សហជីពកម្មករ និងអង្គការសង្គមស៊ីវិល​ជាង ១០០ស្ថាប័ន ចេញ​សេចក្តី​ថ្លែង​ការណ៍​​សោក​​ស្តាយ និង​រន្ធត់​​ចំពោះ​ការ​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ

0:00 / 0:00

សហព័ន្ធ​សហជីព សមាគម សហគមន៍ និងអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិជាង ១០០ស្ថាប័ន ដែល​ធ្វើ​ការ​លើ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ នៅ​ថ្ងៃ​ទី១ ខែ​កក្កដា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ សម្តែង​​ការ​​សោក​​ស្តាយ និង​​រន្ធត់ ចំពោះ​ហេតុការណ៍​​បាក់​​រលំ​​អគារ​​កម្ពស់ ៧ជាន់​របស់​ជន​ជាតិ​ចិន បណ្តាល​​ឲ្យ​​ពលរដ្ឋ​​ខ្មែរ ដែល​​​ចំណាក​​​ស្រុក​​​ពី​​​ខេត្ត​​​ឆ្ងាយៗ ទៅ​​ធ្វើ​​សំណង់​ទី​នោះ​ស្លាប់ ២៨នាក់ និងរបួស ២៦នាក់។

ក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រុម សហព័ន្ធ សហជីព សមាគម អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ធ្វើ​​ការ​​លើ​​វិស័យ​​សិទ្ធិ​​ការងារ សិទ្ធិ​​មនុស្ស អំពាវនាវដល់រដ្ឋាភិបាល វិស័យឯកជននួន៥ចំណុចសំខាន់ គឺ​ត្រូវ​ផ្អាក​ជា​បន្ទាន់​នូវ​គម្រោង​សាង​សង់​ទាំង​​​អស់​​​នៅ​​ខេត្ត​​ព្រះសីហនុ រង់ចាំ​ត្រួតពិនិត្យ​វាយ​តម្លៃ​ពី​ស្ថាប័ន​ជំនាញ ដើម្បី​​ប្រាកដ​​ថា គម្រោង​​សាង​សង់​​នីមួយៗ មាន​​ច្បាប់​​អនុញ្ញាត និង​មាន​គុណភាព​តាម​ស្តង់ដារ​សុវត្ថិភាព។

វិធានការនេះ ត្រូវតែចុះអនុវត្តចំពោះសំណង់នានា ដែលសង្ស័យថា មិនមានច្បាប់អនុញ្ញាតិ​ត្រឹម​ត្រូវ និង​សាងសង់​តាម​បទដ្ឋាន​សុវត្ថិភាព​ត្រឹមត្រូវ។ ជម្រុញឲ្យធ្វើអធិការកិច្ចជាប្រចាំឲ្យមានប្រសិទ្ធិភាព និងតម្លាភាព ដើម្បី​ពិនិត្យ​មើល​អំពី​លក្ខខណ្ឌ​សុវត្ថិភាព និតបទដ្ឋានការងាររបស់កម្មករសំណង់នៅទូទាំងប្រទេស។

ស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោសទៅតាមច្បាប់ ចំពោះអ្នកសមគំនិត ត្រូវ​ទទូល​ទោស​ដូច​អ្នក​ប្រព្រឹត្តិ​ដែរ អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​តែ​ទទួល​ខុស​ត្រូវ​លើ​គ្រោះថ្នាក់ ទទួល​ទោស​ដូច​អ្នក​ប្រព្រឹត្តិ​ផ្ទាល់​ដែរ ហើយត្រូវតាមការដ្ឋានសំណង់ និង​បញ្ឈប់​​ជា​​បន្ទាន់​នូវ​សកម្មភាព​ម់ៅការ​បន្ត ដែល​គ្មាន​អាជ្ញាប័ណ្ណ និង​ធានា ការ​​អនុវត្ត​​បទដ្ឋាន​​និយាម​​សុវត្ថិភាព​​គ្រប់​​ការដ្ឋាន​​សំណង់។

ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សុខ គីន មានប្រសាសន៍ថា ការអភិវឌ្ឍទីក្រុង ត្រូវ​តែ​គិត​ដល់​បរិស្ថាន សុខមាលភាព និងសុវត្ថិភាពសាធារណៈ ដែលទាំងនេះជាតួនាទីរបស់រដ្ឋ។ ការបំពានលើបំរាម ឬសេចក្ដី​ណែនាំ​​​អាជ្ញាធរ​មាន​សមត្ថកិច្ច គឺ​ជា​ការ​ល្មើស​ច្បាប់ ដែល​ត្រូវ​តែ​ផ្ដន្ទាទោស​យ៉ាង​តឹងរ៉ឹង អ្នក​សម​គំនិត និង​​អ្នក​​ប្រព្រឹត្តិ​​ត្រូវ​​មាន​​ទោស​​ដូច​​គ្នា។

នៅក្នុងរបាយការណ៍រួមរបស់ក្រុមអង្គការទាំងនេះ ក៏រកឃើញក្រុមហ៊ុនម៉ៅការបន្តជាច្រើន ប្រើកម្លាំងពលកម្ម​ប្រុស​ស្រី គ្មាន​ការ​ផ្ដល់​លក្ខខណ្ឌ​ការងារ​សមរម្យ បំពានសិទ្ធិជាមូលដ្ឋានរបស់កម្មករ ដែល​បាន​កំណត់​ក្នុង​ច្បាប់​ស្ដីពី​ការងារ និង​​មិន​បំពេញ​​កាត្វកិច្ច​ធានា​ខាងសុវត្ថិភាព សុខភាពកម្មករឡើយ។

ការ​ទាមទារ​សំណង៖

ក្រុមគ្រួសារជនរងគ្រោះមួយចំនួននៃហេតុការណ៍បាក់រលំអាគារចិននៅក្រុងព្រះសីហនុ បាន​ដាក់​បណ្តឹង​ទាមទារ​សំណង​ជំងឺចិត្តរួចហើយ ប៉ុន្តែគ្រួសារជនរងគ្រោះមួយចំនួនទៀត មិន​ទាន់​ដាក់​បណ្តឹង​នៅ​ឡើយ ដោយសារ​ពួក​គាត់​មិន​យល់​ដឹង​ពី​ច្បាប់។ ចំពោះករណីនេះ ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​របស់ លោក ហ៊ុន សែន ប្រកាស​ថា​ នឹង​ផ្តល់​មេធាវី​ជួយ​ដល់​គ្រួសារ​ជន​រង​គ្រោះ និង​អ្នក​ខូច​ខាត​​ទ្រព្យ​​សម្បត្តិ​​ទាំង​អស់។

គ្រួសារ​ជនរងគ្រោះ​ដែលស្លាប់និងរបួស​ លើកឡើង​ថា​ ពួកគាត់​សុទ្ធតែ​មានបំណង​ចង់​ដា​ក់​បណ្តឹង​ដើម្បី​ទាមទារ​សំណង់​ពី​ក្រុមហ៊ុន​ចិន​ និង​ទាមទារ​ឱ្យ​តុលាការ​ផ្តន្ទា​ទោស​ចំពោះ​ថៅកែជនជាតិ​ចិន​និងអ្នកពាក់ព័ន្ធមួយចំនួនទៀតតាមច្បាប់។

