សហព័ន្ធខ្មែរកម្ពុជាក្រោមថ្កោលទោសអាជ្ញាធរវៀតណាម ដែលបន្តធ្វើទុក្ខបុកម្នេញពលរដ្ឋ និងយុវជនខ្មែរកម្ពុជាក្រោម ដែលហ៊ានងើបឡើងតវ៉ាទាមទារសិទ្ធិជាជនជាតិដើម។ ប្រតិកម្មរបស់សហព័ន្ធនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរវៀតណាម បានព្យាយាមបំបែកការជួបជុំរបស់ពលរដ្ឋខ្មែរក្រោម ដែលបានប្រមូលផ្តុំគ្នាធ្វើពិធីខួប ១៥ ឆ្នាំ នៃថ្ងៃដែលអង្គការសហប្រជាជាតិបានអនុម័តសេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើម (UNDRIP) កាលពីឆ្នាំ ២០០៧។
សហព័ន្ធខ្មែរកម្ពុជាក្រោមបានធ្វើលិខិតសុំកិច្ចអន្តរាគមន៍ពីអង្គការសហប្រជាជាតិដើម្បីស្នើឲ្យអាជ្ញាធរនៃរដ្ឋាភិបាលវៀតណាមបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរកម្ពុជាក្រោមដែលកំពុងប្រើប្រាស់សិទ្ធិជាជនជាតិដើម។អនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមលោក ម៉ៅ មុន្នី ប្រាប់វិទ្យុអាស៊ីសេរីថាសហព័ន្ធស្នើឲ្យអង្គការសហប្រជាជាតិជំរុញឲ្យវៀតណាមអនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរពសិទ្ធិជនជាតិដើមដោយសារតែប្រទេសកុម្មុយនីស្តមួយនេះបានបោះឆ្នោតគាំទ្រសេចក្តីប្រកាសនេះកាលពីឆ្នាំ២០០៧៖ « យើងចង់ឲ្យអង្គការសហប្រជាជាតិផ្ញើសំបុត្រឲ្យរដ្ឋាភិបាលយួនឲ្យទទួលស្គាល់ស្អីដែលខ្លួនបានចុះហត្ថលេខានៅអង្គការសហប្រជាជាតិថាបើយើងចុះហត្ថលេខាហើយ ត្រូវតែគោរព មិនអាចហាមឃាត់ខ្មែរក្រោមគ្រាន់តែធ្វើបុណ្យអបអរសាទរប៉ុណ្ណឹង រដ្ឋាភិបាលយួនមករារាំងឬហៅយើងទៅសំឡុត»។
កាលពីថ្ងៃទី១៣ ខែកញ្ញា យុវជនខ្មែរកម្ពុជាក្រោមនៃសមាគមកូនខ្មែរដើម្បីអភិវឌ្ឍន៍បានប្រមូលផ្តុំគ្នាប្រមាណប្រមាណ១០០នាក់ធ្វើពិធីអបអរសាទរខួប១៥ឆ្នាំនៃថ្ងៃដែលអង្គការសហប្រជាជាតិដាក់ចេញអនុម័តសេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើម (UNDRIP) នៅខេត្តព្រះត្រពាំង។ ប៉ុន្តែពេលខ្មែរក្រោមពេលកំពុងតែប្រារព្ធពិធីនេះអាជ្ញាធរវៀតណាមជាច្រើននាក់បានមករំខាននិងឲ្យពលរដ្ឋខ្មែរក្រោមផ្អាកពិធីនេះដោយសំអាងថាពលរដ្ឋធ្វើពិធីនេះដោយខុសច្បាប់។ទោះបីជាយ៉ាងណាយុវជនខ្មែរក្រោមបានបន្តធ្វើពិធីនោះរហូតដល់ចប់ទើបរំសាយគ្នា។
យុវជនខ្មែរកម្ពុជាក្រោមលោក យឿង ខាយ ប្រាប់វិទ្យុអាស៊ីសេរីថាការប្រារព្ធទិវានេះដើម្បីជាប្រយោជន៍ខ្មែរក្រោមជាជនជាតិដើម។ ក្នុងទិវានេះយុវជនខ្មែរក្រោមបានចែកអំណោយដល់ពលរដ្ឋខ្មែរក្រោមដែលមានវ័យចំណាស់និងអានខ្លឹមសារនៃសេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិ។ លោក យឿង ខាយចាត់ ទុកទង្វើរបស់វៀតណាមជាការរំលោភសិទ្ធិប្រមូលផ្តុំជាពិសេសសិទ្ធិជនជាតិដើម៖ « ប្អូនយល់ថាវៀតណាមធ្វើនេះវាខុសច្បាប់ហើយសេចក្តី ប្រកាសស្តីពីសិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិវៀតណាមមិនដែលបានអនុវត្តទេ ។ ពេលពួកប្អូនអនុវត្តគាត់រារាំងគាត់ថាខុសច្បាប់គាត់មិនចង់ឲ្យជនជាតិប្រារព្ធពិធីជនជាតិដើមទេ»។
