ក្រុម​យុវជន​ស្នើ​រដ្ឋាភិបាល ឱ្យ​ចាប់​អារម្មណ៍​សុខ​ទុក្ខ​ពលរដ្ឋ​ខ្មែរ​ក្រោម

ដោយ ឡេង ម៉ាលី
2023.01.30
Share on WhatsApp
Share on WhatsApp
ក្រុម​យុវជន​ស្នើ​រដ្ឋាភិបាល ឱ្យ​ចាប់​អារម្មណ៍​សុខ​ទុក្ខ​ពលរដ្ឋ​ខ្មែរ​ក្រោម ក្រុម​យុវជន​កាល​ពី​ថ្ងៃ​ទី១ ខែមករា ឆ្នាំ២០២៣ បាន​ទៅទស្សនាដើម​ឈើទាល ដែល​​ឧកញ៉ា សឺន គុយ ដាំ ក្នុង​ខេត្តព្រះត្រពាំង ដែនដី​កម្ពុជា​ក្រោម ជិត ២០០ឆ្នាំមុន។
រូប៖ ក្រុម​យុវជន

ក្រុមយុវជន និង​ព្រះសង្ឃ ស្នើ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ចាប់​អារម្មណ៍​អំពី​សុខ​ទុក្ខ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ពួក​គាត់​ព្យាយាម​រក្សា​ទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ និង​ប្រតិបត្តិ​ជំនឿ​ព្រះពុទ្ធសាសនា។ ក្រុម​យុវជន​ទាំង​នោះ ចង់​បង្ហាញ​អំពី​ទិដ្ឋភាព​ទូទៅ និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ក្រោយ​ពី​ពួក​គាត់​បញ្ចប់​ទស្សនកិច្ច​សិក្សា​នៅ​ទី​នោះ។

ក្រុម​យុវជន និង​ព្រះសង្ឃ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​ការ​ទំនាក់ទំនង​ជាមួយ​ពលរដ្ឋ​ខ្មែរ​ក្រោម​ឱ្យ​បាន​ច្រើន តាម​រយៈ​ការ​ធ្វើ​ទស្សនកិច្ច ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ទៅ​កាន់​ដែនដី​កម្ពុជា​ក្រោម ដើម្បី​ធ្វើ​បុណ្យទាន និង​សួរ​សុខ​ទុក្ខ​ពលរដ្ឋ​ខ្មែរ​ក្រោម។

ពួក​គាត់​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​លើក​យក​បញ្ហា​ប្រឈម​នានា ទាក់ទិន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រតិបត្តិ​ជំនឿ​សាសនា របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ទៅ​ជជែក​ផ្ទាល់ ជាមួយ​ប្រមុខ​ដឹកនាំ​វៀតណាម ដូច​គ្នា​នឹង​មេ​ដឹកនាំ​វៀតណាម ដែល​តែងតែ​ស្នើសុំ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដល់​ពលរដ្ឋ​របស់​ខ្លួន ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ខុស​ច្បាប់ ឱ្យ​ទទួល​បាន​ការ​រស់នៅ​ដោយ​ស្រប​ច្បាប់​វិញ។

វិទ្យុអាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​នៅ​ឡើយ​ទេ ដោយ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល។

ព្រះសង្ឃ​គង់​នៅ​វត្ត​មួយ ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ចូលរួម​ទស្សនកិច្ច​សិក្សា នៅ​កម្ពុជា គឺ​ព្រះតេជព្រះគុណ ផន ភាន់ មាន​ថេរ​ដីកា​ថា ព្រះអង្គ​ភ្ញាក់​ផ្អើល និង​រំភើប​នៅ​ពេល​ប្រទះ​ឃើញ ពលរដ្ឋ​ខ្មែរ​ក្រោម​រាប់​ពាន់​នាក់ ចូលរួម​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា នៅ​វត្ត​មួយ ក្នុង​ខេត្ត​ឃ្លាំង។ ព្រះអង្គ​ស្នើ​ដល់​ពលរដ្ឋ​ខ្មែរ ឱ្យ​ចាប់​អារម្មណ៍​អំពី​ស្ថានភាព​ពលរដ្ឋ​ខ្មែរ​ក្រោម ដើម្បី​បង្ហាញ​ប្រាប់​អាជ្ញាធរ​វៀតណាម​ថា ពលរដ្ឋ​ខ្មែរ​រស់នៅ​គ្រប់​ទីកន្លែង​ស្រឡាញ់​រាប់អាន​គ្នា​ជា​ឈាម​ជ័រ​តែ​មួយ។

