ព្រះសង្ឃខ្មែរកម្ពុជាក្រោមព្រះតេជព្រះគុណ សឺន ទី បាននិមន្តមកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយពីជាប់គាំងនៅក្នុងខេត្តព្រះត្រពាំង ដោយសារតែ អាជ្ញាធរវៀតណាម បានដកហូតយកលិខិតឆ្លងដែនពីព្រះអង្គ។
ព្រះតេជព្រះគុណ សឺន ទី មានថេរដីកាប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១៨ កុម្ភៈ ថា ព្រះអង្គបានមកគង់នៅក្នុងវត្តអង្គតាមិញ នៅក្នុងទីក្រុងភ្នំពេញវិញហើយ ក្រោយពីវៀតណាមបានប្រគល់លិខិតឆ្លងដែនឱ្យព្រះអង្គវិញ។
ព្រះតេជព្រះគុណបន្តថា ចាត់ទុកទង្វើរបស់វៀតណាមថា ជាការរំលោភសិទ្ធិធ្ងន់ធ្ងរមកលើព្រះអង្គដែលមានលិខិតឆ្លងដែនខ្មែរស្របច្បាប់៖ «កន្លែងនេះគឺជាការគាបសង្កត់មួយ ឬក៏ជាការបំបាក់ស្មារតីដល់ពលរដ្ឋខ្មែរកម្ពុជាក្រោមទាំងអស់ដែលបានចុះទៅលេងស្រុកកំណើតរបស់ខ្លួនដែលកាន់លិខិតឆ្លងដែនពីប្រទេសដទៃទៅលេងគេ ។ គេធ្វើហ្នឹងដូចជាបំបាក់ស្មារតីខ្មែរកម្ពុជាក្រោមទាំងអស់មិនឱ្យតវ៉ា ឬមួយប្រឆាំងនឹងច្បាប់របស់គេ បើទោះបីច្បាប់របស់គេមិនបានគ្របដណ្ដប់ទៅលើយើងដែលជាជនបរទេសក៏ដោយ ប៉ុន្តែគេនៅតែធ្វើដោយផ្គើន»។
អាជ្ញាធរវៀតណាមបានចោទព្រះតេជព្រះគុណ ថា បានចែករំលែកសារតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ស្ដីពីបញ្ហាសិទ្ធិពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅលើទឹកដីកំណើត។ អាជ្ញាធរវៀតណាមបានចាត់ទុកការផ្សព្វផ្សាយនេះ ជាទង្វើខុសច្បាប់ និងព្រមានឱ្យបង់ប្រាក់ពិន័យ ចំនួន៣០លានដុង ស្មើប្រមាណជាង១ពាន់ ប្រាំរយ (១ ៥០០) ដុល្លារអាមេរិកថែមទៀតផង។
ព្រះតេជព្រះគុណ សឺន ទី មានថេរដីកាថា ប្រទេសវៀតណាមគ្មានសិទ្ធិដកហូតលិខិតឆ្លងដែនរបស់ព្រះអង្គដោយមិនមានភស្តុតាងណាមួយថា ព្រះអង្គបានប្រព្រឹត្តខុសច្បាប់នៅលើទឹកដីខ្មែរកម្ពុជាក្រោមនោះទេហើយទាមទារឱ្យវៀតណាមបញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើពលរដ្ឋខ្មែរក្រោមតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។