ក្រុមកូដករណាហ្គាវើលដ៍ (Naga World) ស្នើដល់បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សកាន់អំណាច លោក ហ៊ុន ម៉ាណែត គួរតែជួយអន្តរាគមន៍ដោះស្រាយវិវាទការងាររបស់ពួកគាត់ ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញថា លោកជាមេដឹកនាំម្នាក់ចេះឈឺឆ្អាល ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។ អ្នកឃ្លាំមើលបញ្ហាសង្គម យល់ថា ជារឿងល្អ ប្រសិនបើលោក ហ៊ុន ម៉ាណែត អាចចូលរួមដោះស្រាយវិវាទការងារក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីកសាងទំនុកចិត្តពីប្រជាពលរដ្ឋ។
ក្រុមកូដករណាហ្គាវើលដ៍ អស់សង្ឃឹមទៅលើស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងការងារ ដែលមិនបានឈរជាអាជ្ញាកណ្ដាលជួយរកដំណោះស្រាយវិវាទការងារជូនពួកគាត់ ដោយយុត្តិធម៌។ ក្រុមកូដករ យល់ថា វិវាទការងារនេះ នឹងមានដំណោះស្រាយ ប្រសិនបើមានការជួយអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត។
កូដករណាហ្គាវើលដ៍ម្នាក់ កញ្ញា ផុន ករុណា លើកឡើងថា ទោះបីជាប្រឈមការធ្វើទុក្ខបុកម្នេញ និងការមិនអើពើពីស្ថាប័នពាក់ព័ន្ធបែបណាក្ដី ក៏ពួកគាត់ នៅតែបន្តធ្វើកូដកម្មដោយសន្តិវិធីទាមទាររកដំណោះស្រាយវិវាទការងារដែរ។ កញ្ញា សង្ឃឹមថា ប្រមុខរដ្ឋាភិបាល រួមទាំងលោក ហ៊ុន ម៉ាណែត ក្នុងនាមជាបេក្ខភាពនាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជនកម្ពុជានៅពេលអនាគត នឹងជួយដោះស្រាយវិវាទការងារនេះ ឲ្យឆាប់ចប់៖...។
ស្រដៀងគ្នានេះ កូដករណាហ្គាវើលដ៍ម្នាក់ទៀត អ្នកនាង ម៉ម សុវឌ្ឍិន រៀបរាប់ថា ប្រសិនបើលោក ហ៊ុន ម៉ាណែត អាចជួយឈឺឆ្អាល និងដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដូចជា ករណីណាហ្គាវើលដ៍នេះ នឹងបង្ហាញឲ្យឃើញថា គាត់មានសមត្ថភាព និងស្នាដៃច្រើនក្នុងការត្រៀមស្នងតំណែងនាយករដ្ឋមន្ត្រីនៅពេលអនាគត៖ «...
ក្រុមកូដករណាហ្គាវើលដ៍ បានធ្វើកូដកម្មរយៈពេលជាង ៨ខែមកហើយ ដើម្បីទាមទារឲ្យទទួលយកបុគ្គលិក ដែលបានបញ្ឈប់ និងអនុញ្ញាតឲ្យមានវត្តមានសហជីពនៅកន្លែងការងារវិញ ព្រមទាំងទាមទារឲ្យលុបចោលរាល់ការចោទប្រកាន់លើថ្នាក់ដឹកនាំសហជីពតាមផ្លូវតុលាការ។ប៉ុន្តែក្រុមហ៊ុន និងក្រសួងការងារ ច្រានចោលសំណើទាំងនេះ។ ក្រុមកូដករអះអាងថា ចេតនារបស់ក្រុមហ៊ុន គឺចង់លុបបំបាត់ចលនាសហជីពឯករាជ្យ ព្រោះក្រុមហ៊ុនបនល្បែងនេះ មានប្រវត្តិចង់ធ្វើបែបនេះជាច្រើនលើកមកហើយ។