ព្រះតេជព្រះគុណ ផន ភាន់៖ «ធ្វើ​ម៉េច​ឱ្យ​បងប្អូន​ខ្មែរ​យក​ចិត្ត​ទុក​ដាក់​ដឹង​ពី​សុខ​ទុក្ខ​ថា ខ្មែរ​ក្រោម និង ខ្មែរ​កណ្ដាល គឺ​ខ្មែរ​តែ​មួយ ព្រោះ​ខ្មែរ​ក្រោម និង​ខ្មែរ​កណ្ដាល គឺ​ច្រើន​មែន ១០លាន​នាក់​ជាង»

កាល​ពី​ដើម​ឆ្នាំ២០២៣ ក្រុម​យុវជន បញ្ញវន្ត និស្សិត ព្រះសង្ឃ និង​ពលរដ្ឋ ជិត ៤០នាក់ បាន​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​រយៈ​ពេល ៣ថ្ងៃ នៅ​ដែនដី​កម្ពុជា​ក្រោម ក្នុង​ខេត្ត​ចំនួន ៣ គឺ​ខេត្តឃ្លាំង ខេត្ត​ព្រះត្រពាំង និង​ទីក្រុង​ព្រៃនគរ។

ដំណើរ​ទស្សនកិច្ច​នេះ ពួក​គាត់​បាន​កត់ត្រា ដើម្បី​ចងក្រង​ឯកសារ​ស្រាវជ្រាវ អំពី​ជីវភាព​រស់នៅ ស្ថានភាព​គោរព​សិទ្ធិមនុស្ស ការប្រតិបត្តិ​ជំនឿ​សាសនា ពិធី​ធ្វើ​បុណ្យទាន និង​ការ​ប្រកប​របរ​កសិកម្ម​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម។ បន្ថែម​ពី​លើ​នេះ ពួក​គេ​បាន​ចូលរួម​ពិធី​បុណ្យ​បញ្ចុះ​ខ័ណ្ឌសីមា នៅ​វត្តមុនីរង្សី សិរីវង្ស ធម្មជោតិ៍ ហៅ​វត្ត ធម្មជោតិ៍ ក្នុង​ខេត្ត​ឃ្លាំង ដោយ​មាន​មនុស្ស​ចូលរួម​ច្រើន​សន្ធឹក​សន្ធាប់ ដែល​ភាគ​ច្រើន​លើសលប់​ជា ពលរដ្ឋ​ខ្មែរ​ក្រោម មក​ពី​ខេត្ត​ផ្សេងៗ។

រីឯ​ជនជាតិ​វៀតណាម​មាន​តិចតួច​ប៉ុណ្ណោះ ចូលរួម​ពិធី​បុណ្យទាន​បែប​ព្រះពុទ្ធសាសនា​នេះ ហើយ​ពួក​គេ​ភាគ​ច្រើន មក​ប្រកប​របរ​លក់​ដូរ​ទំនិញ និង​ម្ហូបអាហារ ក្នុង​ពិធីបុណ្យ​នោះ។

ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់ រស់នៅ​ខេត្តឃ្លាំង គឺ​លោក យ័ញ សេត ថ្លែង​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​បាន​យក​ចិត្ត​ទុក​ដាក់​រក្សា​ប្រពៃណី ទំនៀមទម្លាប់ និង​អភិរក្ស​វប្បធម៌​កេរ​ដូនតា​ស្រុះ​គ្នា ហើយ​ពួក​គាត់​ភាគ​ច្រើន​ចូលរួម​កម្មវិធី​បុណ្យ​ដោយ​ជួយ​ការងារ​ក្នុង​វត្តអារាម​ដោយ​ការ​ស្ម័គ្រ​ចិត្ត។

