អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ឬហៅកាត់ថា អង្គការលីកាដូ (LICADO) នៅថ្ងៃទី២០ វិច្ឆិកា ចេញផ្សាយ របាយការណ៍មួយរកឃើញថា ការបញ្ចាំខ្លួនដោះបំណុល និងការកេងប្រវ័ញ្ចលើកម្លាំងពលកម្មកុមារនៅតែបន្តកើតមាននៅក្នុងវិស័យសិប្បកម្មឡឥដ្ឋ ខណៈអាជ្ញាធរអសកម្មក្នុងការដោះស្រាយ។ សង្គមស៊ីវិលបារម្ភពីសុខភាព និងអនាគតកុមារបន្ទាប់ពីឪពុកម្ដាយរបស់ពួកគេ បង្ខំឱ្យកូនឈប់រៀនដើម្បីងាកមួយជួយរកប្រាក់ដោះបំណុល។
ការជំពាក់បំណុលរបស់កម្មករឡឥដ្ឋមួយចំនួនកំពុងរុញច្រានឱ្យកូនៗ របស់ពួកគេរងនូវការរំលោភបំពានសិទ្ធិកុមារពីសំណាក់ម្ចាស់សិប្បកម្មឡឥដ្ឋទាំងមិនដឹងខ្លួន។បញ្ហានេះធ្វើឱ្យកុមារមួយចំនួនប្រឈមនឹងជំងឺ និងបោះបង់ការសិក្សាចោល។
របាយការណ៍របស់អង្គការលីកាដូមានចំណងជើងថា «ចំណងក្នុងឡឥដ្ឋ ឱកាសដើម្បីបញ្ឈប់ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារនៅសិប្បកម្មឡឥដ្ឋនៅកម្ពុជា» រកឃើញសិប្បកម្មផលិតឥដ្ឋចំនួន ២១ទីតាំងនៅក្នុងខេត្តកណ្ដាល និងរាជធានីភ្នំពេញ រំលោភលើសិទ្ធិកុមារ។ លើសពីនេះមានកម្មករឡឥដ្ឋចំនួន ១០នាក់បានបញ្ជាក់ថា ពួកគេបានបញ្ចាំខ្លួនដើម្បីដោះបំណុល ហើយដោយសារតម្លៃឥដ្ឋថោក និងប្រាក់ចំណូលទាបផងនោះជំរុញឱ្យពួកគេបង្ខំចិត្តយកកូនៗទើបតែអាយុ៩ឆ្នាំមកធ្វើការរកប្រាក់ដើម្បីជួយដោះបំណុល។
របាយការណ៍ដដែលបង្ហាញថា វិបត្តិកូវីដ១៩ បានធ្វើឱ្យវិស័យសំណង់ និងចលនទ្រព្យធ្លាក់ចុះដែលជាហេតុនាំឱ្យតម្រូវការឥដ្ឋធ្លាក់ចុះផងដែរ។ ចំណែកប្រាក់ឈ្នួលទាបមិនឆ្លើយតបទៅនឹងតម្រូវការជីវភាពរបស់កម្មករបានធ្វើឱ្យកម្មករមួយចំនួនខ្ចីលុយពីម្ចាស់សិប្បកម្មឡឥដ្ឋ ហើយពួកគេត្រូវធ្វើការដើម្បីដោះបំណុល កម្មករខ្លះទៀតបានផុងខ្លួនក្នុងបំណុល ដោយសារការប្រាក់កើនឡើង ដែលបញ្ហានេះធ្វើឱ្យមានការកេងប្រវ័ញ្ចកម្លាំងពលកម្មទៅលើកុមារកាន់តែកើនឡើងជាបន្តបន្ទាប់។ ជាងនេះទៀត ម្ចាស់សិប្បកម្មមួយចំនួនបានផ្ទេរកម្មករឱ្យទៅធ្វើការដោះបំណុលពីកន្លែងមួយទៅកន្លែងមួយចំនួនទៀត រហូតដល់ដោះបំណុលរួច។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ វិច្ឆិកា ថា គោលបំណងនៃការចេញរបាយការណ៍នេះ គឺដើម្បីជំរុញរដ្ឋាភិបាល និងភាគីពាក់ព័ន្ធឱ្យបញ្ឈប់ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារនៅក្នុងវិស័យសិប្បកម្មឡឥដ្ឋ។ លោកកត់សម្គាល់ថា អាជ្ញាធរមិនបានជួយដោះស្រាយ និងទប់ស្កាត់ការរំលោភបំពានសិទ្ធកុមារនៅក្នុងសិប្បកម្មឡឥដ្ឋឡើង ដោយបណ្ដាលឱ្យកុមារមួយចំនួនមានបញ្ហាសុខភាពដោយសារធ្វើការលើកម្លាំង។
