សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​​លោក ស ខេង ចាប់ខ្លួន​អ្នក​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ករណី​ដី​ជម្លោះ​ព្រះសីហនុ

សង្គម​ស៊ីវិល​នៅ​ខេត្ត​ព្រះសីហនុ ជំរុញ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អនុវត្ត​វិធានការ​ច្បាប់​លើ​ជន​ប្រព្រឹត្តិ​អំពើ​ហិង្សា​លើ​ពលរដ្ឋ ក្នុង​ករណី​បាញ់​បង្ក្រាប ពលរដ្ឋ​វិវាទ​ដីធ្លី នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៤ មករា។ សង្គម​ស៊ីវិល​យល់​ថា ប្រសិន​បើ លោក ស ខេង មិន​ព្រម​ចាប់​ខ្លួន​ជន​ប្រព្រឹត្តិ​ល្មើសច្បាប់​រំលោភ​អំណាច ហើយ​នៅតែ​បន្ត​ការ​អំពាវនាវ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​ជំនឿ​លើ​ការអនុវត្ត​ច្បាប់។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ស្រេង វ៉ាន់លី អះអាង​ថា ដើម្បី​ឱ្យ​អនុសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មាន​ប្រសិទ្ធភាព អាជ្ញាធរ​ត្រូវ​ចាប់​ជន​ដៃដល់ ដែល​បាន​លើក​កាំភ្លើង​វាយ​ពលរដ្ឋ​ជាប់​ចំណង ជន​ដែល​បាន​ទាត់​ធាក់ ជាន់​ពលរដ្ឋ​ផ្ទប់​នឹង​ដី និង​ជន​

​ដៃដល់​ដទៃ​ទៀត ទើប​ពលរដ្ឋ​មិន​បាត់បង់​ជំនឿ​ចិត្ត លើ​សំដី​របស់ លោក ស ខេង៖ «គាត់ ( លោក ស ខេង ) គួរតែ​មាន​វិធានការ​ផ្លូវច្បាប់​ទៅ​លើ​បុគ្គល ដែល​ឈាន​ទៅ​ប្រើប្រាស់​អំពើ​ហិង្សា នឹង​ទៅតាម​ផ្លូវច្បាប់ ដើម្បី​ចៀសវាង​ការអនុវត្ត ផ្សេងៗ​ទៀត ដែល​មាន​ទាហាន ក៏​ដូចជា​កម្លាំង ក្រុម​ប្រដាប់​អាវុធ​ផ្សេងៗ ដែល​គាត់​បង្ក្រាប ឬ​គាត់​ចុះ​ធ្វើ​សកម្មភាព ហើយ​គាត់​ប្រើប្រាស់​អំពើ​ហិង្សា​ទៅលើ​ប្រជាពលរដ្ឋ ឬ​ទៅលើ​​ជនសង្ស័យ ដែល​មិន​មាន​ការអនុវត្ត​ដោយ​ច្បាប់​ទៅលើ​បុគ្គល។ អ៊ីចឹង វា​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ដែល​គាត់​ជនរងគ្រោះ គាត់​មាន​ភាព​ខ្វល់ខ្វាយ ព្រោះ​ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​ទុកចិត្ត​ទៅលើ​ករណី​មាន​អំពើ​ហិង្សា ឬក៏​អនុវត្ត​ច្បាប់ ដែល​ខុស​ហើយ គ្មាន​យុត្តិធម៌​សម្រាប់​ពួកគាត់»។

