អង្គការសង្គមស៊ីវិលជាង ១៣០ស្ថាប័ន ទាមទាររដ្ឋាភិបាលឱ្យដោះលែងអ្នកសារព័ត៌មានកំពុងជាប់ឃុំឱ្យមានសេរីភាពវិញ ដោយ ចាត់ទុកការចាប់ខ្លួន និងចោទប្រកាន់អ្នកសារព័ត៌មានក្នុងអំឡុងពេលជំងឺកូវីដ១៩ កំពុងរាតត្បាត ជាការរំលោភសិទ្ធិពលរដ្ឋ។
ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកការស្នើសុំរបស់អង្គការសង្គមស៊ីវិលនេះថា គឺកំពុងតែចូលរួមរំលោភសិទ្ធិមនុស្សទៅវិញ។
អង្គការសង្គមស៊ីវិលស្នើសុំរដ្ឋាភិបាលដោះលែង លោក សុខ ឧត្តម និង លោក សុវណ្ណ រឹទ្ធី និងសូមឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ចំពោះអ្នកសារព័ត៌មានដែលមិនស្ថិតនៅក្នុងការឃុំឃាំងផ្សេងទៀត ចៀសវាងមិនឱ្យពួកគេ ប្រឈមមុខនឹងការផ្ដន្ទាទោសដោយសារការរាយការណ៍ព័ត៌មានរបស់ពួកគេឡើយ។
លិខិតរបស់អង្គការសង្គមស៊ីវិលជាង ១៣០ស្ថាប័ន ចេញផ្សាយកាលពីថ្ងៃទី១៨ ឧសភា រៀបរាប់ថា កាលពីសប្ដាហ៍មុន នគរបាលបានចាប់ខ្លួនម្ចាស់ស្ថានីយវិទ្យុក្នុងស្រុកមួយនៅខែត្រកំពង់ឆ្នាំង គឺលោក សុខ ឧត្ដម ចោទប្រកាន់ ពីបទ " ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ ជាអាទិ៍" ។ មុនពេលចាប់ខ្លួនម្ចាស់ស្ថានីយវិទ្យុរួបនេះមួយថ្ងៃ ក្រសួងព័ត៌មានបានលុបចោលអាជ្ញាប័ណ្ណផ្សាយព័ត៌មានរបស់លោក គឺស្ថានីយវិទ្យុរឹទ្ធីសែន និងគេហទំព័រវិទ្យុនេះ បើទោះបីជាលោក សុខ ឧត្តម មិនទាន់ត្រូវបានចោទប្រកាន់ពីបទល្មើសណាមួយនៅពេលនោះក៏ដោយ។ លោក សុខ ឧត្ដម ត្រូវបានគេកត់សម្គាល់ថា លោកបានរាយការណ៍ពីករណីជម្លោះដីធ្លីយ៉ាងសកម្មពិសេសករណីជម្លោះដីធ្លី ដែលអូសបន្លាយពេលយូរមកហើយ រវាងសហគមន៍កសិករមូលដ្ឋាន និងមន្ត្រីថ្នាក់ស្រុកដ៏មានឥទ្ធិពល។
ក្រុមអង្គការសង្គមស៊ីវិលជាង ១៣០ស្ថាប័ននេះ មានដូចជា អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព អង្គការអភិវឌ្ឍន៍សំឡេងសហគមន៍ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR អង្គការលីកាដូ Licadho និងអង្គការសហគមន៍ជាច្រើនទៀត។
នាយករងអង្គការលីកាដូទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស លោក អំ សំអាត មានប្រសាសន៍ថា វិស័យសារព័ត៌មាន គឺជាអំណាចទី៤ ដែលជាឆ្លុះបញ្ចាំងនៅក្នុងសង្គម ដែលរដ្ឋត្រូវធានាសិទ្ធិរបស់ពួកគាត់ក្នុងការចុះផ្សាយពីការពិតនៅក្នុងសង្គម៖ «កន្លងមកយើងឃើញថា ចាប់ខ្លួនអ្នកសារព័ត៌មាន និងអតីតអ្នកសារព័ត៌មាន ដែលកំពុងជាប់បណ្ដឹងនៅឡើយ បើយើងមើលនៅក្នុងសង្គមប្រជាធិបតេយ្យវិញ គឺអំណាចមានបី អំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ហើយគេថែមមួយទៀត គឺអំណាចសារព័ត៌មានជាអំណាចទី៤ ដែលជាអំណាចធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីតថភាពសង្គម»។
សេចក្ដីថ្លែងការណ៍នេះ បន្ថែមថា ការចាប់ឃុំខ្លួនលោក សុខ ឧត្តម និងការបិទវិទ្យុ និងគេហទំព័ររបស់លោកយ៉ាងឆាប់រហ័សនេះ ធ្វើឡើងបន្ទាប់ពីការចាប់ខ្លួន លោក សុវណ្ណ រឹទ្ធី នាយកទូរទស្សន៍អនឡាញធីវីអ្វេហប៊ី (TVFB) កាលពីដើមខែមេសា ឆ្នាំក្រោយពីលោកបានស្រង់សំដីផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងថា ក្នុងអំឡុងពេលរាតត្បាត ជាសកលនៃជំងឺកូវីដ១៩ រដ្ឋាភិបាលមិនមានថវិកា ដើម្បីឧបត្ថម្ភដល់អ្នករត់ម៉ូតូឌុបទេ ហើយលោកណែនាំឱ្យឲ្យអ្នករត់ម៉ូតូឌុប ដែលក្ស័យធន លក់យានជំនិះ ឬម៉ូតូចាយសិនទៅ។
