ក្រុមយុវជនខ្មែរថាវរៈចាកចេញពីខេត្តព្រះវិហារទៅបន្តធ្វើយុទ្ធនាការអត់អាហារនៅរាជធានីភ្នំពេញទាមទារឱ្យរដ្ឋាភិបាលនិងតុលាការដោះលែងកញ្ញា សេង ធារី រួមទាំងអ្នកទោសនយោបាយនិងសកម្មជនសង្គមឱ្យមានសេរីភាពឡើងវិញ។ មន្ត្រីសង្គមស៊ីវិលបារម្ភពីសុខភាពនិងសេរីភាពរបស់យុវជនដែលធ្វើយុទ្ធនាការអត់អាហារនិងទទូចដល់រដ្ឋាភិបាលពិចារណាដោះលែងដើម្បីស្តារមុខមាត់កម្ពុជាពាក់ព័ន្ធការចោទប្រកាន់ថា រំលោភសិទ្ធិមនុស្ស។
ក្រុមយុវជនខ្មែរថាវរៈ៦នាក់ក្នុងនោះមានស្ត្រី៣នាក់បានបន្តធ្វើយុទ្ធនាការបង្អត់អាហាររយៈពេល១សប្ដាហ៍នៅថ្ងៃពុធនេះក្នុងរាជធានីភ្នំពេញដោយដើរថ្មើរជើងទទេក្នុងសំលៀកបំពាក់ជាអ្នកជាប់ទោសក្បាលចងដោយក្រណាត់ខ្មៅសរសេរថា ដោះលែងសេង ធារី ហើយដើរសំដៅពីចំណុចរង្វង់មូលកាំភ្លើងកួចកាណុងគល់ស្ពានជ្រោយចង្វាទៅកាន់ទីលានប្រជាធិបតេយ្យ (Freedom Park) ជាទីដែលក្រុមយុវជនគ្រោងនឹងស្នាក់នៅនិងសមាធិ។

ការធ្វើដំណើររបស់ក្រុមយុវជនមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋនៅតាមដងផ្លូវនិងឃ្លាំមើលពីក្រុមសន្តិសុខខណ្ឌឫស្សីកែវរួមទាំងសមត្ថកិច្ចមួយចំនួនដែលស្លៀកពាក់ស៊ីវិលតាមថតពួកគាត់រហូតដល់ទីលានប្រជាធិបតេយ្យ។
យុវជនខ្មែរថាវរៈលោក ស្វាយ សំណាង ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី៩ ខែវិច្ឆិកាថាពេលចាប់ផ្ដើមធ្វើដំណើរដោយជើងទទេចេញពីរង្វង់មូលកាំភ្លើងកួចកាណុង អាជ្ញាធរ បានប្រើពាក្យអសុរោះមកកាន់យុវជនដោយស្ដីបន្ទោសនិងចោទថាជាក្រុមស៊ីឈ្នួលប៉ុន្តែមិនមានការរារាំងអ្វីនោះទេ។ លោក ស្វាយ សំណាង ថាយុទ្ធនាការនេះដើម្បីទៅអង្គុយសមាធិបង្អត់អាហារនិងបួងសួងឱ្យកញ្ញា សេង ធារី ទទួលបានសេចក្ដីសុខនិងទាមទារអោយដោះលែងកញ្ញារួមទាំងអ្នកទោសមនសិការដទៃទៀត។លោកបន្ថែមថាយុវជនក្នុង១ថ្ងៃធ្វើសមាធិចំនួន៣ដងគឺរៀងរាល់ពេលព្រឹកពេលថ្ងៃនិងពេលល្ងាចហើយយប់ឡើងស្នាក់នៅទីតាំងហ្នឹងនោះតែម្ដង។ លោក ស្វាយ សំណាង បញ្ជាក់ពីគោលជំហររបស់ក្រុមយុវជនថានិងធ្វើយុទ្ធនាការបង្អត់អាហារនៅលើទីលានប្រជាធិបតេយ្យនេះរហូតដល់ថ្ងៃកំណត់រយៈពេល១សប្តាហ៍៖
«សកម្មភាពរបស់យើងធ្វើនេះគឺជាការធ្វើកូដកម្មដើម្បីទាមទារយុត្តិធម៌សង្គមជាពិសេសទាមទារអោយដោះលែងអ្នកទោសមនសិការហើយនឹងកញ្ញាសេង ធារី។ហើយយើងដឹងហើយថា កិច្ចប្រជុំអាស៊ាននេះគឺបណ្ដាប្រទេសក្នុងតំបន់គឺតែងតែមកនិងចេញសេចក្ដីថ្លែងការណ៍សូមអោយមានការដោះលែងកញ្ញាសេង ធារីជារៀងរហូតមកដែរ។ហើយយើងសង្ឃឹមថា សកម្មភាពរបស់យើងធ្វើទាំងអស់នេះនិងលេចលឺដល់រាជរដ្ឋាភិបាលដែលគេមកប្រជុំអាស៊ាននេះដើម្បីយកមកជជែកស្នើទៅកាន់រាជរដ្ឋាភិបាលអោយដោះលែងកញ្ញាសេង ធារី»។

វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីសុំអត្ថាធិប្បាយជុំវិញរឿងនេះបានទេនៅថ្ងៃទី៩ខែវិច្ឆិកា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ប៉ុន្តែ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សវនា ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃ៨ខែវិច្ឆិកា ថារដ្ឋាភិបាលគ្មានសិទ្ធិសម្រេចដោះលែងកញ្ញា សេង ធារី ក្រៅប្រព័ន្ធតុលាការឡើយ។ ចំណែកឯការធ្វើកូដកម្មបង្អត់អាហាររបស់កញ្ញា សេង ធារី ក៏មន្ត្រីពន្ធនាគារមិនមានសិទ្ធិហាមឃាត់នោះទេប៉ុន្តែមន្ត្រីពន្ធនាគាររបស់លោកក៏បានត្រៀមថ្នាំសង្កូវនិងពេទ្យដើម្បីត្រៀមលក្ខណៈសង្គ្រោះបឋមរួចហើយ។

