ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិ​ការងារ

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាច្រើន បាន​ចេញ​លិខិត​រួមគ្នា​នៅ​ថ្ងៃ​ទី​១៨ ធ្នូ ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កែប្រែ​ស្ថានភាព​សិទ្ធិ​ការងារ​ឱ្យ​បាន​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន។ ក្រុម​សង្គម​ស៊ីវិល​ពិនិត្យ​ឃើញ​ថា សិទ្ធិ​ការងារ និង​សិទ្ធិ​សហជីព មាន​ចំណុច​ជាច្រើន​ដែល​ត្រូវ​កែ​លម្អ ដើម្បី​ឱ្យ​ស្រប​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ។

អង្គការ សមាគម និង​សហជីព​ជាតិ និង​អន្តរជាតិ​ជិត​៤០ ស្ថាប័ន ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​វិសោធនកម្ម​​មាត្រា​​មួយ​​ចំនួន​​នៃ​​ច្បាប់​​សហជីព ដែល​ព្រឹទ្ធសភា​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​៩ ធ្នូ​កន្លង​ទៅ។ ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ពិនិត្យ​ឃើញ​ថា ការ​កែប្រែ​ច្បាប់​នោះ​ធ្វើឡើង​ដោយ​មិន​ស្រប​តាម​បទដ្ឋាន​សិទ្ធិ​ការងារ​អន្តរជាតិ ហើយ​ត្រូវ​បាន​អនុម័ត​ដោយ​គ្មាន​ការពិគ្រោះ​យោបល់​ពិត​ប្រាកដ និង​គ្រប់​ជ្រុងជ្រោយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នោះ​ឡើយ។

ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមគ្នា​នេះ រួមមាន អង្គការ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) អង្គការ​វេទិកា​អាស៊ី (Forum-Asia) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) សមាគម​អាដហុក (ADHOC) អង្គការ​លីកាដូ (LICADHO) អង្គការ​សង់ត្រាល់ (CENTRAL) សហព័ន្ធ​សហជីព​កម្ពុជា (CATU) សហជីព​ស៊ីខៅឌូ (C.CAWDU) ព្រមទាំង​អង្គការ សមាគម និង​សហជីព​ជាច្រើន​ផ្សេងទៀត។

ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ទាំងនេះ កត់សម្គាល់​ថា វិសោធនកម្ម​នេះ​មិន​ប្រសើរ​ណាស់ណា​ជាង​ច្បាប់​មុន​នោះ​ឡើយ ព្រោះ​មិន​បាន​កំណត់​ឱ្យ​ច្បាស់​អំពី​បញ្ហា​ដែល​កើត​ឡើងជា​ប្រព័ន្ធ​។ ផ្ទុយទៅវិញ វិសោធនកម្ម​ច្បាប់​សហជីព​នេះ កាន់តែ​ដាក់​គំនាប​លើ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​របស់​កម្មករ ដោយសារតែ​ការ​កំហិត​យ៉ាង​ធ្ងន់ធ្ងរ​លើ​សេរីភាព​សហជីព និង​សិទ្ធិ​នៃ​ការ​ចងក្រង និង​ចរចា​ជា​សមូហភាព។

អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​ទេ នៅ​ថ្ងៃ​ទី​១៨ ធ្នូ ដោយ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នក​ទទួល​។ ទោះជា​យ៉ាងណា ក្រុមប្រឹក្សា​ធម្មនុញ្ញ​ប្រកាស​ថា វិសោធនកម្ម​ច្បាប់​សហជីព​នឹង​ត្រូវ​ស្ថាប័ន​កំពូល​មួយ​នេះ​លើក​យក​ទៅ​ត្រួតពិនិត្យ​ធម្មនុញ្ញភាព​នៅ​ថ្ងៃ​ទី​១៩ ធ្នូ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថ្លែង​ថា សហជីព​ឯករាជ្យ​បាន​ស្នើ​កែប្រែ​ចំនួន ​១៦មាត្រា ក៏ប៉ុន្តែ​រដ្ឋាភិបាល​ទទួល​យក​តែ​ ១០មាត្រា​​ប៉ុណ្ណោះ ហើយ ​១០មាត្រា​​នោះ​​ទៀត​​សោត រដ្ឋាភិបាល​មិន​បាន​ទទួលយក​អនុសាសន៍​ទាំងឡាយ​របស់​ក្រុម​សហជីព​ឡើយ​។ លោក​យល់​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​សហជីព​នេះ ហាក់​ធ្វើឡើង​ដើម្បី​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ ព្រោះ​ការ​គាប​សង្កត់​​ទាំង​ឡាយ​​លើ​​សហជីព និង​សិទ្ធិ​ការងារ​នោះ នៅតែ​មិន​ទាន់​ដក​ចេញ​នៅ​ឡើយ៖ « គេ​បាន​ឱ្យ​យើង​ធ្វើ​មែន ក៏ប៉ុន្តែ​នៅ​ក្នុង​ការចូលរួម​ពិគ្រោះ​យោបល់​ហ្នឹង អាច​និយាយ​ថា ជា​ការ​បង្គ្រប់​កិច្ច​ក៏​បាន​​ដែរ​។ ឧទាហរណ៍​យើង​ដាក់​ ១៦មាត្រា ​ដើម្បី​ស្នើសុំ​ធ្វើ​វិសោធនកម្ម អ៊ីចឹង​មានតែ​ ១០មាត្រា​​ទេ ដែល​គេ​យក​ទៅ​ពិនិត្យ ហើយ​ ១០មាត្រា​​ហ្នឹង យើង​ក៏​ស្នើ​បញ្ចូល ឧទាហរណ៍​ថា កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឬក៏​មន្ត្រីរាជការ​មាន​សិទ្ធិ​បង្កើត​សហជីព​តាមច្បាប់​អន្តរជាតិ តែ​ខាង​ក្រសួង និង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មិន​បាន​ដាក់បញ្ចូល​មន្ត្រី​រាជការ ឬក៏​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បង្កើត​សហជីព​បានទេ ដែល​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ»។

លោក​បញ្ជាក់​ថា ទោះជា​វិសោធនកម្ម​ច្បាប់​សហជីព​អាច​នឹង​ចូល​ជា​ធរមាន​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​ក៏ដោយ ក៏​ខាង​សហជីព និង​អង្គការ​អន្តរជាតិ​នានា នៅតែ​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​កែប្រែ​ច្បាប់​នេះ​បន្ត​ទៀត​ដែរ ដើម្បី​ឱ្យ​ស្រប​នឹង​បទដ្ឋាន​អន្តរជាតិ​ទាក់ទង​នឹង​សិទ្ធិ​ការងារ។

