លោក ម៉ុង ឬទ្ធី ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​៨​មីនា​ជូន​អ្នក​ភូមិ​បាត់​បង់​ជម្រក

លោក​ឧកញ៉ា ម៉ុង ឬទ្ធី ផ្តល់​ជូន​លំនៅឋាន និង​ការងារ ព្រម​ទាំង​អាហារ​ហូប​ចុក​ដល់​អ្នក​ភូមិ​កែវផុស ដែល​ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បំផ្លាញ​ផ្ទះ និង​ដំណាំ​របស់​ពួក​គាត់ ក្រោយ​ចាញ់​ក្ដី​លោក​ឧកញ៉ា ជៀម ផែន នាយក​ក្រុមហ៊ុន​ស្រាបៀ​លីអូ។ លោក​ថា ខួប​ទី១០២ នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​នេះ លោក​ក៏​បាន​រៀបចំ​ពិធី​ជប់លៀង​ជូន​អ្នក​ភូមិ​កែវផុស ដោយ​ផ្តល់​ជូន​ម្ហូប​អាហារ និង​ចែក​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ដល់​ពួក​គាត់។

0:00 / 0:00

លោក​ឧកញ៉ា ម៉ុង ឬទ្ធី សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន និង​ជា​ម្ចាស់​ចម្ការ​ដូង​ប្រេង​ដ៏​ធំ​នៅ​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី៨ ខែ​មីនា បាន​ធានា​ផ្តល់​ជម្រក និង​ការងារ​ជូន​អ្នក​ភូមិ​កែវផុស បើ​ពួក​គាត់​ព្រម​ទទួល​យក​ទឹក​ចិត្ត​សប្បុរស​របស់​លោក។

ការ​សន្យា​ផ្តល់​ជូន​នេះ បន្ទាប់​ពី​លោក​មើល​ឃើញ​ទុក្ខ​លំបាក​អ្នក​ភូមិ​កែវផុស នៅ​ស្រុក​ស្ទឹងហាវ ចំនួន ២១​គ្រួសារ ដែល​ផ្ទះ​សម្បែង​ត្រូវ​បំផ្លាញ​ដោយ​អំណាច​សាលក្រម​របស់​តុលាការ​ខេត្ត​ព្រះសីហនុ ហើយ​ពួក​គាត់​គ្មាន​ជម្រក គ្មាន​អាហារ និង​ដើរ​សុំ​សំចត​លើ​ដី​អ្នក​ភូមិ​ជិត​ខាង៖ «ខ្ញុំ​ចុះ​ទៅ​មូលដ្ឋាន ហើយ​ប្រជាជន​គាត់​នាំគ្នា​មក​រក​ខ្ញុំ។ ដល់​ពេល​គាត់​មក​រក​ខ្ញុំៗ​អង្វរ​គាត់​ថា ឲ្យ​ចេញ​ពី​ហ្នឹង​មក បើ​អ៊ីចឹង​ទៅ​ហើយ មក​នៅ​ផ្ទះ​ដែល​ខ្ញុំ​មាន​ស្រាប់។ ឥឡូវ​ខ្ញុំ​យក​ឡាន​១​ដឹក​ឲ្យ​ទៅ​មើល​ផ្ទះ​ដែល​ខ្ញុំ​មាន​ស្រាប់ គាត់​ចង់​មើល​ផ្ទះ​ម៉េច​អី​ម៉េច គាត់​នៅ​បាន​ដែរ​ឬ​ទេ? ឥឡូវ​គាត់​នាំគ្នា​ទៅ​ហើយ មេ​ឃុំ​ជូន​ទៅ​មើល។ បើ​គាត់​នៅ​បាន គាត់​នៅ​ទៅ ខ្ញុំ​អង្វរ​គាត់​ហើយ​អង្វរ​ទៀត​សុំ​ឲ្យ​គាត់​ចេញ​ពី​ហ្នឹង​មក កុំ​នៅ​កន្លែង​ហ្នឹង​ទៀត ព្រោះ​អី​នៅ​តំបន់​នេះ​ចាប់​ផ្ដើម​ភ្លៀង​ហើយៗ​បើ​ភ្លៀង​ខ្យល់​មក​ដូច្នេះ​ខ្លាច​ឈឺ»

តុលាការ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ សម្រេច​អនុវត្តន៍​សាលក្រម​បណ្ដោះ​អាសន្ន​ឈូស​ឆាយ​ដី​ចម្ការ និង​ដី​ភូមិ រុះរើ​ផ្ទះ​សម្បែង​អ្នក​ភូមិ​នៅ​ចំណុច​ចំរាំង ស្ថិត​ក្នុង​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ អ្នក​ភូមិ​ចំនួន ២១​គ្រួសារ កាល​ពីដើម​ខែ​មីនា នេះ។