ការ​លើកឡើង​នេះ ក្រោយពេល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ ថ្លែង​ថា ការប្រើប្រាស់​កម្លាំងយោធា ទៅ​អនុវត្ត​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល នៅ​ក្នុង​រឿង​ជម្លោះដីធ្លី គឺជា​អំពើ​ខុស​ច្បាប់ ហើយ​ករណី​នេះ កើតឡើង​លេចធ្លោ ២​ដង​ហើយ គឺ​នៅ​ខេត្ត​ក្រចេះ និង​នៅ​ខេត្ត​ព្រះសីហនុ។ លោក ស ខេង លើកឡើង​ថា មន្ត្រី​អនុវត្ត​ច្បាប់ មានតែ​នគរបាល​កងរាជអាវុធហត្ថ និង​ព្រះរាជអាជ្ញា គឺ​មិន​ត្រូវ​មាន​កម្លាំង​ទាហាន​ដាច់ខាត។ លោក ស ខេង ស្នើសុំ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ទាំងអស់ ស្វែងរក​វិធី​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់​ថា តួនាទី​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​ការ​អន្តរាគមន៍​ករណី​នេះ មិន​មែន​ជា​ការ​អំពាវនាវ ឬ ស្នើសុំ​ទេ គឺ​ត្រូវតែ​អនុវត្ត​វិធានការ​ច្បាប់ ចាប់​ជន​ប្រព្រឹត្តិ​ល្មើស។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ សង្កេត​ឃើញ​ថា ករណី​បង្ក្រាប​ដោយ​ហិង្សា​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង អ្នកដឹកនាំ​កងកម្លាំង​នគរបាល កងរាជអាវុធហត្ថ និង​ទាហាន គឺ​ព្រះរាជអាជ្ញា។ ដូច្នេះ​ប្រសិនបើ អាជ្ញាធរ​បើក​ការស្រាវជ្រាវ​រក​ជន​ដៃដល់ ដែល​បាន​បាញ់​ពលរដ្ឋ និង​វាយ​ទាត់​ធាក់​ជាន់​ពលរដ្ឋ​មិន​ឃើញ​ទេ អ្នកដឹកនាំ​កងកម្លាំង​អនុវត្ត​សាលដីកា​នោះ គឺជា​អ្នក​ត្រូវ​ទទួលខុស​ត្រូវ​ចំ​ពោះ​មុខ​ច្បាប់​មុនគេ៖ «ការ​ទទួលខុសត្រូវ​របស់​អ្នក​ហ្នឹង បើ​សិន​ចង់​ចោទប្រកាន់​ទៅលើ​អ្នក​ដែល​គាត់​អនុវត្ត​តួនាទី​ហ្នឹង ឱ្យ​ហួស​ពី​តួនាទី​របស់​ខ្លួន ចង់​ចាត់វិធានការ​ទៅលើ​អ្នក​ហ្នឹង ថា ជា​រឿង​បុគ្គល​ទាល់​តែ​អ្នក​ដែល​ដឹកនាំ គាត់​ទៅ​រក​មុខ​ផ្ទាល់ នៅ​កន្លែង​កើត​ហេតុ​ហ្នឹង ដើម្បី​យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​។ បើ​មិន អ៊ីចឹង​ទេ គឺ​អ្នកដឹកនាំ​បញ្ជា​​ហ្នឹងហើយ ជា​អ្នក​ទទួលខុសត្រូវ​លើ​ផ្លូវ​ច្បាប់»។

ប្រតិបត្តិ​ការអនុវត្ត​សាលដីកា​តុលាការ​កំពូល ឈាន​ដល់​ការ​បាញ់​បង្ក្រាប​ហិង្សា​លើ​ពលរដ្ឋ​នៅ​ភូមិ​គគីរ ក្បែរ​វត្ត​អូរត្រេះ កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា ដឹកនាំ​ដោយ អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ផៃ ប៊ុនវណ្ណៈ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ សហការ​ជាមួយ ព្រះរាជអាជ្ញា​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក សៀង សុខ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ចំណាត់ការ លើ​ជន​ដៃដល់ និង​អ្នក​ដឹកនាំ​ប្រតិបត្តិការ ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និង​លោក ផាត សុផានិត បាន​ទេ នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ។

ប្រតិបត្តិ​ការអនុវត្ត​សាលដីកា​តុលាការ​កំពូល អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​តំណាង​អយ្យការ លោក សៀង សុខ បាន​ប្រើប្រាស់​មន្ត្រី​កងរាជអាវុធហត្ថ​ចំនួន ១០០​នាក់ និង​មន្ត្រី​យោធា​ចំនួន ១០០​នាក់ បើក​ការ​បាញ់​ប្រហារ ដោយ​កាំភ្លើង​គ្រាប់​ពិត​ឡើងលើ​មេឃ និង​ទៅកាន់​ក្រុម​អ្នក​តវ៉ា បណ្ដាល​ឱ្យ​កម្មករ​សំណង់​ម្នាក់​អាយុ ២៨​ឆ្នាំ ឈ្មោះ ពៅ សារ័ត្ន រង​របួស ត្រូវ​គ្រាប់កាំភ្លើង ចំ​ស្មា​ពី​ផ្នែក​ខាងក្រោយ បៀម​គ្រាប់​ជាប់​នឹង​ឆ្អឹងខ្នង។ ចំណែក​ពលរដ្ឋ ៤​នាក់​ទៀត ត្រូវ​បាន​កងកម្លាំងប្រដាប់អាវុធ​ចាប់ខ្លួន និង​ចង​ស្លាបសេក ហើយ​យក​កាំភ្លើង​វាយ​ដុំ និង​ជាន់​ផ្ទប់​ដី។ ប៉ុន្តែ​ពលរដ្ឋ​ទាំងនោះ ត្រូវ​បាន​ដោះលែង​វិញ នៅ​យប់​ថ្ងៃ​កើត​ហេតុ​ដោយមាន​កិច្ចសន្យា​ឈប់​តវ៉ា និង​ត្រូវ​បង់​លុយ​ឱ្យ​អាជ្ញាធរ​ក្នុង​ម្នាក់ ១​រយ​ដុល្លារ​យ៉ាងតិច។

