ពលរដ្ឋមានជម្លោះដីធ្លីប្រមាណ ៨រយ (៨៤៩) គ្រួសារ រស់នៅស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកបុទុមសាគរ ខេត្តកោះកុង នាំគ្នាប្រារព្ធទិវាសិទ្ធិមនុស្សខួបលើកទី៧២ តាមសហគមន៍រៀងខ្លួនៗរបស់ពួកគាត់ ដើម្បីបង្ការការជំងឺឆ្លងកូវីដ១៩។ ត្បិតមិនអាចជួបជុំគ្នាក្នុងចំនួនច្រើននាក់ដូចឆ្នាំមុនបានក៏ដោយ ប៉ុន្តែពួកគាត់សរសេរសារនានាបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដោយស្នើអាជ្ញាធរបញ្ឈប់ការប្រើប្រព័ន្ធតុលាការ គាបសង្កត់ពលរដ្ឋក្រីក្រ និងពន្លឿនដំណោះស្រាយបញ្ហាដីធ្លីដែលនៅសេសសល់។
តំណាងសហគមន៍មានជម្លោះដីធ្លី លោក ឈឹម សាផាន ប្រាប់អាស៊ីសេរីនៅថ្ងៃទី៩ ធ្នូ ថា ពលរដ្ឋជាង៨រយគ្រួសារក្នុងស្រុកចំនួនបីនៅខេត្តកោះកុង ដែលមិនទាន់ទទួលបានដំណោះស្រាយ នាំគ្នាលើកបដា និងសារនានា នៅតាមភូមិឃុំពួកគាត់រស់នៅ ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ។
លោកបន្តថា ការប្រារព្ធទិវាសិទ្ធិមនុស្ស នៅតាមសហគមន៍នីមួយៗ ក្នុងពេលតែមួយនេះ គឺធ្វើទៅតាមការការអំពាវរបស់ក្រសួងសុខាភិបាល ដែលតម្រូវមិនឲ្យមានការជួបជុំគ្នា លើសពី២០នាក់ ដើម្បីបង្ការជំងឺឆ្លងកូវីដ១៩ ដែលកំពុងឆ្លងរាលដាលចូលក្នុងសហគមន៍ ។ លោកបញ្ជាក់ថា សារសំខាន់មួយ ដែលពលរដ្ឋលើកឡើងក្នុងទិវានេះ ហើយបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក គឺ « បញ្ឈប់ការប្រើប្រព័ន្ធតុលាការ គាបសង្កត់លើកសិករនិងសកម្មជនដីធ្លី»។
តាមរយៈសារមួយនេះ លោកសង្ឃឹមថា អាជ្ញាធរខេត្តកោះកុង និងក្រសួងដែនដីសហការគ្នា ចុះដោះស្រាយបញ្ចប់វិវាទដីធ្លីរវាងពលរដ្ឋជាមួយក្រុមហ៊ុនស្ករអំពៅ ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ និងក្រុមហ៊ុនចិនយូឌីជី (UDG) ដោយផ្ដល់សំណងឬគោលនយោបាយដោះដូរដីធ្លីជូនប្រជាពលរដ្ឋ៖ «យើងចង់បង្ហោះសារមួយចំនួនខ្លីថា ដីរបស់ពួកខ្ញុំមិនទាន់ដោះស្រាយនៅឡើយទេ ក្រុម៨៣៤គ្រួសារ ក្រុម១២៩ និងក្រុមមួយចំនួនទៀត។ លោកជំទាវអភិបាល គាត់បាននិយាយថា នឹងចុះមកពិនិត្យហើយដោះស្រាយជូន តែអត់ឃើញ។ អ៊ីចឹង ! យើងធ្វើសារទៅកាន់គាត់ឲ្យគាត់ដឹង។ បើអត់ទេ ថ្ងៃ២២ ពួកខ្ញុំនឹងឡើងទៅកោះកុងទៀត ដើម្បីជួបគាត់ផ្ទាល់ បើគាត់មិនឲ្យជួប មិនដឹងទេ»។
