បុគ្គលិក​កាស៊ីណូ ណាហ្គា វើលដ៍ ជាង​ពីរ​ពាន់​នាក់ ធ្វើ​កូដកម្ម

0:00 / 0:00

បុគ្គលិក​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) នាំគ្នា​ធ្វើ​កូដកម្ម​ដូច​ការ​គ្រោង​ទុក​នៅ​ខាង​មុខ ក្រុមហ៊ុន ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ និង​ស្នើ​សុំ​ឲ្យ​ក្រុម កាស៊ីណូ​ដ៏​ធំ​មួយ​នេះ​ទទួល​យក​ប្រធាន​សហជីព​ម្នាក់​ចូល​ធ្វើ​ការ​វិញ ក្រោយព្យូរការងារជាង ៤ខែ​មក។ ក្រោយ​ធ្វើ​កូដកម្ម​មួយ​សន្ទុះ អាជ្ញាធរ​បាន​ហៅ​តំណាង​កម្មករ​និយោជិត និង​តំណាង​ក្រុមហ៊ុន ជួប​ពិភាក្សា​ស្វែង​រក​ដំណោះ​ស្រាយ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​នោះ​ទេ ដោយសារ​ក្រុមហ៊ុន នៅ​តែ​មិន​ទទួល​យក​សំណើ​សុំ​របស់​កម្មករ​និយោជិត។

នេះ​ជា​សំឡេង​ស្រែក​តវ៉ា​អហិង្សា​របស់​ក្រុម​បុគ្គលិក​កម្មករ​នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ ប្រមាណ​ជាង​ពីរ​ពាន់​នាក់ នៅ​ខាង​ក្រៅ​ក្រុមហ៊ុន ចាប់​តាំង​ម៉ោង ៦ព្រឹក​រហូត​ដល់​ម៉ោង ៦ល្ងាច​នៅ​ថ្ងៃ​ទី៩ ខែ​មករា។ កូដកម្ម​ទ្រង់ទ្រាយ​ធំ​នេះ ដើម្បី​ទាមទារ ៦ចំណុច​ក្នុង​នោះ​រួម​មាន៖ ប្រាក់ឈ្នួល​សមរម្យ ធានា​លក្ខខណ្ឌ​ការងារ​ល្អ ប្រសើរ និង​អំពាវនាវ​ដល់​ក្រុមហ៊ុន ឲ្យ​ទទួល​យក​ប្រធាន​សហជីព​ម្នាក់ គឺ​កញ្ញា ឈឹម ស៊ីថរ ត្រឡប់​ធ្វើ​ការ​ដូច​ដើម​វិញ។ ក្នុង​ការ​តវ៉ា​នេះ ពួកគេ បាន​លើក​បដា​ដែល​សរសេរ​ថា “បញ្ឈប់​ការ​កេង​ប្រវ័ញ្ច​នៅ ណាហ្គា វើលដ៍ បញ្ឈប់​គំរាម​កំហែង បញ្ឈប់​ការ​រើសអើង មក​លើ​សហជីព និង​ការ​ទាមទារ​ប្រាក់​ឈ្នួល គឺ​ជា​សិទ្ធិ​មិន​មែន​ជា​បទ​ល្មើស​ទេ ព្រម​ទាំង​បដា​រូប ថត​កញ្ញា ឈឹម ស៊ីថរ អម​សំណេរ​ថា ពួក​គេ​ត្រូវ​ការ​ប្រធាន សហជីព​ចូល​ធ្វើ​ការ​វិញ”។

បុគ្គលិក​ក្រុមហ៊ុន ណាហ្គា វើលដ៍ រៀបរាប់​ថា ពួក​គាត់​ចូល​រួម​ធ្វើ​កូដកម្ម​នេះ ដោយ​ការ​ស្ម័គ្រ​ចិត្ត និង​ជា​ការ​ប្រើ​ប្រាស់​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន ព្រម​ទាំង​មិន​ខ្លាច​ការ​គំរាម​កំហែង​របស់​ក្រុមហ៊ុន នោះ​ទេ បន្ទាប់​ពី​ក្រុមហ៊ុន ព្រងើយ​កន្តើយ​ពុំ​ព្រម​ផ្ដល់​ដំណោះ​ស្រាយ​តាម​ទាមទារ​កន្លង​មក៖ « អ្នក​មក​ចូលរួម​កូដកម្ម​នេះ ប្រហែល​មាន ៩៥ភាគ​រយ​ហើយ ព្រោះ​សមាជិក​របស់​សហជីព​មាន​ចំនួន​ជាង ៤ពាន់​នាក់។ ពួក​ខ្ញុំ​ធ្វើ​ការ ៣វេន ហើយ​អ្នក​ខ្លះ​ទើប ចេញ​ពី​វេន​យប់​មក គឺ​ពួក​គាត់​ទៅ​គេង​សិន។ ពួក​យើង​មិន​ចូល​រួម​នេះ គឺ​ជា​ឆន្ទៈ មិន​មែន​ជា​ការ​ញុះញង់​ដូច​ការ​ចុះ​ផ្សាយ​របស់​អ្នក​សារ​ព័ត៌មាន​តាម​ហ្វេសប៊ុក​ខ្លះ​នោះ​ទេ។ មុន​មក​ធ្វើ​កូដកម្ម​នេះ ពួក​យើង​បាន​ដើរ​តាម​នីតិវិធី​ច្បាប់​អស់​ហើយ។ យើង​មិន​ចង់​ធ្វើ​កូដកម្ម​ទេ ប៉ុន្តែ​នេះ​ជា​ជម្រើស​ចុង​ក្រោយ​ដោយសារ​តែ​គ្មាន​ដំណោះ​ស្រាយ »