គ្រួសារជនរងគ្រោះមួយគ្រួសារនៅខេត្តបាត់ដំបង គឺ​អ្នក​ស្រី​ ង៉ា មុំ រៀបរាប់ថា កូន​របស់​អ្នកស្រី ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​​ស្លាប់​ ដោយសារ​ហេតុការណ៍​រលំ​បាក់​អគារ​របស់​ជន​ជាតិ​ចិន​នៅ​ក្រុង​ព្រះសីហនុ ​ដោយ​​បន្សល់​​ទុក​​​កូន​​​កំពា្រ​​​តូចៗ ចំនួន ៣នាក់។ អ្នកស្រី មាន​បំណង​ដាក់​បណ្តឹង​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ចិន ដើម្បី​ចិញ្ចឹម​ចៅ​ប្រុស​ទាំង​បី​នាក់។ ប៉ុន្តែ​អ្នកស្រី​នៅ​មាន​អារម្មរណ៍​វិលវល់​មិន​ដឹង​ថា ត្រូវ​ប្តឹង​យ៉ាង​ណា និង​ទៅ​កន្លែង​ណា​នោះ​ទេ ព្រោះ​អ្នកស្រី​មិន​ចេះ​ដឹង​ផ្លូវ​ច្បាប់។ អ្នក​ស្រី​​​បន្ត​​ថា មក​ទល់​​ពេល​​នេះ មិន​​មាន​អាជ្ញាធរ ឬ​ក្រុម​ការងារ​មេធាវី​របស់​លោក ហ៊ុន សែន សួរ​​នាំ​​ពី​​រឿង​​ប្តឹង​ផ្តល់​​នេះ​​ឡើយ៖ « ខ្ញុំ​ចង់​ឱ្យ​គាត់​ដោះស្រាយ​លើ​មេធាវី​អ៊ីចឹង​ទៅ ព្រោះ​ខ្ញុំ​ស្មុគស្មាញ​ក្នុង​ចិត្ត​មិន​ដឹង​និយាយ​អី​គិត​អី​អត់​ចេញ​ទេ។ ខ្ញុំ​ទាមទារ​សំណង​ដើម្បី​យក​ចិញ្ចឹម​ចៅ »។

(កុមារា ៣នាក់​ក្លាយ​ជា​ក្មេង​កំព្រា ក្រោយ​ពេល​ឪពុក​ម្ដាយ​​ជា​កម្មករ​សំណង់ ស្លាប់​ដោយសារ​​អគារ​បាក់​រលំ​នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ២០១៩)

មិនខុសគ្នាប៉ុន្មានឡើយ កម្មករសំណង់ដែលរងរបួស គឺលោក ភួង ផេត ឲ្យដឹងថា លោកចេះតែចាំ មើល​ផ្លូវ​មេ​ការ​សំណង់ និង​គ្រួសារ​ជនរងគ្រោះដទៃទៀតដើម្បីដាក់បណ្តឹងរួមគ្នា ដូច្នេះមកដល់ពេល នេះ​មិន​ទាន់​បាន​ដាក់​បណ្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត និង​ប្រាក់​ខែ​ពី​ក្រុមហ៊ុន​ចិន​នៅ​ឡើយ។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ផ្តល់​មេធាវី​ដល់​ជន​រង​គ្រោះ​គ្រប់ៗ គ្នា ព្រោះ​ជន​រង​គ្រោះ​ពុំ​មាន​លទ្ធភាព​ដាក់​បណ្តឹង​ដោយ​ខ្លួន​ឯង​នោះ​ទេ៖ « ដូច​ស្ងាត់​អ៊ីចឹង។ ខ្ញុំ​ឡើង​ទៅ​ខេត្ត​ព្រះសីហនុ​ដា​ក់​បណ្ដឹង​ម្នាក់ឯង​ម៉េច​កើត​ចាំ​មើល​មេការ​ហៅ​ដែរ​តែ​អត់​ឃើញ​ហៅ​មក​ផង។ ខ្ញុំ​មក​ផ្ទះ​វិញ​នៅតែ​ឈឺ​ហើយ​នៅ​លេប​ថ្នាំ​រហូត »។