លោក សុវណ្ណ រឹទ្ធី បានបង្ហោះសម្រង់សំដីលោក ហ៊ុន សែន នេះឡើងវិញ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។ ការបង្ហោះនេះ លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ គឺនៅថ្ងៃទី៧ មេសា ឆ្នាំ២០២០។ តុលាការចោទប្រកាន់លោក សុវណ្ណ រឹទ្ធី ពីបទ "ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ ជាអាទិ៍" ដូចគ្នា។ ក្រសួងព័ត៌មានក៏លុបចោលអាជ្ញាប័ណ្ណគេហទំព័រTVFB របស់លោកក្រោយពីការចាប់ខ្លួនមួយថ្ងៃ។ ទាំងលោក សុវណ្ណ រឹទ្ធី និង លោក សុខ ឧត្តមប្រឈមនឹងការជាប់ពន្ធនាគារចំនួនពីរឆ្នាំ បើសិនជាតុលាការផ្ដន្ទាទោស។
ក្រុមអង្គការសង្គមស៊ីវិលអះអាងថា ការចាប់ខ្លួន និងការចោទប្រកាន់អ្នកសារព័ត៌មានណាម្នាក់ ដោយសារការស្រង់សំដីផ្ទាល់ជាសាធារណៈរបស់ប្រមុខរដ្ឋាភិបាល អំពីវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ធ្វើឲ្យពលរដ្ឋយល់ថា រដ្ឋាភិបាលកំពុងតែផ្ញើសារយ៉ាងច្បាស់ថា រាល់ការពិភាក្សាអំពីការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការផ្ទុះឡើងនៃជំងឺនេះ អាចប្រឈម ឬនឹងត្រូវដាក់ទោសឲ្យជាប់ពន្ធនាគារ ដែលជាការរំលោភសិទ្ធិមនុស្ស។
ឆ្លើយតបនឹងការស្នើសុំនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកការស្នើសុំរបស់អង្គការសង្គមស៊ីវិលឲ្យដោះលែងអ្នកសារព័ត៌មាននេះថា ជាការលើកទឹកចិត្តឲ្យអ្នកសារព័ត៌មានប្រព្រឹត្តិទង្វើខុសច្បាប់ទៅវិញ៖ «ការអំពាវនាវរបស់សង្គមស៊ីវិលទាំងអស់នោះ គឺហាក់បីដូចជាចូលរួមជាមួយអ្នកសារព័ត៌មានបំពាន់ច្បាប់របស់កម្ពុជា ហើយការដែលចង់ជួយនោះ មានតែមួយទេ គឺការចូលរួមតាមផ្លូវច្បាប់ ដែលមានជាធរមានរបស់កម្ពុជា»។
ចំណែកនាយកកិច្ចការអាស៊ីប៉ាស៊ីហ្វិករបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន(Reporter Without Border) លោក ដានីញ៉ែល បាស្តាត (Daniel Bastard) មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍ផ្សាយកាលពីខែមេសាថា ការចាប់អ្នកកាសែតដាក់គុក ដោយសារតែបានស្រង់ប្រសាសន៍ដើមរបស់នាយករដ្ឋមន្ត្រី គឺជារឿងចម្លែក។ លោកបន្តថា វិបត្តិជំងឺកូវីដ១៩ មិនគួរត្រូវបានអាជ្ញាធរកម្ពុជា យកមកប្រើប្រាស់ធ្វើជាលេស ដើម្បីកម្ចាត់ក្រុមអ្នកសារព័ត៌មាន ដែលមានទស្សនៈផ្ទុយពីរដ្ឋាភិបាលនោះឡើយ។
នាយករងអង្គការលីកាដូទទួលផ្នែកឃ្លាំមើលសិទ្ធិមនុស្ស លោក អំ សំអាត មានប្រសាសន៍ថា ក្រុមអង្គការសង្គមស៊ីវិលព្រួយបារម្ភ ចំពោះសេរីភាពសារព័ត៌មានធ្លាក់ចុះ ដែលអាចធ្វើឲ្យអ្នកសារព័ត៌មានភ័យខ្លាចនៅក្នុងពេលបំពេញការងាររបស់ខ្លួន។
ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា នៅឆ្នាំ២០២០នេះ បានបន្តធ្លាក់ចុះកាន់តែអាក្រក់មួយកម្រិតទៀត គឺមកនៅលេខ១៤៤ ក្នុងចំណោម ១៨០ប្រទេស។
របាយការណ៍របស់ក្រុមអង្គការស៊ីវិលឱ្យដឹងដែរថា យ៉ាងហោចណាស់មានអ្នកសារព័ត៌មានជាង ១០នាក់ ត្រូវបានសមត្ថកិច្ចកោះហៅ និងសាក ដោយសារតែការរាយការណ៍ព័ត៌មានរបស់ពួកគេ នៅដើមឆ្នាំ២០២០ នេះ។ អង្គការសិទ្ធិមនុស្សថា ការបន្តចាប់ និងឃុំខ្លួន និងការធ្វើទុក្ខបុកម្នេញផ្លូវច្បាប់ ចំពោះអ្នកសារព័ត៌មាន ដែលហ៊ានសរសេររិះគន់ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរចំពោះសិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។