ក្រុមកូដករណាហ្គា វើលដ៍ (Nagaworld) ប្រមាណ២០នាក់ នៅថ្ងៃទី២៤ ខែឧសភា បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គា វើលដ៍ ទាមទារឱ្យថៅកែបនល្បែងកាស៊ីណូណាហ្គា វើលដ៍ និងក្រសួងការងារដោះស្រាយបញ្ចប់វិវាទការងារឱ្យកម្មករដើម្បីអាចឱ្យពួកគាត់មានលទ្ធភាពរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។
ពួកគាត់នាំគ្នាសរសេរពីទុក្ខលំបាករបស់ពួកគាត់បិតនៅលើដុំថ្មដែលតំណាងឱ្យភ្នំ។ ពួកគាត់សរសេរថា គ្មានប្រាក់សម្រាប់ព្យាបាលជំងឺ គ្មានអាហារហូបចុកគ្រប់គ្រាន់ ដែលធ្វើឱ្យពួកគាត់បង្ខំចិត្តខ្ចីលុយធនាគារ និងកូនៗរបស់កូដករខ្លះទៀតបានបោះបង់ការសិក្សាដោយឪពុកម្ដាយគ្មានលទ្ធភាពបញ្ជូនពួកគាត់ទៅសាលារៀន។
កូដករណាហ្គា វើលដ៍ លោកស្រី ម៉ម សុវឌ្ឍិន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៤ ខែ ឧសភា ថា គោលបំណងនៃសរសេរពីបញ្ហាប្រឈមរបស់កម្មករនេះគឺចង់បង្ហាញឱ្យភាគីពាក់ព័ន្ធទាំងអស់បានឃើញ និងចូលរួមដោះស្រាយបញ្ចប់វិវាទឱ្យកម្មករ។ លោកស្រីបន្តថា កូដកម្មរយៈពេលជិត៣ឆ្នាំមកនេះធ្វើឱ្យលោកស្រី និងកូដករមួយចំនួនទៀតកាន់តែធ្លាក់ក្នុងស្ថានភាពក្រីក្រជំពាក់បំណុលធនាគារ។
លោកស្រី ម៉ម សុវឌ្ឍិន៖«ប្រសិនជាគ្មានដំណោះស្រាយទេ គឺកម្មករប្រឈមនឹងភាពអត់ឃ្លានភាពខ្វះខាតបើយើងនិយាយឱ្យចំយើងអាចប្រៀបធៀបថាដោយសារសម័យប៉ុល ពត ដោយសង្គ្រាមអត់មានអីហូបតែនៅក្នុងសម័យសន្តិភាពហេតុអ្វីពួកខ្ញុំអត់មានអាហារូបត្ថម្ភដោយសារពួកខ្ញុំគ្មានការងារធ្វើ ដោយសារគេមិនផ្ដល់យុត្តិធម៌។ ដោយសារការអូសបន្លាយរវាងអ្នកពាក់ព័ន្ធជាមួយថៅកែណាហ្គាវើលដ៍ មិនផ្ដល់យុត្តិធម៌ទៅពួកខ្ញុំនេះទើបពួកខ្ញុំរងទុក្ខលំបាកទាំងអស់»។
ការគ្មានដំណោះស្រាយសមរម្យនេះ បណ្ដាលក្រុមកម្មករមួយចំនួនមានជីវភាពខ្វះខាត កាត់បន្ថយការហូបចុក និងអ្នកខ្លះលក់ទ្រព្យសម្បត្តិដើម្បីសងបំណុលធនាគារជាដើម។ បញ្ហានេះជំរុញឱ្យក្រុមកូដករណាហ្គាវើលដ៍មួយចំនួនស្វែងរកការងារក្រៅម៉ោងធ្វើដើម្បីរកប្រាក់ដោះស្រាយជីវភាពដោយអ្នកខ្លះឆ្លៀតទៅរត់តុ ដឹកជញ្ជូនអីវ៉ាន់ឱ្យគេ អ្នកខ្លះលក់ដូរនំចំណី ព្រមទាំងបត់ផ្កាក្រដាសលក់បន្តិចបន្តួចយកប្រាក់ចំណេញទិញអាហារហូបចុក និងចែកដល់ក្រុមកូដករផ្សេងទៀត។
ទោះជាយ៉ាងណាក្រុមកូដករប្ដេជ្ញាថា ពួកគាត់នឹងមិនបោះបង់ការទាមទារសិទ្ធិសេរីភាពរបស់ពួកគេមកវិញឡើយ កាលណាបណ្ដែតបណ្ដោយឱ្យថៅកែបរទេសរំលោភសិទ្ធិការងារកម្មករខ្មែរ ធ្វើអ្វីតាមតែអំពើចិត្តបែបនេះវានឹងក្លាយជាគំរូអាក្រក់ ហើយអ្នកដែលរងគ្រោះបន្តគឺកម្មករខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។