អ្នកឃ្លាំមើលមិនរំពឹងថា ស្ថានភាពឧក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជាមានភាពធូរស្រាលទេ
2023.02.02
អ្នកជំនាញផ្នែកច្បាប់មិនរំពឹងថា ស្ថានភាពនៃឧក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជាធូរស្រាលនោះទេ ខណៈកម្ពុជានៅតែបន្តជាប់ឈ្មោះជាប្រទេសមានអំពើពុករលួយធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលគ្មានការស៊ើបអង្កេតរកមេខ្លោងធំៗនៅពីក្រោយខ្នងនៃឧក្រិដ្ឋកម្មនេះ។
អ្នកច្បាប់នៅតែព្រួយបារម្ភចំពោះកម្ពុជាថា នឹងអាចងាយប្រឈមក្លាយជាទីតាំងនៃសម្បុករបស់ក្រុមឧក្រិដ្ឋជនលួចសម្ងំប្រព្រឹត្តនូវបទល្មើសឧក្រិដ្ឋកម្មជួញដូរមនុស្ស ដោយសារតែប្រព័ន្ធគ្រប់គ្រងរដ្ឋរបស់រដ្ឋាភិបាលនៅទន់ខ្សោយ និងគ្មានតម្លាភាព ព្រមទាំងមានអំពើពុករលួយជាប្រព័ន្ធ។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត លើកឡើងថា នៅពេលដែលប្រទេសមួយមានស្ថានភាពនៃអំពើពុករលួយធ្ងន់ធ្ងរ គឺវាហាក់បីដូចជាការផ្ដល់លក្ខខណ្ឌងាយស្រួលមួយសម្រាប់ឱ្យក្រុមឧក្រិដ្ឋជនចូលមកកាន់ប្រទេសនោះកាន់តែច្រើន ដើម្បីប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មនានា។ លោកបន្តថា រដ្ឋាភិបាលគួរទទួលស្គាល់ថា ខ្លួនមានចំណុចខ្វះខាតច្រើនក្នុងការគ្រប់គ្រងបញ្ហាអសន្តិសុខសង្គម ជាពិសេសគឺឧក្រិដ្ឋកម្មជួញដូរមនុស្ស។

លោក វ៉ន ចាន់ឡូត៖ «បើរដ្ឋាភិបាលគ្មាននូវចំណាត់ការជាក់លាក់ និងមុតមាំទេក្នុងការលុបបំបាត់អំពើពុករលួយ ខ្ញុំគិតថា វាពិបាកណាស់ទប់ស្កាត់ ឬដាក់ចេញនូវចំណាត់ការដើម្បីលុបបំបាត់នូវអំពើឧក្រិដ្ឋកម្មផ្សេងៗដែលកើតមាន។ កម្ពុជាគួរតែបើកចិត្តទូលាយក្នុងការសហការជាមួយនឹងបណ្ដាប្រទេសនានាគេធ្វើការលើវិស័យ [ប្រឆាំងនឹងអំពើជួញដូរមនុស្ស] ហ្នឹងគួរតែមានការសហការដើម្បីងាយស្រួលប្រមូលព័ត៌មាន វិភាគព័ត៌មានដាក់ចេញវិធានការ ឬចំណាត់ការទាន់ពេលវេលា»។
ការលើកឡើងរបស់អ្នកសិក្សាផ្នែកច្បាប់រូបនេះ ព្រោះបទល្មើសនៃអំពើជួញដូរមនុស្សនៅកម្ពុជាបន្តកើតមានច្រើន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឱ្យដឹងតាមរយៈកាសែតក្នុងស្រុកកាលពីថ្ងៃទី៣១ ខែមករាថា កាលពីថ្ងៃទី២៧ និងថ្ងៃទី២៩ ខែមករា សមត្ថកិច្ចស្រាវជ្រាវតាមបណ្ដឹង និងបានរកឃើញជនជាតិបរទេសចំនួន ៨នាក់។ ក្នុងនោះសមត្ថកិច្ចបានជួយសង្រ្គោះជនជាតិចិនចំនួន ៥នាក់ក្រុងបាវិតខេត្តស្វាយរៀង និងជនជាតិថៃចំនួន ៣នាក់ ក្នុងខេត្តឧត្តរមានជ័យ។ ទោះបីជាយ៉ាងណា លោក ខៀវ សុភ័គ មិនបានបញ្ជាក់លម្អិតពីស្ថានភាព និងការណ៍ដែលជនបរទេសទាំងនោះចូលមកធ្វើការនៅកម្ពុជាបែបណានោះទេ។