លោក​ឧកញ៉ា ម៉ុង ឬទ្ធី ក្រៅ​ពី​បាន​ធានា​ផ្តល់​ជម្រក​ជូន​អ្នក​ភូមិ​កែវផុស លោក​ក៏​ធានា​ផ្តល់​ការងារ​ជូន​ពលរដ្ឋ​រងគ្រោះ​នៅ​ក្នុង​ក្រុមហ៊ុន​លោក​តាម​ជំនាញ​ជាក់ស្តែង​ថែម​ទៀត៖ «ទាំងអស់​ដែល​ខ្ញុំ​យក​មក សុទ្ធ​តែ​មាន​ការងារ​ធ្វើ​ទាំងអស់ ទៅ​តាម​ជំនាញ​ជាក់ស្តែង។ មិន​មែន​ធានា​តែ​មាត់​ទេ គឺ​មាន​ផ្ទះ​ឲ្យ​នៅ ហើយ​មាន​ការងារ​ឲ្យ​ធ្វើ​ទៀត។ សំខាន់ គាត់​ថា​គាត់​នៅ​ក្រាញ​ននៀល​នៅ​លើ​ទីតាំង ទាល់​តែ​បាន​ទីតាំង​ចាស់​វិញ។ ហើយ​ខ្ញុំ​ថា​កុំ​ទៅ​នៅ​លើ​ទីតាំង​ហ្នឹង​ទៀត​អី​ម៉ោៗ​កសាង​ជីវិត​ថ្មី​ទៅ។ ហើយ​យប់​ហ្នឹង​ខ្ញុំ​ធ្វើ​កម្មវិធី ៨​មីនា ជូន​ពួក​គាត់​នៅ​កែវផុស មាន​ប្រជាជន​ចូលរួម​ប្រហែល ២០០​នាក់​ដែរ។ ឲ្យ​គាត់​ចូលរួម​ចាំ​ត្រឡប់​ទៅ​ផ្ទះ​វិញ»

លោក​បន្ត​ថា អ្នក​ភូមិ​កែវផុស គួរ​ស្វែងរក​ការ​កសាង​ជីវិត​ថ្មី​ជា​ជាង​ក្រាញ​ននៀល​នៅ​លើ​ទីតាំង​របស់​ខ្លួន ដែល​ត្រូវ​បំផ្លាញ​អស់​ទៅ​ហើយ​នោះ។

អ្នក​ភូមិ​កែវផុស អះអាង​ថា មក​ទល់​ពេល​នេះ ពួក​គាត់​រស់​ទាំង​វេទនា គ្មាន​អាហារ​ហូប​ចុក គ្មាន​ជម្រក និង​ជ្រក​ក្រោម​ដើម​ឈើ​ក្នុង​ដី​ញាតិ​ជិត​ខាង​ក្បែរ​លំនៅឋាន ដែល​ត្រូវ​បំផ្លាញ​ជា​បណ្ដោះ​អាសន្ន។

តំណាង​អ្នក​ភូមិ​ទាំង ២១​គ្រួសារ បាន​រៀបរាប់​ទាំង​ក្រៀមក្រំ​ថា ក្នុង​មួយ​ប៉ប្រិច​ភ្នែក ផ្ទះ​សម្បែង និង​ដី​ចម្ការ​របស់​ពួក​គាត់​ធ្លាប់​បង្កបង្កើន​ផល​ជិត ៣០​ឆ្នាំ ត្រូវ​បាន​ឈូស​បំផ្លាញ​អស់​គ្មាន​សល់ តាម​អំណាច​សាលក្រម​បណ្ដោះ​អាសន្ន​របស់​តុលាការ​ខេត្ត​ព្រះសីហនុ ដែល​ពួក​គាត់​អះអាង​ថា គ្មាន​ភាព​យុត្តិធម៌។

កាល​ពី​ថ្ងៃ​ទី៥ ខែ​មីនា សមត្ថកិច្ច​ចម្រុះ រួម​មាន​មន្ត្រី​កង​រាជ​អាវុធហត្ថ នគរបាល និង​មន្ត្រី​យោធា​ជិត ១០០​នាក់ ប្រដាប់​ដោយ​អាវុធ និង​ដំបង​ឆក់​គ្រប់​ដៃ បាន​ដាក់​ពង្រាយ​នៅ​ភូមិ​កែវផុស ស្រុក​ស្ទឹងហាវ រង់ចាំ​ការពារ​គ្រឿងចក្រ​ចំនួន ២​គ្រឿង ឈូស​ឆាយ និង​កម្ទេច​ផ្ទះ​អ្នក​ភូមិ ដើម្បី​រឹប​អូស​យក​ដី​ទំហំ​ជិត ៤០០​ហិកតារ ប្រគល់​ឲ្យ​លោក ជៀម ផែន នាយក​ក្រុមហ៊ុន​ស្រាបៀ​លីអូ ដែល​បាន​ឈ្នះ​ក្តី​នៅ​ឆ្នាំ​២០១២ ប៉ុន្តែ​ត្រូវ​អ្នក​ភូមិ​មិន​សុខ​ចិត្ត និង​បន្ត​បណ្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍។

