មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស និងតំណាងសហគមន៍ដីធ្លីខេត្តកោះកុង រិះគន់អាជ្ញាធរខេត្តនេះ ដែលបញ្ជាសមត្ថកិច្ចរារាំងពួកគាត់ មិនឱ្យជួបជុំគ្នាពិភាក្សារកដំណោះស្រាយវិបត្តិដីធ្លី។ ការរិះគន់នេះ គឺក្រោយពីនគរបាល និងមន្ត្រីអាវុធប្រមាណ ៦នាក់ បានហាមតំណាងពលរដ្ឋជាង ១០នាក់ ក្នុងចំណោមពលរដ្ឋជិត ២០០គ្រួសារ មិនឱ្យជួបពិភាក្សាគ្នា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ដោយលើកហេតុផលថា ហាមមិនឱ្យពលរដ្ឋប្រមូលផ្តុំគ្នាគាំទ្រលោក សម រង្ស៊ី វិលចូលស្រុក។
តំណាងសហគមន៍ដីធ្លីជាង ១០នាក់ ក្នុងចំណោមពលរដ្ឋជិត ២០០គ្រួសារ (១៩៧) រស់នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង រិះគន់ខ្លាំងៗ ចំពោះសមត្ថកិច្ចខេត្តនេះថា មានចេតនាបំបិទសិទ្ធិសេរីភាពពលរដ្ឋផ្ទុយពីរដ្ឋធម្មនុញ្ញ។ ពួកគេអះអាងថា ទង្វើសមត្ថកិច្ចបែបនេះជារូបភាព គំរាមកំហែងពលរដ្ឋស្លូតត្រង់ មិនឱ្យជួបពិភាក្សារកដំណោះស្រាយជម្លោះដីធ្លី ដែលច្បាប់បានអនុញ្ញាត។
តំណាងពលរដ្ឋ លោក ឆាន់ ឈឿន ឱ្យដឹងនៅថ្ងៃទី៨ វិច្ឆិកា ថា សមត្ថកិច្ចបានទៅថតរូប និងណែនាំពួកគេមិនឱ្យជួបពិភាក្សារឿងនយោបាយ និងគាំទ្រលោក សម រង្ស៊ី ជាដាច់ខាត។ លោកអះអាងថា សមត្ថកិច្ចបានគំរាមចាប់ខ្លួនពលរដ្ឋដាក់គុក ប្រសិនបើពួកគេមិនអនុវត្តតាមការណែនាំរបស់សមត្ថកិច្ចនោះទេ។ លោកថា ក្រុមពលរដ្ឋជាង ១០នាក់ តំណាងឱ្យពលរដ្ឋ១៩៧ គ្រួសារ បានមកជួបជុំគ្នានៅផ្ទះអ្នកភូមិម្នាក់ ជាមួយមន្ត្រីអាដហុក ក្នុងបំណងពិភាក្សាដោះស្រាយវិបត្តិដីធ្លី ពុំមែនជួបជុំពិភាក្សាជជែករឿង លោក សម រង្ស៊ី វិលចូលស្រុកទេ។ លោកចាំថា សមត្ថកិច្ចខេត្តនេះ តែងតែឃ្លាំមើពួកគេ និងរារាំងជាច្រើនលើកមកហើយ នៅពេលដែលពលរដ្ឋជួបជុំគ្នា៖ «គេអត់ឱ្យសហគមន៍ជួបជុំទេ គេខ្លាចថា សហគមន៍និយាយពីរឿងបក្សពួក។ ខ្ញុំយល់ថា ជាការគំរាមកំហែងបិទសិទ្ធិសេរីភាពប្រជាជន ហើយកាលដែលប៉ូលិសទៅដល់គឺ គាត់ថត អត់មានការអនុញ្ញាតពីម្ចាស់ផ្ទះ។ គាត់និយាយថា មិនឱ្យប្រមូលផ្តុំ គឺបិទសិទ្ធិសេរីភាព»។