ពលរដ្ឋខ្មែរក្រោមថាអាជ្ញាធរវៀតណាមមិនទុកឲ្យខ្មែរក្រោមបានសុខនោះទេ។កាលពីថ្ងៃទី១៥ ខែកញ្ញា ក្រោយពលរដ្ឋខ្មែរក្រោមធ្វើពិធីនោះរួចមកអាជ្ញាធរវៀតណាមនៅខេត្តឃ្លាំងបានកោះហៅយុវជនខ្មែរក្រោមម្នាក់ឈ្មោះ យ៉ាញ់ មិញក្វាង ទៅសាកសួររឿងលោកពាក់អាវយឺតដាក់អក្សរថាពិធីអបអរសាទរខួប១៥ឆ្នាំ ថ្ងៃអង្គការសហប្រជាជាតិអនុម័តសេចក្ដីប្រកាសស្ដីពីសិទ្ធិជនជាតិដើម (UNDRIP)។ អាជ្ញាធរវៀតណាមបានឲ្យលោកត្រឡប់ទៅផ្ទះវិញបន្ទាប់ពីបានសាកសួរលោកអស់ជាច្រើនម៉ោងរួចមក។អង្គការសហប្រជាជាតិបានអនុម័តសេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើមកាលពីឆ្នាំ២០០៧។ សេចក្តីប្រកាសនេះជាឧបករណ៍ដ៏សំខាន់មួយដើម្បីការពារសិទ្ធិជនជាតិដើម។សេចក្តីប្រកាសនេះបានដាក់ចេញនូវលក្ខខណ្ឌស្តង់ដាអប្បបរមាធានាការរស់រានមានជីវីត កិត្តិយសសុខុមាលភាពនៃជនជាតិដើមជុំវិញពិភពលោកនិងការបញ្ជាក់ឡើងវិញនូវសិទ្ធិជាមូលដ្ឋាននិងសិទ្ធិមនុស្សដែលមានស្រាប់ឲ្យស្របទៅតាមស្ថានភាពនៃជនជាតិ។ ទោះបីវៀតណាមបានព្រមទទួលយកអនុវត្តនូវសេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើមក៏ដោយក៏វៀតណាមបន្តធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោមនិងជនជាតិដើមផ្សេងទៀតដែរ។
ជុំវិញការប្រារព្ធពិធីអបអរសាទរខួប១៥ឆ្នាំនៃថ្ងៃដែលអង្គការសហប្រជាជាតិដាក់ចេញអនុម័តសេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើម (UNDRIP) នេះដែរប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមលោក ប្រាក់ សេរីវុឌ្ឍ បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថាសហព័ន្ធខ្មែរកម្ពុជាក្រោមធ្វើការតស៊ូដោយសន្តិវិធីនិងអហិង្សានៅលើឆាកអន្តរជាតិ ដើម្បីស្វែង រក «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ជូនប្រជាជាតិខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមស្របតាមច្បាប់អន្តរជាតិនិងសេចក្ដីប្រកាសស្ដីពីសិទ្ធិជនជាតិដើមដែលបានចែងនៅក្នុងមាត្រា៣ ថា៖ "ជនជាតិដើមមានសិទ្ធិស្វ័យសម្រេច"។ លោកបន្តថាតាមស្មារតីនៃសិទ្ធិនេះជនជាតិដើមធ្វើសេចក្ដីសម្រេចចិត្តអំពីស្ថានភាពនយោបាយរបស់ខ្លួនដោយសេរីនិងធ្វើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌របស់ខ្លួនដោយសេរី និងមាត្រា៤ បានចែងថា៖ "ជនជាតិដើមក្នុងការអនុវត្តសិទ្ធិស្វ័យសម្រេចរបស់ខ្លួនមានសិទ្ធិគ្រប់គ្រងដោយខ្លួនឯងឬដោយស្វ័យភាពលើបញ្ហាទាំងឡាយដែលទាក់ទងដល់កិច្ចការផ្ទៃក្នុងនិងកិច្ចការនៅមូលដ្ឋានរបស់ខ្លួនព្រមទាំងវិធីសាស្ត្រ មធ្យោបាយ ផ្សេងៗសម្រាប់ផ្តល់ហិរញ្ញវត្ថុដល់ដំណើរការស្វ័យភាពរបស់ខ្លួន"។
លោក ប្រាក់ សេរីវុឌ្ឍ បន្តថា ពលរដ្ឋខ្មែរក្រោមរាប់លាននាក់នៅដែនដីកម្ពុជាក្រោមគួរណាស់តែទទួលបាននូវសិទ្ធិជាជនជាតិដើមតែផ្ទុយទៅវិញពួកគាត់នៅតែត្រូវប្រឈមនឹងការរើសអើងពូជសាសន៍, រំលោភបំពានសិទ្ធិមនុស្ស, ធ្វើទុក្ខបុកម្នេញ, និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងព្រះពុទ្ធសាសនា។ លោកប្តេជ្ញាថាសហព័ន្ធកំពុងផ្សព្ធផ្សាយឲ្យពលរដ្ឋខ្មែរក្រោមគ្រប់រូបបានសិក្សាឈ្វេងយល់ឲ្យបានច្បាស់លាស់នូវសិទ្ធិជាមូលដ្ឋានរបស់ខ្លួនដើម្បីពួកគាត់មានសេចក្ដីក្លាហានក្នុងការប្រើប្រាស់នូវសិទ្ធិទាំងនោះហើយហ៊ានធ្វើសេចក្ដីសម្រេចចិត្តលើជោគវាសនាជាតិរបស់ខ្លួនក្នុងការ «សម្រេចវាសនាខ្លួនដោយខ្លួនឯង» នៅលើទឹកដីកម្ពុជាក្រោមដោយគ្មានការភ័យខ្លាចឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។