សង្គម​ស៊ីវិល​បន្ត​យុទ្ធនាការ​សប្ដាហ៍​ទី១៣ ទាមទារ​ដោះលែង​មេ​សហជីព​លោក រ៉ុង ឈុន

0:00 / 0:00

ក្រុម​សង្គម​ស៊ីវិល​បន្ត​ធ្វើ​យុទ្ធនាការ​សប្ដាហ៍​ទី១៣ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​អ្នក​ឃ្លាំមើល​ព្រំដែន និង​ជា​មេដឹកនាំ​សហជីព លោក រ៉ុង ឈុន ឲ្យ​មាន​សេរីភាព​វិញ។

តំណាង​រដ្ឋាភិបាល​រក្សា​ជំហរ​ថា យុទ្ធនាការ​នេះ មិន​មាន​​ឥទ្ធិពល​លើ​តុលាការ ខណៈ​លោក រ៉ុង ឈុន រំពឹង​ថា ​សាលា​ឧទ្ធរណ៍​នឹង​ដោះលែង​លោក​នៅ​ថ្ងៃ​ទី១២ វិច្ឆិកា។

នៅ​សប្ដាហ៍​ទី១៣ នេះ អង្គការ​សង្គម​ស៊ីវិល​បាន​បង្ហោះ​សារ​ថា ប្រធាន​សភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន តែងតែ​ហ៊ាន​បញ្ចេញ​មតិ ដើម្បី​សិទ្ធិ​សេរីភាព សិទ្ធិ​គ្រូ​បង្រៀន សិទ្ធិ​កម្មករ កម្មការិនី និង​ជា​អ្នក​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា អាជ្ញាធរ​រដ្ឋ​មិន​បាន​គាំពារ​ដល់​ការ​បញ្ចេញ​មតិ​របស់​លោក រ៉ុង ឈុន ​ទេ ផ្ទុយ​ទៅ​វិញ​លោក​បែរ​ជា​រង​ការ​ចាប់​ដាក់​ឃុំ​ពន្ធនាគារ​ដោយ​អយុត្តិធម៌​ទៅវិញ។

សង្គម​ស៊ីវិល​បាន​បន្ថែម​សារ​នៅ​លើ​ផ្ទាំង​រូប​របស់​លោក រ៉ុង ឈុន​ ថា អ្នក​ការពារ​សិទ្ធិ​មនុស្ស លោក រ៉ុង ឈុន ឈរ​ជួរ​មុខ​ទាមទារ​ឲ្យ​មាន​កា​ដំឡើង​ប្រាក់​ខែ កែ​លម្អ​លក្ខខណ្ឌ​ការងារ​ និង​អត្ថប្រយោជន៍​​របស់​កម្មករ។ ពួកគេ​លើក​ជា​សំណួរ​ថា​តើ​នេះ​ឬ​ជា​អំពើ​ញុះញង់​នោះ? សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​ពលរដ្ឋ​​ចែក​រំលែក​សារ​​នៃ​យុទ្ធនាការ​នេះ ដើម្បី​គាំទ្រ​ និង​ជា​ការ​​​លើក​ទឹក​ចិត្ត​សកម្មភាព​ដើម្បី​ប្រយោជន៍​សង្គម។

នាយក​រង​អង្គការ​លីកាដូ ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ លោក អំ សំអាត លើក​ឡើង​ថា​ នៅ​សប្ដាហ៍​នេះ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​តែ​លោក រ៉ុង ឈុន​ ម្នាក់​ទេ ព្រោះ​ថា សកម្មជន​សង្គម ៧នាក់ទៀត ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង​ហើយ។ ប៉ុន្តែ​នៅ​សប្ដាហ៍​ខាង​មុខ ក្រុម​សង្គម​ស៊ីវិល នឹង​បន្ថែម​យុទ្ធនាការ​នេះ ដើម្បី​ទាមទារ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ទាំង​អស់​លើ​សកម្មជន​ដែល​ត្រូវ​បាន​ដោះលែង៖ « អ្នក​ខ្លះ​ត្រូវ​បាន​ដោះលែង​ហើយ ក៏​យើង​មិន​បាន​ទាមទារ​បន្ត​ទៀត​ទេ។ យើង​ទាមទារ​បន្ត​អ្នក​ដែល​អត់​ទាន់​ត្រូវ​បាន​ដោះលែង​ឲ្យ​ដោះលែង ហើយ​ជា​បន្ត​ទៅ​ទៀត ប្រហែល​ជា​យើង​ត្រូវ​ដូរ​ពី​សុំ​ដោះលែង គឺ​រក្សា​ដដែល​ គឺ​សុំ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​សុំ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ»

ក្រុម​អង្គការ​សង្គម​ស៊ីវិល នឹង​បន្ត​ធ្វើ​យុទ្ធនាការ​បង្ហោះ​សារ​តាម​ហ្វេសប៊ុក (Facebook) ទាមទារ​ដោះ​លែង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន និង​ក្រុម​សកម្មជន​បរិស្ថាន​ចំនួន ៦នាក់ រហូត​ដល់​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ។ ពួក​គាត់ ក៏​កំពុង​ពិចារណា​បន្ថែម​ការ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ដីធ្លី ឬ​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អយុត្តិធម៌​ទាំង​អស់​ដែរ។

