ក្រុម​កូដករ​ថា ថៅកែ​ណាហ្គាវើលដ៍ រើស​បុគ្គលិក​ថ្មី​តែ​រើសអើង​សមាជិក​សហជីព​ចូល​ធ្វើ​ការ​វិញ

ក្រុម​កូដករ​ណាហ្គាវើលដ៍ (Naga World) មួយ​ចំនួន​ខកចិត្ត​ដែល​ថៅកែ​រើស​បុគ្គលិក​ថ្មី​តែ​មិន​យក​សមាជិក​សហជីព​ចូល​ធ្វើការ​វិញ ដែល​ទង្វើ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា ថៅកែ​រើសអើង​សហជីព និង​មាន​ចេតនា​ចង់​បំបិទ​សំឡេង​សហជីព​ឯករាជ្យ។ រីង​មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ថៅកែ​ណាហ្គាវើលដ៍ គួរតែ​ដោះស្រាយ​វិវាទ​ការងារ​នេះ​ឱ្យ​ឆាប់រហ័ស​ដើម្បី​អាច​ស្ដារ​មុខមាត់​របស់​ខ្លួន​ឡើង​វិញ។

ក្រុម​កូដករ​ណាហ្គាវើលដ៍ និង​ជា​សមាជិក សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ (L.R.S.U) មិន​ពេញចិត្ត​ចំពោះ​ថៅកែ​បន​ល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍ ដែល​រើស​បុគ្គលិក​ថ្មី​ចូល​ធ្វើ​ការ​ជា​បន្តបន្ទាប់ ប៉ុន្តែ​មិន​ព្រម​ទទួលយក​សមាជិក​សហជីព។ ពួកគេ​ចាត់ទុក​ទង្វើ​របស់​ថៅកែ​បន​ល្បែង​រូប​នេះ​ថា​គឺជា​រឿង​អយុត្តិធម៌ និង​រំលោភសិទ្ធិ​ការងារ។

កូដករ​ម្នាក់​នៅក្នុង​បន​ល្បែង​ណាហ្គាវើលដ៍ កញ្ញា ច័ន្ទ ស្រីរ័ត្ន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៣ ខែ​មីនា ថា​ថៅកែ​គ្មាន​សិទ្ធិ​រើស​បុគ្គលិក​ថ្មី​កំឡុង​ពេល​សមាជិក​សហជីព​ចាស់​កំពុង​ធ្វើ​កូដកម្ម​ទាមទារ​រក​យុត្តិធម៌​ទេ ពីព្រោះ​ទង្វើ​នេះ​ខុសពី​ច្បាប់​ការងារ ។ កញ្ញា​បន្ត​ថា ថៅកែ​មាន​ចេតនា​ចង់​បញ្ឈឺចិត្ត​ក្រុម​កម្មករ​ឱ្យ​ឈប់​ធ្វើ​កូដកម្ម​រួច​ដើរ​ចេញ​ដោយ​ខ្លួនឯង។

កញ្ញា ច័ន្ទ ស្រីរ័ត្ន៖ «ខ្ញុំ​នៅតែ​ទទូច​ទៅ​ទទូច​មក​ដដែល​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ជួយ​ជំរុញ​ឱ្យ​ថៅកែ​ណាហ្គាវើលដ៍ គោរព​សិទ្ធិ​ការងារ​កម្មករ​ខ្មែរ​ហើយ​ថៅកែ​ណាហ្គាវើលដ៍ គាត់​ក៏​ជា​រដ្ឋមន្ត្រី​មួយ​រូប​ដែល​អ៊ីចឹង​គាត់​រំលោភសិទ្ធិ​ការងារ រំលោភសិទ្ធិ​មនុស្ស​និយាយ​ទៅ​រំលោភសិទ្ធិ​កម្មករ​ខ្មែរ អ៊ីចឹង​ស្ថាប័ន​ពាក់ព័ន្ធ​គាត់​គួរតែ​ជំរុញ​ឱ្យ​ថៅកែ​ណាហ្គាវើលដ៍​ដោះស្រាយ​វិវាទ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នេះ​ទៅ»។

ក្រុមហ៊ុន​ណាហ្គាវើល​ដ៍​ដែល​ទំព័រ​ហ្វេសប៊ុក​មាន​ឈ្មោះ Naga World Careers/Naga Academy តែងតែ​ប្រកាស​ជ្រើសរើស​បុគ្គលិក​ថ្មី​ចូល​ជាប្រចាំ​ដោយ​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​នោះ​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា ដាក់ពាក្យ​ភ្លាម​សម្ភាសន៍​ភ្លាម​ហើយ​ថា ប្រាក់ឧបត្ថម្ភ និង​អត្ថប្រយោជន៍​ដ៏​ច្រើន​កំពុង​រង់ចាំ​អ្នក ។ ក្រុម​កូដ​ករ​ណាហ្គាវើលដ៍​យល់​ថា អ្វី​ដែល ថៅកែ​ក្រុមហ៊ុន​កំពុង​ធ្វើ​នេះ ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ថា ថៅកែ​បញ្ឈប់​បុគ្គលិក​ជាង ១​ពាន់ (១.៣២៩​នាក់ ) កន្លងមក​មិនមែន ដោយសារ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​អំឡុង​ពេល​មាន​ជំងឺ​រីក​រាលដាល​កូវីដ-១៩ នោះ​ទេ​។ ប៉ុន្តែ​កូដករ​អះអាង​ថា ការ​បញ្ឈប់​នេះ​គឺ​ដោយសារ​ថៅកែ​មាន​ចេតនា​រំលាយ​សហជីព​ដែល​តែង​ចេញ​ការពារ​សិទ្ធិ​កម្មករ។

