ប្រធាន​​សមាគម​​សេដ្ឋកិច្ច​ក្រៅ​​ប្រព័ន្ធនៅក្រុង​​ប៉ោយប៉ែត​ ត្រូវ​​បាន​​បញ្ជូន​​ទៅ​​ឃុំខ្លួន​​នៅ​​ស្នងការ​​ខេត្តបន្ទាយមានជ័យ​ដោយ​សារ​​ចុះស្រង់​​ឈ្មោះ​​ពលរដ្ឋក្រីក្រ​

0:00 / 0:00

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ (Adhoc)​ ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា សំណូមពរ​ឲ្យ​សមត្ថកិច្ច​ដោះលែង​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធនៅ​ក្រុង​ប៉ោយប៉ែត​លោក កង ណាកន ពី​ព្រោះ​ការ​ចុះស្រង់ស្ថិតិ​សមាជិក​របស់​សមាគម​ខ្លួន​ដើម្បី​អាច​ទទួល​បាន​អំណោយ​សប្បុរសធម៌ពី​អង្គការ​អ៊ុកស្វាម​គឺគ្មាន​ទោសពៃរ៍នោះឡើយ។ លោកបន្តថា មុន​ចាប់​ខ្លួន​បញ្ជូន​ទៅឃុំខ្លួននៅស្នងការខេត្ត​សមត្ថកិច្ច​គួរ​ពិនិត្យ​ករណី​នេះ​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិនថាតើ​សកម្មភាព​នោះនាំឲ្យ​ប៉ះពាល់ឬញុះញង់​ធ្វើឲ្យ​ចលាចល​សង្គម​ដែរ​ឬទេ៖ «ទាក់ទង​នឹង​ការ​ចោទប្រកាន់ ប្រសិន​បើ​ពួកគាត់ គ្រាន់តែ​យក​ឈ្មោះ​ផ្តល់​ឲ្យ​អ៊ុកស្វាម IDEA នៅទីស្នា​ក់​ការ​កណ្តាល​ក្រុងភ្នំពេញ ដើម្បី​បាន​អំណោយ​ចែកដល់​សមាជិក​របស់​ខ្លួន​នៅ​តំបន់​ក្រហម​ គឺគួរ​តែ​ជួយ​លើក​ទឹកចិត្តដល់​ពួកគាត់ ដែលចេះ​រក​ជំនួយ ជួយ​រំលែក​ដល់​រដ្ឋាភិបាល​ ដូច្នេះ​គឺ​គ្មាន​បទ​ល្មើស​ទេ ​ព្រោះ​គាត់ចូលរួម​សង្គម​យ៉ាង​សស្រាក់​សស្រាំ»។

ប្រធាន​សមាគម​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ប្រាប់​អាស៊ីសេរី​ថា​ដោយ​ឃើញ​ស្ថានភាព​ពលរដ្ឋ​ដែល​ប្រកបរបរ​ក្រៅ​ប្រព័ន្ធ​រួមមាន ​អ្នក​រើស​អេត​ចាយ​និង​កម្មករ​អូស​រទេះ​ ឬ​ លីសែងនៅ​តំបន់​ប៉ោយប៉ែតកំពុងជួប​បញ្ហា​ខ្វះស្បៀង​អាហារទើប​អង្គការ​អ៊ុកស្វាមតម្រូវ​ឲ្យ​លោក​ កង ណាកន ដែល​តំណាង​សមាគមនៅ​តំបន់​ប៉ោយប៉ែតចុះស្រង់​ស្ថិតិ​ឈ្មោះ​របស់​ពួកគេ​៖ «ហេតុ​ផល កាល​ពី​សប្តាហ៍​មុន គា​ត់បាន​ដើរ​ធ្វើកម្ម​វិធី​សប្បុរសធម៌ ​ព្រោះ​យើង​បាន​ជំនួយ​ពី​អង្គការ​អ៊ុកស្វាម គឺ​រៀ​បចំ​ផ្ទេរសាច់​ប្រាក់ ដល់សមាជិក​សមាគម​ក្រីក្រ រ​ង​ផលប៉ះពាល់​នៃ​កូវីដ១៩​ នៅ​ក្រុង​ប៉ោយ​ប៉ែត។ អញ្ចឹង​ហើយគាត់ ដើរស្រ​ង់​ឈ្មោះ លេខ​អត្ត​ស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ញ្ញាប័ណ្ណ លេខទូរស័ព្ទ ​ព្រោះ​អ៊ុកស្វាម​តម្រូវ​ការ​​​​​​​​​​​​​​​​​​​​​​​​​​អញ្ចឹង​ ដើម្បី​ឲ្យផ្ញើលុយ​ទៅ​ឲ្យ​ពួកគេ​នៅ​មូលដ្ឋាន »