លោក អំ សំអាត៖«អាហ្នឹងដូចគ្នាដែលប្រសិនបើគាត់ធ្វើការក្នុងឡឥដ្ឋ ហើយឡឥដ្ឋខ្លះ ឬកុមារខ្លះ ដែលគាត់ប្រឹងប្រែងក្នុងការធ្វើការហើយឪពុកម្ដាយគិតតែអំពីកូនឱ្យជួយធ្វើការ អាហ្នឹង អាចពួកគាត់អាចនឹងបោះបង់ការសិក្សា ដើម្បីធ្វើការងារសម្រាប់ពួកគាត់ អាហ្នឹងវាប៉ះពាល់ដល់ការអភិវឌ្ឍជាតិទៅថ្ងៃក្រោយទៀត ប្រសិនបើគាត់មិនបានចូលសាលា»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ដើម្បីសុំការបកស្រាយជំរុញកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារនៅក្នុងវិស័យសិប្បកម្មឡឥដ្ឋបានទេនៅថ្ងៃទី២០ វិច្ឆិកា ។
កាលឆ្នាំ ២០១៩ កន្លងទៅក្រសួងការងារធ្លាប់បានដាក់ចេញនូវវិធានការហាមឃាត់ដាច់ខាតរាល់ទម្រង់នៃការកេងប្រវ័ញ្ចពលកម្មកុមារ និងការបង្ខំឱ្យកុមារធ្វើការ ដើម្បីដោះស្រាយបំណុល ។ ក្រសួងការងារធ្លាប់ព្រមាន ប្រសិនបើម្ចាស់ ឬនាយកសិប្បកម្មផលិតទាំងឡាយណាខកខានអនុវត្តតាមការណែនាំនឹងត្រូវទទួលរងការផាកពិន័យ ឬអាចឈានទៅដល់ការបិទអាជីវកម្ម ឬអាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ។ ទោះជាបែបនេះក្ដី ក៏បច្ចុប្បន្នការកេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារនៅបន្តកើតមានដដែល។
ក្រៅពីការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារឱ្យធ្វើការក្នុងសិប្បកម្មឡឥដ្ឋហើយនោះ របាយការណ៍ដដែលក៏បានរកឃើញដែលថា កន្លែងសិប្បកម្មឡឥដ្ឋមួយចំនួនបានដុតកម្ទេចកំណាត់ខោអាវធ្វើជាចំហេះដើម្បីដុតឥដ្ឋដែលធ្វើឱ្យកម្មករ កុមារ និងស្ត្រីមានផ្ទៃពោះ ប្រឈមនឹងបញ្ហាសុខភាពជាច្រើនដូចជា បញ្ហាជំងឺផ្លូវដង្ហើម ការឈឺក្បាល និងជំងឺផ្សេងទៀត ព្រមទាំងប៉ះពាល់ដល់បរិស្ថានផងដែរ។ អង្គការលីកាដូ បង្ហាញថា កម្ទេចកំណាត់សំលៀកបំពាក់ម៉ាក់យីហោលំដាប់អន្តរជាតិចំនួន ១៩ម៉ាក បានលក់ឱ្យទៅសិប្បកម្មឡឥដ្ឋ។ ក្នុងចំណោម ម៉ាក់យីហោសំលៀកបំពាក់ទាំង១៩ក្រុមហ៊ុន អង្គការលីកាដូបានដាក់លិខិតទៅក្រុមហ៊ុនចំនួន១៦ ដើម្បីស្នើឱ្យម្ចាស់ក្រុមហ៊ុនបញ្ឈប់ និងទប់ស្កាត់ការនាំយកកម្ទេចកំណាត់ទាំងនោះទៅឱ្យសិប្បកម្មឡឥដ្ឋ ។ ប៉ុន្តែគិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា មានក្រុមហ៊ុនចំនួនតែ០៦ ប៉ុណ្ណោះដែលបានឆ្លើយតប និងសន្យាកែប្រែ។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២០ វិច្ឆិកា ។