ក្រៅពី​រឿង​វិសោធនកម្ម​ច្បាប់​សហជីព​នេះ ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ក៏បាន​កត់សម្គាល់​អំពី​ការ​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​មេដឹកនាំ​សហជីព និង​អ្នកតស៊ូ​មតិ​រឿង​សិទ្ធិ​ការងារ​ផង​ដែរ​។ ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា នៅមុន និង​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៨ អ្នកតស៊ូ​មតិ​រឿង​សិទ្ធិ​ការងារ ថ្នាក់ដឹកនាំ​សហជីព និង​កម្មករ​ដែល​ជាស​កម្ម​ជន បាន​ក្លាយ​ជា​គោលដៅ​នៃ​ការ​យាយី​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​។ ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​បន្ត​ទៀត​ថា ពួកគេ​នៅតែ​បារម្ភ​អំពី​ការ​វិវឌ្ឍ​ដ៏​តិចតួច​ក្នុង​ការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ប្រឆាំង​នឹង​មេដឹកនាំ​សហជីព​​មូលដ្ឋាន បើ​ទោះ​រដ្ឋាភិបាល​បាន​បោះជំហាន​ទៅមុខ​ក្នុង​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ​បែប​ប្រឌិត​លើ​មេដឹកនាំ​សហជីព​ធំៗ​មួយ​ចំនួន​ក៏ដោយ​។ ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ យល់ថា លទ្ធផល​នៃ​ការគាបសង្កត់​នេះ គឺ​ដើម្បី​បំបិទ​មតិ​រិះគន់ និង​មតិ​ឯករាជ្យ ព្រមទាំង​ពង្រីក​ការភ័យខ្លាច​ក្នុងចំណោម​កម្មករ​ដែល​មានគំនិត​ផ្ទុយ មិន​ឱ្យ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថ្លែង​ថា មក​ដល់​ពេល​នេះ បណ្ដឹង​ប្រឆាំង​ថ្នាក់ដឹកនាំ​សហជីព​ទើបតែ​ដោះស្រាយ​បាន​ប្រមាណ​១០ភាគរយ ប៉ុណ្ណោះ ក្រៅ​ពី​នេះ​មិន​ដឹង​ថា នឹង​ចប់​ពេលណា​នោះ​ទេ​។ លោក​ថា បញ្ហា​នេះ​គឺជា​ឧបសគ្គ​ដល់​ការ​បំពេញ​មុខងារ​របស់​ថ្នាក់ដឹកនាំ​សហជីព​ក​ក្នុង​ការ​ជួយ​ការពារ​ផលប្រយោជន៍​កម្មករ៖ «អ្នកខ្លះ​អាច​បញ្ចប់ អ្នកខ្លះ​ទៀត​នៅ​បន្ត​នីតិ​ធី អ្នកខ្លះ​ទៀត​កាត់​ឱ្យ​ជាប់ឃុំ អ្នកខ្លះ​ទៀត​កាត់​ឱ្យ​ព្យួរទោស ប៉ុន្តែ​វា​នៅតែ​ជាប់​អ៊ីចឹង​។ ប៉ុន្តែ​វា​នៅ​បាន​តិច​នៅឡើយ បើ​យើង​មើល​ពី​ដំណើររឿង​ដែល​បាន​ដោះស្រាយ​ទាំងអស់ ហើយ​ដូចជា កម្មករ​ដែល​ត្រូវ​បាន​បញ្ឈប់ ហើយ​ឱ្យ​ចូល​ធ្វើការ​វិញ ឬក៏​ថ្នាក់ដឹកនាំ​សហជីព​ផ្សេងៗ​ហ្នឹង គឺថា​អត់​មានបាន​អ្នកណា​ចូល​ធ្វើការ​វិញ ពេល​យើង​ប្តឹង​ទៅ​នោះ​ទេ​។ រឿង​ហ្នឹង​វា​នៅតែ​ញាំញី​ទៅ​នឹង​សេរីភាព​សហជីព ដែល​ធ្វើ​ឱ្យ​ខាង​សហជីព​ហ្នឹង​ដូចជា ជាប់ដៃ​ជាប់​ជើង​ពី​ការ​រឹត​បន្តឹង​ផ្នែក​ច្បាប់ ធ្វើ​ឱ្យ​ខ្លួន​ហ្នឹង​មិន​អាច​ដឹកនាំ​កម្មករ​ក្នុង​ការ​ចរចា តវ៉ា​ទាមទារ​អ្វី​ជា​លក្ខណៈ​ទូលាយ​ដូច​លើក​មុន​ទេ​។ វា​នៅតែ​មាន​លក្ខណៈ​ចង្អៀត និង​មាន​លក្ខណៈ​ប្រយ័ត្នប្រយែង​ដែល​ជា​ឧបសគ្គ​ច្រើន​មែនទែន»។

ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ពិតប្រាកដ គ្រប់​ជ្រុងជ្រោយ និង​មាន​តម្លាភាព​អំពី​វិសោធនកម្ម​ច្បាប់​សហជីព​ដែល​ត្រូវ​បាន​ស្នើ​ឡើង ដើម្បី​ឱ្យ​ស្រប​ទៅ​តាម​បទដ្ឋាន​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​អន្តរជាតិ​។ ជាមួយ​គ្នា​នេះ ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​គ្មាន​មូលដ្ឋាន​ប្រឆាំង​នឹង​មេដឹកនាំ​សហជីព កម្មករ និង​អ្នកតស៊ូ​មតិ​សិទ្ធិ​ការងារ ព្រមទាំង​បញ្ឈប់​រាល់​ទម្រង់​នៃ​ការ​យាយី​លើ​ពួកគេ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។