កូដករ​ណាហ្គាវើលដ៍​បន្ត​ជួបជុំ​គ្នា​លើក​បដា​នៅ​មុខ​ក្រុមហ៊ុន​ទាមទារ​ដំណោះស្រាយ

កូដករ​ណាហ្គាវើលដ៍ (Naga World) បន្ត​ជួបជុំ​គ្នា​លើក​បដា​នៅ​មុខ​ក្រុមហ៊ុន នៅ​ថ្ងៃទី២៤ ធ្នូ ដើម្បី​តវ៉ា​ទាមទារ​ដំណោះស្រាយ និង​ទាមទារ​ដោះលែង​តំណាង​សហជីព​របស់​ខ្លួន គឺ​កញ្ញា ឈឹម ស៊ីថរ។

ក្នុង​ពេល​ជួបជុំ​គ្នា​តវ៉ា​នេះ​ដែរ ក្រុម​កូដករ​បាន​នាំ​គ្នា​ចែក​ស្ករ​គ្រាប់​ដល់​មហាជន​ដែល​ធ្វើដំណើរ​កាត់​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៏ ដើម្បី​ជា​សារ​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន​បរទេស​រូប​នេះ មក​រក​ដំណោះស្រាយ​ដល់​បុគ្គលិក ដែល​អូស​បន្លាយ​ជាង ១​ឆ្នាំ​មក​ហើយ។

កូដករ​ណាហ្គាវើលដ៍​ម្នាក់ គឺ​កញ្ញា ទីន ថ្លែង​ស្នើ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ចប់​ជម្លោះ​នេះ​ឱ្យ​បាន​ឆាប់ ដើម្បី​ពួកគេ​អាច​ចូល​ធ្វើ​ការ​វិញ​បាន​ធម្មតា និង​ផ្ដល់​សេរីភាព​ដល់​តំណាង​របស់​ខ្លួន តាម​ច្បាប់​ជា​ធរមាន។ ទោះ​យ៉ាងណា​កញ្ញា​បន្ត​ថា ក្រោយ​គ្មាន​ដំណោះស្រាយ ពួកគេ​នឹង​បន្ត​ចេញ​តវ៉ា​ចែក​ខិត្តប័ណ្ណ​ទាមទារ​ដោះលែង កញ្ញា ឈឹម ស៊ីថរ និង​ចែក​ផ្កា​កូលាប​ក្រដាស នៅ​ថ្ងៃ​ស្អែក​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។