សហព័ន្ធខ្មែរកម្ពុជាក្រោមគ្រោងស្នើឲ្យអ.ស.បពិនិត្យស្ថានភាពខ្មែរកម្ពុជាក្រោម
2023.05.25
សហព័ន្ធខ្មែរកម្ពុជាក្រោមគ្រោងនឹងស្នើឲ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីជនជាតិដើមទៅពិនិត្យស្ថានភាពខ្មែរកម្ពុជាក្រោមដែលរស់នៅលើទឹកដីកំណើត។ សំណើនេះធ្វើឡើងបន្ទាប់ពី វៀតណាមបន្តអះអាងថា អាជ្ញាធរមិនបានរំលោភសិទ្ធិខ្មែរកម្ពុជាក្រោម។
រដ្ឋាភិបាលកុម្មុយនិស្តវៀតណាមបដិសេធរបាយការណ៍ចោទប្រកាន់ពីសំណាក់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិផ្នែកជនជាតិដើម ជុំវិញការធ្វើទុក្ខ
បុក ម្នេញជនជាតិដើមខ្មែរកម្ពុជាក្រោមដែលរស់នៅតាមតំបន់ដីសណ្ដទន្លេមេគង្គ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិចំនួន៧រូបបានផ្ញើលិខិតដែលមាន១៦ទំព័រ ទៅរដ្ឋាភិបាលទីក្រុង ហាណូយ កាលពីថ្ងៃទី១៨ តុលា អំពីព័ត៌មានដែលពួកគេទទួលបានជុំវិញក្តីបារម្ភថា វៀតណាមបានបរាជ័យផ្ដល់សិទ្ធិស្វ័យសម្រេច ដល់ ខ្មែរក្រោម ជាជនជាតិដើម។ លិខិតបញ្ជាក់ថា ពួកគេទទួលបាននូវភស្តុតាងចោទប្រកាន់ពីការរំលោភសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការជួបប្រជុំ និងសាសនា វប្បធម៌ សិទ្ធិប្រើប្រាស់ភាសាខ្មែរ និងសិទ្ធិប្រើប្រាស់ដីធ្លីផងដែរ។ អ្នកជំនាញអង្គការសហប្រជាជាតិក៏បារម្ភពីករណីដែលអាជ្ញាធរវៀតណាម ឃាត់ខ្លួននិងកាត់ទោសដាក់ពន្ធនាគារលើយុវជន និងពលរដ្ឋខ្មែរក្រោម ប្រាំនាក់ ដោយសារតែសកម្មភាពរបស់ពួកគេហ៊ានងើបឡើងតស៊ូមតិដើម្បីសិទ្ធិសេរីភាព។
ក្នុងចំណោមមនុស្សទាំងប្រាំនាក់ នោះមាន លោក ថាច់ រីន ត្រូវបានតុលាការវៀតណាមកាត់ទោសឲ្យជាប់ពន្ធនាគារ ៦ខែពីបទចោទប្រកាន់ថា បំពានសេរីភាពប្រជាធិបតេយ្យកាលពីខែតុលាឆ្នាំ២០២១ ដោយសារតែលោកពាក់អាវយឺតមានរូបសញ្ញាសេចក្ដីប្រកាសជាសកលស្ដីពីជនជាតិដើម របស់អង្គការសហប្រជាជាតិ។ អ្នកជំនាញអង្គការសហប្រជាជាតិលើកឡើងថា តុលាការវៀតណាមមិនបានផ្ដល់សវនាការយុត្តិធម៌ដល់លោក ថាច់ រីន ហើយក្នុងពេលជាប់ឃុំ វៀតណាមមិនបានអនុញ្ញាតឲ្យគ្រួសារលោកបានជួបសួរសុខទុក្ខ លោក ថាច់ រីន ឡើយ។ លិខិតរបស់ អ្នករាយការណ៍អង្គការសហប្រជាជាតិបានសំដែងក្ដីបារម្ភចំពោះការឃាត់ខ្លួនខ្មែរក្រោមពីសំណាក់អាជ្ញាធរវៀតណាម ដែលអាចចាត់ទុកថា ជាការចាប់ខ្លួនតាមអំពើចិត្ត និងមានបំណងអាក្រក់ក្នុងទិសដៅគាបសង្កត់ សិទ្ធិសេរីភាពសំដែងមតិ វប្បធម៌ និងសិទ្ធិប្រើប្រាស់ភាសាដើមកំណើត។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបានឲ្យវៀតណាមរយៈពេល៦០ថ្ងៃដើម្បីឆ្លើយតប ជុំវិញក្តីបារម្ភនេះ ប៉ុន្តែតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាម នៅ ទីក្រុងសឺណែវ ប្រើប្រាស់រយៈពេលប្រមាណ៦ខែ ទើបតែឆ្លើយសំណួររបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិកាលពីខែ១០ ឧសភា។ វៀតណាមថា ការចោទប្រកាន់ ក្នុងលិខិតរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិជាការក្រឡៃប្រវត្តិសាស្ត្រ និងអំពីស្ថានភាពអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចដោយសារតែព័ត៌មានក្លែងក្លាយ។ ស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមបន្តទៀតថា នៅវៀតណាម ខ្លឹមសារពាក្យថា «ជនជាតិដើម» មិនសាកសមនឹងប្រវត្តិសាស្ត្រវៀតណាមឡើយ។
