អង្គការនិងសមាគមខ្មែរក្រោមនៅក្នុងនិងក្រៅស្រុកសំដែងការសោកស្ដាយ ដែលរដ្ឋាភិបាលលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ខកខានមិនបានស្នើសុំឲ្យមេដឹកនាំជាន់ខ្ពស់វៀតណាម គោរពសិទ្ធិ ជំនឿសាសនា និងកុំឲ្យធ្វើទុក្ខបុកម្នេញខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត។ ប្រតិកម្មរបស់អង្គការ និងសមាគមខ្មែរក្រោមធ្វើឡើង បន្ទាប់ពីប្រតិភូរដ្ឋាភិបាលវៀតណាម និងកម្ពុជាទើបបានជួបគ្នាកាលពីពេលថ្មីនៅនេះ នៅកម្ពុជា។ ភាគីវៀតណាមអះអាងថា វៀតណាមកំពុងស្វែងរកវិធី ដើម្បីស្នើសុំឲ្យកម្ពុជាអនុញ្ញាតឲ្យពលរដ្ឋខ្លួនរស់នៅស្របច្បាប់នៅកម្ពុជា។
មន្ត្រីជាន់ខ្ពស់សហគមន៍ខ្មែរកម្ពុជាក្រោម ហួសចិត្តដែលកម្ពុជាមិនបានគិតគូរពីសុខទុក្ខរបស់ពលរដ្ឋខ្មែរក្រោម រស់នៅលើទឹកដីកំណើត ដែលកំពុងរងការធ្វើទុក្ខបុកម្នេញគ្រប់វិស័យពីសំណាក់រដ្ឋាភិបាលវៀតណាម។
នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២២ មករាថា រដ្ឋាភិបាលកម្ពុជាហាក់ខ្លាចចិត្តវៀតណាមមិនហ៊ានធ្វើសំណើឲ្យវៀតណាមគោរពសិទ្ធិមនុស្សខ្មែរក្រោម ជាជនជាតិដើមនោះទេ៖ « វាបង្ហាញកាន់តែច្បាស់ថា វៀតណាមមានឥទ្ធិពលនៅកម្ពុជា មិនអាចប្រកែកបាន»។
លោក ថាច់ សេដ្ឋា ថា ស្របពេលរដ្ឋាភិបាលលោក ហ៊ុន សែន ខ្លាចចិត្តអ្នកមានគុណ ភាគីវៀតណាមវិញ បានពឹងពាក់ឲ្យរដ្ឋាភិបាលខ្មែរជួយថែរក្សា ជនអន្តោប្រវេសន៍វៀតណាម ដែលរស់នៅស្របច្បាប់ និងខុសច្បាប់នៅកម្ពុជា។ រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនហ៊ានបដិសេធ ហើយថែមទាំងផ្តល់ដីឲ្យអន្តោប្រវេសន៍វៀតណាមនៅតាមខេត្តជាប់បឹងទន្លេសាបទៀតផង។ ការរិះគន់ថា កម្ពុជាហាក់នៅក្រោមឥទ្ធិពលវៀតណាមនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំរដ្ឋាភិបាលវៀតណាម កាលពីខែធ្នូ បានសន្យាជួយដល់ពលរដ្ឋវៀតណាម ដែលរស់នៅមិនស្របច្បាប់នៅកម្ពុជា ឲ្យមានសិទ្ធិរស់នៅស្របច្បាប់។
ប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) កាលពីពេលមកកម្ពុជា កាលពីខែធ្នូលើកឡើងថា គ្មានពលរដ្ឋណាដែលជួបបញ្ហាលំបាកខ្លាំង ដូចជាពលរដ្ឋវៀតណាម នៅកម្ពុជានោះទេ ដោយសារពួកគេ គ្មានលិខិតបញ្ជាក់រស់នៅស្របច្បាប់ ដូចជា អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនជាដើម។
កាលពីដើមឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជា បានប្រកាសគម្រោងផ្លាស់ទីលំនៅពលរដ្ឋដែលរស់នៅលើផ្ទះបណ្ដែតទឹក បែចិញ្ចឹមត្រី នៅតាមដងទន្លេសាប ដើម្បីដោះស្រាយបញ្ហាបំពុលបរិស្ថាន បំផ្លាញគុណភាពទឹក និងប៉ះពាល់ដល់សុខភាពពលរដ្ឋ។ ពលរដ្ឋវៀតណាមមួយចំនួនចង់ទៅរស់នៅវៀតណាមវិញដែរ តែអាជ្ញាធរវៀតណាម មិនទទួលយក ដោយយកលេសអំពីការរាតត្បាតជំងឺកូវីដ១៩។ បច្ចុប្បន្ន ជនជាតិវៀតណាមទាំងនោះ កំពុងរស់នៅលើទឹកទន្លេខ្មែរក្បែរព្រំដែននៅឡើយ។ កាលពីប៉ុន្មានឆ្នាំមុននេះ រដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ដីជាច្រើនរយហិកតារដល់ជនអន្តោប្រវេសន៍វៀតណាមសង់លំនៅឋាន រស់នៅខេត្តកំពង់ឆ្នាំង ក្រោយបណ្ដេញពួកគេចេញពីបឹងទន្លេសាប។ កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ប៊ូយ ថាញ់ សឺន (Bui Thanh Son) ក៏ទើបបានបញ្ចប់ទស្សនកិច្ចនៅកម្ពុជាដែរ។ មន្ត្រីការបរទេសវៀតណាម និងសមភាគីខ្មែររបស់លោក បានជជែកអំពីសកម្មភាពបោះបង្គោលព្រំដែន និងកំណត់ខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ និងបន្តដោះស្រាយការបោះបង្គោលព្រំដែនគោកដែលនៅមិនទាន់ដោះស្រាយ។ ក្នុងជំនួបកំពូលទាំងពីរលើកនេះ រដ្ឋាភិបាលកម្ពុជាមិនបានស្នើឲ្យវៀតណាម គោរពសិទ្ធិ និងឈប់ធ្វើទុក្ខបុកម្នេញខ្មែរក្រោមនោះទេ។
