ក្រុមគ្រួសារជនរងគ្រោះស្រ្តីខ្មែរក្រោមដែលត្រូវជនសង្ស័យជាជនជាតិវៀតណាមបាញ់ឲ្យត្រូវរបួសជើងក្នុងករណីជម្លោះដីធ្លីបានដាក់ពាក្យបណ្តឹងទាមទារយុត្តិធម៌និងជំងឺចិត្ត។ ការដាក់បណ្តឹងនេះធ្វើឡើងស្របពេលដែលសហព័ន្ធខ្មែរកម្ពុជាក្រោមបានថ្កោលទោសអាជ្ញាធរវៀតណាមដែលបណ្តែតបណ្តោយឲ្យជនសង្ស័យបាញ់ប្រហារពលរដ្ឋខ្មែរក្រោម។
ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅការិយាល័យប៉ូលិសខេត្តក្រមួនសហើយកាលពីសប្តាហ៍មុន។ ប៉ុន្តែសមត្ថកិច្ចវៀតណាមមិនទាន់បានបង្ហាញព័ត៌មានលំអិតអំពីជនសង្ស័យនិងអ្នកនៅពីក្រោយអំពើហិង្សាដែលបានប្រើប្រាស់កាំភ្លើងខ្លីបាញ់ប្រហារទៅលើហ្វូងបាតុករខ្មែរក្រោមបណ្តាលឲ្យស្រ្តីខ្មែរក្រោមម្នាក់របួសជើងនៅឡើយទេ។
លោក ចៅ ផល្លា បងប្រុសជនរងគ្រោះប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រី យ័ញ ធីចាន់ផៃ បានដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចវៀតណាមយកជនល្មើសទៅតុលាការដើម្បីផ្តន្ទាទោសនិងផ្តល់សំណងជំងឺចិត្តក្រោយចេញពីមន្ទីរពេទ្យព្យាបាលជំងឺរួចមក។
កាលពីថ្ងៃទី២៧ខែកញ្ញា ជនរងគ្រោះត្រូវជនជាតិវៀតណាមម្នាក់បានប្រើប្រាស់អាវុធខ្លីបាញ់ទៅលើក្រុមបាតុករខ្មែរក្រោមដែលងើបឡើងប្រឆាំងការបង្ខំបណ្តេញពីសំណាក់អាជ្ញាធរនិងជនជាតិវៀតណាមដើម្បីយកដីដែលពួកគេបានអាស្រ័យផលនិងរស់នៅប្រមាណ៣០ឆ្នាំមកហើយ។ ពេលតវ៉ានោះក៏មានផ្ទុះអំពើបង្កឡើងដោយក្រុមជើងកាងជនជាតិវៀតណាមដែលពលរដ្ឋអះអាងថាបានសហការនឹងអាជ្ញាធរវៀតណាម ប្រមាណ ២០នាក់ដែលបាននាំគ្រឿងចក្រមកឈូសឆាយដីរបស់ពលរដ្ឋរងគ្រោះដើម្បីហ៊ុំព័ទ្ធរបងយកដី។ កន្លងមកពលរដ្ឋខ្មែរក្រោមបានព្យាយាមសុំអាជ្ញាធរវៀតណាមឲ្យចេញប្លង់ដីដើម្បីទទួលបានកម្មសិទ្ធិដែរប៉ុន្តែវៀតណាមបានបដិសេធរហូតដល់អាជ្ញាធរនិងជនជាតិវៀតណាមបានលើកគ្នាមកបណ្តេញពលរដ្ឋខ្មែរក្រោមចេញដើម្បីយកដីដោយគ្មានសំណងតែម្តង។ សកម្មជនសិទ្ធិមនុស្សខ្មែរក្រោម លោក យឿង ខាយ ដែលបានតាមដានករណីអំពើហិង្សានេះបានថ្កោលទោសអាជ្ញាធរវៀតណាមដែលតែងតែប្រើប្រាស់អំពើហិង្សាលើពលរដ្ឋខ្មែរក្រោមនៅពេលពួកគេងើបឡើងតវ៉ាទាមទារសិទ្ធិនិងដីធ្លី៖ « ខ្មែរកម្ពុជាក្រោមដែលអាជ្ញាធរវៀតណាមសហការនឹងជើងកាងបាញ់ឲ្យត្រូវរបួសហ្នឹងជាអំពើព្រៃផ្សៃមកលើពលរដ្ឋខ្មែរក្រោមយើងយ៉ាងធ្ងន់ធ្ងរប្អូនមិនអាចទទួលយកបានទេ»។
