សហព័ន្ធខ្មែរកម្ពុជាក្រោមដឹកនាំប្រតិភូទៅចូលរួមសន្និសិទសេរីភាពសាសនាអន្តរជាតិនៅរដ្ឋធានីវ៉ាស៊ីនតុន នៅដើមសប្តាហ៍នេះ ដើម្បីធ្វើរបាយការណ៍ស្តីពីស្ថានភាពនៃការធ្វើទុក្ខបុកម្នេញផ្នែកសាសនាទៅលើព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលកំពុងគង់នៅលើទឹកដីកំណើត។ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមលើកឡើងថា សន្និសិទនេះជាឱកាសមាស ដើម្បីជម្រាបមេដឹកនាំសាសនាទាំងអស់នៅក្នុងកិច្ចប្រជុំនេះឲ្យស្វែងយល់ពីការប្រវត្តិនៃការប្រតិបត្តិសាសនារបស់ព្រះសង្ឃខ្មែរក្រោម និងពលរដ្ឋខ្មែរក្រោមផង។
សន្និសិទសេរីភាពអន្តរសាសនានឹងចាប់ផ្តើមពីថ្ងៃទី៣១ មករា ដល់ថ្ងៃទី១ កុម្ភៈ នៅរដ្ឋធានីវ៉ាស៊ីនតុន។ សន្នីសិទលើកទីបីនេះ រៀបចំឡើងដោយ គណៈកម្មការសេរីភាពអន្តរសាសនារបស់សហរដ្ឋអាមេរិក(United States Commission on International Religious Freedom) ដើម្បីបង្កើតឲ្យមានក្រុមអង្គការចម្រុះធ្វើការងាររួមគ្នាដើម្បីលើកតម្កើងសេរីភាពសាសនាអន្តរជាតិ និងជំរុញឲ្យមានការដឹងលឺនិងស្វែងយល់ពីសេរីភាពអន្តរជាតិ។ គណៈកម្មការសេរីភាពអន្តរសាសនារបស់សហរដ្ឋអាមេរិក ហៅកាត់ថា (USCIRF) ជាស្ថាប័នឯករាជ្យ មានតំណាងមកពីរគណបក្ស និងជាគណៈកម្មការសហព័ន្ធរដ្ឋាភិបាលអាមេរិកបង្កើតឡើង កាលពីឆ្នាំ១៩៩៨ ដើម្បីឃ្លាំមើលសិទ្ធិសេរីភាពសាសនាជាសកល និងជំនឿប្រតិបត្តិសាសនានៅក្រៅប្រទេស។ ស្ថាប័ននេះ ប្រើប្រាស់ស្តង់ដារកំរិតអន្តរជាតិ ដើម្បីឃ្លាំមើលការរំលោភសិទ្ធិសាសនាសកលលោក និងផ្តល់អនុសាសន៍បង្កើតគោលនយោបាយឲ្យប្រធានាធិបតីអាមេរិក និងរដ្ឋមន្រ្តីក្រសួងការបរទេស និងសភា។
នាយកអន្តរសាសនានៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ធីធី ធម្មោ ដឹកនាំប្រតិភូមកពីកាណាដា អូស្រ្តាលី និងសហរដ្ឋអាមេរិកទៅចូលរួមក្នុងសន្និសិទអន្តរជាតិស្តីពីសេរីភាពសាសនានេះ។ ព្រះភិក្ខុ ធីធី ធម្មោ មានថេរដីកាថា ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមនឹងជម្រាបសន្និសិទស្តីការរំលោភសិទ្ធិសេរីភាពសាសនាបង្កឡើងដោយរដ្ឋាភិបាលវៀតណាមមកលើព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោម៖
«ក្នុងពិធីប្រជុំនោះ យើងមានឱកាស។ យើងនឹងពន្យល់គេថា យើងមកពីប្រភពណា យើងកំពុងធ្វើស្អី យើងចង់បានស្អី?យើងចង់បង្ហាញថា យើងជាជនរងគ្រោះ។ ព្រះសង្ឃខ្មែរក្រោម និងព្រះពុទ្ធសាសនាខ្មែរក្រោមត្រូវបានរដ្ឋាភិបាលហ្នឹងជាន់ឈ្លឺរាល់ពេល រាល់ថ្ងៃ ប៉ុន្មានមិនបានពិភពលោកហ្នឹងយកចិត្តទុក្ខដាក់ដឹងឮ»។