ពាក់ព័ន្ធនឹងការធ្វើព្រងើយកន្តើយ រឿងសិទ្ធិពលរដ្ឋខ្មែរក្រោមរបស់រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជានេះ លោក ថាច់ សេដ្ឋា ដែលជាប្រធានស្ដីទីគណបក្សភ្លើងទៀនផងនោះ សន្យាថា ប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោត គណបក្សនេះនឹងយកចិត្តទុក្ខដាក់ស្ថានភាពសិទ្ធិមនុស្ស នៅទឹកដីកម្ពុជាក្រោម៖ « ក្នុងនាមគណបក្សភ្លើងទៀនយើងយកចិត្តទុក្ខដាក់ខ្មែរនៅគ្រប់ទិសទី មិនថា នៅទីណាក៏ដោយ យើងត្រូវតែត្រូវគាំពារដោយរដ្ឋាភិបាល ជាពិសេស បងប្អូននៅកម្ពុជាក្រោម ដែលលោកបានតស៊ូ ដើម្បីជាតិមាតុភូមិ ទំនៀមទម្លាប់ អក្សរសាស្ត្រ។ យើងត្រូវតែផ្តល់ភាពកក់ក្ដៅដល់ពួកគាត់»។
ឆ្លើយតបនឹងការលើកឡើងរបស់សហគមន៍ខ្មែរក្រោមនេះ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ អះអាងថា រដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជា តែងតែគិតគូរដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេស។ លោកថា រដ្ឋាភិបាលមិនចង់កេងចំណេញនយោបាយដោយយករឿង ការពារសិទ្ធិពលរដ្ឋខ្មែរនៅក្រៅប្រទេស មកប្រកាសជាសាធារណៈនោះទេ៖ « វាមិនដែលរដ្ឋាភិបាលណាមួយអត់គិតពីប្រជាជនគេនោះទេ។ បើយើងឈរលើទស្សនៈនេះ យើងអាចឲ្យតម្លៃបានទាំងអស់គ្នា។ នៅកម្ពុជា អ្នកនយោបាយខ្លះមានចរិតមិនល្អដោយយករឿងសោកសៅប្រវត្តិ មកធ្វើជាប្រធានបទវាយប្រហារគ្នា វាគ្មានអ្វីចាំបាច់ដើម្បីឆ្លើយតប»។
ទោះបីមានអះអាងរបស់មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាយ៉ាងនេះក្ដី ក៏ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា សហព័ន្ធខ្មែរកម្ពុជាក្រោមក៏សង្កេតឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន មិនដែលចាប់អារម្មណ៍នឹងសុខទុក្ខពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅទឹកដីកំណើតឡើយ។ ព្រះភិក្ខុ សឺង យ៉ឹងរតនា ស្នើឲ្យរដ្ឋាភិបាលត្រូវហ៊ាននិយាយការពិតនឹងរដ្ឋាភិបាល កុម្មុយនិស្តវៀតណាម៖ « ស្នើពលរដ្ឋវៀតណាមទៅដល់វៀតណាម ត្រូវតែស្នើឲ្យវៀតណាមគោរពសិទ្ធិមនុស្សខ្មែរក្រោម ដែលជាម្ចាស់ស្រុកនៅលើដែនដីកម្ពុជាក្រោម។ យើងពេលរដ្ឋាភិបាលទៅបំពេញទស្សនកិច្ចនៅវៀតណាមហ្នឹងសូមអញ្ជើញទៅតាមវត្តនៅលើទឹកដីកម្ពុជាផង»។
ចាប់តាំងពីរាតត្បាតជំងឺកូវីដ ឆ្នាំ២០២០ មក រដ្ឋាភិបាលវៀតណាមបានចាប់ផ្ដើមបង្ក្រាបលើសិទ្ធិសំដែងមតិ ដីធ្លីរបស់ពលរដ្ឋខ្មែរក្រោម។ យ៉ាងហោចណាស់ក៏មានពលរដ្ឋខ្មែរក្រោម ៣នាក់កំពុងជាប់ពន្ធនាគារ រឿងតវ៉ាមិនព្រមឲ្យដីជាកេរដូនតា ទៅឲ្យរដ្ឋាភិបាលវៀតណាមដោយគ្មានសំណងត្រឹមត្រូវ។ តុលាការវៀតណាមកាត់ទោសពួកគេឲ្យជាប់ពន្ធនាគារ ពី ៩ខែ ទៅពីរឆ្នាំ ពីបទ «ប្រើអំពើហិង្សាមកលើកងកម្លាំងសមត្ថកិច្ច និងបទប្រឆាំងនឹងអាជ្ញាធរសាធារណៈ» ។ អាជ្ញាធរវៀតណាមនៅខេត្តព្រះត្រពាំង ក៏បានចាប់ខ្លួន ពលរដ្ឋខ្មែរក្រោមម្នាក់ទៀតដាក់ពន្ធនាគារ ដោយសារតែលោក សំដែងមតិ និងផ្សព្វផ្សាយពីសិទ្ធិជនជាតិដើម។ ចំណែកយុវជនខ្មែរក្រោមជាច្រើននាក់ទៀត ក៏ត្រូវវៀតណាមផាកពិន័យជាច្រើនរយដុល្លារ ករណីបង្ហោះព័ត៌មានពីប្រវត្តិបាត់បង់ទឹកដីខ្មែរក្រោម និងផ្សព្វផ្សាយពីសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។