មក​ទល់​ពេល​នេះ វិវាទ​រវាង​បុគ្គលិក និង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​អូស​បន្លាយ​ពេល​ជាង​១​ឆ្នាំ​មក​ហើយ ហើយ​ក្រុម​បុគ្គលិក តែងតែ​ចេញ​ធ្វើ​កូដកម្ម​អហិង្សា​ជា​បន្តបន្ទាប់ ដើម្បី​ទាមទារ​ចូលធ្វើ​ការ​វិញ និង​ទាមទារ​ឲ្យ​លុប​ចោល​ការ​ចោទប្រកាន់ និង​ដោះលែង​តំណាង​សហជីព កញ្ញា ឈឹម ស៊ីថរ ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ នៅ​រសៀល​ថ្ងៃទី​២៣ មីនា កូដ​ករ​ប្រមាណ​៥០​នាក់ ក៏​បន្ត​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ទាមទារ​ឱ្យ​ថៅកែ​ណាហ្គាវើលដ៍​ដោះស្រាយ​វិវាទ​ការងារ បើ​ទោះ​បី​ជា​ពួកគាត់ ទទួលរង​នូវ​ការ​គំរាមកំហែង ការ​ប្រើ​ហិង្សា ការ​ចោទ​ប្រកាន់​តាមផ្លូវ​តុលាការ និង​ការ​លាប​ពណ៌​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្ដី។ ពួកគេ​នាំគ្នា​វាយ​ស្គរ កាន់​រូបថត កញ្ញា ឈឹម ស៊ីថរ ហើយ​អ្នក​ចំនួន​ទៀត​ស្រែក​ឱ្យ​ថៅកែ​គោរព​សិទ្ធិ​ការងារ ។ ក្រុម​កូដ​ករ​ត្អូញត្អែរ​ថា សព្វថ្ងៃ​ពួកគាត់ អាច​បន្ត​ធ្វើ​កូដកម្ម​បាន និង​មាន​អាហារ​ហូបចុក​គឺ​ដោយសារ​មាន​សមាជិក​សហជីព​ខ្លះ​ធ្វើការ​ស៊ីឈ្នួល លាងចាន រត់​តុ អ្នកខ្លះ​ទៀត​លក់​នំ​បញ្ចុក​ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព និង​វិភាគទាន​ដល់​ក្រុម​កូដករ។

កូដករ​ណាហ្គាវើលដ៍​ម្នាក់ទៀត​គឺ កញ្ញា ម៉ែន សុធីវឌ្ឍនៈ ថ្លែង​ថា ថៅកែ​ក្រុមហ៊ុន​គួរតែ​ពិចារណា​ម្ដង​ទៀត ពីព្រោះ​ថៅកែ​រក​លេស​កូវីដ​ដើម្បី​បញ្ឈប់​បុគ្គលិក​គឺជា​រឿង​មិន​ត្រឹមត្រូវ​ដោយសារ​ថៅកែ​ប្រកាស​រើស​បុគ្គលិក​ថ្មី​ចូល​ជា​រៀងរាល់ថ្ងៃ ចំណែក​បុគ្គលិក​ជា​សមាជិក​សហជីព​វិញ​ត្រូវ​រង​អំពើ​អយុត្តិធម៌ និង​ជាប់​បណ្ដឹង​តុលាការ។

កញ្ញា ម៉ែន សុធីវឌ្ឍនៈ៖ «បញ្ឈប់​បុគ្គលិក​គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ​ព្រោះ​ជាក់ស្តែង​នៅ​ឆ្នាំ​២០២០ ២០២១ ហ្នឹង​នៅពេល​ជួប​វិបត្តិ​កូវីដ​ក្រុមហ៊ុន​នៅតែ​ចំណេញ​ប៉ុន្តែ​ចំណេញ​មិន​ច្រើន​ដូច​រាល់​ឆ្នាំ​ហើយ​គាត់​បាន​យក​លេស​ហ្នឹង​ដើម្បី​បញ្ឈប់​បុគ្គលិក​១៣០០​នាក់​ជាង​គឺ​ក្នុង​ការ​រំលាយ​សហជីព​ទេវា​មិនមែន​ជា​លេស​លើកឡើង​ថា គាត់​ហ្នឹង​មាន​វិបត្តិ​សេដ្ឋកិច្ច​ទេ​ជាក់ស្ដែង​ចង់​បញ្ឈប់​សហជីព​យើង​មើល​ថា​ដោយសារ​សហជីព​ទាមទារ​អត្ថប្រយោជន៍​ផ្សេងៗ​ពី​ក្រុមហ៊ុន​ដើម្បី​ឱ្យ​អត្ថប្រយោជន៍​ហ្នឹង​ដល់ដៃ​បុគ្គលិក​ដោយ​ពិតប្រាកដ»។

វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​ស្រាយ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ និង​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​សម្រាប់​ដោះស្រាយ​បញ្ហា​បាតុកម្ម កូដកម្ម នៅ​តាម​គ្រប់​មុខសញ្ញា លោក ទេស រុក្ខាផល បាន​ទេ ដោយ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ​អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក យល់ឃើញ​ថា ថៅកែ​ណាហ្គាវើលដ៍ មិន​ព្រម​ទទួលយក​សមាជិក​សហជីព​ចូល​ធ្វើ​ការ​គឺជា​ការរំលោភ​សិទ្ធិ​ការងារ និង​មិន​ចង់​ឱ្យ​មាន​សហជីព​ជួយ​ការពារ​សិទ្ធិ​នៅពេល​កម្មករ​រង​ការ​ធ្វើ​បាប​ពី​ថៅកែ។ លោក​បញ្ជាក់​ថា​ថៅកែ និង​ក្រសួង​ពាក់ព័ន្ធ​គួរតែ​ដោះស្រាយ​បញ្ចប់​វិវាទ​ការ​នេះ​ព្រោះ​អាច​ធ្វើ​ឱ្យ​កម្មករ​ជួប​ជីវភាព​ខ្វះខាត ហើយ​ធ្វើ​ឱ្យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដើរ​ថយក្រោយ។

លោក គៀន ពន្លក៖ «មែនទែន​ទៅ​ចំពោះ​ការ​ផ្តល់​តាម​ការ​ទាមទារ​របស់​សហជីព​ពី​សំណាក់​ថៅកែ​ណាហ្គាវើលដ៍​យើង​ដឹង​ហើយ​ណាហ្គាវើលដ៍​គឺជា​កាស៊ីណូ​មួយ​ដ៏​ធំ​ហើយ​ក្នុង​មួយឆ្នាំៗ​គឺ​ចំណេញ​រាប់​លាន​ដុល្លារ​អ៊ីចឹង​មិនមែន​ដោយសារ​កូ​វីត​១៩​ហើយ​មិន​មាន​ប្រាក់បៀវត្សរ៍​បើក​ជូន​កម្មករ​នោះ​ទេ ក៏ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​គាត់​លេស​មានន័យ​ថា គាត់​ខ្លាច​ការបង្កើត​សហជីព​នៅក្នុង​កាស៊ីណូ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​គាត់​ហ្នឹងឯង»។

ទោះបីជា​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (NagaWorld) អះអាង​ថា ក្រុមហ៊ុន​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងណាក៏ដោយ​ក៏ប៉ុន្តែ​ក្រុមហ៊ុនមេ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ាកាវ (Macau) ប្រទេស​ចិន​មានឈ្មោះ​ណាហ្គាខប (NagaCorp) ដែល​ជា​ម្ចាស់ និង​ជា​ប្រតិបត្តិ​ករ​នៅ​កម្ពុជា រាយការណ៍​ថា ក្នុង​ឆ្នាំ​២០២២ ប្រាក់ចំណូល​សរុប​នៃ​វិស័យ​ល្បែង​បាន ៩៩.៥ ភាគរយ (៩៩.៥%) ដែល​មាន​ចំនួន​ដល់​ទៅ​ជិត ៤​រយ សែសិប​ប្រាំបួន លាន​ដុល្លារ (៤៤៥.៩)​។ ក្នុង​នោះ​ប្រាក់ចំណេញ​សុទ្ធ​ដែល​ក្រុមហ៊ុន​ទទួល​បាន​មាន​ចំនួន​ជាង ១​រយ​លាន​ដុល្លារ (១០៧.៣)។

ថ្វីដ្បិត​តែ​ក្រុមហ៊ុន​នេះ​ទទួល​បាន​ប្រាក់ចំណេញ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​យ៉ាងណាក្ដី​ក៏ រដ្ឋាភិបាល លោក ហ៊ុន សែន និង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ រង​ការ​រិះគន់​ថា កំពុងតែ​សហការ​គ្នា​រំលោភសិទ្ធិ​របស់​បុគ្គលិក​ណាហ្គាវើលដ៍​ដែល​ភាគច្រើន​ជា​ស្ត្រី​។ ក្រុម​កូដករ​នៅតែ​ប្រកាន់​ជំហរ​មិន​បោះបង់​ការ​តស៊ូ​របស់​ពួកគេ​ឡើយ​ប្រសិនបើ​គ្មាន​ដំណោះស្រាយ​សមរម្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។