ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រារព្ធ​ទិវា​បាត់បង់​ទឹក​ដី​ដោយ​ប្រើប្រាស់​ពាក្យ​ស្លោក "ក្រោក​ឈរ​ដើម្បី​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួន​ឯង"

0:00 / 0:00

ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​លើ​ទឹក​ដី​កំណើត​និង​នៅ​តាម​ប្រទេស​មួយ​ចំនួន​ជុំវិញ​ពិភព​លោក​បាន​ប្រារព្ធ​ខួប​បាត់​បង់​ទឹកដី​ខ្មែរ​ក្រោម​ កាល​ពី​ចុង​សប្ដាហ៍​នេះ ​តាម​រូបភាព​ផ្សេងៗ​គ្នា ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ​បាន​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​ពិត ​និង​សំដែង​ការ​ដឹង​គុណ​ដល់​វីរបុរស​ខ្មែរ​ ដែល​បាន​បូជា និង​លះបង់​ជីវិត​ដើម្បី​​ បុព្វហេតុ​ជាតិ និង​មាតុ​ភូមិ​។ ​ក្នុង​ខួប​លើ​ទី​៧២​ឆ្នាំ​នៃ​ការ​បាត់​បង់​ទឹក​ដី​នៅ​ឆ្នាំ​នេះ មេ​ដឹក​នាំ​អង្គការ​ខ្មែរ​ក្រោម​បាន​ប្រើប្រាស់​ពាក្យ​ស្លោក "ក្រោក​ឈរ​ដើម្បី​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួន​ឯង"។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មាន មូលដ្ឋាន​នៅ​ទីក្រុង សានចូសេ (San Jose)​ រដ្ឋ​កាលីហ្វ័រញ៉ា ​(California)​ និង​សាខា​សហព័ន្ធ​នៅ​តាម​រដ្ឋ​មួយ​ចំនួន​នៅ​អាមេរិក​ និង​អឺរ៉ុប​ បាន​ប្រារព្ធ​ទិវា​បាត់​បង់​ទឹក​ដីខ្មែរ​កម្ពុជា​ក្រោម ​កាលពី​ទី៤ ​មិថុនា ​និង​ខ្លះ​ទៀត​ធ្វើ​ពិធី​នេះ កាល​ពី​ថ្ងៃ​ទី៥ និង៦ មិថុនា ចុង​សប្ដាហ៍​នេះ។ សហព័ន្ធ​បាន​រៀប​ចំ​និង​ប្រមូល​ផ្តុំ​យុវជន​ខ្មែរ​ក្រោម ​រស់នៅ​សហរដ្ឋ​អាមេរិក ​មក​ចូល​រួម​ប្រារព្ធ​ទិវា​បាត់បង់​ទឹកដី​នេះ​ដើម្បី​បណ្ដុះ​ទំពាំង​ស្នង​ឫស្សី​បន្ត​តស៊ូ​ដើម្បី​ឈាន​ទៅ​ទទួល​បាន​សិទ្ធិ​ស្វ័យ​សម្រេច​ដោយខ្លួន​ឯង​ទៅ​ថ្ងៃ​អនាគត។