រីឯគ្រួសារជនរងគ្រោះមួយរូបទៀតនៅខេត្តក្រចេះ លោក ឈុំ ចិន្តា រៀបរាប់ថា ឪពុក​ និង​ម្តាយ​របស់​លោក​​​ស្លាប់​ ចំណែក​​ប្អូន​ស្រី​របស់​លោក​របួសធ្ងន់​ ក្រោយ​ជាប់​ក្នុង​គំនរ​សំណង់​បាក់​បែង​ជាង​ ២០ម៉ោង។ យុវជន​រូប​នេះ​ បានដា​ក់​បណ្តឹង​ទាមទារ​សំណង​ទៅ​ក្រុម​មេធាវី​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​ភ្នំពេញ​រួចរាល់​ហើយ បន្ទាប់​ពី​ក្រុម​មេធាវី ​ជួយ​​ផ្តល់​​សេវា​​ផ្លូវ​ច្បាប់​ដោយ​ពុំ​គិត​​ប្រាក់៖ « អ្នក​ដែល​ហៅ​ខ្ញុំ​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នោះ​គឺជា​មេធាវី​របស់​សម្ដេច។ គាត់​ថា​ គាត់​នឹង​ជួយ។ ខ្ញុំ​​ទាមទារ​​សំណង​​សម្រាប់​​អ្នក​​ស្លាប់​​ជា​​ប៉ា​​ម៉ាក់​​ខ្ញុំ​​នោះ ​គឺ​​ម្នាក់ ៥ម៉ឺន​ ហើយ​​ប្អូន​ស្រី​​ខ្ញុំ ២ម៉ឺន »

កាលពី​ថ្ងៃទី២២​ ខែមិថុនា​ អាគារ​កម្ពស់៧ជាន់​ដែល​កំពុង​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ និង​វិ​និ​ យោគ​ដោយ​ជនជាតិ​ចិន​ បាន​បាក់​រលំ​បណ្តាល​ឱ្យ​មាន​កម្ម​ករ​​សំណង់​​ស្លាប់ ២៨នាក់​ និង​​របួស ២៦នាក់។

អគារ​នេះ​ ក៏បាន​បាក់​រលំ​សង្កត់​លើ​ភោជនីយដ្ឋាន​របស់​ជនជាតិ​ជប៉ុន​ និង​យានដ្ឋាន​អា​រុ​ណ​រះ ​ដែល​​នៅ​​ជាប់​​អគារ​​នោះ​​ខ្ទេចខ្ទី​​អស់​​ដែរ​។ ក្រោយ​​ហេតុការណ៍​​បាក់​​រលំ​​អគារ​​នេះ​ តុលាការ​​បាន​សម្រេច​​ឃុំ​ខ្លួន​​ជន​ជាតិ​​ចិន ៤នាក់ ​ដែល​​ជា​ម្ចាស់​​អាគារ​ ម្ចាស់​​ក្រុមហ៊ុន​​ម៉ៅការ​​សាងសង់​ អ្នក​មើល​ការខុសត្រូវ​ការដ្ឋាន​សាងសង់​ និង​​មេ​ជាង​​សំណង់។ ចំពោះ​​អតីត​​អភិបាល​​ខេត្ត​​ព្រះសីហនុ​ លោក យន្ត មីន ដែល​​គ្រប់គ្រង​​ខេត្ត​​នេះ​ រដ្ឋាភិបាល​​មិន​ទាន់​​​បាន​​ស៊ើប​អង្កេត​​នៅ​ឡើយ​​ទេ​ ប៉ុន្តែ​​លោក​ត្រូវ​​បាន​​ផ្ទេរ​ និង​​ដំឡើង​តំណែង​​ឱ្យ​​ជា​​រដ្ឋលេខាធិការ​​ក្រសួង​ការពារ​​ជាតិ​​ទៀត​​ផង​ ក្រោយ​ពី​​លោក​​ទទួល​ស្គាល់​កំហុស និង​​លា​លែង​​ពី​តំណែង​អភិបាល​ខេត្ត​មិន​បាន​ប៉ុន្មាន​ម៉ោង​​ផង។