ជនរងគ្រោះ​ត្រូវ​គ្រាប់កាំភ្លើង លោក ពៅ សារ័ត្ន ក្រោយ​ត្រូវ​គ្រាប់​កាំភ្លើង​ភ្លាមៗ មិន​ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ទេ ទាល់តែ​ល្ងាច​ថ្ងៃ​ទី​២៤ មករា ទើប​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ឬ​​ពេទ្យ​លោកសង្ឃ នៅ​រាជធានី​ភ្នំពេញ​ដោយសារ​របួស​ធ្ងន់ធ្ងរ។

សាច់ញាតិ លោក ពៅ សារ័ត្ន ប្រាប់​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ទី​១៥ កុម្ភៈ ថា ស្ថានភាព​ជំងឺ បាន​ធូរស្រាល​ផ្នែក​ខាងលើ គឺ​ទ្រូង និង​អាច​និយាយ​បាន​ខ្លះ។ ប៉ុន្តែ​ផ្នែក​ខាងក្រោម ចាប់​ពី​ចង្កេះ​ទៅ​ក្រោម មិន​អាច​កម្រើក​បានទេ៖ «គាត់ ( លោក ពៅ សារ័ត្ន ) នៅ​អត់​ទាន់​ដឹង​មួយ​កំណាត់​ក្រោម​ហ្នឹង អត់​ទាន់​ប្រែ​បាន។ អត់​ទាន់​ដឹង​ថា ជើង​អត់​ទាន់​ដឹង​ថា អ្វី​។ ចុច​ទៅ​អត់​ឈឺ អត់​អ្វី នៅ​ដដែល​ហ្នឹង​។ ប៉ិន អា​ខាងលើ​គាត់​និយាយ​បាន អ្វី​បាន​ហូប​បាន។ តែ​ពិបាក​ពេល​គាត់​ធ្វើ​ចលនា បត់​ដៃ​បត់​ជើង​អ្វី អត់​បានទេ​។ ទាល់តែ​ពេទ្យ​ជួយ​សុង​។ ពេទ្យ​ប្រាប់​ថា ឱ្យ​យើង​ជួយ​ខ្វះ ( លាមក គាត់​ ) ចេញ​អ្វី​ហ្នឹង»។

ចំណែក​ស្ថានភាព​ដី​ជម្លោះ​របស់​ពលរដ្ឋ​នៅ​ក្បែរ​វត្ត​អូរត្រេះ ភូមិ​គគីរ​វិញ អ្នក​សម្របសម្រួល​អង្គ​ការ​លីកាដូ នៅ​ខេត្ត​ព្រះសីហនុ សង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្លះ​បន្ត​បោះតង់ ដេក​លើ​កម្ទេច​ផ្ទះ ដែល​អាជ្ញាធរ​បញ្ជា​ឱ្យ​គ្រឿងចក្រ​ឈូស​ឆាយ​ចោល ខណៈ​អ្នកខ្លះ​បាន​ចាកចេញ មិន​ទាន់​ត្រលប់​មកវិញ​ទេ។ ពលរដ្ឋ​ខ្លះ​ឱ្យ​ដឹង​ថា ពួកគាត់​មិនទាន់​ហ៊ាន​ត្រលប់​ចូល​ភូមិ​វិញ​ទេ តាំងពី​ពេល​អាជ្ញាធរ​​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប កាលពី​ថ្ងៃ​ទី​២៤ មករា ដោយ​នាំគ្នា​រត់​ចូល​ព្រៃ នៅ​លើ​ភ្នំ​អូរត្រេះ ដើម្បី​គេច​ចេញ​ពី​ការ​តាម​ចាប់ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។