សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងបើកមហាសន្និបាតលើកទី១១ ដែលមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភាខាងមុខ នៅទីក្រុងហ្វីឡាដែលហ្វៀ (Philadelphia) សហរដ្ឋអាមេរិក។
មហាសន្និបាតនោះនឹងមានការបង្ហាញរបាយការណ៍ស្តីពីសកម្មភាព និងសមិទ្ធផលរបស់សហព័ន្ធចាប់តាំងពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២១ និងការបោះឆ្នោតជ្រើសរើសគណៈកម្មការនាយកថ្មី។ គណៈកម្មការនាយក ជាស្ថាប័នដឹកនាំកំពូលរបស់សហព័ន្ធ ដែលមានសមាជិកយ៉ាងតិចប្រាំពីរ (៧រូប) ដែលបានមហាសន្និបាតសកលបោះឆ្នោតជ្រើសរើសបំរើក្នុងមួយអាណត្តិបួនឆ្នាំ (៤ឆ្នាំ) ម្តង។
ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោមព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៦ ខែមីនាថា សហព័ន្ធក៏នឹងជជែកពីយុទ្ធសាស្រ្តស្វែងរកសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងឲ្យពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅក្រោមការត្រួតត្រារបស់វៀតណាម៖ «សហព័ន្ធខ្មែរកម្ពុជាក្រោមជាអង្គការជាតិតែមួយគត់របស់ខ្មែរក្រោមដើម្បីទាមទារសម្រេចវាសនាដោយខ្លួនឯង ។ ជាពិសេសធ្វើចលនាអហិង្សាលើឆាកអន្តរជាតិ ដើម្បីប្រមូលផ្តុំសហគមន៍អន្តរជាតិឲ្យជ្រាបពីស្ថានភាពពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅក្រោមនឹមអាណានិគមនិយមវៀតណាម ដែលសព្វថ្ងៃកំពុងរងការធ្វើទុក្ខបុកម្នេញ»។
សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ជាអង្គការធ្វើចលនាតស៊ូមតិដោយអហិង្សាលើឆាកអន្តរជាតិ ដើម្បីតស៊ូទាមទាមឱ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិមនុស្ស សិទ្ធិរស់នៅដោយសុវត្ថិភាព សិទ្ធិរក្សាសាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង របស់ខ្មែរក្រោម ដែលជាជនជាតិដើមនៅលើដែនដីកម្ពុជាក្រោម។ សហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវបានមហាសន្និបាតលើកទី៥ នៃខ្មែរកម្ពុជាក្រោម ពិភពលោកបង្កើតឡើងកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៩៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។