សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើឲ្យអាជ្ញាធរវៀតណាម ឈប់ធ្វើទុក្ខបុកម្នេញ យុវជនខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត។ សំណើនេះ ធ្វើឡើងដោយសារតែ អាជ្ញាធរវៀតណាម កាលពីពេលថ្មីៗនេះ បន្តកោះហៅយុវជនខ្មែរក្រោម ទៅសម្លុតបំភ័យ កុំឲ្យហ៊ានងើបឡើងតវ៉ាទាមទារ សិទ្ធិសេរីភាព និងសិទ្ធិការងារដោយគ្មានការរើសអើងពូជសាសន៍។
ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាថា អាជ្ញាធរវៀតណាម កំពុងប្រើប្រាស់យុទ្ធសាស្ត្រថ្មី ដើម្បីបំបាក់ស្មារតីយុវជនខ្មែរក្រោម ដែលហ៊ានងើបឡើងតវ៉ា ជុំវិញការរើសអើងពូជសាសន៍ ក្នុងកន្លែងការងារ និងទាមទារសិទ្ធិសេរីភាពជាជនជាតិដើមកំណើត៖ «អាត្មាយល់ឃើញថា នេះជាយុទ្ធសាស្ត្ររបស់អាជ្ញាធរវៀតណាម ដើម្បីសម្លុតបំភ័យខ្មែរក្រោម ហ៊ានងើបឡើងតវ៉ា ដើម្បីបញ្ចេញការពិត និងប្រវត្តិសាស្ត្រនៃទឹកដីកម្ពុជាក្រោម ក៏ដូចជាការបញ្ចេញមតិក្នុងនាមជាកម្ពុជាក្រោម»។
ប្រតិកម្មរបស់សហព័ន្ធខ្មែរក្រោមនេះ បន្ទាប់ពី អាជ្ញាធរវៀតណាម កាលពីសប្ដាហ៍មុន បានកោះហៅយុវជន យឿងភុក ជាតំណាងឲ្យកម្មករខ្មែរក្រោមជាង ២០០នាក់ ដែលបានរួមគ្នាចុះហត្ថលេខាលើញត្តិរួមមួយ ដាក់ទៅក្រសួងពលកម្មវៀតណាម ដើម្បីស្នើឲ្យរដ្ឋាភិបាលវៀតណាម ធ្វើអន្តរាគមន៍ជួយដល់កម្មករខ្មែរក្រោម ករណីក្រុមហ៊ុន និងរោងចក្រវៀតណាម មិនទទួល ខ្មែរក្រោមចូលធ្វើការ ដោយសារតែការរើសអើងជាតិសាសន៍ និងការជិះជាន់កម្មករខ្មែរក្រោម នៅក្នុងរោងចក្រ។ យុវជន យឿងភុក ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី៣១ តុលាថា លោកត្រូវអាជ្ញាធរវៀតណាម សាកសួររអស់ជាច្រើនម៉ោង ហើយបានព្រមានលោកថា អាជ្ញាធរនឹងចាប់ខ្លួន បើលោកនៅតែបន្តធ្វើសកម្មភាពទាំងឡាយណា ដែលនាំឲ្យមានផលប៉ះពាល់ ដល់ផលប្រយោជន៍កម្មករជាជនជាតិវៀតណាម។ ទោះបីជាយ៉ាងណាក៏ដោយ យុវជន យឿងភុក អះអាងថា លោកនឹងមិនចាញ់សម្លុតបំភ័យ អាជ្ញាធរវៀតណាមនោះទេ៖ «អូនអត់ភ័យអីទេបងអើយ។ ពេលខ្មែរធ្វើមិនត្រូវចិត្ត យួន វាចេះតែទះក្បាល។ បងប្អូនខ្មែរគេចេះតែពឹងប្អូន»។
នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរវៀតណាម បានព្យាយាមគំរាមកំហែង មិនឲ្យយុវជននិងពលរដ្ឋខ្មែរក្រោមងើបឡើងតវ៉ារឿងទាមទារសិទ្ធិជាជនជាតិដើមកំណើត និងសិទ្ធិដីធ្លី កាលពីខែកញ្ញាកន្លងទៅអាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំងបានកោះហៅឲ្យយុវជនខ្មែរកម្ពុជាក្រោមពីរនាក់ ឲ្យបង់ប្រាក់ពិន័យ ដោយសារតែគេបង្ហោះអត្ថាធិប្បាយតាមបណ្ដាញសង្គមរឿងប្រវត្តិសាស្ត្រខ្មែរក្រោម និងរិះគន់គុណភាពអង្ករវៀតណាម ដែលចែកចាយឲ្យពលរដ្ឋខ្មែរក្រោម ដែលរងគ្រោះដោយសារតែការរាតត្បាតនៃជំងឺ Covid-19។ យុវជនខ្មែរក្រោមទាំងពីរនាក់ នៅតែរក្សាជំហរថា ពួកគេនឹងមិនបង់ប្រាក់ ពិន័យឲ្យអាជ្ញាធរវៀតណាមនោះទេ ដោយសារតែពួកគេ កំពុងជួបវិបត្តិសេដ្ឋកិច្ច បណ្ដាលមកពីជំងឺ Covid-19 និងពួកគេយល់ថា ពួកគេមិនបានប្រព្រឹត្តកំហុស។