បើ​ទោះ​ជា​សង្គម​ស៊ីវិល​អះអាង​យុទ្ធនាការ​នេះ ទទួល​បាន​ការ​គាំទ្រ​ច្រើន ប៉ុន្តែ​តំណាង​រដ្ឋាភិបាល​នៅ​តែ​រក្សា​ជំហរ​ថា យុទ្ធនាការ​នេះ​គ្មាន​ឥទ្ធិពល​ដល់​ប្រព័ន្ធ​តុលាការ​ទេ។ សមាជិក​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កត្តា អ៊ន ឲ្យ​ដឹង​ថា ការ​ដោះលែង​សកម្មជន​សង្គម​ទាំង ៧នាក់ និង​អ្នក​នយោបាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​ថ្មីៗ នេះ គឺ​ជា​ឆន្ទៈ​របស់​តុលាការ​សុទ្ធសាធ និង​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​យុទ្ធនាការ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទេ៖ « បងប្អូន​មួយ​ចំនួន​ត្រូវ​បាន​តុលាការ​ដោះ​លែង ត្រូវ​បាន​ចេញ​សេចក្ដី​សម្រេច​ផ្សេងៗ ដូច្នេះ​គឺ​ជា​សមត្ថកិច្ច​ផ្ទៃ​ក្នុង​របស់​តុលាការ មិន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដាក់​សម្ពាធ​ទៅ​លើ​តុលាការ​នោះ​ទេ»

ពាក់ព័ន្ធ​នឹង​រឿង​នេះ លោក រ៉ុង ឈុន សង្ឃឹម​ថា សាលា​ឧទ្ធរណ៍​នឹង​ដោះលែង​ឲ្យ​លោក​មាន​សេរីភាព ក្នុង​ការ​ប្រកាស​សាល​ដីកា​ថ្ងៃ​ទី១២ វិច្ឆិកាខាង​មុខ ដើម្បី​លោក​​បន្ត​សកម្មភាព​​​ឃ្លាំមើល​សង្គម និង​ការ​ពារ​ផល​ប្រយោជន៍​ផ្នែក​សិទ្ធ​ការងារ​បន្ត​ទៀត។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្មួយ​​ប្រុស​របស់ លោក រ៉ុង ឈុន គឺ លោក រ៉ុង វិជ្ជា។

លោក រ៉ុង វិជ្ជា ឲ្យ​ដឹង​ថា លោក រ៉ុង ឈុន សប្បាយ​ចិត្ត​នៅ​ពេល​តុលាការ​ដោះលែង​យុវជន​សង្គម​ឲ្យ​មាន​សេរីភាព​វិញ។ លោក​ក៏​ផ្ដាំ​មក​អរគុណ ចំពោះ​ពលរដ្ឋ​ទាំង​អស់​ដែល​គាំទ្រ​លោក ហើយ​លោក​ប្ដេជ្ញា​បន្ត​សកម្មភាព​ការងារ​សង្គម​បន្ត​ទៀត ក្រោយ​ការ​ដោះ​លែង។

ចំណែក​ស្ថានភាព និង​សុខភាព​របស់​លោក​នៅ​ក្នុង​ពន្ធនាគារ​វិញ មាន​ភាព​ល្អ​ប្រសើរ​ច្រើន​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ។ លោក រ៉ុង វិជ្ជា បញ្ជាក់​ថា របួស​វះ​កាត់​ភ្នែក​ម្ខាង​របស់​លោក រ៉ុង ឈុន ក៏​វិវត្តន៍​មក​ភាព​ល្អ​ប្រសើរ​ច្រើន​ជាង​មុន​ដែរ តែ​លោក​នៅតែ​បញ្ហា​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន​ទៀត ដែល​គួរ​តែ​​​​ទទួល​បាន​ការ​ព្យាបាល​​ត្រឹមត្រូវ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ក្រៅ​ពន្ធនាគារ៖ « គាត់​សង្ឃឹម​ថា ​តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ឲ្យ​គាត់​មាន​សេរីភាព​ឡើងវិញ ដើម្បី​ឲ្យ​ស្ថានភាព​ក៏​ដូច​ជា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ហ្នឹង កុំ​ឲ្យ​អាក្រក់​ពេក មុន​ការ​បោះឆ្នោត​ឈាន​មក​ដល់​ឆាប់ៗ​នេះ»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​នគរបាល​ចាប់​លោក រ៉ុង ឈុន បញ្ជូន​ទៅ​តុលាការ​ កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ២០២០ ដោយ​សារ​លោក​បាន​បញ្ចេញ​មតិ​ពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម។ ក្រោយ​ការ​ជាប់​ឃុំ​បណ្ដោះអាសន្ន​ជាង​មួយ​ឆ្នាំ នៅ​ថ្ងៃ​ទី១៨ សីហា តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ដាក់​ពន្ធនាគារ ២ឆ្នាំ​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង​ពិន័យ​ប្រាក់ ២លានរៀល​ចូល​រដ្ឋ។

តុលាការ​ក៏​បាន​បង្គាប់​ឱ្យ​លោក និង​សកម្មជន ២នាក់​ទៀត គឺ​កញ្ញា ស កណិកា និង​លោក តុន និមល ​បង់​សំណង​រួម​គ្នា​ដល់​ដើម​បណ្ដឹង​រដ្ឋប្បវេណី គឺ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ចំនួន ៤០០​លានរៀល គឺ​ប្រហែល ១០ម៉ឺន​ដុល្លារ​អាមេរិក។ ប៉ុន្តែ​សហគមន៍​ជាតិ និង​អន្តរជាតិ​បាន​ថ្កោល​ទោស​សាល​ក្រម​នោះ​ថា អយុត្តិធម៌ និង​ជា​ការ​ដាក់​ទោស​លើ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។