ប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់លោក ហ៊ុន សែន គឺលោក គី តិច ប្រាប់អាស៊ីសេរីថា លោកទ​ទួល​បាន​​ការ​​ណែនាំ​ពី​នាយករដ្ឋមន្ត្រី ដើម្បី​ផ្តល់​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​នេះ​ជួយ​ដល់​គ្រួសារ​ជន​រង​គ្រោះ ទាំង​ស្លាប់ និង​របួស និង​​ជន​​រង​គ្រោះ​ ដែល​​មាន​​ទី​លំនៅ​​ជាប់​​អគារ ដែល​​ដួល​​រលំ​​នោះ ដូច​​ជា ​ហាង​របស់​ជន​ជាតិ​ជប៉ុន និង​ម្ចាស់​យានដ្ឋាន​​អារុណ​រៈ​ជា​​ដើម។ លោក​បញ្ជាក់​​ថា តាម​​ច្បាប់ គឺ​ម្ចាស់​​អាគារ និង​ក្រុមហ៊ុន​សាងសង់ ត្រូវ​រ៉ាប់រង​សំណង​ដល់​ជន​រង​គ្រោះ​ទាំង​អស់៖ «គោលដៅ​ គឺ​ជួយ​ជន​រង​គ្រោះ​ទាំង​អស់ ប៉ុន្តែ​ជួយ​ក្នុង​ផ្នែក​សំណង​រដ្ឋប្បវេណី។ ឥឡូវ​នេះ​ក្រុម​មេធាវី​សម្តេច​តេជោ​កំពុង​តែ​សស្រាក់សស្រាំ ចំពោះ​ជន​រងគ្រោះ​ដែល​របួស​ ដែល​គាត់​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​ទៅ​តាម​លំនៅឋាន​ក្នុង​ខេត្ត​នានា​ គឺ​ក្រុម​មេធាវី​សម្តេច​តេជោ​ ដែល​ប្រចាំការ​តាម​ខេត្ត​នឹង​ធ្វើ​កិច្ចការ​នេះ។ ជនរងគ្រោះ​ដែល​នៅ​ជុំវិញ​អគារ​ដួល​រលំ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​នោះ ​ក៏​ក្រុម​មេធាវី​រៀបចំ​ជួយ​ដែរ។ ប៉ុន្តែ​សូម​បញ្ជាក់​ថា​ ការ​ជួយ​នេះ​មិនមែន​ក្រុម​មេធាវី​ទៅ​បង្ខំ​ គឺ​គោលដៅ​យើង​គ្រាន់​តែ​ជម្រាប​គាត់​អំពី​សិទ្ធិ​របស់​គាត់​ក្នុង​ការ​ទាមទារ​សំណង​ផ្នែក​រដ្ឋប្បវេណី »

លោក គី តិច បន្តថា មកដល់ពេលនេះ គ្រួសារជនកម្មករសំណង់ប្រមាណ ១០គ្រួសារ និង​គ្រួសារ​ជន​ជាតិ​ជប៉ុន និង​ម្ចាស់​យានដ្ឋាន​អារុណ​រះ បាន​ពឹងពាក់​មេធាវី ដើម្បី​បណ្តឹង​ទាមទារ​សំណង​រួច​ហើយ ​នៅ​សល់​គ្រួសារ​ជន​រង​គ្រោះ​មួយ​ចំនួន​ទៀត ខាង​​ក្រុម​មេធាវី​កំពុង​ទំនាក់ទំនង។ លោក​ថ្លែង​​ថា បណ្តឹង​សំណង​រដ្ឋប្បវេណី​នេះ គឺ​ធ្វើ​ឡើង​ដោយ​ឡែកៗ ប៉ុន្តែ​គ្រួសារ​ជន​រង​គ្រោះ ក៏​បាន​ធ្វើ​បណ្តឹង​​ព្រហ្មទណ្ឌ​រួម​គ្នា​ដែរ។ លោក​ពន្យល់​ថា ​ក្រុម​មេធាវី​នឹង​​ខំប្រឹងប្រែង​តាម​ច្បាប់ ដើម្បី​ទាមទារ​​សំណង​​ជូន​​ជន​​រង​គ្រោះ។ ប៉ុន្តែ​លទ្ធផល​អាស្រ័យ​លើ​ការ​សម្រេច​របស់​តុលាការ៖ «តាម​ផ្លូវ​ច្បាប់​គាត់​មាន​សិទ្ធិ​ក្នុង​ការ​ទាមទារ​សំណង​គ្រប់គ្រាន់​ផ្នែក​រដ្ឋប្បវេណី »