អ្នក​ភូមិ​ឲ្យ​ដឹង​ថា នៅ​គ្រា​សាលា​ឧទ្ធរណ៍​មិន​ទាន់​សើរើ​បណ្ដឹង​របស់​ពួក​គាត់​ផង បែរ​ជា​តុលាការ​ខេត្ត​ព្រះសីហនុ ចុះ​ទៅ​អនុវត្ត​សាលក្រម​បណ្ដោះ​អាសន្ន​របស់​ខ្លួន ផ្ទុយ​នឹង​សេចក្តី​ជូន​ដំណឹង​ឆ្នាំ​២០០៨ របស់​ប្រធាន​តុលាការ​កំពូល លោក ឌិត មន្ទីរ ដែល​ធ្លាប់​បង្គាប់​ឲ្យ​សាលា​ដំបូង​ខេត្ត-ក្រុង​ទាំងអស់ មិន​ត្រូវ​អនុវត្តន៍​សាលក្រម​បណ្ដោះ​អាសន្ន​មុន​នឹង​មាន​ការ​ជំនុំជម្រះ ឬ​សាលក្រម​ថ្មី​ចេញ​ដោយ​សាលា​ឧទ្ធរណ៍ ឬ​តុលាការ​កំពូល​នោះ​ទេ។

យ៉ាង​ណា​ក៏ដោយ លោក​ឧកញ៉ា ម៉ុង ឬទ្ធី មាន​ប្រសាសន៍​ថា លោក​មាន​ផ្ទះ​ថ្ម​សង់​រួច​ជាង ២០​ខ្នង និង​ចំណាយ​ថវិកា​សាងសង់​ជាង ២​លាន​ដុល្លារ ស្ថិត​នៅ​ស្រុក​ព្រៃនប់ ចម្ងាយ ៨​គីឡូម៉ែត្រ​ពី​លំនៅឋាន​អ្នក​ភូមិ​កែវផុស ដែល​ត្រូវ​បំផ្លាញ​អស់​ហើយ​នោះ។ លោក​សង្កត់​ធ្ងន់​ថា បើ​អ្នក​ភូមិ​ចំរាំង ស្ម័គ្រចិត្ត​ទៅ​នៅ លោក​នឹង​ចែក​បន្ទប់​ស្នាក់​ឲ្យ​ពួក​គាត់ និង​ផ្តល់​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​លោក​មាន​ការងារ​ធ្វើ​ទៅ​តាម​សមត្ថភាព​ជាក់ស្តែង៖ «ខ្ញុំ​បង្ហាញ​ទឹក​ចិត្ត​ថា ខ្ញុំ​វា​មាន​ទឹក​ចិត្ត​អាណិត​អាសូរ​គាត់​សុទ្ធ​តែ​ចាស់ៗ និង​មាន​កាយ​សម្បទា​ទ្រុឌទ្រោម​ផង ហើយ​មាន​អ្នក​ខ្លះ​មាន​កូន​ក្មេង​ផង។ ដូច្នេះ ខ្ញុំ​មិន​អាណិត​តែ​មាត់​ទេ គឺ​អាណិត និង​ព្រម​ជួយ​គាត់​ផង។ ខ្ញុំ​ត្រឡប់​ទៅ​វិញ គឺ​ខ្ញុំ​ឲ្យ​អង្ករ​គាត់ ១០​បាវ ដើម្បី​ឲ្យ​គាត់​ដាំ​បាយ​ហូប​សិន ហើយ​ខ្ញុំ​រៀបចំ​អាហារ​ឲ្យ​គាត់ ២​ពេល ដើម្បី​ឲ្យ​គាត់​ទៅ​ពិចារណា​មើល​ថា តើ​បើ​គាត់​យល់​ព្រម ខ្ញុំ​យក​ឡាន​ទៅ​ដឹក​គាត់​មក​រស់នៅ»

ទោះ​ជា​បែប​នេះ​ក្តី អ្នក​ភូមិ​កែវផុស មាន​ការ​រារែក និង​មិន​ទាន់​សម្រេច​ចិត្ត ឬ​ឆ្លើយ​តប​បែប​ណា​ទេ តប​ទៅ​សន្តាន​ចិត្ត​លោក​ឧកញ៉ា ម៉ុង ឬទ្ធី នៅ​ឡើយ ដោយ​ពួក​គាត់​ក្រាញ​ននៀល​ទាមទារ​ដី​ចម្ការ និង​លំនៅឋាន​របស់​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។