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឱ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែសីហា មកដល់ខែវិច្ឆិកា ឆ្នាំ២០២២ សមត្ថកិច្ចបានរកឃើញជនរងគ្រោះជាង ១ពាន់នាក់ (១.១២២) ក្នុងនោះស្រីជាង ១រយនាក់ (១២១)។ ក្នុងចំណោមជនរងគ្រោះទាំងនោះ ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណថា មានជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការបង្ខាំង និងការធ្វើពលកម្មដោយបង្ខំចំនួនជាង ១រយនាក់ (១៥៣) ក្នុងនោះស្រី ១៨នាក់។
កាលពីចុងខែមករា កន្លងទៅ អាជ្ញាធរកម្ពុជា និងអាជ្ញាធរម៉ាឡេស៊ីសហការជួយសង្គ្រោះជនជាតិម៉ាឡេស៊ី សរុបចំនួន ១១៦នាក់ ក្នុងចំណោមជនរងគ្រោះ ១៤៥នាក់ ដែលបានរាយការណ៍ថា ត្រូវបានបង្ខាំង និងបង្ខំឱ្យធ្វើការបោកប្រាស់តាមបណ្ដាញអ៊ីនធឺណិត នៅក្នុងខេត្តព្រះសីហនុ។ អាជ្ញាធរម៉ាឡេស៊ី ឱ្យដឹងថា ជនរងគ្រោះទាំងនោះបានជឿអ្នកបោកប្រាស់ ដែលសន្យាថា នឹងផ្ដល់ប្រាក់ខែច្រើន ផ្ទុយទៅវិញពួកគេត្រូវបានបង្ខាំងខ្លួន ពេលមកដល់ប្រទេសកម្ពុជា និងបង្ខំឱ្យធ្វើការលើសកម្លាំងដោយមិនទទួលបានប្រាក់កម្រៃឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បីបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី០១ និងថ្ងៃទី០២ ខែកុម្ភៈ។
ស្របពេលកម្ពុជានៅតែបន្តជាប់ឈ្មោះថា ជាប្រទេសមានអំពើពុករលួយធ្ងន់ធ្ងរ និងពុំមានការគោរពច្បាប់ត្រឹមត្រូវ មន្ត្រីធំៗក្នុងជួររដ្ឋាភិបាល និងក្រុមឧកញ៉ាមួយចំនួនដែលស្និទ្ធនឹងលោក ហ៊ុន សែន បានរងការចោទប្រកាន់ថា មានទំនាក់ទំនងជាមួយក្រុមហ៊ុនចិននៅកម្ពុជាប្រតិបត្តិការលើអាជីវកម្មជួញដូរមនុស្ស។
ជុំវិញរឿងនេះ នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ពិនិត្យឃើញថា ស្ថានភាពនៃអំពើជួញដូរមនុស្សនៅកម្ពុជាហាក់គ្មានភាពថមថយទេ។ លើសពីនេះ លោកព្រួយបារម្ភថា ប្រសិនបើរដ្ឋាភិបាលពុំមានការស៊ើបអង្កេតរកអ្នកពាក់ព័ន្ធដែលជាមេខ្លោងធំៗនោះទេ នោះកម្ពុជាអាចប្រឈមហានិភ័យខ្ពស់នៃការកើតមានឡើងនូវឧក្រិដ្ឋកម្មជួញដូរមនុស្សនេះ។

លោក ប៉ិច ពិសី៖ «រដ្ឋាភិបាលកម្ពុជាត្រូវតែអនុវត្តច្បាប់ ដែលមានជាពិសេសអ្នកដែលសង្ស័យថា មានជាប់ពាក់ព័ន្ធការជួញដូរមនុស្ស គឺយើងត្រូវធ្វើការស៊ើបអង្កេតជាប្រព័ន្ធស្វែងរកអ្នកដែលពាក់ព័ន្ធ ហើយធ្វើការដាក់ទោសទណ្ឌតាមផ្លូវច្បាប់ដែលយើងមានជាធរមាន។ កម្ពុជាយើងពិបាកក្នុងការ បដិសេធករណី ឬស្ថានភាពពាក់ព័ន្ធការជួញដូរមនុស្សដោយសារការជួញដូរមនុស្ស នៅកម្ពុជានេះមានពាក់ព័ន្ធបទឧក្រិដ្ឋនៅថ្នាក់តំបន់»។
របាយការណ៍ស្ដីពីការជួញដូរមនុស្សឆ្នាំ២០២២ របស់ក្រសួងការបរទេសអាមេរិកចេញផ្សាយកាលពីខែកក្កដា បានទម្លាក់ចំណាត់ថ្នាក់កម្ពុជា មកកម្រិតទី៣ ដែលមានន័យថា ស្ថានភាពនៃអំពើជួញដូរមនុស្សនៅកម្ពុជាមានលក្ខណៈអាក្រក់បំផុត និងពុំធ្លាប់មានចាប់តាំងពីឆ្នាំ២០១៥ មក។ អាមេរិករកឃើញថា កម្ពុជាដើរថយក្រោយក្នុងការលុបបំបាត់ការជួញដូរមនុស្សនេះ ដោយសារបញ្ហាអំពើពុករលួយជាប្រព័ន្ធ ដែលបានរារាំងដល់ការអនុវត្តច្បាប់លើក្រុមឧក្រិដ្ឋជនដែលប្រព្រឹត្តនូវអំពើជួញដូរមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។