សហជីពបុគ្គលិកណាហ្កាវើលដ៍ ក្រុមយុវជនខ្មែរថាវរៈនិងសង្គមស៊ីវិលព្រមានថា បក្សកាន់អំណាចអាចនឹងបាត់បង់នូវប្រជាប្រិយភាព ប្រសិនមិនដោះស្រាយវិវាទរវាងក្រុមហ៊ុនបនល្បែងណាហ្កាវើលដ៍ និងបុគ្គលិកឲ្យបានសមរម្យនោះទេ។ ក្រុមកូដករនៅតែទទូចដល់រាជរដ្ឋាភិបាលឲ្យជួយរកដំណោះស្រាយណាមួយឲ្យបានស្មើភាពគ្នារវាងបុគ្គលិក និងក្រុមហ៊ុន។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខិតជិតឈានចូលមកដល់ខាងមុខនេះ គណបក្សប្រជាជនកម្ពុជាអាចនឹងថមថយនូវការគាំទ្រពីប្រជាជន ប្រសិនបើអាជ្ញាធរនៃបក្សកាន់អំណាចនូវតែប្រកាន់ឫកពាមិនព្រមប្រើឥរិយាបថទន់ភ្លន់ ជួយសម្របសម្រួលដល់បុគ្គលិកណាហ្កាវើលដ៍។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ ខែឧសភា ថាបញ្ហាបុគ្គលិកណាហ្កាវើលដ៍ជាមួយក្រុមហ៊ុនមិនមានរឿងអ្វីដែលថាមិនអាចដោះស្រាយបាននោះទេ ព្រោះវាគ្រាន់តែជាបញ្ហាតូចមួយប៉ុណ្ណោះ
បើអាជ្ញាធរមានចិត្តចង់ដោះស្រាយវិវាទនេះដោះស្រាយបាន ។ កញ្ញាបន្តថា អាជ្ញាធរគួរតែដោះស្រាយបញ្ហានេះ ប្រសិនបើ គណបក្ស កាន់អំណាចចង់បានសន្លឹកឆ្នោតពីពលរដ្ឋ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ខាងមុខនេះ៖ « អ៊ីចឹងវាបង្ហាញពីឆន្ទៈក្នុងការអត់ចង់ដោះស្រាយបញ្ហារបស់ក្រុមហ៊ុនណាហ្កាវើលដ៍ យើងក្រឡេកទៅមើលខាងរាជរដ្ឋាភិបាលដែលមានតំណាងក្រសួង ជាសេនាធិការហ្នឹង គឺគាត់មិនបានដើរតួជាអាជ្ញាកណ្ដាល នៅក្នុងការសម្របសម្រួលឲ្យភាគីអាចឈានទៅដល់ការព្រមព្រៀងគ្នា ឬក៏បញ្ចប់វិវាទនោះទេ ។ភាគច្រើនពួកគាត់គឺតែងតែនៅខាងភាគីថៅកែ។ហើយរហូតដល់លើកជាទស្សនៈថាមិនមានថៅកែណានៅលើពិភពលោកយើងនេះ មិនអាចបញ្ឈប់កម្មករណាដែលគេមិនចង់ជួលទៀតនោះទេ » ។
រីឯយុវជនក្រុមខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ យល់ថា ជម្លោះរវាងក្រុមហ៊ុនណាហ្កាវើលដ៍ជាមួយបុគ្គលិកនេះជារឿងតូចតាចមួយ មិនគួររាជរដ្ឋាភិបាលធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់ប្រទេសជាតិទាំងមូលនោះទេ។លោកបន្ថែមថា បើវិវាទនេះនៅតែបន្តអូសបន្លាយធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត ហើយអាចនឹងមានផលប៉ះពាល់ដល់សន្លឹកឆ្នោតរបស់បក្សកាន់អំណាចនាពេលខាងមុខ៖ « យើងមើលឃើញថាប្រជាពលរដ្ឋពួកគាត់ដូចជាវេទនាមែនទែនណា៎ ។គាត់រស់នៅក្នុងសង្គមហ្នឹងវេទនាមែនទែនហើយអត់មានអ្នកណាជួយគាត់ដោះស្រាយគាត់។ អ៊ីចឹងខ្ញុំថាអារឿងវា មកដល់ពេលនេះក៏ខ្ញុំអត់ទាន់យល់ថាហេតុអីបានបញ្ហាដែលជារឿងដោះស្រាយរបស់ក្រុមហ៊ុនវិនិយោគបរទេសមួយមកបើកកាស៊ីណូនៅស្រុកខ្មែរ ហើយអាចនឹងប៉ះពាល់ការគាំទ្រនិងសំឡេងឆ្នោតពួកគាត់ទៅថ្ងៃមុខណា៎។មកដល់ពេលនេះខ្ញុំគិតអត់ទាន់យល់ថា ហេតុអីបានរដ្ឋាភិបាលគាត់បណ្ដោយឲ្យរឿងកើតឡើងអ៊ីចឹង។ហើយខាតគឺរដ្ឋាភិបាលខ្លួនឯង » ។