លោក​បញ្ជាក់​ថា យុវជន​ខ្មែរ​ក្រោម​ភាគ​ច្រើន មាន​ស្មារតី​ជាតិ​និយម និង​ស្រឡាញ់​ជាតិ​ខ្មែរ​ច្រើន​ជាង ជាតិ​សាសន៍​វៀតណាម ហើយ​ពួក​គាត់​បាន​តស៊ូ​រៀន​អក្សរ​ខ្មែរ​នៅ​តាម​វត្តអារាម​នានា។ លោក​ថា មក​ទល់​ពេល​នេះ អាជ្ញាធរ​វៀតណាម​នៅ​តែ​រឹតត្បិត​ពលរដ្ឋ​ខ្មែរ មិន​ឱ្យ​នាំ​ចូល​ឯកសារ​ពី​ក្រៅ​ប្រទេស យក​មក​តម្កល់​ទុក ក្នុង​វត្តអារាម​ទេ។

លោក យ័ញ សេត៖ «បើសិនជា​បង​ប្អូន​យើង​ដឹង​ពី​ប្រវត្តិសាស្ត្រ បងប្អូន​នឹង​មាន​គំនិត ចាប់អារម្មណ៍ និង​ផ្សព្វផ្សាយ​ពី​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​យើង។

ដែនដី​កម្ពុជា​ក្រោម​ក្នុង​ខេត្តឃ្លាំង ខេត្តព្រះត្រពាំង និង​ព្រៃនគរ មាន​សណ្ឋាន​ដី​រាប​ស្មើ សំបូរ​ដីល្បាប់​មាន​ជីវជាតិ ប្រព័ន្ធ​ធារាសាស្ត្រ​ខ្វាត់ខ្វែង អំណោយ​ផល​ធ្វើ​កសិកម្ម​ដំណាំ​ស្រូវ ដាំ​ឈូក ខ្នុរ ចេក ដូង​តឿ និង​ស្វាយ​ជា​ដើម។

រីឯ​ប្រព័ន្ធ​ប្រឡាយ​ទឹក​ភាគ​ច្រើន​អាច​ធ្វើ​នាវា​ចរ​បាន ងាយ​ស្រូល​ដឹក​កសិផល និង​ផ្គត់ផ្គង់​ទឹក​ស្រោចស្រព វិស័យ​កសិកម្ម​បាន​គ្រប់​រដូវ ។

របាយការណ៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បង្ហាញ​ថា ខេត្តឃ្លាំង​មាន​វត្តអារាម​ខ្មែរ ចំនួន ៩២វត្ត ខេត្តព្រះត្រពាំង​មាន​វត្ត​ខ្មែរ ១៤៤វត្ត។ ប៉ុន្តែ​ក្រុង​ព្រៃនគរ​នៅ​សល់​តែ​វត្ត​ខ្មែរ​ចំនួន ២វត្តប៉ុណ្ណោះ ក្នុង​ចំណោម​វត្ត​សរុប ៤ ក្រោយ​ពី​អាជ្ញាធរ​វៀតណាម​បាន​ប្រែក្លាយ​វត្ត​ទាំង​នេះ ឱ្យ​គោរព​តាម​បែប​លោក​សង្ឃ​វៀតណាម ។

ដំណើរ​ទស្សនកិច្ច​នេះ ក្រុម​យុវជន បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ វីរបុរស​ខ្មែរ​ក្រោម គឺ​ឧកញ៉ា សឺន គុយ ក្នុង​ខេត្តព្រះត្រពាំង។ ព្រះសង្ឃ និង​ក្រុម​យុវជន​បាន​សូត្រ​មន្ត បង្សុកូល ឧទ្ទិស​បុណ្យ​កុសល​ជូន​ឧកញ៉ា​រូប​នេះ និង​ព្រលឹង​ដូនតា​ខ្មែរក្រោម ដែល​ពលី​ជីវិត​ការពារ​ទឹកដី។