មន្ត្រីសម្របសម្រួលសមាគម អាដហុក ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី មានប្រសាសន៍ថា វា​ជា​រឿង​ល្អ ដែល​​មេធាវី​ស្ម័គ្រ​ចិត្ត​របស់​លោក ហ៊ុន សែន ជួយ​សម្រួល​សេវា​ផ្លូវ​ច្បាប់​ដល់​គ្រួសារ​ជន​​រង​គ្រោះ។ ប៉ុន្តែ​អ្នកស្រី​ជំរុញ​​ឲ្យ​​ក្រុម​​មេធាវី​នេះ​​​ធ្វើ​​​ការងារ​​​ដោយ​ឯករាជ្យ ក្នុង​ការ​ខិតខំ​ជួយ​ជន​រង​គ្រោះ ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​បាន​សំណង​សមរម្យ​សម្រាប់​ដោះ​ស្រាយ​ជីវភាព៖ «រឿង​នេះ​យើង​ប្រាកដ​ថា​ឈ្នះ​ហើយ​ ព្រោះ​ខ្ញុំ​សង្ឃឹម​ដល់ ៩០ភាគ​រយ​ថា​ ត្រូវ​តែ​ឈ្នះ។ ចុះ​បើ​ក្រៅ​ពី​គាត់ ( ម្ចាស់​សំណង់​ និង​ក្រុម​ម៉ៅការ​សាងសង់ ) មាន​អ្នក​ណា​អ្នក​ទទួល​ខុស​ត្រូវ​ បើ​ជាក់​ស្តែង​សាធារណជន​ទាំង​អស់​ដឹង​ថា គាត់​ជា​អ្នក​ម៉ៅការ​សាងសង់ ហើយ​បើ​គាត់​ថា គាត់​អត់​មាន​កំហុស​ អត់​ទទួល​ខុស​ត្រូវ ដូច្នេះ​តើ​ឱ្យ​អ្នក​ណា​ទទួល​ខុស​ត្រូវ​វិញ ? ចង់​និយាយ​ថា ក្រុមហ៊ុន​ម៉ៅការ​សាងសង់​មាន​អ្នក​ទទួល​ការងារ​ច្រើន​ទៀត ដែល​ពាក់​ព័ន្ធ។ អ៊ីចឹង​គាត់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​លើ​សំណង់​ទាំង​អស់​នេះ »

អ្នកស្រី ជៀប សុធារី លើកឡើងថា​អ្នកស្រីនឹងតាមដានសំណុំរឿងនេះដោយយកចិត្តទុកដាក់។

ក្រុមសហព័ន្ធសហជីព សមាគម និងអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិជាង ១០០ស្ថាប័ន ក៏ទាមទារ​ឲ្យ​សំណង​ខូចខាត​ដល់​អ្នក​រង​គ្រោះឲ្យបានសមរម្យ និងស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោស​តាមច្បាប់ ដោយអ្នកសមគំនិត ត្រូវ​ទទួល​ទោស​ដូច​អ្នក​​ប្រព្រឹត្ត​ផ្ទាល់​ដែរ។ អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​តែ​ទទួលខុស​ត្រូវ​លើគ្រោះថ្នាក់នេះ ហើយ​ក៏​ត្រូវ​ទទួល​ទោស​ដូច​អ្នក​ប្រព្រឹត្ត​ផ្ទាល់​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។