ខ្មែរ​ក្រោម​ជុំវិញ​ពិភពលោក​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ធ្នូ ដើម្បី​ទាមទារ​សិទ្ធិ​នៅ​វៀតណាម​និង​កម្ពុជា

អង្គការ​ការពារ​សិទ្ធិខ្មែរ​ក្រោម​និង​ពលរដ្ឋ​ខ្មែរ​ក្រោម​រស់​នៅ​លើ​ទឹក​ដី​កំណើត​និង​នៅក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ធ្នូ​ដោយស្នើ​សុំ​រដ្ឋាភិបាល​វៀតណាម​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម។ដោយឡែក​នៅកម្ពុជា​វិញ​ពួកគេ​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជាទទួល​ស្គាល់​ខ្មែរ​ក្រោម​ជា​ពលរដ្ឋខ្មែរ​ពេញ​សិទ្ធិ។

ពលរដ្ឋខ្មែរ​ក្រោម​នៅ​កម្ពុជា​ក្រោម​សហរដ្ឋ​អាមេរិក អូស្ត្រាលី កម្ពុជា និងប្រទេសផ្សេងទៀត​បន្តងើប​ឡើង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​និង​កម្ពុជា​ឲ្យ​គោរព​សិទ្ធិ​មនុស្ស​និង​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ជា​ខ្មែរ។ ពួកគេបាន​យក​ថ្ងៃនៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ១០ ​ធ្នូ ដើម្បី​លើកឡើង​បញ្ហា​ជា​ច្រើន​ដែល​ពួកគេ​កំពុង​ជួប​ប្រទះ​នៅ​ទឹកដី​កំណើត​និង​នៅ​កម្ពុជា។អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​លោក សឺន ជុំជួន ថ្លែង​ក្នុង​ទិវា​សិទិ្ធ​មនុស្ស​១០ ​ធ្នូ ​ថាខ្មែរក្រោម​រស់​នៅ​ស្រុក​និង​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​សិទ្ធិ​មនុស្ស៖

«តាមការ​យើង​សង្កេត​ជាទូទៅ​យើង​បញ្ហា​ប្រឈម​របស់​ខ្មែរ​ក្រោមទទួល​បាន​សិទ្ធិ​ពេញ​លេញ​និង​សិទ្ធិជា​ពលរដ្ឋខ្មែរ»។

លោកថា ខ្មែរក្រោម​រស់នៅ​កម្ពុជា​ក្រោមមានទំនាក់ទំនង​ស៊ីជម្រៅ​នឹង​ពលរដ្ឋ​នៅ​កម្ពុជា​និង​និយាយ​ភាសា​ខ្មែរនិង​ប្រតិបត្តិ​ជំនឿ​ព្រះពុទ្ធសាសនានៃ​គណៈថេរវាទ។ការបែង​ចែក​វប្បធម៌​រវាង​ខ្មែរ​និង​វៀតណាម​បង្ក​ឲ្យ​មានការ​ដាក់​សម្ពោធ​ទៅ​លើអត្តសញ្ញាណ​ខ្មែរក្រោម​និង​ពេល​ខ្លះ​ខ្មែរ​ក្រោម​ត្រូវ​បាន​​គេ​បង្ខំ​ឲ្យ​សម្របខ្លួន​ទៅតាម​វប្បធម៌​វៀតណាម​ជាដើម។

លោក សឺន ជុំជួនបន្ត​ទៀត​ថាអាជ្ញាធរ​វៀតណាម​ក៏​បាន​ប្រើ​ហិង្សា​និង​ចាប់ខ្មែរ​ក្រោម​ដាក់​ពន្ធនាគារ​ដោយ​សារ​តែពួកគេ​ងើបឡើង​តវ៉ាការរំលោភ​សិទ្ធិ​ដីធ្លី​ការ​សំដែង​មតិ​នយោបាយ​និង​សាសនា។យ៉ាងហោច​ណាស់​ខ្មែរ​ក្រោម​បីនាក់​ត្រូវ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ​រឿង​តវ៉ាកា​រំលោភ​សិទ្ធិ​ដីធ្លីហើយ​យុវជន​ខ្មែរ​ក្រោម​មួយ​ចំនួន​ត្រូវ​វៀតណាម​ផាកពិន័យនិងឃុំខ្លួន​រឿងហ៊ានទាម​ទារ​សិទ្ធិ​ជន​ជាតិ​ដើម។ លោក សឺន ជុំជួន បន្តថា វៀតណាម​បន្តរំលោភ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​ទោះបីជា​គោលការណ៍​វៀតណាម​ត្រូវ​លើក​កម្ពស់​និង​គាំទ្រពលរដ្ឋ​ខ្មែរ​ក្រោម​ក្នុង​នោះ រួមមាន ផ្នែក​ភាសា ​ការ​អប់រំ​ សិទ្ធិសាសនា សិទ្ធិពលរដ្ឋ និង​នយោបាយ​ជាដើម។ វៀតណាម​បាន​ក្លាយ​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​អាណតិ្ត​បី​ឆ្នាំពី​ឆ្នាំ២០២៣​ដល់​ឆ្នាំ២០២៥។ ​វៀតណាម​សន្យា​ថារដ្ឋាភិបាល​កុម្មុយនីស្ត​មួយ​នេះនឹង​ជួយដោះស្រាយ​បញ្ហាប្រឈម​របស់​ពិភពលោក។ ​វៀតណាម​ធ្លាប់​ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សា​នេះ​ម្តង​រួច​ហើយកាល​ពី​ចន្លោះ​ឆ្នាំ២០១៤ និង២០១៦។