យុវជនខ្មែរកម្ពុជាក្រោមទាំងពីរនាក់នោះរួមមាន លោក តោ ហ្វាងចឿង ដែលត្រូវអាជ្ញាធរវៀតណាមបន្តបង្ខំឲ្យបង់ពិន័យរាប់រយដុល្លារ ករណីប្រើប្រាស់បណ្ដាញសង្គម ចែកចាយព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ស្ដីពីការបាត់បង់ទឹកដីខ្មែរក្រោម ក្នុងខួបបាត់បង់ទឹកដីលើកទី ៧១ឆ្នាំ។ ក្រោយការចែកចាយព័ត៌មាននេះ ភ្លាមអាជ្ញាធរបានផ្ញើលិខិតកោះហៅ យុវជន តោ ហ្វាងចឿង ទៅជួបដោយបញ្ចុះបញ្ចូលលោក ឲ្យធ្វើជាភ្នាក់ងារសម្ងាត់វៀតណាមដើម្បីតាមដានខ្មែរក្រោមណា ដែលហ៊ានរិះគន់អាជ្ញាធរវៀតណាម ប៉ុន្តែ លោកបានបដិសេធទើបអាជ្ញាធរវៀតណាមសម្រេចផាកពិន័យ។ ករណីយុវជនទីពីរវៀតណាម បានផាកយុវជនខ្មែរក្រោមម្នាក់ទៀត ឈ្មោះ ថាច់ កឿង ចំនួន បីរយដុល្លារ ដោយសារតែលោកប្រើប្រាស់បណ្ដាញសង្គម ដើម្បីសំដែងមតិ រិះគន់គុណភាពអក្សរវៀតណាម ដែលចែកចាយឲ្យខ្មែរក្រោមណាដែលរងផលប៉ះពាល់ដោយសារតែ ជំងឺcovid-19។
អាជ្ញាធរវៀតណាម មិនត្រឹមតែរឹតត្បឹតសិទ្ធិខ្មែរក្រោម ក្នុងការបញ្ចេញមតិ តាមបណ្តាញសង្គមនោះទេ។ អាជ្ញាធរវៀតណាម ក៏បានរំលោភយកដីកេរ្តិ៍របស់ពលរដ្ឋខ្មែរក្រោមផងដែរ។
កាលពីខែឧសភាកន្លងទៅ កសិករខ្មែរក្រោមនៅខេត្តក្រមួនស បានប៉ះទង្គិចនឹងអាជ្ញាធរវៀតណាម នៅពេលអាជ្ញាធរព្យាយាមរឹបអូសដីខ្មែរក្រោម ដោយមិនផ្តល់សំណង រហូតឈានដល់មានការប្រើប្រាស់អំពើហិង្សា រហូតក្រោយមកវៀតណាមបាន ចាប់ខ្លួនបុរសខ្មែរក្រោមម្នាក់ដាក់ពន្ធនាគារជាច្រើនខែ ប៉ុន្តែក្រោយមកបានដោះលែងលោកឲ្យមានសេរីភាពឡើងវិញ។ ជុំវិញការគំរាមកំហែង ពលរដ្ឋខ្មែរក្រោម គ្មានពេលស្រាកស្រាន្តពីសំណាក់អាជ្ញាធរវៀតណាមនេះ ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ស្នើឲ្យអាជ្ញាធរវៀតណាមបញ្ឈប់ជាបន្ទាន់ ចំពោះការធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម៖ «អាជ្ញាធរវៀតណាមគួរតែបញ្ឈប់ ការកោះហៅយុវជន ឈប់ហៅពលរដ្ឋខ្មែរក្រោម ទៅសួរចម្លើយពីព្រោះអី ពួកគាត់អត់មានកំហុស។ ពួកគាត់មានសិទ្ធិទាមទារសិទ្ធិសេរីភាព ការបញ្ចេញមតិ និងផ្សព្វផ្សាយវប្បធម៌ និងប្រពៃណី និងទឹកដីរបស់ខ្លួន»។
កាលពីដើមខែតុលា តំណាងក្រុមអង្គការខ្មែរក្រោម និងអង្គការក្នុងស្រុកចំនួន ១០ បានធ្វើរបាយការណ៍ប្រាប់ប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំថា ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើដីកំណើត ជួបប្រទះការរំលោភសិទ្ធិមនុស្ស និងការរើសអើងមិនចេះចប់ មិនចេះហើយ។ របាយការណ៍បញ្ជាក់ថា នៅកម្ពុជាក្រោម ដោយសារតែខ្មែរក្រោម មានវប្បធម៌ និងប្រតិបត្តិសាសនាផ្សេងគ្នាពីជនជាតិវៀតណាមទើបបណ្ដាលឲ្យមានគំនាបបង្ខំឲ្យខ្មែរក្រោម បញ្ចប់អត្តសញ្ញាណជាខ្មែរ ហើយប្រែក្លាយពូជសាសន៍ និងវប្បធម៌ទៅជាជនជាតិវៀតណាមវិញ។ អាជ្ញាធរ វៀត ណាម ក៏បានជ្រៀតជ្រែកចូលកិច្ចការ និងការប្រតិបត្តិសាសនារបស់ពលរដ្ឋខ្មែរក្រោម