ពួក​គេ​ថត​រូបភាព និងវីដេអូ ភ្ជាប់​នឹង​ដើម​ឈើ​ទាល​ដ៏​ធំ​មួយ ដែល​លោក​ឧកញ៉ា សឺន គុយ ដាំ ដោយ​មាន​អាយុ​កាល​ជិត ២០០ឆ្នាំ​មក​ហើយ។ ដើម​ឈើទាល​នេះ ជា​និមិត្តរូប នៃ​ការ​លះបង់​ជីវិត ដើម្បី​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ​កម្ពុជា​ក្រោម​របស់​ចៅហ្វាយ គុយ អតីត​អភិបាល​ខេត្ត​ព្រះត្រពាំង។

ព្រះតេជព្រះគុណ ភាជ សម្បូរណ៍ មាន​ថេរ​ដីកា​ថា ដំណើរ​ទស្សនកិច្ច​នេះ មាន​សារៈ​សំខាន់​ណាស់ គឺ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​ខ្មែរ​កណ្ដាល និង​ខ្មែរ​ក្រោម ដើម្បី​ពញ្ញាក់​អារម្មណ៍​ឱ្យ​ស្ថាប័ន​អន្តរជាតិ និង​ប្រទេស​លោក​ខាងលិច​ជ្រាប​ថា ពលរដ្ឋ​ខ្មែរ​មិន​ភ្លេច​គ្នា​ឡើយ។

ព្រះអង្គ​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់​តំបន់​ឱ្យ​មក​ទស្សនា​ទីតាំង​ប្រវត្តិសាស្ត្រ ដើម​ឈើ​ទាល​ដ៏​ធំ របស់​ឧកញ៉ា សឺន គុយ ដើម្បី​រួម​គ្នា​ថែរក្សា​ឱ្យ​គង់វង្ស។

ព្រះតេជព្រះគុណ ភាជ សម្បូរណ៍៖ «ពិត​ជា​អស្ចារ្យ​ណាស់​កេរដំណែល​ឧកញ៉ា សឺន គុយ ដែនដី​កម្ពុជា​ក្រោម​នឹង​មិន​បាត់បង់ នឹង​រស់នៅ​យូរ​អង្វែង​ត​ទៅ​ទៀត»

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​យុវជន​ខ្មែរ​ជា​រឿង​ល្អ។ ក៏​ប៉ុន្តែ​លោក​ថា កន្លង​ទៅ​ពលរដ្ឋ​ខ្មែរ​ក្រោម បាន​ធ្វើ​បាតុកម្ម​ទាមទារ​ទឹក​ដី​កម្ពុជា​ក្រោម ពី​វៀតណាម ដែល​លោក​ចាត់​ទុក​ថា ពិបាក​នឹង​ទៅ​រួច​ណាស់ ហើយ​មក​ទល់​ពេល​នេះ ពលរដ្ឋ​ខ្មែរ​ក្រោម​ច្រើន​លើសលប់ បាន​ចូល​សញ្ជាតិ​វៀតណាម​ទៅ​ហើយ។

លោក​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ក្រោម អាច​ទាមទារ​សិទ្ធិ​រស់នៅ ក្នុង​នាម​ជា​ពលរដ្ឋ​ធម្មតា​ស្រប​តាម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ក៏ប៉ុន្តែ​ប្រសិនបើ​ពួក​គាត់​ចង់​ទាមទារ​សិទ្ធិស្វ័យសម្រេច គឺ​ពិបាក​នឹង​ទៅ​រួច​ណាស់។ លើស​ពី​នេះ​ទៀត ពលរដ្ឋ​ខ្មែរ​ក្រោម​ត្រូវ​តែ​គោរព​ច្បាប់​វៀតណាម ព្រោះ​ពួក​គាត់​កំពុង​រស់នៅ​ក្រោម​ដំបូល​រដ្ឋាភិបាល​សង្គមនិយម​វៀតណាម។

