កូដករណាហ្គាវើលដ៍បន្តតវ៉ានៅមុខក្រុមហ៊ុនទាមទារដំណោះស្រាយវិវាទការងារ
2024.08.31
ក្រុមកូដករក្រុមហ៊ុនបនល្បែងកាស៊ីណូ ណាហ្គាវើលដ៍ (Nagaworld) ប្រមាណ ៣០នាក់ នៅរសៀលថ្ងៃទី៣១ ខែសីហា បន្តតវ៉ានៅខាងមុខក្រុមហ៊ុន ដើម្បីទាមទារដំណោះស្រាយវិវាទការងារ ដែលនៅជាប់គាំងអស់រយៈពេលជាង៣ឆ្នាំ។
ការតវ៉ានៅថ្ងៃនេះ ក្រុមកូដករ បានយកក្រដាសពណ៌សរៀបចំដូចជាសៀវភៅមួយក្បាល ដោយសរសេររៀបរាប់ពីការតស៊ូមតិជាមួយក្រុមហ៊ុន និងការបោះឆ្នោតដោយសម្ងាត់ ដើម្បីធ្វើកូដកម្មទាមទារឲ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ដោះស្រាយវិវាទការងារជាដើម។
តំណាងកម្មករណាហ្គាវើលដ៍ លោក ណាំ ទីវ័ន្ត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣១ ខែសីហា ថា ខែកញ្ញាខាងមុខនេះ ប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ នឹងមានសេរីភាពឡើងវិញ ហើយកូដករនឹងមានតំណាងម្នាក់ទៀតចូលរួមទាមទារដំណោះស្រាយវិវាទការងារ។ លោករំពឹងថា រដ្ឋាភិបាលនឹងជំរុញដល់ថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ឲ្យស្វែងរកដំណោះស្រាយជូនពួកគាត់។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អ៊ន ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី៣១ ខែសីហា។
កម្មករណាហ្គាវើលដ៍ បានធ្វើកូដកម្មទាមទារដំណោះស្រាយវិវាទការងារពីថៅកែក្រុមហ៊ុន រដ្ឋាភិបាល និងក្រសួងការងារ ជាបន្តបន្ទាប់អស់រយៈពេលជាង៣ឆ្នាំមកហើយ។ ប៉ុន្តែពួកគាត់មិនត្រឹមតែមិនទទួលបានដំណោះស្រាយសមរម្យនោះទេ ថែមទាំងទទួលរងអំពើហិង្សា ការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរ ការចោទប្រកាន់លាបពណ៌បម្រើបរទេសពីប្រមុខរដ្ឋាភិបាល និងការចាប់ប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធនាគារជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។