ចំណែក​យុវជន​ខ្មែរ​ក្រោម​នៅ​កម្ពុជា​ក្រោម​វិញ ក៏​នាំ​គ្នា​ប្រារព្ធ​ខួប​បាត់បង់​ទឹក​ដី​នេះ​ តាម​រយៈ​បណ្ដាញ​សង្គម (Facebook) ដោយ​នាំ​គ្នា​ពាក់​អាវ​យឺត​ដែល​មាន​អក្សរ​ថា ក្រោក​ឈរ​ដើម្បី​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួន​ឯង" និង​ខ្លះ​ទៀត​ប្ដូរ​រូបភាព​(Profile)​ដាក់​ផែន​ទី​ខ្មែរ​កម្ពុជា​ក្រោម​វិញ។ យុវជន​ខ្មែរ​ក្រោម ជ្រើសរើស​យក​វិធី​តាម​បណ្ដាញ​សង្គម​នេះ ​ដោយសារ​តែ​វៀតណាម​កំពុង​បិទ​ខ្ទប់​ខេត្ត​មួយ​ចំនួន​ដោយសារ​តែ​វិបត្តិ Covid-19 ដូច្នោះ​ទើប​យុវជន​មិន​ហ៊ាន​ប្រជុំ​ខ្លាច​វៀតណាម​ យកលេស​ធ្វើ​បាប។ ដោយឡែក​អង្គការ​សមាគម​ខ្មែរ​ក្រោម​នៅ​កម្ពុជា​វិញ​នៅ​មិន​ទាន់​ប្រារព្ធ​ខួប​បាត់​បង់​ទឹក​ដី​ដោយ​មាន​ការ​ជួបជុំ​គ្នា​នៅ​ឡើយ​ទេ​ដោយសារ​តែ​ជំងឺ Covid-19 នៅ​មិន​ទាន់​បាន​ធូរ​ស្រាល។​ អង្គការ​សមាគម​ខ្មែរ​ក្រោម​គ្រោង​នឹង​លើក​ពិធី​ជួបជុំ​នេះ ទៅ​ថ្ងៃ​ទី២៧ មិថុនា​វិញ ប្រសិន​បើ​ស្ថានភាព​ជំងឺ​បាន​ប្រសើរ​ឡើង​វិញ។ ​ទោះ​បី​ជា​យ៉ាង​អង្គការ​សមាគម​ខ្មែរ​ក្រោម​នៅ​កម្ពុជា បាន​ជួប​ជជែក​គ្នា​ជុំវិញ​បញ្ហា​បាត់​បង់​ទឹក​ដី​នេះ​នៅ​តាម​បណ្ដាញ​សង្គម (Facebook) វិញ និង​ចែក​អំណោយ​ជូន​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដែល​កំពុង​ជួប​វិបត្តិ​ជំងឺ Covid-19។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ​ព្រះភិក្ខុ ​សឺង​ យ៉ឹងរតនា មាន​ថេរ​ដីកា​ប្រាប់​អាស៊ី​សេរី​ថា ខ្មែរ​ក្រោម​នៅ​ជុំវិញ​ពិភព​លោក​ បាន​ជោគជ័យ​ប្រារព្ធ​ខួប​ ៧២ឆ្នាំ​នៃ​ថ្ងៃ​បាត់បង់​ទឹក​ដី​ ដោយ​បាន​បញ្ជូន​សារ​ឲ្យ​ខ្មែរ​ក្រោម​ទាំងអស់​ងើបឡើង​ដើម្បី​ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម​កំណើត៖ «ទឹក​ចិត្ត​មនសិការ​យុវជន​ និង​យុវតី ខ្មែរ​ក្រោម​និង​សហព័ន្ធ​ខ្មែរ​ក្រោម​ និង​តំបន់​មួយ​ចំនួន​ក៏បាន​ធ្វើ​ខួប ៧២ឆ្នាំ​ថ្ងៃ​អាណានិគម​យួន​ត្រួតត្រា​នៅ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម។ ឃើញ​ថា បងប្អូន​យើង​ជុំវិញ​ពិភព​លោក ជា​ពិសេស ស្មារតី​នៃ​យុវជន​នៅ​ទឹក​ដី​កម្ពុជា​ក្រោម​បាន​រំលឹក​នៅ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ​មាន​ហូរហែ​ដែរ ជា​ពិសេស យុវជន​មាន​ភាព​ក្លាហាន​ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​ឯង»

ព្រះភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរ​ដីកា​​បន្ត​ថា​ ពិធី​នេះ​ ក៏​បាន​ប្រាប់​ទៅ​រដ្ឋាភិបាល​វៀតណាម ក៏​ពិចារណា​ឈប់​រំលោភ​បំពាន​សិទ្ធិ​ជន​ជាតិ​ដើម​កំណើត​ទៅ​ថ្ងៃ​ក្រោយ។ ព្រះអង្គ​បន្ត​ថា វៀតណាម​បាន​សន្យា​គោរព​សិទ្ធិ​ជន​ជាតិ​ដើម​ដែល​ប្រទេស​នេះ កំពុង​ត្រួតត្រា​ ដូច្នោះ​វៀតណាម​មិន​ត្រូវ​ក្បត់​សន្យា​របស់​ខ្លួន​ចំពោះ​មុខ​អង្គការ​ប្រជាជាតិ​នោះ​ទេ៖ " រដ្ឋាភិបាល​វៀតណាម​មិន​ដែល​ទទួល​ស្គាល់​ហើយ​មហិច្ឆតា​របស់​រដ្ឋាភិបាល​វៀតណាម​នៅតែ​ចិញ្ចឹម​ចិត្ត​ធ្វើ​ទុក​បុក​ម្នេញ​បំបាត់​ជាតិ​សាសន៍​ខ្មែរ​ក្រោម​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម។​ អ្វី​ដែល​សហព័ន្ធ​និង​ខ្មែរ​ក្រោម​ជុំវិញ​ពិភពលោក​ ដែល​បាន​រំលឹក​ថ្ងៃ​ទី៤ មិថុនា​នេះ ជា​ប្រវត្តិសាស្ត្រ ដើម្បី​ដាស់​ស្មារតី​ឲ្យ​កូន​ចៅ​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម​ហ្នឹង​បាន​ដឹង​ពី​ប្រវត្តិសាស្ត្រ​ពិត​របស់​ខ្លួន»

ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​វៀតណាម​ទៅលើ​ពលរដ្ឋ​ខ្មែរ​ក្រោម​នេះ​យុវជន​ខ្មែរ​ក្រោម​ដែល​ចូល​រួម​ប្រារព្ធ​ខួប​បាត់​បង់​ទឹក​ដី​នេះ​ ត្រូវ​បាន​វៀតណាម ​គំរាម​កំហែង​មិន​ឲ្យ​បង្ហោះ​ព័ត៌មាន​ស្ដីពី​ខួប​ ៧២ឆ្នាំ។

យុវជន​ខ្មែរ​ក្រោម លោក ថាច់ កឿង ដែល​កំពុង​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម នៅ​ខេត្ត​ព្រះត្រពាំង​ថា ក្នុង​ថ្ងៃ​រំលឹក​ខួប​បាត់​បង់​ទឹក​ដី​ខ្មែរ​ក្រោម លោក​បាន​បង្ហោះ​រូប​ទង់ជាតិ និង​ផែន​ទី​ខ្មែរ​ក្រោម តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ប៉ុន្តែ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​បញ្ជា​ឱ្យ​លុប​រូប​នោះ​ចោល និង​ព្រមាន​ថា ពួក​គេ​នឹង​ទៅ​សួរ​នាំ​លោក​ដល់​កន្លែង​ស្នាក់​នៅ។ លោក​ថា ទោះបី​មាន​ការ​គំរាម​កំហែង​ដូច្នោះ​ក្ដី លោក​នៅ​តែ​រក្សា​ស្មារតី​រក្សា​ការ​ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម​កំណើត៖ «ប្អូន​ធម្មតា​ទេ ពីព្រោះ​រឿង​វា​និយាយ​ជាមួយ​ប្អូន​ហ្នឹង​ជ្រេញ​ពេក​ហើយ​ពីព្រោះ​កន្លះ​ខែ ​មួយ​ខែ​វា​មក​ម្តង។ ប្អូន​មិន​បាក់ស្បាត​ទេ»

របាយការណ៍​សហព័ន្ធ​ខ្មែរ​ក្រោម​ប្រចាំ​ឆ្នាំ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ២០២០ និង​ដើម​ឆ្នាំ២០២១ អាជ្ញាធរ​វៀតណាម បាន​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​យុវជន​ខ្មែរ​ក្រោម មិន​ឲ្យ​ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ​ពិត​នៃ​ការ​បាត់បង់​ទឹក​ដី និង​សិទ្ធិ​ចែកចាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម។ យុវជន​ខ្មែរ​ក្រោម​មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ផាក​ពិន័យ​រាប់​រយ​ដុល្លារ និង​បាន​រឹបអូស​សៀវភៅ​ ស្ដីពី​សិទ្ធិ​ជន​ជាតិ​ដើមកំណើត​ជា​ដើម។ ចំណែក​កសិករ​ខ្មែរ​ក្រោម​ដែល​ត្រូវ​អាជ្ញាធរ​រឹបអូស​យក​ដី​ស្រែ​កេរ្តិ៍​ដូនតា ក៏​ត្រូវ​តុលាការ​វៀតណាម​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រាប់​ឆ្នាំ​ទាំង​អយុត្តិធម៌​ផង​ដែរ។

អាណានិគម​បារាំង បាន​កាត់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ឱ្យ​វៀតណាម​ត្រួតត្រា​ទាំង​ខុស​ច្បាប់ កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ១៩៤៩។ ចាប់​តាំង​ពី​ពេល​នោះ​មក វៀតណាម​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់ ដើម្បី​បំបាត់​វប្បធម៌ អត្តសញ្ញាណ សាសនា និង​ទំនៀម​ទម្លាប់​ខ្មែរ​ក្រោម។ បច្ចុប្បន្ន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ធ្វើ​ចលនា​នៅ​ជុំវិញ​ពិភពលោក​ ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​នៅ​ថ្ងៃ​អនាគត៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។