អាស៊ីសេរីបានព្យាយាមទាក់ទង នាយប៉ុស្តិ៍នគរបាលឃុំជីខលើ ហេង សេស ដើម្បីសុំការអធិប្បាយរឿងនេះ តែលោកថា ទូរស័ព្ទស្ដាប់មិនឮ។
ចំណែកអភិបាលស្រុកស្រែអំបិល លោក ជា ចាន់កញ្ញា បដិសេធថា សមត្ថកិច្ចមិនបានរារាំង ក្រុមពលរដ្ឋជួបជុំគ្នា ជាមួយមន្ត្រីសង្គមស៊ីវិលទេ។ លោកថា សមត្ថកិច្ចមូលដ្ឋានគ្រាន់តែសួរនាំ ពីមូលហេតុនៃការជួបជុំ ពុំមែនគំរាមកំហែង និងរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋដូចការចោទប្រកាន់ទេ៖ «មានទៅរារាំងអីណាគ្រាន់តែសួរ ពីមូលហេតុ តើការចួបជុំហ្នឹងធ្វើអ្វី មានអ្វី ? អាជ្ញាធរមួយរូប បើសិនជាថ្នាក់ដឹកនាំ សួរថា មានការចួបជុំហេតុអ្វី ហើយយើងសមត្ថកិច្ចជំនាញឆ្លើយបំភ្លឺអត់បាន មិនខុសពីតួនាទីភារកិច្ច»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc)ខេត្តកោះកុង លោក ប៊ី វ៉ាន់នី អះអាងថា សមត្ថកិច្ចបានហាមពលរដ្ឋមិនឱ្យផ្តិតមេដៃ គាំទ្រ ការវិលត្រឡប់របស់លោក សម រង្ស៊ី និងគំរាមចាប់ដាក់គុក ប្រសិនបើពលរដ្ឋមិនស្ដាប់ការណែនាំរបស់សមត្ថកិច្ច។ លោកពន្យល់ថា ពលរដ្ឋមានសិទ្ធិជួបជុំគ្នាពិភាក្សា សមត្ថកិច្ចគ្មានសិទ្ធិរារាំង និងហាមឃាត់នោះទេ។ លោកថា ការរារាំង និងហាមមិនឱ្យពលរដ្ឋជួបជុំ គឺជាទង្វើរំលោភសិទ្ធិមនុស្ស និងគំរាមកំហែងពលរដ្ឋផ្ទុយពីច្បាប់ជាតិ និងអន្តរជាតិ៖ «ជាការគំរាមកំហែង សិទ្ធិសេរីភាពពលរដ្ឋ បង្ហាញថា អាជ្ញាធរមូលដ្ឋាន មិនមានឆន្ទៈក្នុងការដោះស្រាយដីធ្លីជូនពលរដ្ឋ។ អាជ្ញាធរមិនបានបំពេញកាតព្វកិច្ចការពារសិទ្ធិសេរីភាព ឬសុវត្ថិភាពពលរដ្ឋទេ។ យើងឃើញថា ប៉ូលិសពីមុនៗមក ក៏គាត់ធ្វើអ៊ីចឹងដែរ សូម្បីតែពលរដ្ឋចេញពីភូមិក៏សួរនាំឡានដែរ»។
មន្ត្រីសង្គមស៊ីវិលបន្ថែមថា នគរបាល និងមន្ត្រីអាវុធហត្ថ បានហាមពលរដ្ឋមិនឱ្យជួបជុំដាច់ខាត អំឡុងខែវិច្ឆិកានេះ ដែលលោកចាត់ទុកថា ទំនងជាហាមពលរដ្ឋមិនឱ្យគាំទ្រការវិលត្រឡប់ របស់ លោក សម រង្ស៊ី។ លោកថា តំណាងពលរដ្ឋ និង រូបលោក នៅតែបន្តពិភាក្សាគ្នាដដែល បើទោះបីជាសមត្ថកិច្ច និងក្រុមពលរដ្ឋបានប្រកែកគ្នាខ្លាំងៗ ទាក់ទិនករណីនេះយ៉ាងណាក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។