ទាក់ទិនបញ្ហានេះកម្មករឡឥដ្ឋនៅស្រុកមុខកំពូល ខេត្តកណ្ដាល លោកស្រី ចាន់ សុធា ឱ្យអាស៊ីសេរីដឹងថា នៅក្នុងសិប្បកម្មឡឥដ្ឋលោកស្រីធ្វើការគឺដុតកម្ទេចកំណាត់ និងអង្កាម ដែលធ្វើឱ្យលោកស្រីឈឺក្បាល វិលមុខជាញឹកញាប់។ លោកស្រីបន្តថា ក្នុងមួយថ្ងៃលោកស្រីអាចរកប្រាក់ចំណូលបាន១ម៉ឺន៥ពាន់រៀល ។ លោកស្រីថា ដោយសារជីវភាពគ្រួសារក្រីក្រ និងគ្មានជម្រើសទើបលោកស្រីតស៊ូធ្វើការនៅសិប្បកម្មឡឥដ្ឋបន្តទៀត បើទោះជាទទួលបានប្រាក់ឈ្នួលថោកក៏ដោយ។ លោកស្រីបន្ថែមថា កត្តាប្រាក់ឈ្នួលទាបនេះហើយបានបង្ខំឱ្យលោកស្រីធ្វើការលើសកម្លាំង និងប្រឈមនឹងជំងឺប្រចាំកាយជាច្រើន ហើយពេលខ្លះមានកូនស្រីអាយុ១២ឆ្នាំបានមកជួយរុញរទេះលោកស្រី។
លោកស្រី ចាន់ សុធារី៖«មានបញ្ហាតើទៅជាធ្វើទុកក្រពះ ក្រពះឈឺហ្មងឥឡូវនេះងាកៗ ថ្នាំៗ រហូតហ្នឹងជួនកាលធ្វើការមិនទៀងទាត់ហូបបាយហូបទឹកអ៊ីចឹងធ្វើហួសកំណត់ដូចថាម៉ោង ១២ថ្ងៃ ដល់ ១ម៉ោងជាង។ អ៊ីចឹង យើងចង់បានលុយចេះតែធ្វើលើសម៉ោង។ យើងធ្វើម៉ោង១០ ម៉ោង ១១ថ្ងៃ។ យប់មិនបានទេ អាហ្នឹងគេរាប់វារាប់រយឥដ្ឋ។ មួយរយឥដ្ឋ គេឱ្យយើង ៥ពាន់រៀល»។
មន្ត្រីអង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលចាត់វិធានការលើម្ចាស់សិប្បកម្មឡឥដ្ឋទាំងឡាយណាដែលរំលោភបំពានលើសិទ្ធកុមារ និងជំរុញឱ្យរដ្ឋាភិបាលទប់ស្កាត់ការបញ្ចាំខ្លួនដើម្បីដោះបំណុលនៅក្នុងវិស័យសិប្បកម្ម ។ ពួកគាត់លើកឡើងថារដ្ឋាភិបាលអាចជួយកម្មករទាំងនោះបានតាមរយៈការលើកកម្ពស់វិស័យការងារនៅក្នុងស្រុក និងរៀបចំឱ្យកម្មករនៅតាមសិប្បកម្មឡឥដ្ឋទទួលបាន របបបេឡាសន្តិសុខសង្គម ឬ ប.ស.ស ដើម្បីជួយគាំពារសុខភាពរបស់ពួកគាត់ ។ ជាងនេះទៅទៀតរដ្ឋាភិបាលត្រូវតែមានវិធានការច្បាប់រឹតរឹងទៅលើម្ចាស់ក្រុមហ៊ុនផលិតសំលៀកបំពាក់ណាដែលចែកចាយកម្ទេចកំណាត់សំលៀកបំពាក់ឱ្យទៅសិប្បកម្មឡឥដ្ឋ បើមិនដូច្នេះទេ កម្មករ និងពលរដ្ឋនៅជុំវិញសហគមន៍នឹងរងគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរដោយសារការដុតកម្ទេចកំណាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។