ព្រះសង្ឃខ្មែរក្រោមមួយអង្គ ដែលត្រូវបានអាជ្ញាធរវៀតណាម ដកហូតលិខិតឆ្លងដែន ស្នើសុំឲ្យក្រសួងការបរទេស និងក្រសួងមហាផ្ទៃកម្ពុជា អន្តរាគមន៍ឲ្យភាគីវៀតណាម ប្រគល់លិខិតឆ្លងដែន ថ្វាយព្រះអង្គវិញ និងបញ្ឈប់សកម្មភាពយាយី លើក្រុមគ្រួសាររបស់ព្រះអង្គនៅកម្ពុជាក្រោម។
ព្រះតេជគុណ សឺន ទី ប្រាប់អាស៊ីសេរីថា បច្ចុប្បន្ន ព្រះអង្គមិនអាចនិមន្តចេញពីទឹកដីកម្ពុជាក្រោម ត្រឡប់មកកម្ពុជាវិញបានទេ ដោយសារអាជ្ញាធរវៀតណាម បានដកហូតលិខិតឆ្លងដែនរបស់ព្រះអង្គ តាំងពីថ្ងៃទី២ កុម្ភៈមក។ ព្រះអង្គបន្តថា តាំងពីថ្ងៃនោះមក ព្រះអង្គមិនបានទៅសម្រាកទៅផ្ទះញោម (ម្ដាយ) របស់ព្រះអង្គទេ ដោយបន្តស្នាក់នៅក្នុងវត្តមួយ ក្នុងខេត្តឃ្លាំង។
ព្រះអង្គអះអាងថា អាជ្ញាធរវៀតណាម និងមន្ត្រីសង្ឃនៅខេត្តឃ្លាំង បានទៅគំរាមញោមស្រី និងសាច់ញាតិព្រះអង្គជាបន្តបន្ទាប់ តាំងពីថ្ងៃដែលអាជ្ញាធរវៀតណាម បានដកហូតលិខិតឆ្លងដែនរបស់ព្រះអង្គរួចមក។ មូលហេតុនៃការដកហូតលិខិតឆ្លងដែន អាជ្ញាធរវៀតណាមប្រាប់ព្រះអង្គថា ដោយសារព្រះសង្ឃបានធ្វើសកម្មភាពខុសច្បាប់របស់ប្រទេសវៀតណាម ដោយបានចែករំលែកព័ត៌មាន នៅក្នុងហ្វេសប៊ុក (Facebook) របស់វិទ្យុអាស៊ីសេរីជាភាសាវៀតណាម ដែលបានសម្ភាសន៍លោក ត្រឹង ម៉ានរិន្ទ អំពីសិទ្ធិរបស់ជនជាតិខ្មែរដើម នៅកម្ពុជាក្រោម និងការចែករំលែកខ្លឹមសារខួបទី ៧០ឆ្នាំ នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម និងខ្លឹមសាររបស់សារព័ត៌មានព្រៃនគរ។
ព្រះអង្គ សឺន ទី ទទួលស្គាល់ថា ព្រះអង្គពិតជាបានចែករំលែកខ្លឹមសារ ព័ត៌មានទាំងនោះមែន តែនោះជាសេរីភាពរបស់ព្រះអង្គ ហើយការចែករំលែកសារនេះ ធ្វើឡើងច្រើនខែហើយ គឺពេលព្រះអង្គគង់នៅក្នុងប្រទេសកម្ពុជា។ ព្រះអង្គយល់ថា អាជ្ញាធរវៀតណាម មិនគួររំលោភបំពានសិទ្ធិ យាយី និងដកហូតលិខិតឆ្លងដែន របស់ព្រះអង្គបែបនេះទេ ព្រោះព្រះអង្គជាជនបរទេសលើទឹកដីវៀតណាម មិនមែនជាជនជាតិវៀតណាមទេ។
ព្រះតេជគុណ សឺន ទី ជាកូនចៅអ្នកខេត្តឃ្លាំង និងបានបួសរៀននៅទីនោះច្រើនឆ្នាំ ហើយបន្តការសិក្សានៅរាជធានីភ្នំពេញ។ ព្រះអង្គបានឡើងមករៀនសូត្រ និងស្នាក់នៅវត្តអង្គតាមិញ ក្នុងខណ្ឌពោធិ៍សែនជ័យ ១៧ឆ្នាំមកហើយ។ ព្រះអង្គបាននិមន្តទៅទឹកដីកម្ពុជាក្រោម ដើម្បីចូលរួមពិធីមង្គលការសាច់ញាតិនៅខេត្តឃ្លាំង កាលពីថ្ងៃទី២៦ មករា។ លុះដល់ថ្ងៃទី២ ខែកុម្ភៈ ទើបមានអាជ្ញាធរ មកកោះហៅព្រះអង្គសួរនាំ និងដកហូតលិខិតឆ្លងដែនរបស់ព្រះអង្គ។
ព្រះអង្គបានស្វះស្វែងរកកិច្ចអន្តរាគមន៍ពីមន្ត្រីខ្មែរ នៅស្ថានទូតប្រចាំទីក្រុងហាណូយ និងនៅក្រុងព្រៃនគរ ឬក្រុងហូជីមិញ ច្រើនដងហើយ តាមរយៈទូរស័ព្ទ និងអ៊ីមែល តែទទួលបានការរុញដាក់គ្នា។ នៅថ្ងៃទី១០ កុម្ភៈ មន្ត្រីស្ថានអគ្គកុងស៊ុលខ្មែរ នៅក្រុងព្រៃនគរ បានណែនាំឲ្យព្រះអង្គឱ្យរកការអន្តរាគមន៍នៅស្ថានទូតក្រុងហាណូយវិញ ព្រោះហួសដែនសមត្ថកិច្ចរបស់ស្ថានឯកអគ្គកុងស៊ុល។ ប៉ុន្តែ មន្ត្រីស្ថានទូតនៅក្រុងហាណូយមិនទទួលទូរស័ព្ទសោះ៖ « ការអន្តរាគមន៍ ដូចជា មិនសូវយកចិត្តទុកដាក់ទេ ទោះបីអាត្មាតេ (call) ទៅច្រើនសារក៏ដោយ ក៏មិនលើក អាត្មាផ្ញើអ៊ីមែលទៅក៏មិនឆ្លើយតប។ ដូចជា ការយកចិត្តទុកដាក់មកលើ ប្រជាពលរដ្ឋខ្មែរ ដែលកាន់ប៉ាសស្ព័រកម្ពុជាមកហ្នឹង មិនយកចិត្តទុកដាក់សោះ » ។