ឆ្លើយតបជុំវិញបញ្ហារវាងបុគ្គលិកនឹងក្រុមហ៊ុនបនល្បែងណាហ្កាវើលដ៍ អ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរឈរលើគោលការណ៍នៃនីតិវិធីច្បាប់ដែលមានចែងក្នុងច្បាប់សិទ្ធិការងារ ហើយជាអាជ្ញាកណ្ដាលការពារទាំងសិទ្ធិនិយោជិក និងនិយោជក។ លោកបន្ថែមថា ច្បាប់របស់កម្ពុជាមិនអាចបង្ខំឲ្យក្រុមហ៊ុនណាមួយទទួលយកបុគ្គលិកមកធ្វើការ ដោយក្រុមហ៊ុនមិនចង់ជួលបន្តនោះទេ រីឯការបោះឆ្នោតខាងមុខស្រេចតែលើប្រជាពលរដ្ឋលោកចង់បោះឆ្នោតជូនដល់គណបក្សណា ស្រេចតែពួកគេចូលចិត្តគឺគ្មានការបង្ខិតបង្ខំឡើយ៖ « វាបានកែប្រែជីវភាពហើយទៅរកការងារកន្លែងថ្មីផ្សេងធ្វើទៀតទៅ អាហ្នឹងវាអត់មានបញ្ហាទេ។ក៏ប៉ុន្តែគាត់រឹងទទឹង ដូចកម្មករភាគច្រើនគេយកហើយ វាអត់មានបញ្ហាអី ។ លើកលែងតែប៉ុន្មាននាក់ហ្នឹង គាត់មិនព្រមទទួលយក ដូច្នេះការមិនព្រមទទួលយកហ្នឹងហើយ គឺមានសេចក្ដីថាមិនអនុវត្តច្បាប់ស្ដីពីការងារហ្នឹងឯងបាទ ។ហើយចំពោះនិយាយថាសមត្ថកិច្ចកាន់ជើងថៅកែឬមួយដាក់បន្ទុកមកលើកម្មករនិយោជិកមិនមែនទេ ។ សមត្ថកិច្ចរាជរដ្ឋាភិបាលគេការពារទាំងកម្មករ ការពារទាំងនិយោជក » ៕
ពាក់ព័ន្ធនឹងរឿងនេះដែរ ប្រធានផ្នែកទទួលបន្ទុកទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថា អាជ្ញាធរមិនត្រូវប្រើអំពើហិង្សាលើក្រុមកូដករណាហ្កាវើលដ៍ ដូចជាការរុញច្រានស្ត្រីមានផ្ទៃពោះរហូតដល់ប៉ះពាល់ទារកក្នុងផ្ទៃជាដើម។ លោកបន្តថា ថ្ងៃនេះ អាជ្ញាធរម្នាក់បានទះកំផ្លៀងបង្ខំកូដករម្នាក់ឲ្យឡើងរថយន្តក្រុងនៅពេលពួកគេចេញធ្វើបាតុកម្ម។ លោកថានេះជាអំពើហិង្សាដែលបង្កឡើងដោយបុគ្គលម្នាក់ ប៉ុន្តែវាអាចធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធរឯទៀត។ លោកស្នើថា រដ្ឋាភិបាលគួរតែមានវិធានការទៅលើបុគ្គលណាដែលប្រព្រឹត្តខុសនឹងច្បាប់របស់ប្រទេស ដែលមិនគាំទ្រឲ្យប្រើហិង្សាទោះក្នុងលក្ខខណ្ឌណាក៏ដោយ៖ « ក្នុងអំឡុងពេលឃោសនាបោះឆ្នោតខាងមុខ ។អ៊ីចឹងខ្ញុំយល់ថាល្មមបញ្ចប់ហើយទាក់ទងទៅនឹងអំពើហិង្សាទាំងអស់។យើងគួរ រឿងណាហ្កាវើលដ៍គួរតែដោះស្រាយគ្នាតាមវិវាទការងារដោយសន្តិវិធីទៅដើម្បីបញ្ចប់នូវការធ្វើកូដកម្មហ្នឹងវាជាការល្អ ជាជាងប្រើប្រាស់នូវអាជ្ញាធរទៅប្រឈមមុខជាមួយនឹងក្រុមកូដករហើយរហូតបង្កើតឲ្យមានអំពើហិង្សា ហើយបង្កឲ្យមានរបួសស្នាមឬក៏ប៉ះពាល់ដល់រាងកាយគាត់ជាស្ត្រី » ។
វិបត្តិជម្លោះវិវាទរវាងបុគ្គលិកជាមួយក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្កាវើលដ៍ បានអូសបន្លាយជាង៥ខែមកហើយ មកដល់ពេលនេះបុគ្គលិកទាំងអស់នូវពុំទាន់ទទួលបានដំណោះស្រាយណាមួយឲ្យសមស្រប ដែលពួកគាត់ទទួលយកបាននៅឡើយទេ។បច្ចុប្បន្ននេះក្រុមកូដករនៅតែតវ៉ារកដំណោះស្រាយពីក្រុមហ៊ុនឲ្យទទួលស្គាល់បុគ្គលិកជិតពីររយនាក់ចូលធ្វើការវិញ។ថ្ងៃទី១៩ខែឧសភា អាជ្ញាធរបានទះកំផ្លៀងស្ត្រីជាកូដករម្នាក់ ដែលគាត់មកទាមទាររកឆ្នាំងបាយរបស់គាត់ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។