ទាក់ទងរឿងនេះ អភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង អំពាវនាវឲ្យពលរដ្ឋដែលប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅពេលនេះ យកចិត្តទុកដាក់ក្នុងកិច្ចការពារជំងឺកូវីដ១៩ ដែលឆ្លងចូលសហគមន៍។ អ្នកស្រីបន្តថា រដ្ឋបាលសាលាខេត្តកោះកុង នៅតែបន្តដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយគោរពទៅតាមសេចក្ដីសម្រេចរបស់ក្រសួងដែនដី៖ «ជំងឺកូវីដ១៩ កំពុងមានផ្ទុះអ៊ីចឹង សូមឲ្យគាត់មានការប្រុងប្រយ័ត្ន។ ចំពោះករណីនេះ រដ្ឋបាលខេត្តក៏បានធ្វើរបាយការណ៍ទៅថ្នាក់ជាតិហើយ។ ហើយក៏មានការសម្រេចហើយអស់ដែរ។ សូមបងប្អូនគោរពទៅតាមការសម្រេចរបស់រដ្ឋាភិបាល ព្រោះយើងបានស្រាវជ្រាវទៅលើករណីជាក់ស្ដែងអស់ហើយដែរ»។
អ្នកសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន សង្កេតឃើញថា នៅសល់ពលរដ្ឋរាប់រយគ្រួសារទៀត ដែលមិនទាន់ទទួលបានដំណោះស្រាយពីអាជ្ញាធរ និងក្រុមហ៊ុននៅឡើយ។ លោកយល់ថា ការមិនព្រមដោះស្រាយបញ្ចប់ជម្លោះជូនប្រជាពលរដ្ឋឲ្យដាច់ស្រេចនេះហើយ គឺបង្កឲ្យពលរដ្ឋចេញតវ៉ាមិនឈប់ឈរ ទាំងនៅមុខសាលាខេត្តកោះកុង និងនៅក្រសួងដែនដី ក្នុងរាជធានីភ្នំពេញ។
លោកយល់ថា អាជ្ញាធរខេត្ត និងក្រសួងដែនដី គួរសហការគ្នារកដំណោះស្រាយសមរម្យផ្ដល់ជូនពលរដ្ឋ ដើម្បីកុំឲ្យមានសកម្មភាពចេញតវ៉ាតទៅទៀត ខណៈការឆ្លងជំងឺកូវីដ១៩ កំពុងរាលដាលតាមសហគមន៍៖ «អាជ្ញាធរខេត្ត ក្រសួងដែនដី និងក្រសួងបរិស្ថាន គួរតែបង្ហាញឆន្ទៈឲ្យបានខ្ពស់ធ្វើមិចឲ្យប្រជាពលរដ្ឋមានការជឿទុកចិត្ត ដោះស្រាយជម្លោះរបស់ពួកគាត់។ អ្វីដែលខ្លួនឯងសន្យាហើយមានការដោះស្រាយឲ្យបានទៅ។ កាលជម្លោះទាំងអស់ត្រូវដោះស្រាយ ជជែកគ្នាដោយភាពស្មោះត្រង់ ខ្ញុំគិតថា ប្រជាពលរដ្ឋនឹងបញ្ឈប់ការតវ៉ាហើយ។ គ្មានអ្នកណាចង់ឡើងតវ៉ាទៀត ហើយចំពោះការគេចវេះ ការបដិសេធ ការរារាំង ការគំរាមកំហែង វាមិនមែនជាដំណោះស្រាយទេ»។
ជម្លោះដីធ្លីនៅស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកបុទុមសាគរ ខេត្តកោះកុង បានបណ្ដាលឱ្យពលរដ្ឋរាប់រយគ្រួសារ ធ្លាក់ខ្លួនក្រីក្រ បាត់បង់មុខរបរ ធ្វើស្រែចម្ការលើដីខ្លួន។ អ្នកខ្លះ អះអាងថា បានជំពាក់បំណុលធនាគារ រហូតដល់គ្មានលទ្ធភាពសង ហើយចំណាកស្រុកទៅធ្វើការនៅទីក្រុង និងប្រទេសថៃ ខណៈ ក្មេងៗ ក្នុងសហគមន៍ភាគច្រើន បោះបង់ការសិក្សា ដើម្បីចេញតវ៉ាទាមទារដីធ្លី ជាមួយឪពុកម្ដាយ ជាដើម។
ពលរដ្ឋបញ្ជាក់ជំហរថា ប្រសិនបើមិនមានដំណោះស្រាយទេ ពួកគាត់នឹងប្រមូលផ្ដុំគ្នានៅមុខសាលាខេត្តកោះកុងជាថ្មីទៀត ដើម្បីស្នើឲ្យអភិបាលខេត្តផ្ដល់ដំណោះស្រាយណាមួយ ដែលពួកគាត់អាចទទួលយកបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។