ឯកអគ្គស្ថានកុងស៊ុលខ្មែរ ប្រចាំក្រុងហូជីមិញ លោក សុខ ដារ៉េត ប្រាប់អាស៊ីសេរីថា លោកពិតជាបានណែនាំ ព្រះតេជគុណ សឺន ទី ទៅរកកិច្ចអន្តរាគមន៍ពីស្ថានទូតខ្មែរនៅក្រុងហាណូយមែន ព្រោះស្ថាប័នធំ និងមានឥទ្ធិពលជាងស្ថានកុងស៊ុល៖« ខ្ញុំសូមជម្រាបបងថា ខ្ញុំបានជូន ព្រះតេជគុណ សឺន ទី ឲ្យគាត់ទាក់ទងទៅទូរស័ព្ទទៅស្ថានទូតនៅក្រុងហាណូយណាស់ ដែលគ្របដណ្ដប់ទូទាំងប្រទេសវៀតណាម ហើយទម្ងន់ធ្ងន់ជាងក្នុងការដោះស្រាយ។ អ៊ីចឹង ព័ត៌មានទាំងឡាយ បងអាចទាក់ទងទៅឯកឧត្ដមឯកអគ្គរាជទូតកម្ពុជា ប្រចាំក្រុងហាណូយ»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីឯកអគ្គរាជទូតខ្មែរ ប្រចាំក្រុងហាណូយ លោក ឆាយ ណាវុធ បានទេ នៅថ្ងៃទី១១ កុម្ភៈ ដោយសារលេខទូរស័ព្ទរបស់ស្ថានទូតរោទ៍គ្មានអ្នកទទួល។
អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន អះអាងថា ខាងសមាគមកំពុងឃ្លាំមើលករណីនេះ និងបានដាក់លិខិត ទៅក្រសួងការបរទេស និងស្ថានទូតវៀតណាម ប្រចាំក្រុងភ្នំពេញ ស្នើសុំកិច្ចអន្តរាគមន៍។ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបដែរ។ លោក ថា បើគ្មានការឆ្លើយតបទេ ក្នុងរយៈពេលមួយសប្ដាហ៍ទៀត សមាគមខ្មែរក្រោម នឹងចេញផ្សាយរបាយការណ៍នេះ ដាក់ជូនអង្គការសហប្រជាជាតិ៖ « យើងគិតថា ការប្រើប្រាស់ (facebook) នេះ មិនមែន ព្រះអង្គមិនមែនប្រើនៅក្នុងប្រទេសវៀតណាមទេណា ព្រះអង្គប្រើក្នុងពេល ដែលព្រះអង្គមានមូលដ្ឋាន កំពុងតែគង់នៅក្នុងប្រទេសកម្ពុជាជាដើម។ អ៊ីចឹង ការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកហ្នឹង ក៏វាជាសេរីភាព ជាទូទៅ។ ការណ៍ដែលវៀតណាម ថា វាប៉ះពាល់ទៅដល់ច្បាប់រដ្ឋរបស់វៀតណាម ការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកហ្នឹង វាធ្វើឲ្យប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពការប្រើប្រាស់សម្ដែងមតិរបស់ប្រជាពលរដ្ឋ»។
ចំណែក អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក គុយ គួង ប្រាប់ថា លោកមិនទាន់បានទទួលលិខិតនោះ ដូច្នេះមិនទាន់អាចធ្វើអត្ថាធិប្បាយបានឡើយ។ លោក ថា ក្រសួង នឹងពិនិត្យមើល តាមភាពជាក់ស្ដែង នៅពេលទទួលបានលិខិតសំណើ៖ « ចាំមើល ចាំមើលខ្លឹមសារ នៃលិខិតគាត់យ៉ាងម្ដេច ទាល់តែយើងពិនិត្យមើលខ្លឹមសារសិន»។
ជុំវិញករណីនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសសកម្មភាពអាជ្ញាធរវៀតណាម ក្នុងការដកហូតលិខិតឆ្លងដែនរបស់ព្រះសង្ឃខ្មែរក្រោមដែរ។ សហព័ន្ធខ្មែរក្រោម ទាមទារឲ្យអាជ្ញាធរវៀតណាម ប្រគល់សងលិខិតឆ្លងដែន ថ្វាយព្រះតេជគុណ សឺន ទី វិញ ដោយគ្មានលក្ខខណ្ឌ ព្រោះអាជ្ញាធរវៀតណាម បានចុះហត្ថលេខា ស្ដីពីការគោរពសិទ្ធិមនុស្ស ជាមួយអង្គការសហប្រជាជាតិរួចហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។