ក្រុម​កូដករ​ណាហ្គាវើលដ៍​បន្ត​ការ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​សហជីព

0:00 / 0:00

កូដករ​ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍ (NagaWorld) នៅតែ​បន្ត​នាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​ពី​ក្រុមហ៊ុន ទោះបី​ពួកគាត់​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជីវភាព និង​រង​ការចោទប្រកាន់​ពី​ប្រមុខ​រដ្ឋាភិបាល​យ៉ាងណាក្ដី​។ មន្ត្រី​សង្គម​ស៊ីវិល យល់ឃើញ​ថា ការ​បន្ត​ធ្វើ​កូដកម្ម​នេះ​បង្ហាញ​ពី​ការ​យល់ដឹង​នូវ​គុណ​តម្លៃ​នៃ​សហជីព​ក្នុង​ការ​ការពារ​កម្មករ​និយោជិត និង​ឱ្យ​ក្រុមហ៊ុន​គោរព​សិទ្ធិ​ការងារ។

ក្រុម​កូដករ​ណាហ្គាវើលដ៍​នៅតែ​បន្ត​ធ្វើ​កូដកម្ម ទាមទារ​ឱ្យ​ក្រុមហ៊ុន​បន​ល្បែង​មួយ​នេះ​គោរព​សិទ្ធិ​ការងារ និង​ដោះលែង​សហជីព​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ទោះបី​ចំនួន​អ្នក​តវ៉ា​ថយ​ចុះ និង​ត្រូវ​ចែកវេន​គ្នា​យ៉ាងណាក្ដី។

តំណាង​កូដ​ករ​ណាហ្គាវើលដ៍ កញ្ញា ច័ន្ទ ស្រីរ័ត្ន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១២ កក្កដា ថា បច្ចុប្បន្ន​ក្រុម​កូដករ​ចេញ​តវ៉ា​តែម្ដង ទៅ​ពីរ ដង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍​។ កញ្ញា​បន្ត ថា ក្រុម​កូដករ​ត្រូវ​បែងចែក​វេន​គ្នា ដោយសារ​ពួកគាត់​ត្រូវ​រក​ប្រាក់​មក​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។ កញ្ញា​បន្ថែម​ថា ការ​តវ៉ា​នេះ​នឹង​បន្ត​ធ្វើ​រហូតដល់​តុលាការ​ទម្លាក់​បទ​ចោទ និង​ដោះលែង​តំណាង​សហជីព​ដែល​កំពុង​ជាប់ឃុំ ឯ​ភាគី​ក្រុមហ៊ុន​ត្រូវ​ទទួលយក​បុគ្គលិក ព្រមទាំង​សហជីព​ឱ្យ​ចូល​ធ្វើការ​វិញ។

កញ្ញា ច័ន្ទ ស្រីរ័ត្ន៖ «និយាយ​ទៅ បើ​ការ​សម្របសម្រួល​ពី​ក្រសួង​ការងារ​គឺ​អត់​មាន​សម្របសម្រួល គឺ​មានតែ​ឆ្លើយ​ថា មិន​ព្រម​ទេៗ។ ដូច​ពួក​ខ្ញុំ​គឺ​តវ៉ា​ទាមទារ​ចង់​ចូល​ធ្វើ​ការ​វិញ តែ​បែរជា​ស្ថាប័ន​ពាក់ព័ន្ធ​គាត់​អត់​មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ បែរជា​ចោទ​ពួក​ខ្ញុំ​ធ្វើ​បដិវត្តន៍​ពណ៌ ស៊ីឈ្នួល​គេ​ធ្វើបាតុកម្ម​អី​ផ្សេងៗ​អ៊ីចឹង​ទៅ»។

គិត​ត្រឹម​ថ្ងៃទី ១២ កក្កដា ឆ្នាំ​២០២៣ អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​ធ្វើ​កូដកម្ម​អស់​រយៈពេល​៥៧២​ថ្ងៃ​មក​ហើយ ចាប់តាំងពី​ក្រុមហ៊ុន​បាន​បញ្ឈប់​បុគ្គលិក​ជាង​១​ពាន់​នាក់​កាលពី​ឆ្នាំ​២០២១។