ទោះបីជា​យ៉ាង​ណារបាយការណ៍​សិទ្ធិមនុស្ស​ឆ្នាំ​២០២១ របស់​ក្រសួង​ការបរទេសអាមេរិក​ផ្សាយ​កាល​ពី​ខែមេសា​កន្លង​ទៅក៏​រក​ឃើញ​ថា កាលពីឆ្នាំ ២០១២ មាន​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​កើត​ឡើង​នៅ​វៀតណាម​ដូចជាការ​សម្លាប់​មនុស្ស​ការ​ធ្វើទារុណកម្មនិង​អំពើឃោឃៅ​ខុស​ច្បាប់​បង្ក​ឡើង​ដោយ​រដ្ឋាភិបាល​វៀតណាម​និង​ភ្នាក់ងារ​រដ្ឋាភិបាល។ ការឃុំខ្លួន និង​ចាប់ខ្លួន​តាម​អំពើចិត្ត​ប្រឆាំង​នឹង​អ្នក​នយោបាយ​ការ​រឹតត្បិត​ការ​សំដែង​មតិ​និង​សារព័ត៌មាន​និង​ការ​ប្រើប្រាស់​ពលកម្មកុមារ​ជា​ដើម។ទោះបីជា​យ៉ាង​ណា លោក សឺនជុំជួន សង្កេតឃើញថា ពលរដ្ឋខ្មែរ​ក្រោម​បច្ចុប្បន្ន​ហ៊ាន​ងើប​ទាមទារ​ការគោរព​សិទិ្ធ​មនុស្ស៖

«មាន​យុវជន​រួមទាំង​ព្រះសង្ឃ​ផង​ទាម​ទារ​នូវ​អ្វី​ជា​ការ​រំលោភ​បំពាន​របស់​រដ្ឋាភិបាល​ជា​ពិសេស​អាជ្ញាធរ​វៀតណាម។បញ្ហានេះ​ដោយ​សារ​តែ​យល់​ដឹង​និង​ការ​សិក្សា​ស្វែង​យល់​ដូច្នោះ​គាត់​ហ៊ាន​ទាមទារ​សិទ្ធិ​មនុស្ស​នេះ​ជា​ចំណុចល្អ»។

ពាក់ព័ន្ធ​នឹង​ខ្មែរក្រោម​នៅកម្ពុជា​វិញសមាគម​ខ្មែរកម្ពុជាក្រោម​ដើម្បី​សិទ្ធិមនុស្ស​និង​អភិវឌ្ឍន៍​ក៏រក​ឃើញ​ថាពួកគេ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​ដែរ។ បញ្ហាទាំង​នោះរួម​មាន​ការ​ប្រឈម​មុខ​នឹង​ការ​រើសអើង​ជាតិសាសន៍ការរឹតត្បិត​សេរីភាព​នៃការ​បញ្ចេញមតិបាត់បង់​សិទ្ធិ​លំនៅ​ដ្ឋាន​និង​បាត់​បង់​ឱកាស​ការ​អប់រំ។

បញ្ហា​ខ្មែរ​ក្រោម​នៅកម្ពុជា​នេះ​លោក សឺន ជុំជួន ឲ្យដឹងថា សមាគម​របស់​លោកកំពុង​សហការ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ៖​

«នៅតំបន់​ខ្លះ​មាន​កិច្ចសហការ​រវាង​អង្គការ​សមាគមខ្មែរ​ក្រោមនិង​អាជ្ញាធរ​មូលដ្ឋប៉ុន្តែ​នៅតំបន់​ខ្លះ​នៅ​ភ្នំពេញ​ហាក់​បីដូចជា​មាន​ការ​តាមដាន​ការ​ឃ្លាំ​មើលការ​ជួប​ជុំ​គ្នាការ​រៀបចំ​សិក្ខា​សិលាឬ​ការ​ប្រារព្ធ​ពិធី​ផ្សេង​នៅតែ​មាន​ការតាម​ដាន»។