ប្រធាន​សមាគម​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធរូប​នេះបន្តថា អង្គការ​អ៊ុកស្វាមកាលពី​ឆ្នាំ២០២០​ក៏បាន​ជួយ​ឧបត្ថម្ភ​ដល់​សមាគមរបស់​លោកដើម្បី​យក​ទៅចែកចាយ​ដល់​ពលរដ្ឋ​ក្រីក្រ​ដែល​រងផ​​ល​ប៉ះពាល់​ដោយ​សារវិបត្តិកូវីដ១៩ នេះ ក៏​ប៉ុន្តែ​លោកមិន​បាន​បញ្ជាក់ពីចំនួន​ទឹក​ប្រាក់​ប៉ុន្មាន​នោះដែរ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អធិការ​ស្តីទី​ក្រុង​ប៉ោយប៉ែត​លោក ប៊ន សីហា ​និង​ស្នងការ​ខេត្ត​បន្ទាយមានជ័យលោក សិត ឡោះ បានទេ កាលពីយប់​ថ្ងៃទី១១ ​ខែឧសភា ដោយទូរស័ព្ទ​ហៅចូល​ជា​ច្រើ​ន​ដងគ្មាន​អ្នក​ទទួល។ អាស៊ីសេរី ​ក៏មិន​អា​ច​សុំការ​បំភ្លឺពីអ្នក​ទទួល​ខុសត្រូវ​នៃ​អង្គការ​អ៊ុកស្វាម (Oxfam) អ្នកស្រី លឹម សុលីន ដែលបាន​ស្នើឲ្យ​ប្រធាន​សមាគម​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​នៅ​ក្រុង​ប៉ោយប៉ែត​លោក កង ណាកន ចុះស្រង់​ស្ថិតិចំនួន​អ្នកក្រីក្រ​នៅតំបន់​ប៉ោយប៉ែតបាន​ដែរ​ដោ​យ​សារ​គ្មាន​អ្នក​លើក​ទូរស័ព្ទ។

កូនប្រុសលោក កង ណាកន ឈ្មោះ លោក កង គឹមអេង អាយុ​២៩ឆ្នាំ ដែលបានទៅ​ជួប​ឳពុក​មុន​ត្រូវ​បាន​អាជ្ញាធរ​ប៉ោយប៉ែតដឹកឡាន​ចេញ​កាលពី​ម៉ោង​ប្រមាណ១១​យប់ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថាអធិការ​ស្តីទី​ក្រុង​ប៉ោយប៉ែតលោក ប៊ន សីហា ប្រាប់​ថា​យក​ឳពុក​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​និមិត្តចំនួន ១៤ ថ្ងៃសិន មុនអនុញ្ញាត​ឲ្យវិលត្រឡប់​មក​ផ្ទះ​វិញ។ក៏ប៉ុន្តែ​ឳពុក​វិញ​បាន​ផ្តាំ​ផ្ញើឲ្យ​មើល​ប្អូនៗ​ព្រោះ​ត្រូវ​បាន​គេចាប់​បញ្ជូន​ទៅ​ស្នង​ការ​ខេត្តដោ​យ​សារ​ចុះ​ស្រង់​ឈ្មោះ​អ្នក​ក្រីក្រ៖«ពីល្ងាច​មិញ​ខ្ញុំបាន​ទៅ​ជួប​គាត់។ ប៉ូលិស​ប្រាប់​ថា បញ្ជូន​ប៉ាទៅ​ធ្វើចត្តាឡីស័ក​នៅ​និមិត្ត ក្មួយ​កុំ​ឲ្យ​បារម្ភ ខ្ញុំឆ្ងល់ថា​ ហេតុអ្វី​បាន​ដក​ទូរស័ព្ទ​ប៉ា​អស់​រលីង​អញ្ចឹង។ ប៉ុន្តែ​ប៉ា​ប្រាប់​ខ្ញុំ​ថា​ គេបញ្ជូន​គាត់​ទៅ​ខេត្ត​ហើយ​ឲ្យគាត់​ឲ្យ​ខ្ញុំមើល​ប្អូនៗ​ឲ្យ​ល្អ ប៉ាដើរ​ផ្លូវនេះ គឺដឹងថា ​នឹង​អាច​មាន​បញ្ហា ​ព្រោះ​ប៉ា​ទៅ​កត់​ឈ្មោះ​ចែក​អំណោយ​គេហ្នឹង​ឯង »

មន្រ្តីសិទ្ធិ​មនុស្ស​លោក​ ស៊ុំ ច័ន្ទគា ​​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធដោះលែង​លោក កង ណាកន វិញ ​ព្រោះ​សមាជិក​អង្គការ​សមាគម​ក្រៅ​រដ្ឋាភិបាល​រូប​នេះពុំបាន​ធ្វើខុស​ច្បាប់​អ្វី​ទេ។លោក​បន្ថែម​ថា អាជ្ញាធរ​​គួរ​តែ​ងាក​ទៅ​រឿង​​​​ផ្ដល់​ស្បៀងអាហារ ​ជូន​ដល់​ពលរដ្ឋ​ នៅ​តំបន់​បិទ​ខ្ទប់​​ឱ្យ​បាន​ដល់​ដៃ​គ្រប់ៗគ្នា និង​ឱ្យ​បាន​ទាន់​ពេល​វេលា ជា​ពិសេស​ក្រុម​កម្មករ​ អ្នក​រត់​ម៉ូតូឌុប​ ​​រាប់​ពាន់​គ្រួសារ​នៅ​សង្កាត់​ប៉ោយប៉ែត ដើម្បី​​ជួយ​សង្គ្រោះ​អាយុ​ជីវិត​​ពួកគាត់​​អំឡុង​ពេល​​​​នេះ។​ លោក​ក៏បញ្ជាក់​ថា ក្នុង​គ្រា​មាន​អាសន្ន​នេះ​ ​ពលរដ្ឋ​ដែល​មាន​ជីវភាព​តោកយ៉ាកនៅតំបន់ប៉ោយប៉ែត​ ពួកគាត់​វេទនា​ជាងគេ​ ​ដោយសារ​​ពួកគាត់​គ្មាន​ការងារ​ធ្វើ​ បណ្ដាល​មក​ពី​វិបត្តិ​ជំងឺ​កូវីដ​១៩​ ហើយក៏​មិន​អាច​ចេញ​​ក្រៅ​តំបន់​ក្រហម​ក្នុងអំឡុង​ពេល​នេះ​បាន​ឡើយ​៕​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។