ក្នុង​ពេល​បុគ្គលិក ណាហ្គា វើលដ៍ កំពុង​ធ្វើ​កូដកម្ម​នេះ អភិបាល​សាលា​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ក៏​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដែរ និង​បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ក្នុង​នាម​ជា​អាជ្ញាធរ​រដ្ឋ មិន​ចង់​ឃើញ​ភាគី​និយោជក និង​ភាគី​និយោជិត​មាន​ទំនាស់​ជាមួយ​គ្នា​នោះ​ទេ។ លោក ស្នើ​សុំ​ឲ្យ ភាគី​តំណាង​បុគ្គលិក និង​ភាគី​ក្រុមហ៊ុន ជួប​ចរចា​គ្នា​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី៖ « ភាគី​ទាំង​ពីរ​ប្រហែល​ជា​មាន​ទំនាស់​តិចតួច​រៀងៗ ខ្លួន​ហើយ ដូច្នេះ​ត្រូវ​ធ្វើ​ការ​សម្រុះសម្រួល​គ្នា​វិញ។សង្គ្រាម​មិន​អាច​បញ្ចប់​បាន​ទេ ប៉ុន្តែ​ការ​ចរចា​ទើប​អាច បញ្ចប់​បាន ហើយ​ការ​តវ៉ា​ក៏​មិន​អាច​បញ្ចប់​បាន​ទេ មាន​តែ​ការ​ចរចា​គ្នា​តាម​ផ្លូវ​ច្បាប់ ទើប​អាច​បញ្ចប់​បាន »

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែង​ថា ការ​សម្រេច​ចេញ​ធ្វើ​កូដកម្ម​នេះ គឺ​ជា​ជម្រើស​ចុង​ក្រោយ របស់​សហជីព និង​បុគ្គលិក បន្ទាប់​ពី​ថ្នាក់​ដឹក​នាំ​សហជីព និង​បុគ្គលិក បាន​អត់ធ្មត់ និង​បាន​ដំណើរ​ការ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​នៅ​ក្នុង​ក្រុមហ៊ុន នៅ​ក្រសួង​ការងារ និង​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល ប៉ុន្តែ​ពុំ​មាន​ដំណោះ​ស្រាយ​សមរម្យ​ទាល់​តែ​សោះ។ កញ្ញា​បន្ត​ថា ប្រសិន​បើ​ក្រុមហ៊ុន បន្ទាន់​ឥរិយាបថ​ព្រម​ជួប​ចរចា និង​ផ្ដល់​ដំណោះ​ស្រាយ​សមរម្យ​តាម​ការ​ទាមទារ គឺ​កូដកម្ម​នឹង​មិន​កើត​មាន​ទៀត​ទេ៖ « ទោះ​បី​ជា​ជម្រើស​ចុង​ក្រោយ​នេះ​កើត​ឡើង​ហើយ​ក៏​ដោយ ប៉ុន្តែ​បើ​សិន​មាន​ការ​សម្រប​សម្រួល​ឲ្យ​មាន​ការ​ចរចា​ណា​មួយ ក៏​យើង​នៅ​តែ​ទទួល​ការ​ចរចា​ដែរ ព្រោះ​កូដកម្ម​ដែល​យើង​ធ្វើ គឺ​ចង់​ឲ្យ​មាន​ដំណោះ​ស្រាយ មិន​មែន​ធ្វើ​ឲ្យ​តែ​បាន​ឈរ​នៅ​ខាង​ក្រៅ​នោះ​ទេ »

ការធ្វើកូដកម្មនៅថ្ងៃទី១នេះ គឺ​មាន​កម្លាំង​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន ត្រូវ​បាន​ដាក់​ពង្រាយ ដើម្បី​ឃ្លាំ មើល ប៉ុន្តែ​ពុំ​ឃើញ​មាន​ការ​បង្ក្រាប ឬ​ការ​ប៉ះ​ទង្គិច​គ្នា​ឡើយ។

