អ្នកសារព័ត៌មាន និងសង្គមស៊ីវិលស្នើដល់រដ្ឋាភិបាលលុបបំបាត់ការដាក់សម្ពាធតាមប្រព័ន្ធឌីជីថលលើវិស័យសារព័ត៌មានដោយស្វែងរកដំណោះស្រាយពីភាគីពាក់ព័ន្ធឆ្លើយតបនឹងបញ្ហាប្រឈមទាំងនោះ។ ពួកគេក៏ស្នើរដ្ឋាភិបាល និងក្រសួងព័ត៌មានដោះស្រាយបញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន ដើម្បីធានាផ្តល់សេរីភាពពេញលេញដល់អ្នកសារព័ត៌មានរាយការណ៍ព័ត៌មានពិតដោយសេរីសម្រាប់ប្រយោជន៍ប្រជាពលរដ្ឋនិងសង្គម។ ការលើកឡើងនេះ គឺកើតមានក្រោយពីពួកគេរកឃើញថា ករណីរំលោភបំពានលើអ្នកសារព័ត៌បានបន្តកើនឡើងគួរឱ្យព្រួយបារម្ភ ជាពិសេសតាមរយៈការបង្កើតច្បាប់ និងអនុក្រឹត្យរបស់រដ្ឋាភិបាល។
អង្គការសង្គមស៊ីវិល សមាគមអ្នកសារព័ត៌មានប្រមាណ២៤ស្ថាប័ន បានរៀបចំទិវាសេរីភាពសារព័ត៌មានពិភពលោកក្រោមប្រធានបទ សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល នៅសណ្ឋាគារហ៊ីម៉ារី រាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែឧសភា។ ក្នុងនោះក៏មានរៀបចំវេទិកាសួរដេញដោលដែលមានការចូលរួមពីអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស សិស្សនិស្សិត មេធាវី សហគម តំណាងរដ្ឋាភិបាល តំណាងរាស្រ្ត និងស្ថានទូត តំណាងដៃគូអភិវឌ្ឍន៍ ដើម្បីជជែក ពិភាក្សា និងស្វែងយល់ អំពីការរឹតត្បិតលើសេរីភាពសារព័ត៌មាន តាមរយៈការបង្កើតអនុក្រឹត្យច្រកទ្វារអ៊ីនធើណិតជាតិ អនុក្រឹត្យស្តីពីការគ្រប់គ្រង ការប្រើប្រាស់ ការការពារសុវត្ថិភាពនៃទិន្នន័យអត្តសញ្ញាណផ្ទាល់ខ្លួន។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានខេមបូចា (CamboJa) លោក ណុប វី ថ្លែងថា ស្របពេលប្រជាពលរដ្ឋទទួលយកព័ត៌មានតាមប្រព័ន្ធអនឡាញ ហើយក្រសួងមានវិធានការជាបន្តបន្ទាប់ ដែលនាំឱ្យអ្នកផលិតព័ត៌មានអនឡាញកម្រិតនូវសេរីភាពរបស់ខ្លួន ខណៈការបោះឆ្នោតខិតជិតមកដល់ដែលរដ្ឋាភិបាលត្រូវធានាលំហូព័ត៌មានត្រូវទៅដល់ប្រជាពលរដ្ឋ។
លោកឱ្យដឹងថាប៉ុន្មានឆ្នាំមកនេះសេរីភាពសារព័ត៌មាននៅកម្ពុជាមិនទាន់វិវឌ្ឍន៍ប្រសើរនៅឡើយទេ ព្រោះអ្នកសារព័ត៌មាននៅតែទទួលរងការធ្វើទុក្ខបុកម្នេញ គំរាមកំហែង ការចាត់វិធានរដ្ឋបាល ការប្រើអំពើហិង្សា ការបៀតបៀនលើអ្នកសារព័ត៌មានជាស្រ្តី ព្រមទាំងការចាប់និងឃុំខ្លួនបណ្តោះដាក់ក្នុងពន្ធនគារដោយសារតែការងាររបស់ពួកគេ៖ «ការទទួលព័ត៌មានចាំបាច់ណាស់ ហើយការទទួលព័ត៌មានពិតកាន់តែបាំបាច់ទៅទៀត ដើម្បីធ្វើឱ្យមានគុណភាពជីវិត រីកចម្រើនដល់ដំណើរការប្រជាធិបតេយ្យ ធានាឱ្យមានការចូលរួមពីប្រជាពលរដ្ឋ។ ស្របពេលប្រទេសកម្ពុជារៀបចំការបោះឆ្នោតខែក្រោយនេះ និងឆ្នាំ២០២៣ ដែលរដ្ឋាភិបាលគួរធានាថាលំហូព័ត៌មានត្រូវទៅដល់ប្រជាពលរដ្ឋគ្រប់រូបហើយរាល់ការ ហើយរាល់ការបៀតបៀនលើអ្នកសារព័ត៌មាននឹងមិនបន្តទៀតឡើយ»។
