លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យដឹងថា បច្ចុប្បន្នកម្ពុជា មានអ្នកជាប់ពន្ធនាគារជាង ៣ម៉ឺននាក់ក្នុងនោះជាង ៥០% ពាក់ព័ន្ធនឹងគ្រឿងញៀន។
ការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ធ្វើឡើងក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) តាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី១៥ ខែមីនា។លោក ស ខេង ក៏បានទទួលស្គាល់ពីបញ្ហាចង្អៀនណែនក្នុងពន្ធនាគារហើយថាក្រសួងមហាផ្ទៃកំពុងយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមដើម្បីដោះស្រាយនិងកំពុងពិចារណាដោះលែងអ្នកឃុំខ្លួនស្រាលៗ មួយចំនួនដោយរង់ចាំនីតិវិធីរបស់តុលាការ។
ក្នុងជំនួបនេះដែរ លោក សខេង ឱ្យដឹងតាមទំព័រហ្វេសប៊ុករបស់លោកថាលោកក៏បានលើកឡើងពីបញ្ហាជនភៀសខ្លួនដោយបញ្ជាក់ថាក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញាជនភៀសខ្លួនកម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកាតព្វកិច្ចរបស់ខ្លួនលើជនភៀសខ្លួន ម៉ុងតាញ៉ា ដែលបានឆ្លងដែនចូលមកកម្ពុជា និងកំពុងស្វះស្វែងរកប្រទេសទី៣ សម្រាប់ពួកគេទៅរស់នៅ។ លោក បន្តថា កម្ពុជាក៏បានសហការជាមួយអង្គការ យូអិន អេច្ចស៊ីអរ (UNHCR) ដើម្បីសម្រួលការងារដល់ជនភៀសខ្លួនណាដែលចង់វិលត្រឡប់ទៅភូមិកំណើតវិញ៕