ក្រោយ​ធ្វើ​កូដកម្មជា​ច្រើន​ម៉ោង​នោះ អភិបាល​ខណ្ឌ​ចម្ការ​មន លោក ថេង សុថុល និង​ក្រុម​ការងារ អន្តរក្រសួង បាន​ហៅ​តំណាង​កម្មករ​និយោជិត និង​តំណាង​ភាគី​ក្រុមហ៊ុន ទៅ​សម្រប​សម្រួល​គ្នា​ដែរ។

អនុ​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន ណាហ្គា វើលដ៍ អ្នកស្រី ឈុន សុខា ប្រាប់​អាស៊ី​សេរី​ថា កិច្ចប្រជុំ​នេះ​មិន​ទាន់​មាន​លទ្ធផល​ជាវិជ្ជមាន អាច​ឱ្យ​ក្រុម​បុគ្គលិក​​ទទួល​យក​បាន​នៅឡើយ ។ អ្នកស្រី​បន្ត​ថា អាជ្ញាធរ និង​ក្រុមហ៊ុន នៅ​តែ​ទាមទារ​ឲ្យ​តំណាង​បុគ្គលិក គោរព​តាម​ដីកា​សម្រេច​ចាត់ចែង​បណ្ដោះអាសន្ន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ចេញ​​កាល ពីល្ងាចថ្ងៃទី៨ខែមករា ដែល​បង្គាប់​ឲ្យ​បុគ្គលិក​ផ្អាក​ធ្វើ​កូដកម្ម និង​ត្រូវ​ចូល​ធ្វើ​ការងារ​តាម​វេន​ពេល វេលា និង​តួនាទី​របស់​ខ្លួន ព្រម​ទាំង​កំណត់​ថា ក្នុង​ករណី​កម្មករ​និយោជិត នៅ​តែ​បន្ត​ធ្វើ​​កូដកម្ម​ត្រូវ កំណត់​ថា ជា​កូដកម្ម​ខុស​ច្បាប់។ អនុប្រធាន​សហជីព​រូប​នេះ បញ្ជាក់​ជំហរ​ថា បុគ្គលិក នឹង​បន្ត ធ្វើ​កូដកម្ម​ដដែល ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​តាម​ការ​ទាមទារ​ទេ​នោះ៖ « គេ​ថា​អត់​​មាន​អី​ធំ​ជាង​ដីកា​របស់​តុលាការ​ទេ។ ប៉ុន្តែ​អភិបាល​ខណ្ឌ​ចំការមន បាន​បង្ហើប​ជា​ចុង​ក្រោយ​ថា ភាគី​ខាង​សហជីព បាន​ថយ​អស់​ប៉ុន្មាន​ចំណុច​ហើយ ប៉ុន្តែ​ហេតុ​អី​ភាគី​ខាង​ក្រុមហ៊ុន នៅសល់​តែ​​ពីរ​ចំណុច​ទៀត​ដូច​ជា​ការ​ដំឡើង​ប្រាក់​ខែ និង​ការ​ទម្លាក់​ចោល​ការ​ព្យួរ​ការងារ​ប្រធាន​សហជីព ហេតុ​អី​ក្រុមហ៊ុន មិន​ព្រម​ងាក​មក​ចរចា​ដោយ​សន្តិវិធី​ទៅ។ គេ​សង្ឃឹម​ថា ក្រោយ​កិច្ច​ប្រជុំ​នេះ​ទៅ ខាង​តំណាង​ក្រុមហ៊ុន នឹង​យក​ចំណុច​ទាំង​ពីរ​ទៅ​ជជែក​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន ពិចារណា​ឡើង​វិញ ដើម្បី​ដោះ​ស្រាយ​បញ្ចប់​កូដកម្ម »