ហើយការតវ៉ារបស់ខ្មែរក្រោមត្រូវបានអាជ្ញាធរវៀតណាមបង្ក្រាប ដោយអំពើហិង្សាថែមទៀតផង។ របាយការណ៍បន្តទៀតថា ទោះបីបើវៀតណាមអះអាងថា រដ្ឋាភិបាលនេះ បានសន្យា និងជួយលើកតម្កើង និងគាំពារខ្មែរក្រោមរួមមានអក្សរ និងសិទ្ធិសេរីភាពផ្នែកសាសនា ក៏ដោយចុះ តែធាតុពិតខ្មែរក្រោមថា វៀតណាមបានបដិសេធផ្តល់សិទ្ធិ និងភាពស្មើគ្នា ទើបបណ្ដាលឲ្យខ្មែរក្រោមជាច្រើន ភៀសខ្លួនចេញពីស្រុកកំណើតទៅរស់កម្ពុជា និងអ្នកខ្លះទៀតរត់ទៅសុំសិទ្ធិជ្រកកោននៅប្រទេសថៃ។ ក្រុមអង្គការខ្មែរក្រោមសង្កេតឃើញថា អាជ្ញាធរវៀតណាម បានចាប់ផ្ដើមធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោមឡើងវិញនេះ គឺបន្ទាប់ពីពលរដ្ឋខ្មែរក្រោម បានងើបឡើងតវ៉ាជាបន្តបន្ទាប់ ដើម្បីទាមទារសិទ្ធិស្វ័យសម្រេច ដោយខ្លួនឯងទៅថ្ងៃអនាគត៕
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា គាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលរបស់រដ្ឋាភិបាល
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា គាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលរបស់រដ្ឋាភិបាល ដែលនឹងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរូបិយវត្ថុនៅកម្ពុជា។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា អាកាប៉េ (AKP) រាយការណ៍ថា ក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី លោក ម៉ាឆាល តានកេងស្យុង (Michael Tan Keng Soing) និងទេសាភិបាលធនាគារជាតិនៃកម្ពុជាលោក ជា ចាន់តូ បានជួបពិភាក្សាគ្នាកាលពីថ្ងៃទី៣ វិច្ឆិកា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ថ្លែងថា រវាងកិច្ចសហការទ្វេភាគី ជាមួយកម្ពុជា បានបង្កលក្ខណៈអំណោយផលដល់ពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ។ លោកថា នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុសិង្ហបុរី បានបង្កើនការវិនិយោគ ក្នុងនោះ ភាគហ៊ុនដែលមានប្រភពមកពីសិង្ហបុរី រួមមាន នៅក្នុងធនាគារ ហ្វីលីព ភីអិលស៊ី និងធនាគារប្រៃសណីយ៍កម្ពុជា ដែលរួមចំណែកធ្វើឱ្យវិស័យធនាគារកាន់តែមានការរីកចម្រើន។ ចំពោះទំនាក់ទំនងទ្វេភាគីរវាងធនាគារកណ្ដាលទាំងពីរ ធនាគារជាតិនៃកម្ពុជាមានទំនាក់ទំនងល្អជាមួយនឹងអាជ្ញាធររូបិយវត្ថុសិង្ហបុរី តាមរយៈការផ្លាស់ប្តូរព័ត៌មាន ការបណ្ដុះបណ្ដាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការលើវិស័យនានា។
កាលពីឆ្នាំ២០១៩ កន្លងទៅ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានចុះអនុស្សរណៈយោគយល់មួយ ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនវានុវត្តន៍ហិរញ្ញវត្ថុ ដែលមានបំណងបង្កើតជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងធនាគារកណ្ដាលទាំងពីរ ដើម្បីជំរុញនវានុវត្តន៍ហិរញ្ញវត្ថុក្នុងទីផ្សាររបស់សាមីប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។