នេះមិនមែនជាករណីទីមួយដែលអាជ្ញាធរបានប្រើប្រាស់អំពើហិង្សាវាយនិងបង្ក្រាបយកដីស្រែនិងផ្ទះសម្បែងពលរដ្ឋខ្មែរក្រោមដោយខុសច្បាប់និងមិនផ្តល់សំណងនោះទេ។ កាលពីខែឧសភា ឆ្នាំ២០២០ អាជ្ញាធរវៀតណាម ខេត្តក្រមួនស រួមមាន ប៉ូលិស ទាហាន ប្រមាណជាង ១០០នាក់ បានចុះទៅរឹបអូសយកដីកសិករខ្មែរក្រោមអស់ជាច្រើនពាន់ហិកតារដោយគ្មានសំណង។ ពលរដ្ឋខ្មែរក្រោមបានធ្វើការតវ៉ារហូតដល់អាជ្ញាធរវៀតណាមប្រើអំពើហិង្សាលើពលរដ្ឋខ្មែរក្រោមបណ្តាលឲ្យមនុស្សប្រមាណ១០នាក់រងបួស។ អាជ្ញាធរវៀតណាមក្រោយវាយពលរដ្ឋខ្មែរក្រោមឲ្យរងរបួសហើយក៏បានចាប់ពលរដ្ឋខ្មែរក្រោមបីនាក់ដាក់ពន្ធនាគារជាច្រើនឆ្នាំដោយចោទខ្មែរក្រោមថា «ប្រើអំពើហិង្សាលើសមត្ថកិច្ច និងបទប្រឆាំងនឹងអាជ្ញាធរសាធារណៈ»។
បច្ចុប្បន្នពលរដ្ឋខ្មែរក្រោមទាំងបីនាក់កំពុងជាប់ពន្ធនាគារនៅឡើយទេ។ ជុំវិញ ការបន្តប្រើប្រាស់អំពើហិង្សាលើពលរដ្ឋខ្មែរក្រោមឥតស្រាកស្រាន្តនេះប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ភិក្ខុ សឺង យ៉ឹងរតនា ក៏ថ្កោលទោសអាជ្ញាធរវៀតណាមនិងស្នើឲ្យវៀតណាមត្រូវតែវែកមុខរកជនសង្ស័យដើម្បីផ្តល់យុត្តិធម៌ដល់ខ្មែរក្រោមដែលជាជនរងគ្រោះ៖ « នៅប្រទេសវៀតណាមប្រជាជនមិនអាចកាន់កាំភ្លើងបានទេប៉ុន្តែអាជ្ញាធរសហការនៅពីក្រោយជើងកាងវៀតណាម បង្ក្រាបកសិករខ្មែរក្រោមហើយ ប្រើអំពើហិង្សាហើយធ្វើឲ្យកសិករខ្មែរក្រោមរងរបួសយ៉ាងធ្ងន់ធ្ងរ ។ នេះជាអំពើព្រៃផ្សៃ របស់វៀតណាមដែលបានបំបិទសិទ្ធិសេរីភាពរបស់កសិករខ្មែរក្រោម»។
របាយការណ៍ក្រសួងការបរទេសអាមេរិកសម្រាប់ឆ្នាំ២០២២ រកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបង្កឡើងដោយរដ្ឋាភិបាលកុម្មុយនីសវៀតណាម។ បញ្ហាទាំងនោះរួមមាន ការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ការធ្វើទារុណកម្មចាប់ខ្លួននិងឃុំឃាំងមនុស្សយ៉ាងអាណាធិបតេយ្យពីសំណាក់អាជ្ញាធរនិងភ្នាក់ងាររដ្ឋាភិបាលហើយសិទ្ធិកាន់កាប់ដីធ្លីក៏រងការរំលោភបំពានដែរ។ច្បាប់វៀតណាមកំណត់ថា ដីជាសម្បត្តិរបស់រដ្ឋហើយរដ្ឋមានសិទ្ធិសម្រេចរួមទាំងតម្លៃការបែងចែកនិងការរឹបអូសដីដើម្បីប្រគល់ឲ្យអាជ្ញាធរមូលដ្ឋានដែលបញ្ហានេះបណ្តាលឲ្យមានអំពើពុករលួយនិងអយុត្តិធម៌។ជម្លោះដីធ្លីតែងកើតមានឡើងនៅពេលមានការបែងចែកដីដើម្បីបង្កើតជាគំរោងអភិវឌ្ឍន៍ដែលបណ្តាលឲ្យមានការមិនសប្បាយចិត្តពីសាធារណៈជន។
ក្រសួងការបរទេសក៏រកឃើញថា ក្រុមហ៊ុនអភិវឌ្ឍន៍បានជួលប៉ូលិសស្លៀកពាក់ស៊ីវិលនិងក្រុមជើងកាងទៅគំរាមកំហែងពលរដ្ឋ ដើម្បី រឹបអូសដីធ្លីនិងផ្ទះសម្បែងពលរដ្ឋ។ អាជ្ញាធរ និងតុលាការវៀតណាម ក៏តែងតែ ចោទប្រកាន់ពលរដ្ឋដែលហ៊ានតវ៉ាការបណ្តេញចេញពីបទប្រឆាំងនឹងអាជ្ញាធរសាធារណៈនិងបង្កសកម្មភាពអសណ្តាប់ធ្នាប់សង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។