ព្រះអង្គបន្តថា ក្រៅពីការជំរាបជូនមេដឹកនាំសាសនា ដែលចូលរួមក្នុងសន្និសិទសេរីភាពសាសនាដោយផ្ទាល់មាត់ សហព័ន្ធផ្តល់របាយការណ៍និងប្រវត្តិប្រតិបត្តិសាសនារបស់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនៅលើទឹកដីកំណើត ដើម្បីឲ្យមេដឹកនាំសាសនាយល់កាន់តែច្បាស់អំពីពលរដ្ឋខ្មែរកម្ពុជាក្រោម៖
«ចុងក្រោយគឺយើងសំណូមពរឲ្យអង្គប្រជុំទាំងមូលហ្នឹងពិនិត្យឡើងវិញ ពិសេស ក្រសួងការបរទេស ជួយឃ្លាំមើលឲ្យបានដិតដល់ថែមទៀតសកម្មភាពរបស់រដ្ឋាភិបាលយួនកំពុងប្រព្រឹត្តមកលើពលរដ្ឋខ្មែរក្រោម»។
សន្និសិទសេរីភាពសាសនាអន្តរជាតិធ្វើឡើងក្រោយពេលក្រសួងការបរទេសអាមេរិក បានដាក់ប្រទេសវៀតណាមក្នុងបញ្ជីឃ្លាំមើលជាប្រទេសរំលោភសិទ្ធិសាសនាធ្ងន់ធ្ងរ។
កាលពីពេលថ្មីៗ នេះ គណៈកម្មការសេរីភាពអន្តរសាសនារបស់សហរដ្ឋអាមេរិក ក៏បានស្នើឲ្យរដ្ឋាភិបាលវៀតណាមកុំធ្វើទុក្ខបុកម្នេញ ការប្រតិបត្តិសាសនារបស់ពលរដ្ឋខ្មែរក្រោម។ គណៈកម្មការសេរីភាពអន្តរសាសនាបានស្នើឲ្យរដ្ឋាភិបាលអាមេរិកអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម កុំបំផ្លាញសាលាឆទានរបស់ពលរដ្ឋក្រោម ដែលបានកសាងសម្រាប់គោរពសាសនា និងជាកន្លែងបង្រៀនអក្សរខ្មែរឲ្យក្មេងជំនាន់ក្រោយនៅខេត្តលង់ហោរ។
អាជ្ញាធរវៀតណាមកាលពីពេលថ្មីៗ នេះ ក៏បានគាបសង្កត់សមាគមព្រះសង្ឃខ្មែរក្រោមនៅឃ្លាំងកុំឲ្យទទួលស្គាល់សាមណេរ យឿង ខាយ ដែលសកម្មធ្វើការងារផ្នែកសិទ្ធិមនុស្ស និងសិទ្ធិស្វ័យសម្រេច។ អាជ្ញាធរវៀតណាមព្រមានថា ប្រសិនបើវត្តណា ហ៊ានឲ្យកន្លែងគង់នៅដល់សាមណេរ យឿង ខាយ វត្តនោះនឹងត្រូវរងវិធានការតាមផ្លូវច្បាប់។ ទោះបីជាយ៉ាងណាក្ដី សាមណេរ យឿង ខាយ កំពុងបន្តគង់នៅវត្តមង្គលបុរីទ្រនំសេក នៅឡើយទោះបីមានការគំរាមកំហែងក្តី។ ទោះជាសហរដ្ឋអាមេរិក និងសហព័ន្ធខ្មែរកម្ពុជាក្រោម រកឃើញការរំលោភសេរីភាពសាសនារបស់ខ្មែរក្រោមក៏ដោយ ក៏វៀតណាមនៅតែបដិសេធ។
របាយការណ៍សិទ្ធិមនុស្សសកលឆ្នាំ២០២៣ របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ (HRW) ចេញ កាលពីពេលថ្មីៗ រកឃើញថា វៀតណាមរឹតត្បិតសេរីភាពសាសនា។ (Human Rights Watch) រកឃើញថា រដ្ឋាភិបាលវៀតណាមបន្តធ្វើទុក្ខបុកម្នេញ និងរើសអើងជាប្រព័ន្ធលើសហគមន៍ខ្មែរក្រោម។ រដ្ឋាភិបាលវៀតណាម ក៏តែងតែជ្រៀតជ្រែកក្នុងប្រតិបត្តិការផ្ទៃក្នុងរបស់ពុទ្ធសាសនិកខ្មែរក្រោម និងចង់ត្រួតត្រាពួកគេ បង្អាក់ការអប់រំជាភាសាខ្មែរ និងឃ្លាំមើលជាលក្ខណៈស្អប់ខ្ពើមលើមេដឹកនាំសហគមន៍ខ្មែរក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។