ឆ្លើយបតនឹងបញ្ហា​ខ្មែរក្រោម​នៅកម្ពុជា​នេះ​កន្លងមក​មន្រ្តី​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផានធ្លាប់ ប្រាប់​វិទ្យុអាស៊ីសេរី​ថាពលរដ្ឋខ្មែរក្រោម​ដែល​មក​រស់​នៅ​កម្ពុជាត្រូវ​បំពេញ​កាតព្វកិច្ចស្រប​តាម​ច្បាប់​អន្តោប្រវេសន៍​ដើម្បីទទួលបាន​សិទ្ធិ​រស់​នៅ​ស្រ​បច្បាប់នៅកម្ពុជា។

ការលើកឡើង​របស់​លោកផៃស៊ីផាន នេះផ្ទុយ​ទៅនឹង​សេចក្តីសម្រេច​របស់​រដ្ឋាភិបាល​កាលពីមុន។ កាលពី​ឆ្នាំ២០០៦ក្រសួង​ការបរទេសកម្ពុជា​ធ្លាប់​សរសេរ​លិខិត​ជាផ្លូវការ​ប្រាប់​ទៅការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន (UNHCR) ប្រចាំ​នៅ​កម្ពុជា​ថាជំ​ហរ​រដ្ឋាភិបាល​ចាត់ទុ​កខ្មែរ​ក្រោម​ថា «ពលរដ្ឋខ្មែរ»។ កាល​ពី​ឆ្នាំ១៩៩២អតីត​ព្រះមហាក្ស​ត្រព្រះបាទ​នរោត្តម សីហនុ ក៏បាន​បញ្ជាក់​ពី​ជំហររបស់​ព្រះអង្គថា ខ្មែរក្រោម ជាខ្មែរ​ពេញទី​ពេញលក្ខណៈ​ច្បាប់​ពេល​ដែល​ខ្មែ​រក្រោម​ឋិតនៅក្នុងព្រំដែននៃកម្ពុជា។

ខ្មែរក្រោម​រស់​នៅ​កម្ពុជាបច្ចុប្បន្ន​មាន​ប្រមាណ​១​លាន​នាក់ហើយ​ក្នុង​ចំនួន​នេះ​មាន​ប្រមាណ ២០ទៅ ៣០ភាគរយ​មិន​ទាន់​មាន​ អត្តសញ្ញណប័ណ្ណ ដើម្បី​ទទួល​បាន​សេវា សុខភាព ការអប់រំ កម្មសិទ្ធិ​ដីធ្លី​លិខិត​ឆ្លង​ដែន​និង​សិទ្ធិ​ក្នុ​ងការ​បោះឆ្នោត​ជាដើម។ខ្មែរក្រោមក៏​មិនអាច​ចុះឈ្មោះ​ទទួល​បាន​សំបុត្រកំណើត​លិខិត​អាពាហ៍ពិពាហ៍​សៀវភៅ​ស្នាក់នៅ​សៀវភៅ​គ្រួសារ​ដែល​អាច​បណ្តាល​ឲ្យ​កូន​ខ្មែរ​ក្រោម​ជំនាន់​ក្រោយប្រឈម​ហានិភ័យក្លា​ជា​ប្រជាជន​ដែល​គ្មាន​រដ្ឋ។ ចំណែក ស្រ្តីដែលមកពី​កម្ពុជា​ក្រោម​មក​រស់​នៅ​កម្ពុជា​ភាគ​ច្រើន​មិន​ចេះ​អាននិង​សរសេរ​ខ្មែរ​ដែល​បញ្ហា​នេះប៉ះ​ពាល់ដល់​សមត្ថភាព​របស់​ពួក​គេក្នុងការ​ស្វែង​រក​ការ​ងារធ្វើ។

សមាគមខ្មែរកម្​ពុជាក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​បញ្ជាក់​ជំហរ​ឲ្យ​ច្បាស់ថាខ្មែរក្រោម​ជាពលរដ្ឋ​ខ្មែរដែល​អាច​ទទួល​បាន​សិទ្ធិនិង​ការការពារដូចគ្នា​ទៅ​នឹង​ពលរដ្ឋ​ទាំងអស់​ក្រោម​រដ្ឋធម្មនុញ្ញ​តែ​មួយ។សមាគមក៏​ស្នើឲ្យ​រដ្ឋាភិបាល​ចេញ​លិខិត​តូបករណ៍ផ្លូវច្បាប់បញ្ជាក់ថាបើបុគ្គលដែល​មាន​ដើមកំណើត​ជា​ខ្មែរ​ក្រោមអាចបង្ហាញ​សញ្ជាតិ​ខ្មែរ​តាម​រយៈជាតិ​សាសន៍​និង​វង្សត្រកូល​ខ្មែរ​ក្រោម​បាន​នោះពួកគេ​អាចមាន​សិទិ្ធទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។