ក្រសួងព័ត៌មានហៅអ្នកសារព័ត៌មានអនឡាញ (Online) ណែនាំឱ្យធ្វើការប្រកបដោយវិជ្ជាជីវៈ។ ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីមានបញ្ជាពីលោក ហ៊ុន សែន ឱ្យហៅអ្នកសារព័ត៌មានអនឡាញ (Online) ទាំងអស់យកទៅអប់រំ។ អ្នកជំនាញខាងសារព័ត៌មានយល់ឃើញថា ការណែនាំអ្នកសារព័ត៌មានពីវិជ្ជាជីវៈជារឿងល្អ ប្រសិនបើជាការណែនាំមិនបង្គាប់បញ្ជាឱ្យអ្នកសារព័ត៌មានធ្វើនេះធ្វើនោះប៉ះពាល់ដល់ការអនុវត្តសិទ្ធិសេរីភាពការងាររបស់ពួកគេ។
ក្រសួងព័ត៌មានបានកោះហៅអ្នកសារព័ត៌មានទាំងអស់មកណែនាំ អប់រំពីវិជ្ជាជីវៈ និងក្រមសីលធម៌ភ្លាមៗ ក្រោយពីមានបញ្ជាពីនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ បញ្ជារបស់លោក ហ៊ុន សែន នេះធ្វើឡើងបន្ទាប់ពីលោកខឹងនឹងអ្នកសារព័ត៌មាន ធីវី.ហ្វេសប៊ី (TVFB) ម្នាក់បានប្រើកាយវិការ និងពាក្យសំដីមិនសមរម្យទៅកាន់បុរសម្នាក់នៅក្នុងពេលចូលយកព័ត៌មានគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វា កាលពីពេលថ្មីៗនេះ។ លោក ហ៊ុន សែន ថា ការធ្វើបែបនេះជារឿងមិនត្រឹមត្រូវឡើយ។
អ្នកសារព័ត៌មានពលរដ្ឋម្នាក់ គឺលោក កង រ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៩ ខែមករាថា លោកសប្បាយចិត្តនៅពេលក្រសួងចេះគិតគូរពីអ្នកសារព័ត៌មានបែបនេះ។ លោកបន្តថា ប៉ុន្តែក្រសួងត្រូវពិនិត្យមើលដែលថា បើអ្នកសារព័ត៌មានទាំងនោះពួកគាត់ធ្វើទៅតាមវិជ្ជាជីវៈហើយ មិនគួរណាយកពួកគាត់ទៅណែនាំទៀតទេ ព្រោះវាអាចប៉ះពាល់ដល់សេរីភាពការបំពេញការងារ របស់ពួកគាត់៖
«បើហៅទៅដោយមានការបង្គាប់បញ្ជាបន្ថែមអឺរឹតបន្តឹងទៅអ្នកសារព័ត៌មានខ្ញុំមិនគាំទ្រទេបាទ អ្នកសារព័ត៌មានមានវិជ្ជាជីវៈហើយ បើសិនការហៅទៅដោយមិនប្រក្រតីណាមួយ វាអាចជាការបន្ថែម ឬរឹតបន្តឹងអីផ្សេងៗខ្ញុំដូចជាមិនសូវពេញចិត្តទេបាទ»។
វិទ្យុអាស៊ីសេរីនៅមិនអាចទាក់ទង អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៩ ខែមករា។ ប៉ុន្តែ លោកបានប្រាប់វិទ្យុបារាំងអន្តរជាតិថា ការអញ្ជើញអ្នកសារព័ត៌មានមកណែនាំនេះមិនមែនជាការគំរាមកំហែងទេ។
ជុំវិញរឿងនេះនាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី យល់ឃើញថា ការណែនាំអ្នកសារព័ត៌មានអំពីវិជ្ជាជីវៈ មានវគ្គបណ្ដុះបណ្ដាល គឺជារឿងល្អ ប៉ុន្តែបើជាកាណែនាំបង្គាប់បញ្ជាឱ្យអ្នកសារព័ត៌មានធ្វើនេះធ្វើនោះអាចប៉ះពាល់ដល់ការអនុវត្តសិទ្ធិសេរីភាពក្នុងការបំពេញការងាររបស់ពួកគាត់៖
«សម្រាប់ក្រសួងគួរតែពិនិត្យអំពីលទ្ធភាពនៃការចូលរួមនៅក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលផ្សេងៗ ឬមួយក៏ផ្ដល់កិច្ចសហការជាមួយស្ថាប័ន អង្គការ សមាគម ផ្សេងៗក្នុងការផ្ដល់វគ្គបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មានហើយសម្រាប់អ្នកសារព័ត៌មានខ្លួនឯងគួរតែពង្រឹងការយល់ដឹងបន្ថែមទៀតនូវការអនុវត្តអំពីវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ការគោរពក្រមសីលធម៌ឱ្យបានម៉ត់ចត់ដើម្បីធានាអំពីការកាត់បន្ថយជាអវិជ្ជមានទៅដល់កេរ្តិ៍ឈ្មោះទៅដល់សេចក្ដីថ្លៃថ្នូរអ្នកសារព័ត៌មានហ្នឹង»។
ចំណែកមន្ត្រីសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យី សុខសាន្ត លើកឡើងថា បើក្រសួងព័ត៌មានយល់ថា ការដែលអ្នកសារព័ត៌មានអនឡាញ (Online) គ្មានវិជ្ជាជីវៈមកអប់រំចុះហេតុអីកន្លង មកក្រសួងព័ត៌មានចេញអាជ្ញាប័ណ្ណឱ្យអ្នកសារព័ត៌មានទាំងនេះ។ លោកបន្តទៀតថា សព្វថ្ងៃនេះមាន អ្នកសារព័ត៌មានអនឡាញជាច្រើននាក់ណាស់ ដែលតាំងខ្លួនជាចាងហ្វាង ជាអ្នកកាត់ក្ដីហើយប្រើពាក្យអសុរោះលើសង្គមស៊ីវិល ប៉ុន្តែក្រសួងបែរជាមិនមានវិធានការទៅលើពួកគេឡើយ៖
«នេះជាទស្សនៈរបស់ខ្ញុំដែលខ្ញុំមើលឃើញអ៊ីចឹងដែរបាទ ក្រសួងផ្ដល់នូវបច្ចេកវិទ្យាថ្មីតាមរយៈការបង្រៀនដើម្បីឱ្យពួកគាត់ទទួលបាននូវចំណេះដឹងដូចប្រទេសគេដទៃទៀត ហើយអឺក្រសួងគួរតែអនុវត្តទៅលើវិធានការផ្ដល់នូវសិទ្ធិសេរីភាពដែលមានចែងក្នុងរដ្ឋធម្មនុញ្ញល្អជាងយកពួកគាត់ទៅអប់រំ»។
មាត្រ៤១នៃច្បាប់រដ្ឋធម្មនុញ្ញបានចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពក្នុងការបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបជុំ។
សង្គមស៊ីវិលយល់ថា ក្រសួងព័ត៌មានគួរតែធ្វើការងារដោយឯករាជ្យកុំចាំតែមានការបញ្ជា ឬមើលបំណាំមេដឹកនាំ ដែលបង្ហាញឱ្យឃើញថា ក្រសួងកំពុងបញ្ជាក់ថាអសមត្ថភាពក្នុងការបម្រើការងារជូនប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។