ្លួន អាជ្ញាធរបានជ្រៀតជ្រែកតាមទំនើងចិត្តលើការជួបប្រជុំ ការកើនឡើងនៃការរឹតត្បិត ការបញ្ចេញមតិអនឡាញ និងក្រុមគណបក្សនយោបាយជំទាស់ ត្រូវបានកំណត់មុខសញ្ញាជាដើម។
ក្នុងរបាយការណ៍១៣០ទំព័រដែលចងក្រងលំអិតចាប់ពីខែមករាដល់ខែធ្នូ ឆ្នាំ២០២១ ដោយក្រុមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)សមាគមសិទ្ធិមនុស្សអាដហុក(ADHOC)និងមជ្ឈមណ្ឌលសាមគ្គីភាព(Solidarity Center) ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា បានពិនិត្យមើលពីសេរីភាពជាមូលដ្ឋានសំខាន់ៗ៣គឺសេរីភាពខាងសមាគម សេរីភាពខាងបញ្ចេញមតិ និងសេរីភាពខាងការជួបជុំ។
អ្នកសម្របសម្រួលគម្រោងសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក ហ៊ុន ស៊ាងហាក់ ប្រាប់វិទ្យុអាស៊ីសេរីថា ទិន្នន័យដែលប្រមូលបានបង្ហាញថាលំហនៃការអនុវត្តន៍សេរីភាពជាមូលដ្ឋាននៅមានកម្រិតនៅឡើយខណៈដែលអាជ្ញាធរបានរារាំងនិងទប់ស្កាត់រាល់ការជួបប្រជុំរបស់ពលរដ្ឋ៖ «ក្រុមការងារដែលធ្វើការងារលើគម្រោងយើងបានកត់ត្រាថា លំហរសេរីភាពជាមូលដ្ឋាននៅតែរងការរឹតត្បិត លំហនៃការចូលរួមរបស់ពលរដ្ឋនៅតែបន្តធ្លាក់ចុះ ។ មិនតែប៉ុណ្ណោះ យើងឃើញថា ចំនួនការរឹតត្បិតមានជាង៣០០ករណី កើតឡើងទូទាំងប្រទេសនៅឆ្នាំ២០២១ ។ បន្ថែមពីនេះ ក្នុងឆ្នាំ២០២១ មានការតាក់តែងច្បាប់មួយចំនួន ដែលប៉ះពាល់ដល់សេរីភាពជាមូលដ្ឋាន។ មួយវិញទៀត សកម្មភាពរបស់គណបក្សជំទាស់ ទទួលរងនៃការរំលោភបំពានដោយអាជ្ញាធររដ្ឋនិងភាគីទី៣»។
បន្ថែមពីការរឹតត្បិតសិទ្ធិសេរីភាពទាំងនោះរដ្ឋាភិបាលក៏បានបង្កើតច្បាប់និងបទប្បញ្ញតិ្តថ្មីៗចំនួន៣ក្នុងនោះរួមមានអនុក្រិត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩និងសង្ឃប្រកាសដែលហាមឃាត់ព្រះសង្ឃមិនឲ្យចូលរួមការតវ៉ាឬបាតុកម្ម។
លោក ហ៊ុន ស៊ាងហាក់ ឲ្យដឹងដែរថារបាយការណ៍នេះ ក៏បានផ្ញើជូនទៅរដ្ឋាភិបាលនិងស្ថាប័នរដ្ឋពាក់ព័ន្ធដើម្បីអាចប្រើប្រាស់របាយការណ៍ដែលរៀបរាប់ជាក់ស្តែងពីស្ថានការណ៍កើតឡើងពិតប្រាកដដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនិងពិនិត្យមើលពីចំណុចមួយចំនួនដែលប៉ះពាល់ដល់សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។
របាយការណ៍សង្កត់ធ្ងន់ថាសេរីភាពជាមូលដ្ឋាននិងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋគឺជាមូលដ្ឋានគ្រឹះនៃការអនុវត្តសិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ។ សិទ្ធិទាំងនេះ នឹងជួយពង្រឹងពង្រីកនៃការចូលរួមរបស់ពលរដ្ឋក្នុងសកម្មភាពសង្គមនានា។ ការបង្ក្រាបរបស់អាជ្ញាធរទៅលើសេរីភាពជាមូលដ្ឋាននេះគឺជាការទប់ស្កាត់និងរារាំងពលរដ្ឋមិនឲ្យចូលរួមជាសាធារណៈហើយដែលទង្វើនេះគឺជាការព្រួយបារម្ភយ៉ាងខ្លាំងរប់អង្គការសង្គមស៊ីវិលខណៈដែលកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-ឃុំសង្កាត់ នៅដើមខែមិថុនា និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ ខាងមុខ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសាកសួរបន្ថែមទៅអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កត្តា អ៊ន បាននៅឡើយទេ នៅថ្ងៃទី២៧ ខែមេសា ដោយសារទូរស័ព្ទហៅចូលតែពុំមានអ្នកទទួល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។