ពាក់ព័ន្ធនឹងការឆ្លើយដោះសា របស់វៀតណាមនេះ អនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ម៉ៅ មុន្នី មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី វៀតណាមតែងតែបដិសេធរាល់ការរំលោភសិទ្ធិមនុស្សកម្ពុជាក្រោម។ លោកថា សហព័ន្ធនឹងដាក់សំណើទៅអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិដើម្បីចុះទៅពិនិត្យស្ថានភាពជាក់ស្ដែងនៅកម្ពុជា ដោយសារតែកន្លងវៀតណាម បន្តបដិសេធមិនឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិអាចធ្វើដំណើរទៅជួបពលរដ្ឋខ្មែរក្រោម។
លោក ម៉ៅ មុន្នី៖ «យើងបកប្រែហើយ យើងនឹងផ្ញើជនរងគ្រោះខ្មែរក្រោមឲ្យគាត់មើល ឲ្យគាត់យល់ថា យួនឆ្លើយតើវាពិត ឬក៏មិនពិត។ ឥឡូវពួកគាត់ថា វៀតណាមឆ្លើយវាមិនពិត មិនយុត្តិធម៌ទេ យើងនឹងយករឿងទាំងអស់ហ្នឹងទៅប្រាប់អង្គការសហប្រជាជាតិ ។ រដ្ឋាភិបាលយួនត្រូវឲ្យអ្នករាយការណ៍ពិសេសទៅប្រទេសខ្លួនឯង»។
ចំពោះការបដិសេធរបស់វៀតណាមថា មិនបានរំលោភសិទ្ធិរបស់ លោក ថាច់ រីន វិញ លោកបានប្រាប់វិទ្យុអាស៊ីសេរីថា លោកត្រូវបានអាជ្ញាធរវៀតណាម ប្រើប្រាស់ហិង្សា វាយលោកពេលចាប់ខ្លួន ហើយពេលលោកជាប់ក្នុងពន្ធនាគារ វៀតណាម បានប្រើប្រាស់វិធីគំរាមកំហែងគ្រប់រូបភាពដើម្បីឲ្យលោកឈប់ហ៊ានងើបឡើងទាមទារ
សិទ្ធិសេរីភាពជាជនជាតិដើម។
លោក ថាច់ រីន បន្តទៀតថា ទោះបីវៀតណាមចាប់លោកដាក់ពន្ធនាគារ ដើម្បីគំរាមលោកឲ្យឈប់ធ្វើសកម្មភាពទាមទារសិទ្ធិជនជាតិដើមក្ដី ប៉ុន្តែលោកនឹងមិនបាក់ស្បាត ហើយនឹងបន្តសកម្មភាពរបស់លោកជាធម្មតា។
លោក ថាច់ រីន៖ «ការធ្វើបាបខ្ញុំ ខ្ញុំយល់ឃើញថា ខ្ញុំមិនអាចទទួលយកបានទេ។ ទង្វើរបស់ពួកវាហ្នឹង។ វាធ្វើហ្នឹងជាការសងសឹកនឹងខ្ញុំ ពីព្រោះខ្ញុំអានសៀវភៅនិងចូលនឹងសហព័ន្ធ។ ខ្ញុំមិនថយក្រោយទេ បើវាយកកាំភ្លើងមកបាញ់ខ្ញុំចោលក៏ខ្ញុំខុសចិត្តដែរ»។
បារាំងបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមទៅឲ្យវៀតណាមគ្រប់គ្រង កាលពីខែ មិថុនា ឆ្នាំ ១៩៤៩។ ចាប់តាំងពីបានគ្រប់គ្រងទឹកដីខ្មែរកម្ពុជាក្រោមមក រដ្ឋាភិបាលវៀតណាមបានប្រើប្រាស់ យុទ្ធសាស្ត្រដើម្បីបំបាត់ប្រវត្តិសាស្ត្រ អក្សរសាស្រ្ត និងប្រពៃណីខ្មែរកម្ពុជាក្រោម។ បច្ចុប្បន្នពលរដ្ឋខ្មែរក្រោមរាប់លាននាក់ រស់នៅលើទឹកដីកំណើត កំពុងទទួលរងការរើសអើង ជាទូទៅនៅវៀតណាម ដោយសារតែវៀតណាមចាត់ទុកខ្មែរក្រោមថា ជាជនជាតិខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។