វិវាទ​ការងារ​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ ​ណាហ្គា វើលដ៍​ នេះ កើតឡើង​ចាប់​តាំង​ពី​យប់​ថ្ងៃ​ទី២០ ខែ​កញ្ញា បន្ទាប់​ពី​ក្រុមហ៊ុន​ព្យួរ​ការងារ​ប្រធាន​សហជីព​ម្នាក់ គឺ​កញ្ញា ឈឹម ស៊ីថរ ដោយ​មិន​កំណត់​ពេល​វេលា ដែល​ភាគី​បុគ្គលិក​អះអាង​ថា ធ្វើ​ឡើង​ទាំង​អយុត្តិធម៌ និង​មិន​អនុលោម​តាម​ច្បាប់​ស្ដីពី​ការងារ ក៏​ដូច​ជា​បទ​បញ្ជា​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន។ មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ព្យួរ​ការងារ​នេះ គឺ​ដោយសារ​តែ​ស្ត្រី​សហជីព​វ័យ​ក្មេង​រូប​នេះ​ បាន​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ចេញ​មុខ​ដោះស្រាយ​រឿង​សន្តិសុខ​ក្រុមហ៊ុន ហាម​បុគ្គលិក​មិន​ឲ្យ​យក​អាវ​យឺត ដែល​មាន​សរសេរ​សារ​ថា "ក្រុមហ៊ុន​រីក​ចម្រើន បុគ្គលិក​ត្រូវការ​ប្រាក់​ខែ​រស់​នៅ​សមរម្យ'' ចូល​ក្នុង​ក្រុមហ៊ុន និង​ក្នុង​អំឡុង​ពេល​ចរចា​ផល​ប្រយោជន៍​ជូន​សមាជិក​របស់​ខ្លួន។ ក្រុមហ៊ុន​បាន​ចោទ​កញ្ញា​ថា ជា​មេ​ក្លោង​នាំ​បុគ្គលិក​ពាក់​អាវ​យឺត​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល។

អាស៊ី​សេរី បាន​ទាក់ទង​ប្រធាន​គ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​របស់​ក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) អ្នកស្រី ឌី សីហា ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ។

អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ពន្ធភាព​កា​រងា​រ និង​សិទ្ធិមនុស្ស​ លោក​ ឃុន​ ថា​រ៉ូ ដែល​ចូល​រួម​ឃ្លាំមើល​ការ​តវ៉ា ថ្លែង​ថា ការ​ធ្វើ​កូដកម្ម​អហិង្សា​នេះ គឺ​មាន​សណ្ដាប់​ធ្លាប់​ល្អ និង ដោយ​សន្តិវិធី។ លោក​បន្ត​ថា ការ​ធ្វើ​កូដកម្ម​នេះ គឺ​ជា​ជម្រើស​ចុង​ក្រោយ និង​ជា​ការ​ប្រើប្រាស់​សិទ្ធិ ស្រប​តាម​ច្បាប់​របស់​ថ្នាក់​ដឹក​នាំ​សហជីព និង​បុគ្គលិក ដូច្នេះ​ក្រុមហ៊ុន និង​តុលាការ មិន​អាច​ចាត់​ទុក​ថា កូដកម្ម​នេះ​ខុស​ច្បាប់ និង​ត្រូវ​ផ្អាក​នោះ​ទេ។ លោក មើល​ឃើញ​ថា ក្រុមហ៊ុន និង​តុលាការ កំពុងតែ រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ​និយោជិត។ អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ សង់ត្រាល់ រូប​នេះ អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​មាន​ឆន្ទៈ​ដោះ​ស្រាយ​ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់ ដើម្បី បញ្ចប់​វិវាទ​ការងារ​នេះ៖ «កូដកម្ម គឺ​ជា​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ចុង​ក្រោយ​នៅ​ពេល​ភាគី​ណា​មួយ មិន​ព្រម​ចរចា​ស្វែង​រក​ដំណោះ​ស្រាយ។ ខ្ញុំ​ឃើញ​ថា ខាង​ភាគី​កម្មករ​និយោជិត បាន​បន្ទន់​ឥរិយាបថ និង​ព្យាយាម​អស់​លទ្ធភាព​ហើយ ដូចជា​ស្នើសុំ​ជួប​ក្រុមហ៊ុន​ជា​ពីរ​ទៅ​បី​លើក ហើយ​នេះ គឺ​ជា​ជម្រើស​ចុងក្រោយ។ ខ្ញុំ​គិត​ថា បើ​ក្រុមហ៊ុន​មាន​ចំណង​ដោះស្រាយ​បញ្ហា​នេះ និង​មាន​ចេតនា​ក្នុង​ការ​ចរចា និង​មាន​ការ​សម្បទាន​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ភាគី​ទាំង​ពីរ គឺ​លទ្ធផល​អាច​ទទួល​យក​បាន»។

ក្រុម​បុគ្គលិក បានរំសាយធ្វើកូដកម្មត្រឹមម៉ោង៦ល្ងាច ហើយ​នាំ​គ្នា​ប្រមូល និង​បោស​សម្អាត​សំរាម នៅ​កន្លែង​ដែល​ពួក​គាត់​ប្រមូល​ផ្តុំ​គ្នា​នោះ។ ពួក​គេ​ប្រកាស​ថា នឹង​បន្ត​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​បន្ត​បន្ទាប់ ទៀត​ទៅ​តាម​ពេល​វេលា និង​ទី​កន្លែង​ដដែល​រហូត​ទាល់​តែ​មាន​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។