ទោះជាមន្ត្រីពន្ធនាគារអះអាងពីការយកចិត្តទុកដាក់បែបនេះក៏ដោយក៏ប៉ុន្តែមេធាវីអន្តរជាតិរបស់កញ្ញា សេង ធារី គឺលោក ចារិត ហ្គិនស័រ (Jared Genser) កាលពីថ្ងៃទី៧ ខែវិច្ឆិកា បានចេញសេចក្ដីថ្លែងការណ៍ពីកូដកម្មបង្អត់អាហាររយៈពេល១សប្ដាហ៍របស់កញ្ញាសេង ធារី ថាកញ្ញាបានទាមទារឱ្យបញ្ជូនកញ្ញាទៅឃុំខ្លួននៅពន្ធនាគារព្រៃសររាជធានីភ្នំពេញវិញនិងស្នើសិទ្ធិដូចគ្នាទៅនឹងអ្នកទោសផ្សេងទៀតរួមទាំងទទួលបានការប្រណិប័តន៍សាសនាប្រចាំសប្ដាហ៍និងប្រើទូរស័ព្ទទំនាក់ទំនងចេញពីពន្ធនាគារជាដើម។

ជុំវិញរឿងនេះនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ(Licado) លោក អំ សំអាត មានប្រសាសន៍ថាយុវជនមួយចំនួនក្នុងក្រុមខ្មែរថាវរៈធ្លាប់ទទួលរងនូវអំពើអយុត្តិធម៌ដូចករណីកញ្ញា សេង ធារី ទើបជំរុញទឹកចិត្តពួកគាត់ធ្វើយុទ្ធនាការនេះឡើង។ លោកបន្តថាក្រុមយុវជនធ្លាប់ធ្វើយុទ្ធនាការជាច្រើនពាក់ព័ន្ធសិទ្ធិសេរីភាពការតស៊ូមតិអំពើអយុត្តិធម៌សង្គមនិងធនធានធម្មជាតិផ្សេងៗ។ លោក អំ សំអាត បន្តថាការហាមឃាត់របស់អាជ្ញាធរគឺប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋដែលទាមទារដោយសន្តិវិធី។ លោក អំ សំអាត បារម្ភពីសុខភាពរបស់យុវជនពាក់ព័ន្ធការទ្រទ្រង់រាងកាយទោះជាការលះបង់ដែលចេញពីឆន្ទៈក៏ដោយ៖
«យុទ្ធនាការដើម្បីទាមទារអោយមានការដោះលែងកញ្ញាសេង ធារី នេះគឺមិនមែនជាបទល្មើសគឺមិនមែនជាការប្រព្រឹត្តអ្វីដែលខុសច្បាប់ទេអានេះវាជាសិទ្ធិសេរីភាពរបស់ពួកគាត់។អ៊ីចឹងនៅពេលដែលហាមឃាត់នៅពេលដែលមានការរំខានមានការយាយីទៅលើពួកគាត់អាហ្នឹងគេចាត់ទុកថា ជាការរំលោភបំពានទៅលើសេរីភាពជាមូលដ្ឋាននិងការរឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ»។
ក្រុមយុវជនថាវរៈគ្រោងនឹងបញ្ចប់យុទ្ធនាការ៧ថ្ងៃនៅថ្ងៃទី១៤ ខាងមុខក្រោយពីការធ្វើយុទ្ធនាការថ្ងៃទី១ និងទី២បានធ្វើឡើងដោយបង្អត់បាយនិងសមាធិនៅក្នុងព្រៃ១កន្លែងនៅខេត្តព្រះវិហារជាខេត្តដែលកញ្ញាសេង ធារី កំពុងឃុំឃាំង។

យុទ្ធនាការរបស់ក្រុមយុវជនថ្ងៃទី៣ក្នុងរាជធានីភ្នំពេញថ្ងៃទី៩ ខែវិច្ឆិនេះធ្វើឡើងស្របពេលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានដែលមានប្រមុខមេដឹកនាំកំពូលៗមកពីប្រទេសមួយចំនួនបានធ្វើដំណើរមកកម្ពុជាបណ្ដើរៗហើយ។
សមត្ថកិច្ចរាជធានីភ្នំពេញបានចាប់ខ្លួនកញ្ញា សេង ធារី បញ្ជូនទៅពន្ធនាគារបន្ទាប់ពីសវនាការបានកាត់ទោសសកម្មជនបក្សប្រឆាំងនិងអ្នកប្រឆាំងផ្សេងទៀតកាលពីថ្ងៃទី ១៤ ខែមិថុនា ក្រោយតុលាការប្រកាសសាលក្រមកាត់ទោសឲ្យកញ្ញាជាប់ពន្ធនាគារ៦ឆ្នាំពីបទចោទរួមគំនិតក្បត់ក្នុងសំណុំរឿងវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ កញ្ញាត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារដាច់ស្រយាលនៅខេត្តព្រះវិហារ។

ពលរដ្ឋ និងសង្គមស៊ីវិល ទទូចដល់រដ្ឋាភិបាលពង្រឹងសិទ្ធិមនុស្សឡើងវិញនិងដោះលែងកញ្ញា សេង ធារី រួមទាំងអ្នកទោសមនសិការដើម្បីបន្ថយសម្ពាធតានតឹងការបរទេសនិងស្ដារមុខមាត់កម្ពុជានៅលើឆាកនយោបាយអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។