លោក សុខ ឥសាន៖ «ឥឡូវ​និយាយ​នេះ គាត់​ប្រហែល​ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម តវ៉ា ២.៥០០ឆ្នាំ ក៏​មិន​ដឹង ហើយ​បងប្អូន​ខ្មែរ​ក្រោម គាត់​ប្រហែល​លែង​ទាមទារ​ដី​ខ្មែរ​ក្រោម គាត់​ទាមទារ​សិទ្ធិ​ស្វ័យភាព​រស់នៅ​ជា​ជនជាតិ​ដើម​ភាគ​តិច។ អា​ហ្នឹង​តាម​ខ្ញុំ​ចាំ​មិន​ច្រឡំ»

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​តំបន់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា លោក តាំង សារៈ ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​នេះ បង្ហាញ​ក្ដី​សង្ឃឹម​ថា ទំនាក់ទំនង​ខ្មែរ​កណ្ដាល និង​ខ្មែរ​ក្រោម ល្អ​ប្រសើរ​ច្រើន និង​ផ្តល់​ភាព​កក់ក្ដៅ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​សង្ឃឹម​ថា ពលរដ្ឋ​ខ្មែរ​កណ្ដាល នឹង​កាន់តែ​យល់​ច្បាស់ អំពី​ស្ថានភាព​រស់នៅ ជីវភាព និង ការ​រក្សា​ទំនៀមទម្លាប់​ប្រពៃណី អក្សរសាស្ត្រ រួម​ទាំង​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម។

លោក តាំង សារៈ៖ «នេះ​ជា​ចំណុច​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​នឹង​មាន​ក្ដី​សង្ឃឹម​ថា ទំនាក់ទំនង​រវាង​ខ្មែរ ពីរ​ភូមិភាគ​ពី​មួយ​ថ្ងៃៗ នឹង​ស្គាល់​គ្នា​កាន់តែ​ច្បាស់ ព្រោះ​កន្លង​មក​បងប្អូន​ខ្មែរ​កណ្ដាល​ថា បងប្អូន​ខ្មែរ​ក្រោម​ជា​វៀតណាម ឬ​ជា​យួន»

កាលពីឆ្នាំ១៩៦៩ គណៈកម្មការ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ភាគ​ខាង​ត្បូង បាន​ធ្វើ​ជំរឿន ដោយ​រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​មាន​ចំនួន​ជាង ២លាន​នាក់ (.០០០.០០០)

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ស្រង់​ស្ថិតិ​ពលរដ្ឋ​ខ្មែរ​ក្រោម ក្នុង​ចន្លោះ​ពី​ឆ្នាំ២០០២ ដល់​ឆ្នាំ២០០៣ បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​មាន​ជាង ៨លាន​នាក់ (.០០០.០០០) ហើយ​ទិន្នន័យ​នេះ ទទួល​ស្គាល់​ដោយ​អង្គការ​តំណាង​ប្រជាជាតិ​គ្មាន​អ្នក​តំណាង ហៅ​កាត់​ថា យូ.អិន.ភី.អូ (UNPO)។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក តាំង សារៈ។

លោក តាំង សារៈ សង្កេត​ឃើញ​ថា អាជ្ញាធរ​វៀតណាម​បន្ត​រឹតត្បិត និង​លាក់បាំង​ចំនួន​ពលរដ្ឋ​ខ្មែរ​ក្រោម​ម្ចាស់​ស្រុក ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​លោក​ពិបាក​ធ្វើ​ជំរឿន។

ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ឬ​ហៅ​ថា ដែនដី​កូសាំងស៊ីន ដែលមាន ២១ខេត្ត-ក្រុង ត្រូវ​បាន​បារាំង​ចុះ​ហត្ថលេខា​ប្រគល់​ទៅ​ឱ្យ​វៀតណាម​គ្រប់គ្រង នៅឆ្នាំ១៩៤៩អំឡុង​ពេល ដែល​អាណានិគម​បារាំង​ត្រួតត្រា​តំបន់​ឥណ្ឌូចិន៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។