ស្របពលអបអរសាទរទិវាសេរីភាពអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មានសំណូមពរចំនួន ៧ចំណុចសំខាន់ៗ ទៅកាន់រដ្ឋាភិបាលដើម្បីយកទៅឆ្លើយតបប្រដបដោយវិជ្ជមានត្រឡប់មកវិញ ដូចជាស្នើសុំចាត់វិធានការបញ្ចាប់អំពើនិទណ្ឌភាពទាក់ទងបទឧក្រិដ្ឋទាំងឡាយណាដែលប្រឆាំងនឹងអ្នកសារព័ត៌មាន ស្នើឱ្យក្រសួងព័ត៌មានពិនិត្យ និងផ្តល់សុពលភាពអាជ្ញាប័ណ្ណដល់បណ្តាសារព័ត៌មានដែលក្រសួងដកហូតចាប់តាំងពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន និងស្នើឱ្យរដ្ឋាភិបាលបន្តពង្រឹងភាពជាដៃគូជាមួយអ្នកសារព័ត៌មាន និងលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋតាមរយៈប្រព័ន្ធព័ត៌មាន និងឌីជីថលជាដើម។ លើសពីនេះពួកគេស្នើរដ្ឋាភិបាលត្រូវពន្លឿនដំណើរការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងវិសោធកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ដោយបើកការប្រឹក្សាយោបល់ឱ្យបានទូលំទូលាយលើសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា សន្តិសុខឌីជីថល និងវិធីវិធានផ្សេងទៀតដែលប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មាន សរីភាពសារព័ត៌មាន និងការបញ្ចេញមតិ។ ម្យ៉ាងទៀតវិញទៀតស្នើលុបបំបាត់ទម្រង់នៃការបៀបបៀនលើស្រ្តីជាអ្នកសារព័ត៌មាន ស្នើលើកទឹកចិត្តឱ្យមានភាពចម្រុះនៃប្រព័ន្ធផ្សព្វផ្សាយពីគ្រប់និន្នាការនយោបាយ និងស្នើបញ្ចាប់ការប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌចោទប្រកាន់ និងចាប់អ្នកសារព័ត៌មានដាក់ពន្ធនាគារជាដើម។
ជុំវិញរឿងនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានលោក មាន សុភ័ណ្ឌ ថ្លែងថាក្រសួងតែងតែយកចិត្តដាក់ និងចាត់ទុកអ្នកសារព័ត៌មាន គឺជាដៃគូមិនអាចខ្វះបាន ដោយគ្មានការរើសអើងនិន្នាការនយោបាយ។ លោកបន្តថារដ្ឋាភិបាលបានប្តេជ្ញាចិត្តធានាការពារបន្ថែមទៀតចំពោះការគោរពសិទ្ធិសេរីភាពអ្នកសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិ ដែលធ្វើឱ្យវិស័យសារព័ត៌មាននៅកម្ពុជាកំពុងររីកចម្រើនតាមរយៈការកើនឡើងចំនួនអង្គភាពសារព័ត៌មានបែបទំនើប និងប្រពៃណីជាបន្តបន្ទាប់។
យ៉ាងណាក្តីលោកថាអ្នកសារព័ត៌មានក៏កំពុងជួបបញ្ហាប្រឈមដូចជាសេដ្ឋកិច្ចដោយវិបត្តិជំងឺកូវីដ១៩ និងការរីកចម្រើននៃប្រព័ន្ធឌីជីថល ការប្រកួតប្រជែង ដែលទាមទារចូលរួមពីភាគពាក់ព័ន្ធទាំងអស់៖ «ក្រសួងព័ត៌មានដែលជាសេនាធិការរបស់រដ្ឋាភិបាល គឺយើងបានផ្តល់នូវភាពស្របច្បាប់ ផ្តល់តម្លៃដល់អង្គភាពសារព័ត៌មានទាំងអស់ដែលចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជាមានទាំងអង្គភាពព័ត៌មានក្នុងស្រុក និងបរទេសនូវភាពស្របច្បាប់ និងតម្លៃស្មើៗគ្នា ដោយមិនគិតតើអង្គភាពហ្នឹងតូច ឬធំទេ»។
ក្នុងរយៈពេលជាច្រើនឆ្នាំបន្តបន្ទាប់មកនេះ កម្ពុជាជាប់ក្នុងចំណាត់ថ្នាក់ជាប្រទេសមានសេរីភាពតិចតួចនៅលើបណ្តាញអ៊ិនធើណិត របស់អង្គការឃ្លាំមើលសេរីភាពពិភពលោក Freedom House ដោយសារតែរដ្ឋាភិបាលបានព្យាយាមប្លុកគេហទំព័រមួយចំនួន រួមទាំងគេហទំព័រអាស៊ីសេរី នៅមុនពេលបោះឆ្នោតជាតិឆ្នាំ២០១៨ ដែលត្រូវគេចាត់ទុកថា «ក្លែងក្លាយ» និងបានបង្កើនយុទ្ធនាការចាប់ខ្លួន និងបំភិតបំភ័យក្រុមអ្នករិះគន់ និងសំឡេងប្រឆាំងនៅលើបណ្តាញអ៊ិនធើណិត។
ក្រុមអង្គការជាតិ និងអន្តរជាតិ តែងតែទទូចឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ធានាសេរីភាពជាមូលដ្ឋាន និងធានាប្រសិទ្ធភាពនៃការប្រើប្រាស់អ៊ីនធើណិតនៅកម្ពុជាប្រកបដោយសុវត្ថិភាពសម្រាប់ពលរដ្ឋ និងអ្នកសារព័ត៌មានត្រូវបានគោរពស្របតាមរដ្ឋធម្មនុញ្ញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។