កន្លងមក ក្រុមកូដករ ក៏បានដាក់ញត្តិស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីរដ្ឋសភា និងក្រសួងមហាផ្ទៃដែរ ប៉ុន្តែពុំមានការឆ្លើយតបជាវិជ្ជមានឡើយ។ លើសពីនេះ សាលារាជធានីភ្នំពេញ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ស ចំរ៉ុង និងមន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងជាមនុស្សជំនិតលោក ហ៊ុន ម៉ាណែត គឺលោក ហេង សួរ ព្រមទាំងប្រព័ន្ធឃោសនារបស់រដ្ឋាភិបាល បានព្យាយាមបង្កើនវោហារ ទូរស័ព្ទគំរាមកំហែង និងលាបពណ៌លើក្រុមកូដករថា ធ្វើការតវ៉ាខុសច្បាប់ និងស៊ីឈ្នួលសម្ដែងធ្វើកូដកម្មជាដើម។ ការចោទប្រកាន់ទាំងនេះហើយ បានធ្វើឲ្យក្រុមកូដករណាហ្គាវើលដ៍ភាគជាច្រើនជាស្ត្រីនាក់ ត្រូវបានអាជ្ញាធរថ្នាក់ក្រោម ចាប់ដាក់គុក វាយដំទាត់ធាក់រហូតស្ត្រីខ្លះបែកមុខបែកមាត់ និងស្ត្រីម្នាក់រលូតកូនក្នុងផ្ទៃ។
ជុំវិញករណីនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីលោក ហ៊ុន ម៉ាណែត បានទេ ដោយសារទូរស័ព្ទចូល ប៉ុន្តែពុំមានអ្នកទទួល។ ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន វិញ លោកឆ្លើយតបថា វិវាទការងារនេះ ត្រូវដោះស្រាយទៅតាមច្បាប់ស្តីពីការងារដោយក្រសួងការងារ។ លោកបន្តថា ការធ្វើកូដកម្មរបស់កូដករណាហ្គាវើលដ៍បីទៅបួនរយនាក់នេះ មិនអាចធ្វើឲ្យប៉ះពាល់ ឬបាត់បង់ប្រជាប្រិយភាពរបស់លោក ហ៊ុន ម៉ាណែត ឡើយ៖ «...។
ទោះជាយ៉ាងណាក្ដី យុវជនខ្មែរថាវរៈ ដែលឈឺឆ្អាលចំពោះភាពអយុត្តិធម៌សង្គម លោក ស្វាយ សំណាង យល់ថា លោក ហ៊ុន ម៉ាណែត គួរតែជួយអន្តរាគមន៍ដោះស្រាយវិវាទការងារជូនកូដករណាហ្គាវើលដ៍ ដើម្បីបង្ហាញពីទឹកចិត្តស្រឡាញ់ប្រជាពលរដ្ឋ ក្នុងនាមជាបេក្ខភាពនាយករដ្ឋមន្ត្រី ខណៈការបោះឆ្នោតជាតិ កាន់តែខិតជិតមកដល់៖ «...។
រដ្ឋាភិបាលកម្ពុជា កំពុងទទួលរងការរិះគន់ជាខ្លាំងពីសហគមន៍ជាតិ និងអន្តរជាតិ ពាក់ព័ន្ធនឹងការពីការរំលោភសិទ្ធិស្ត្រី និងកម្សោយនៃការដោះស្រាយវិវាទរវាងបុគ្គលិក និងក្រុមហ៊ុនណាហ្គាវើលដ៍។ កាលពីខែសីហា កន្លងទៅអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ក៏បានចុះឃ្លាំមើលដល់កន្លែងកូដកម្ម និងបានជួបជាមួយតំណាងសហជីពណាហ្គាវើលដ៍ដែរ ដែលជាផ្នែកមួយបង្ហាញពីការគាំទ្រ និងការជំរុញឲ្យរដ្ឋាភិបាលដោះស្រាយរឿងនេះឲ្យបានត្រឹមត្រូវ។ ចំពោះក្រុមកូដករណាហ្គាវើលដ៍វិញ ពួកគាត់ នៅតែប្តេជ្ញាថា នឹងបន្តសាមគ្គីគ្នាធ្វើកូដកម្មរហូតទាល់តែមានដំណោះស្រាយសមរម្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។