អ្នកធ្វើ​កូដកម្ម​មាន​ចំនួន​ជាង​៣០​នាក់ ដោយ​នាំគ្នា​ពាក់មួក​បិទ​ក្រដាស​ទម្រង់​មកុដ និង​មាន​សរសេរ​អក្សរ​អង់គ្លេស LRSU ដែល​ជា​ឈ្មោះ សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​របស់​ពួកគេ​។ ចំណែក​អ្នកខ្លះ មាន​កាន់​ស្លាក​សរសេរ​ថា «៥៧២​ថ្ងៃ ដើម្បី​សិទ្ធិ​សហជីព មិនមែន​ស៊ីឈ្នួល មិនមែន​ជា​បទ​ញុះញង់​» និង​ខ្លះ​សរសេរ​ថា «​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់​» ដែល​អម​ដោយ​សម្លេង​ត្រែ និង​ស្គរ​បន្លឺ​ឡើង​នៅមុខ​អគារ​ណាហ្គាវើលដ៍​២។ ជាមួយ​គ្នា​នេះ ក៏​មាន​ការ​អធិប្បាយ​តាម​មេក្រូ​ស្នើ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​សហជីព​ដទៃទៀត​ពី​ពន្ធនាគារ ជាពិសេស​គឺ​ការ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទទួល​បុគ្គលិក និង​ក្រុម​សហជីព​ឱ្យ​ចូល​ធ្វើការ​វិញ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ដើម្បី​សុំ​ការ​បកស្រាយ​បានទេ នៅ​ថ្ងៃទី​១២ កក្កដា។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក សឹង សែនករុណា យល់​ឃើញ​ថា ក្រុម​កូដករ​សុខចិត្ត​នៅ​បន្ត​ធ្វើ​កូដកម្ម ព្រោះ​ពួកគេ​យល់​ពី​តម្លៃ​សហជីព​ដែល​ការពារ​សិទ្ធិ និង​អត្ថប្រយោជន៍​របស់​កម្មករ​ក្នុង​ក្រុមហ៊ុន​។ លោក​បន្ត​ថា សកម្មភាព​ទាំងនេះ អាច​ក្លាយជា​គំរូ​ឱ្យ​ក្រុម​សហជីព​នៅ​តាម​ស្ថាប័ន​ផ្សេងទៀត ងាក​មក​ការពារ​សិទ្ធិ​កម្មករ​ជាជាង​ការពារ​ផលប្រយោជន៍​ឱ្យ​ក្រុមហ៊ុន។

លោក សឹង សែនករុណា៖ «យើង​ឃើញស្រាប់​ហើយ ពួកគាត់​សុខចិត្ត​ប្រកាន់​នូវ​ជំហរ​ដោយ​សមស្រប ការពារ​នូវ​ផលប្រយោជន៍​បុគ្គលិក​កម្មករ​ខ្មែរ​ស្របតាម​ច្បាប់ ស្របតាម​សិទ្ធិ​របស់​ពួកគាត់ រួម​ទាំង​ការពារ​នូវ​សហជីព​ដែល​មាន​ជំហរ​ឯករាជ្យ ការពារ​ផលប្រយោជន៍ របស់​បុគ្គលិក​កម្មករ​ខ្មែរ ទោះបី​មាន​ភាព​ប្រឈម​លំបាក​យ៉ាងណា​ក៏​ពួកគាត់​ធ្វើ​ដែរ»។

ក្រុម​កូដករ​ដែល​នៅ​បន្ត​ធ្វើ​កូដកម្ម សុទ្ធតែ​អះអាង​ដូចៗ​គ្នា​ថា មានតែ​សហជីព​ទ្រទ្រង់​សិទ្ធ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នេះ​ប៉ុណ្ណោះ ដែល​មាន​គោលជំហរ​ការពារ​សិទ្ធិ​បុគ្គលិក នៅ​ពេល​មាន​ការ​បៀតបៀន និង​ការប្រើប្រាស់​អំពើ​ហិង្សា​ពី​ភ្ញៀវ និង​ពេល​ក្រុមហ៊ុន​រំលោភ​សិទ្ធ​ការងារ។

ចាប់​តាំងពី​មានការ​ធ្វើ​កូដកម្ម​នៅ​ចុងឆ្នាំ​២០២១ មក ក្រុម​កូដករ និង​តំណាង​សហជីព បាន​រង​ការ​ចោទប្រកាន់ ចាប់​ខ្លួន និង​ឃុំឃាំង ជា​ហូរហែ ដោយ​ក្នុង​នោះ​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​ថា ក្រុម​កូដករ​ស៊ីឈ្នួល​ធ្វើ​បាតុកម្ម​។ ចំណែកឯ​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ តុលាការ​ជាន់​ទាប​មួយ​នេះ​បាន​ចេញ​សាលក្រម កាលពី​ខែឧសភា ឆ្នាំ​២០២៣ ផ្ដន្ទាទោស​ប្រធាន​សហជីព គឺ​កញ្ញា ឈឹម ស៊ីថរ ឱ្យ​ជាប់គុក ២​ឆ្នាំ និង​សមាជិក​សហជីព ៦ នាក់​ទៀត​ជាប់គុក ចន្លោះ​ពី​១​ឆ្នាំ ទៅ​១​ឆ្នាំ​កន្លះ។

ទោះ​រង​ការចោទប្រកាន់ និង​ការ​គំរាមកំហែង​យ៉ាងណាក្ដី ក្រុម​កូដករ​នៅតែ​រក្សា​ជំហរ​ធ្វើ​កូដកម្ម​រហូត​ទទួល​បាន​យុត្តិធម៌ និង​ដំណោះស្រាយ ខណៈ​ពួកគាត់​ស្នើ​ទៅ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ឱ្យ​បញ្ឈប់​ការ​ចោទ​ប្រកាន់​ថា ពួកគាត់​ជា​អ្នកស៊ីឈ្នួល​ធ្វើបាតុកម្ម​បន្ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។